Thursday, January 23, 2025
Homeព័ត៌មានជាតិយុវជនម្នាក់សុីដាច់ម៉ូតូមិត្តភក្តិបានហើយ លួងប្រពន្ធមិត្តភក្តិចូលផ្ទះសំណាក់រួមភេទទៀត ត្រូវសមត្ថកិច្ចវាយខ្នោះ

យុវជនម្នាក់សុីដាច់ម៉ូតូមិត្តភក្តិបានហើយ លួងប្រពន្ធមិត្តភក្តិចូលផ្ទះសំណាក់រួមភេទទៀត ត្រូវសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញ ៖ យុវជនម្នាក់សុីដាច់ម៉ូតូមិត្តភក្តិបានសម្រេច តាំងពីខែមិថុនា ឆ្នាំ២០១៧ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយប្រើឆាតតាមហ្វេសប៊ុកល្បួងលួងលោមប្រពន្ធជនរងគ្រោះឡើងផ្ទះសំណាក់រួមភេទ ទីបំផុតត្រូវសមត្ថកិច្ចរាយអន្ទាក់រៀបធ្នាក់ អស់រយៈពេលជាង១ខែ ចាប់ខ្លួនបានកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅមុខផ្សារកាណាសុីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ មឿន សុខណា ហៅវាសនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករជាងដែក នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង តែក្រោយឆបោករត់គេចខ្លួនមកសម្ងំលាក់ខ្លួន នៅផ្ទះជួល តាមផ្លូវហាណូយ ភូមិដីថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ មានស្រុកកំណើតឃុំដងទង់ ស្រុកដងទង់ ខេត្តកោះកុង ។ ចំណែកជនរងគ្រោះ ឈ្មោះ គៀត ធា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរម៉ូតូឌុប ស្នាក់ភូមិដូង ឃុំបឹងរាំង  ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវជាមិត្តភក្តិរបស់ជនសង្ស័យ មានស្រុកកំណើតភូមិកណ្តាញ់ ឃុំបន្ទាយមាស ស្រុកបន្ទាសមាស ខេត្តកំពត ប្រពន្ធឈ្មោះ សុវ័ណ្ណ ស្រីដែន អាយុ២០ឆ្នាំ ។ ដោយឡែកម៉ូតូដែលមិត្តភក្តិយកទៅបាត់ ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1A-9744 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ខ្លួននិងជនសង្ស័យជាមិត្តភក្តិស្គាល់រាប់អានគ្នា គ្រាទៅស្នាក់នៅរកសុីនៅស្រុកកំរៀង អាងតែទុកចិត្តគ្នា នៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យបានខ្ចីម៉ូតូជិះមួយភ្លែត បែរជាយកទៅបាត់ ដឹងថាឆបោកហើយ ខ្លួនក៏បានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានស្រុកកំរៀងហើយដែរ ទោះជាដើរតាមស្វែងរកអស់ជាច្រើនថ្ងៃមកហើយ តែមិនឃើញបាត់ដំណឹងសូន្យឈឹង ទើបតែមួយរយៈចុងក្រោយនេះ ប្រពន្ធជនរងគ្រោះ អ្នកនាងសុវ័ណ្ណ ស្រីដែន បែកគំនិតប្រើល្បិចបង្កើត account ហ្វេសប៊ុកថ្មី បន្លំលេង ឡុកចូល account ហ្វេសប៊ុករបស់ជនសង្ស័យ ទីបំផុត ទោះជាស្គាល់ស្រ្តីខាងលើ ជាប្រពន្ធរបស់មិត្តភក្តិក៏ដោយ ជនសង្ស័យនៅតែលេងឆាត សុំស្រឡាញ់ សុំស្នេហ៍ ប្រពន្ធមិត្តរបស់ខ្លួន រហូតដល់ជនរងគ្រោះរៀបធ្នាក់រាយអន្ទាក់ ប្រើល្បិចធ្វើជាបាក់ចិត្តស្រឡាញ់ អន្ទងចិត្តជនសង្ស័យឲ្យស្លុងលង់សម្តី ជនសង្ស័យក៏បានបង្គាប់ឲ្យប្រពន្ធរបស់លោកជិះម៉ូតូ និងកាន់កាតគ្រីមកជាមួយផង ដើម្បីជួបគ្នាកន្លែងណាត់មួយ នៅមុខផ្សារកាណាសុីធី នាព្រឹក ថ្ងៃទី២៣ ខែកក្កដា នេះ តាមបំណង់ជនសង្ស័យអន្ទង់ចិត្តប្រពន្ធរបស់របស់ខ្លួន នាំទៅរួមភេទនៅផ្ទះសំណាក់ តែផ្ទុយទៅវិញ អ្វីដែលជនសង្ស័យប៉ងនោះខុសស្រឡះទៅហើយ គ្រាដែលណាត់ជួប មិនមែនមនុស្សស្រីដែលខ្លួនប៉ងផង បែរលេចមុខមកសុទ្ធប៉ូលីស ចាប់ខ្លួនជាប់នាំចូលប៉ុស្តិ៍ចោមចៅ ជាបណ្តោះអាសន្ន ។

តាមចម្លើយសារភាពជនសង្ស័យបានឲ្យដឹងថា ម៉ូតូក្រោយពីឆបោក ជិះមកដល់ខេត្តពោធិ៍សាត់ ដាក់បញ្ចាំបានលុយ៦០មុឺនរៀល រួចបន្តដំណើរបង្ហួសមកទីក្រុងភ្នំពេញ សម្ងំលាក់ខ្លួននៅ ខណ្ឌសែនសុខ ហើយគ្រាដែលលេងហ្វេសប៊ុកជាមួយប្រពន្ធជនរងគ្រោះនោះ ខ្លួនមានចេតនា ព្យាយាមលួងលោមសុំស្នេហ៍ពិតប្រាកដមែន តែមិនសមដូចបំណង បែជាបានមកវិញខ្នោះជាប់ដៃ ។

តាមនគរបាលបានឲ្យដឹងថា រឿងរ៉ាវខាងលើ ត្រូវបាននគរបាលស្រុកកំរៀង ទំនាក់ទំនងគ្នារួចហើយ ជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ មកទទួលយកជនសង្ស័យទៅសាកសួរនៅខាងខេត្តបាត់ដំបងវិញ៕

RELATED ARTICLES