Thursday, January 23, 2025
Homeព័ត៌មានជាតិប្រជាពលរដ្ឋជាង១០០នាក់ មកពី៧សហគមន៍ ប្រមូលផ្តុំគ្នាតវ៉ា ខណៈអាជ្ញាធររាជធានីមិនទាន់មានដំណោះស្រាយ

ប្រជាពលរដ្ឋជាង១០០នាក់ មកពី៧សហគមន៍ ប្រមូលផ្តុំគ្នាតវ៉ា ខណៈអាជ្ញាធររាជធានីមិនទាន់មានដំណោះស្រាយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ប្រជាពលរដ្ឋប្រមាណជាង១០០នាក់មកពី៧សហគមន៍ ដែលរស់នៅក្នុងតំបន់បណ្តោយផ្លូវរថភ្លើងទួលសង្កែ ខណ្ឌឫស្សីកែវ បានប្រមូលផ្តុំគ្នាធ្វើតវ៉ាមួយ នៅមុខវត្តទួលសង្កែ ខណៈអាជ្ញាធរក្រុងបានឈូសឆាយផ្លូវរថភ្លើងចាស់ប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែក ពីទំនប់៧០ទៅផ្លូវជាតិលេខ៥ មានរយៈពេលជិត១ឆ្នាំមកហើយដោយមិនទាន់មានដំណោះស្រាយច្បាស់លាស់ណាមួយជាមួយអ្នកដែលរងផលប៉ះពាល់ ។

នៅក្នុងការតវ៉ានោះ ពួកគាត់គ្រោងនឹងយកញតិទៅដាក់នៅសាលារាជធានីភ្នំពេញ ដោយអះអាងថា ទុករយៈពេល១៥ថ្ងៃ ដើម្បីឱ្យអភិបាលរាជធានីថ្មី ជួយរកដំណោះស្រាយ តែបើគ្មានជំហរក្នុងការដោះស្រាយទេ ពួកគាត់គំរាមថា នឹងប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំនៅមុខសាលារាជធានីតែម្តង រហូតដល់មានដំណោះស្រាយ ដែលអាចទទួលយកបានទាំងអស់គ្នា ប៉ុន្តែត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវ ឱ្យតំណាងសហគមន៍ទៅតែ៧នាក់ប៉ុណ្ណោះ។

នៅក្នុងការតវ៉ានោះ បងប្អូនប្រជាពរដ្ឋទាំងអស់ គឺចង់ដឹងពីអាជ្ញាធរថាតើមានការដោះស្រាយយ៉ាងណាជូនពួកគាត់ជាប្រយោជន៍ឱ្យបងប្អូនប្រជាពលរដ្ឋមានការស្ងប់ចិត្តទាំងអស់គ្នា។

តំណាងសហគមន៍ផ្លូវរថភ្លើងបាននិយាយថា តាមប្រសាសន៍របស់អតីតអភិបាលរាជធានីភ្នំពេញចាស់ លោកប៉ា សុជាតិវង្ស នៅក្នុងពិធីបើកការដ្ឋានកាលពីចុងឆ្នាំ២០១៦ បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការអភិវឌ្ឍន៍តំបន់ផ្លូវរថភ្លើងនេះ គឺយើងអភិវឌ្ឍន៍នៅនឹងកន្លែងតែម្តងដោយមិនបណ្តេញបងប្អូនទៅកន្លែងផ្សេងឡើយ ពោលគឺឈ្នះឈ្នះទាំងអស់គ្នា បងប្អូនប្រជាពលរដ្ឋបានផ្ទះបានផ្លូវ ។ ប៉ុន្តែមកដល់ពេលនេះមានរយៈពេលជិត១ឆ្នាំហើយ ដំណើរការឈូសឆាយផ្លូវ គឺចាប់ផ្តើមយ៉ាងគគ្រឹកគគ្រេង ហើយតែនៅមិនទាន់មានដំណោះស្រាយអ្វីទាំងអស់ ហើយម្នាក់ៗមានការភ័យខ្លាចព្រួយបារម្ភចង់ដឹងថា តើឱ្យពួកគាត់ទៅនៅកន្លែងណា សុំប្រាប់ពួកគាត់ឱ្យដឹងមុន ខ្លាចក្រែងយកពួកគាត់ទៅឆ្ងាយ មិនមានដំណោះស្រាយ នៅក្បែរនោះ ។

ប្រជាពលរដ្ឋបន្តថា ពួកគាត់ទាំងអស់គ្នាសំណូមពរឱ្យអាជ្ញាធរធ្វើការដោះស្រាយនូវផលប៉ះពាល់ជាមុនសិន ចាំធ្វើការស្ថាបនាបន្តទៀត ព្រោះអ្នកខ្លះគ្រាន់តែរងផលប៉ះពាល់បន្តិចបន្តួច ហើយខ្លះទៀត គឺគ្នាអស់ផ្ទះទាំងស្រុងតែម្តង។

នៅព្រឹកថ្ងៃដដែល អាជ្ញាធរខណ្ឌឫស្សី លោកប្រាជ្ញ សីហា អភិបាលរងខណ្ឌ ក៏បានយករថយន្តដឹកតំណាងសហគមន៏ចំនួន៧នាក់ យកញត្តិទៅដាក់នៅសាលារាជធានីភ្នំពេញ ដើម្បីជួយដោះស្រាយជូនពួកគាត់ឱ្យបានឆាប់រហ័ស។

គួររំលឹកផងដែរថា កាលពីចុងឆ្នាំ២០១៦ ប្រជាពលរដ្ឋធ្លាប់ប្រមូលផ្តុំគ្នាតវ៉ាម្តងរួចហើយ ហើយអាជ្ញាធរខណ្ឌឫស្សីកែវ ក៏បានជួបជាមួយប្រជាពលរដ្ឋដែលមានការចូលរួមពីលោកប្រាជ្ញ សីហាអភិបាលរងខណ្ឌ និងលោកស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ ផងដែរ  ដើម្បីធ្វើការពន្យល់ពួកគាត់ ។

លោកប្រាជ្ញ សីហា នាឱកាសនោះបានមានប្រសាសន៍ថា សូមបងប្អូនមានអារម្មណ៍ឱ្យនឹងនរ កុំមានការព្រួយបារម្ភឱ្យសោះ អាជ្ញាធរមិនមានគោលការណ៍បណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានទៀតទេ ពោលគឺយើងអភិវឌ្ឍន៍នៅនឹងកន្លែងតែម្តង ប៉ុន្តែបងប្អូនណាដែលប៉ះពាល់ផ្ទះអស់ទាំងស្រុង គឺត្រូវដោះដូរដី តែមិនមែនដូរទៅឆ្ងាយទេ គឺដូរនៅតំបន់ក្បែៗនោះឯង គ្រាន់តែមិនទាន់បង្ហាញទីតាំង ដោយលោកសុំឱ្យបងប្អូនស្មោះត្រង់ទាំងអស់គ្នា មិនសាងសង់សំណង់ថ្មី មិនបន្ថែមចំនួន មិនបំប៉ោងតួលេខ កុំជឿតាមការញុះញង់ពីអ្នកផ្សេង មានការឆ្ងល់ មកសួរគាត់ ឬសួរគណៈកម្មការ បើមិនដូច្នេះទេ គឺដោះស្រាយមិនចេញឡើយ ។

លោកបន្តថា មកដល់ម៉ោងនេះ មិនមានមន្ត្រីណាមួយធ្វើបាបប្រជាពលរដ្ឋទៀតទេ ដោយលោកសូមឱ្យប្រជាពលរដ្ឋយោគយល់គ្នា ជឿជាក់លើគ្នា យល់ចិត្តគ្ នាអាជ្ញាធរនឹងដោះស្រាយតាមដំណាក់កាលម្តងមួយៗ ហើយយើងត្រូវធ្វើការដោះស្រាយអ្នកដែលមានផលប៉ះពាល់អស់ផ្ទះទាំងស្រុងមុនគេ។

លោកប្រាជ្ញ សីហា ក៏បានសំណូមពរផងដែរចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវនេះ មេត្តាចូលរួមសហការ និងផ្តល់លក្ខណៈដើម្បីឱ្យដំណើរការសាងសង់កំណាត់ផ្លូវមួយនេះ សម្រេចតាមផែនការ ដែលបានគ្រោងទុក និងសំណូមពរកុំឱ្យដឹកលើសទម្ងន់ដែលបានកំណត់ ។

គួបញ្ជាក់ថា សាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៥ ដោយអនុវត្តតាមអនុសាសន៍របស់ប្រមុខរដ្ឋភិបាល បានកសាងផ្លូវមួយខែ្ស ប្រែក្លាយពីរថភ្លើងចាស់ទ្រុឌទ្រោម មិនមានដំណើរការទៅជាផ្លូវបេតុងឆ្អឹងដែក ចាប់ពីផ្លូវ៧០ទៅផ្លូវជាតិលេខ៥ មានប្រវែង៤៥១០ម៉ែត្រ ទទឹងពីអ័ក្សផ្លូវម្ខាងៗ ប្រវែង១៥ម៉ែត្រ ឆ្លងកាត់ចំនួន៣សង្កាត់ ហើយផ្លូវនេះដើម្បីសម្រួលបញ្ហាសំរាម បញ្ហាអគ្គីភ័យ និងបញ្ហាផ្សេងៗទៀតផងដែរ ហើយក្នុងការស្ថាបនានេះ តាមគម្រោងរបស់សាលារាជធានីភ្នំពេញ គឺកសាងឱ្យរួចរាល់ក្នុងរយះពេល៥ខែ ដែលលោកអភិបាលរាជធានី ធ្វើពិធីបើកការដ្ឋានកាលពីទី១៩ ខែធ្នូ កន្លងទៅនេះ ។

ជាមួយគ្នានោះ ក៏មានផលប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរស់នៅបណ្តោយផ្លូវរថភ្លើងទាំង៣សង្កាត់ គឺសង្កាត់ទួលសង្កែ សង្កាត់ឫស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ ចំនួន៨០៦ក្បាលដី ស្មើនឹង៨០៦ខ្នងផ្ទះ ដែលរដ្ឋត្រូវធ្វើការដោះស្រាយ ៕

RELATED ARTICLES