ភ្នំពេញ ៖ ស្រ្តីជាមេតុងទីនម្នាក់ រួមទាំងសមាជិកតុងទីនដទៃទៀត ជិត២០នាក់ បាននាំគ្នាយកមេក្រូទៅស្រែកឡូឡាទាំងយប់ នៅមុខតុលាការរាជធានីភ្នំពេញ ដោយសារតែខឹងតុលាការដោះលែងកូនតុងទីនម្នាក់ ដែលបោកប្រាក់លុយតុងទីនអស់265.600ដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២១៧ នៅចំណុចមុខសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា។
សមាជិកតុងទីនដែលបោកប្រាស់យកប្រាក់ជាង២០ម៉ឺនដុល្លារនោះ ត្រូវបានស្គាល់ឈ្មោះថា ឆាយ គឹមហួយ ហៅបងអួយ អាយុ៤៧ឆ្នាំ មុខរបរលក់ចាបហួយនៅផ្សារព្រែកលៀប ស្នាក់នៅក្បែរផ្ទះមេតុងទីន ផ្ទះលេខ៥១G ផ្លូវលេខ៦ ក្រុមទី៣ មណ្ឌល៧ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
តាមប្រភពព័ត៌មានពីមេតុងទីន មានឈ្មោះម៉េង សុខហៀង ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា គាត់បានបង្កើតជាសហគមន៍តុងទីនមួយ ដែលបានលេងជាយូរឆ្នាំមកហើយ ចំណែកជនបោកប្រាស់ឈ្មោះ ឆាយ គឹមហួយ ដោយសារតែជាមនុស្សស្គាល់គ្នា និងនៅផ្ទះជិតគ្នាផង ក៏បានជនឆបោកចូលរួមលេងតុងទីនជាមួយចំនួន៦ខ្សែ និងដាក់ឲ្យស៊ីឈ្មោះខ្មោចជាច្រើនខ្សែទៀត ដោយអាងតែជាមនុស្សស្គាល់គ្នា។ ក្នុងនោះខ្សែទី១. ក្បាល300$ លេង៥ក្បាល មានសមាជិកចំនួន៥០នាក់ សរុបទឹកប្រាក់ចំនួន40.500$ ខ្សែទី២. ចំនួន200$ លេងចំនួន៥ក្បាល មានសមាជិកចូលរួមលេងចំនួន៩០នាក់ ស្មើនឹងទឹកប្រាក់ចំនួន62.000$ ខ្សែទី៣. តម្លៃ50$ លេងចំនួន៥ក្បាល មានសមាជិកចំនួន១២៦ ស្មើនឹងទឹកប្រាក់750$ ខ្សែទី៤. តម្លៃ10$ លេងចំនួន២០ក្បាលចំនួនអ្នក លេង៥៧០នាក់ ស្មើនឹងទឹកប្រាក់ចំនួន៤៨.៨០០$ ខ្សែទី៥. តម្លៃ១០$ លេង១៥ក្បាល ចំនួនអ្នកលេង៨០០នាក់ ស្មើនឹងទឹកប្រាក់ចំនួន៧០.៣០០$ និងខ្សែទី៦. តម្លៃ៥ម៉ឺនរៀល លេងចំនួន១៥ក្បាល ចំនួនអ្នកលេង៥០០នាក់ ស្មើនឹងទឹកប្រាក់ចំនួន43.250$ ។
ប្រភពដដែលបន្តទៀតថា ពេលដែលជនឆបោកបានដេញតុងទីនម្តងមួយក្បាលបន្តបន្ទាប់គ្នាទាល់តែដេញងាប់អស់ទាំង៦ខ្សែ បានប្រាក់សរុបចំនួន265.600$ ហើយនៅថ្ងៃទី១ ខែកកក្កដា ស្រាប់តែជនបោកប្រាស់បានហៅមេតុងទីនទៅផ្ទះគាត់ ហើយប្រាប់ថា គាត់អស់លុយបង់ហើយ ទើបដល់ថ្ងៃទី៥ ខែកក្កដាឆ្នាំ២០១៧ គាត់បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ លុះដែលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានកោះហៅជនឆបោកលុយតុងទីនចូលខ្លួនទៅដោះស្រាយ ជនឆបោកបានចូលទៅតាមការកោះហៅត្រូវបានឃុំខ្លួន រយៈពេល២ថ្ងៃ នៅក្រសួងមហាផ្ទៃ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីសួរនាំបន្ត ។ ក្រោយពេលតុលាការសួរនាំ ហើយក៏តុលាការឃុំខ្លួនរយៈពេល៤ថ្ងៃទៀត ជនឆបោកបានតម្កល់ប្រាក់នៅតុលាការរួចហើយ បាននៅក្រៅឃុំ ដោយសន្យាថានឹងចូលតាមការកោះហៅរបស់តុលាការ ខណៈពេលតុលាការចេញដីកាកោះហៅជាលើកទី២ ស្រាប់តែជនឆបោកមិនព្រមចូលខ្លួនទៅដោះស្រាយទេ ដោយយកលេសថាឈឺ ។ បន្ទាប់មកមេតុងទីនរង់ចាំមើលមិនឃើញ តុលាការចេញដីកាជាលើកទី៣ ដើម្បីហៅនាំខ្លួនទៅសួរនាំទេ ធ្វើឲ្យមេតុងទីននិងសមាជិកតុងទីន ជិត២០នាក់ទៀត ផ្ទុះកំហឹងនាំគ្នាទៅមុខតុលាការ ទាំងយប់ទៅស្រែកឡូឡា និងបោចផ្កា ព្រមទាំងគប់ដុំថ្មចូលក្នុងរបងសាលាដំបូងរាជធានីភ្នំពេញ និងទាញបារាស់បណ្តាលឲ្យដួលផ្អើលពេញមុខសាលាដំបូងរាជធានីភ្នំពេញ ទើបសមត្ថកិច្ចនិងកងកម្លាំងរាជអាវុធហត្ថខណ្ឌ៧មករា ចុះមកអន្តរាគមន៍ណែនាំឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ។
មេតុងទីនបានបញ្ជាក់ទៀតថា ថ្ងៃស្អែកគាត់នឹងហៅសមាជិកតុងទីន ប្រមាណ៥០០នាក់ មកធ្វើការតវ៉ាម្តងទៀត ដើម្បីឲ្យតុលាការរកយុត្តិធម៌ជូនពួកគាត់៕