ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះឆែកទីតាំងមួយកន្លែង ដែលជាម្ចាស់ឈ្មោះ ប៉ូ សុខនី ដែលពាក់ព័ន្ធនឹងការផលិតផលត្រី ទឹកសុីអុីវខុសច្បាប់។
ក្នុងប្រតិបត្តិការនេះដឹកនាំដោយព្រះរាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោកងិន ពេជ្រនិងលោកឧត្តសេនីយត្រី ទូច យុទ្ធា អនុប្រធានលេខាធិការគណៈកម្មាធិការផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងនគរបាលចម្រុះ។
ប្រតិបត្តិការណ៌ខាងលើនេះធ្វើឡើងនៅវេលារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបេតុងលេខ៩៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
នៅក្នុងប្រតិបត្តិការខាងលើស្ត្រីឈ្មោះ ប៉ូ សុខនី ភេទស្រី មុខរបរអាជីវករ និងស្វាមី មិនទាន់ដឹងថា ត្រូវកម្លាំងនគរបាលប្រឆាំងផលិតផលក្លែងក្លាយ ឃាត់ខ្លួនឬយ៉ាងណាទេ ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាល បានប្រាប់ឲ្យដឹងថា ទីតាំងដែលសមត្ថកិច្ចធ្វើការចុះឆែកឆេរ ដោយសារសមត្ថកិច្ចស្រាវជ្រាវរកឃើញផលិតផលមួយចំនួន មិនមានចុះបញ្ជីនៅក្នុងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ពោលគឺគ្មានច្បាប់តែម្តង។
តាមប្រភពព័ត៌មានដដែលបានបន្តថា ទីតាំងខាងលើនេះបានលួចលាក់ផលិតទឹកត្រី ទឹកម្ទេស ទឹកសីុអីុវ ទឹកសៀង ទឹកត្រីកោះកុង ទឹកខ្មេះ ប្រេងខ្យល់… ដោយគ្មានច្បាប់ជាយូរណាស់មកហើយ ហើយការផលិតដោយគ្មានស្តង់ដា រឺក៏មានការពិនិត្យ ធ្វើតេស្តត្រឹមត្រូវពីក្រសួងពាក់ព័ន្ធឡើយ ជាហេតុធ្វើអោយប៉ះពាល់ដល់ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដែលប្រជាពលរដ្ឋដែលទិញផលិតផលខុសច្បាប់នេះយកទៅប្រើប្រាស់ ព្រោះសមត្ថកិច្ចបានរកឃើញមេស្ករមួយចំនួនផងដែរ៕