ភ្នំពេញ ៖ យុវជនម្នាក់រងរបួសបាក់ភ្លៅខាងស្តាំ ចំណែកម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីទើបទិញម៉ូតូថ្មី ក៏ចង់ទៅជួបស្រីស្នេហ៍ ឌុបគ្នាដើរលេងបង្អួតភ្នែកញាតិ លុះមកវិញ នៅតែនឹកឃើញមុខស្រីស្នេហ៍ ភ្លេចខ្លួនជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលធ្លាក់ផ្លូវ ទៅបុកដើមឈើទាល មុខវត្តជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។
ជនរងគ្រោះ ឈ្មោះពេជ្រ រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រថង់ប្លាស្ទិច ស្នាក់នៅផ្ទះជួល ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតភូមិត្រស់ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង រងរបួសធ្ងន់បាក់ភ្លៅស្តាំ ។ ចំណែកមិត្តភក្តិម្នាក់ទៀត មិនប្រាប់ឈ្មោះ បានរងរបួសស្រាល ។
តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ហាក់បីដូចជាចង់លាក់លៀមថា ខ្លួនទើបតែទិញម៉ូតូ ម៉ាកហុងដា ស៊េរី២០១៧ បានថ្មីៗ មិត្តភក្តិបបួលនាំទៅលេងបន្ទប់ជួលសង្សារ នៅភូមិទួលពង្រ សង្កាត់ចោមចៅ លុះវិលមកវិញ ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្តង ។
ប៉ុន្តែបើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ឌុបគ្នាល្បឿនលឿនតាមផ្លូវបេតុង វត្តជន្លង់ម្លូ ពីកើតទៅលិច លុះដល់ចំណុចផ្លូវកោងវ៉ាជែងរថយន្តខាងមុខ ពីខាងស្តាំដៃ ជ្រុលធ្លាក់ផ្លូវទៅបុកដើមឈើទាល បណ្តាលឲ្យបោក រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។ ក្រោយកើតហេតុ ម៉ូតូត្រូវបានជនរងគ្រោះ ឲ្យមិត្តភក្តិជិះទៅតាមហៅបងប្អូន ចំណែកជនរងគ្រោះ របួសបាក់ជើង ត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕