ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់រួមដំណើរជាមួយប្តី ក្នុងទឹកមុខស្រពាប់ស្រពោន ទោះជាយំក៏មិនចេញ សើចក៏លែងសម បន្ទាប់ពីបាត់កូនស្រីវ័យ១៥ឆ្នាំ ចាកចេញពីផ្ទះគ្មានដំណឹងសូន្យឈឹងអស់រយៈពេល១៨ថ្ងៃ ឪពុកម្តាយខំដើរស្វែងរកឡោះងចង់ខ្សោះខ្យល់ ខ្វាយខ្វល់ពីសុវត្ថិភាពកូនស្រី ខណៈដែលស្ថិតនៅក្នុងវ័យសិក្សា រហូតដល់ល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ក្រុមគ្រួសារកាន់រូបថត មកប្តឹងអាជ្ញាធរសមត្ថកិច្ចចោមចៅ ឲ្យជួយស្រាវជ្រាវ និងដាក់ការសង្ស័យ មានអ្នកល្បួងនាំ។
ក្មេងស្រីដែលចាកចេញពីផ្ទះ មានឈ្មោះ វ៉ាន់ តារាសៀវមុី ហៅគីម ជូ អាយុ១៥ឆ្នាំ សិស្សសាលាឯកជន មានឪពុកឈ្មោះ ជិន វ៉ាន់ដរ៉ា អាយុ៥០ឆ្នាំ មុខរបរ មន្រ្តីយោធា ម្តាយឈ្មោះ ហ៊ាង លាងអូន អាយុ៥០ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូន៧នាក់ ប្រុស២នាក់ ស្រី៥នាក់ ក្មេងស្រីដែលបាត់ខ្លួនជាកូនទី៦ មានទីលំនៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមស្រ្តីឈ្មោះ ហ៊ាង លាងអូន ត្រូវជាម្តាយបានឲ្យដឹងថា កូនស្រីរបស់គាត់ ខណៈដែលទៅរៀននៅសាលាឯកជនមួយ តាមផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ហើយកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ស្រាប់តែមិត្តភក្តិរួមថ្នាក់ រត់ទៅប្រាប់ថា កូនស្រីបានផ្លាស់ប្តូរសម្លៀកបំពាក់សិស្ស ញាត់ទុកក្នុងបន្ទប់ទឹកសាលារៀន ហើយចាកចេញទៅបាត់ហើយ ហើយក៏គ្មានប្រាប់អ្នកណា ឬលោកគ្រូអ្នកគ្រូ ថាទៅណាដែរ ទើបក្រុមគ្រួសារនាំគ្នាឆោឡោដើរស្វែងរក ប្តឹងប៉ូលីសតាមប៉ុស្តិ៍ តាមមូលដ្ឋាន រកគ្រប់ច្រកល្ហក សឹងខ្សោះខ្យល់ទៅហើយ ម្យ៉ាងគិតពីសុវត្ថិភាពកូនស្រី អស់រយៈពេល១៨ថ្ងៃមកហើយ គ្មានដំណឹងច្បាស់លាស់ តែលេចឮពាក្យចចាមអារ៉ាមពីមិត្តរួមថ្នាក់ ថាកូនស្រីត្រូវបានគេនាំទៅធ្វើជាតួរតារាសម្តែង ជាបញ្ហាមួយធ្វើឲ្យឪពុកម្តាយ ក្រុមគ្រួសារ កាន់តែខ្វល់ ។
ស្រ្តីជាម្តាយបន្តទៀតថា ទោះជាកូនស្រីខឹងអាក់អន់ស្រពន់ចិត្តក្នុងគ្រួសារ ដោយប្រការណាមួយក៏ដោយ សុំផ្តល់តែដំណឹងវិលចូលផ្ទះ ឪពុកម្តាយឯណាចិត្តដាច់កាត់សាច់ចោលនោះ ។
ទន្ទឹមនឹងទុក្ខកង្វល់ខាងលើ ស្រ្តីរួមជាមួយប្តីសំពះអង្វរដល់មហាជន ដែលបានជួបបានប្រទះក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត មេត្តាជួយគាត់ ផ្តល់ពត៌មាន ដល់សមត្ថកិច្ច អាជ្ញាធរ ឬពួកគាត់ជាឪពុកម្តាយ ៕