ភ្នំពេញ៖ កម្លាំងជំនាញអាវុធហត្ថខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាក់ស្តែង ពីបទចែកចាយដោយខុសច្បាប់នូវសារធាតុញៀនចំនួន១៩កញ្ចប់តូច នៅសង្កាត់ស្រះចក។ ហេតុការណ៍ចុះបង្រ្កាបនេះបានធ្វើឡើងកាលពីម៉ោង១១និង៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដាយផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្ត្រីអាវុធហត្ថខណ្ឌបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះហង្ស សុភាព ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី២. ឈ្មោះ ស្រុង ឈិនឡុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនប្រាកដ មានស្រុកកំណើតភូមិព្រែកប្រសព្វ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នៅមុនពេលកើតហេតុកម្លាំងជំនាញអាវុធហត្ថខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវដោយប្រើប្រាស់វិធានការជំនាញ ហើយបានទទួលព័ត៌មានពីករណីចែកចាយគ្រឿងញៀន ទើបកម្លាំងបង្ក្រាប និងឃាត់បានជាក់ស្តែង រួមនិងវត្ថុតាងបានគ្រឿងញៀន១៩កញ្ចប់តូច ជនសង្ស័យ០២នាក់ យកមកអង្គភាពតែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវនាំខ្លួនយកមកសួរនាំនៅមូលការដ្ធានកងរាជអាវុធហត្ថខណ្ឌទួលគោក និងបញ្ចូនបន្តទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕