Monday, November 25, 2024
Homeនយោបាយបក្សខ្មែររួបរួមជាតិ បដិសេធលោកញឹក ប៊ុនឆៃ នាំមន្ត្រីចុះចូលហ៊្វុនស៊ិនប៉ិច

បក្សខ្មែររួបរួមជាតិ បដិសេធលោកញឹក ប៊ុនឆៃ នាំមន្ត្រីចុះចូលហ៊្វុនស៊ិនប៉ិច

ភ្នំពេញ ៖ គណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់បដិសេធថា លោកញឹក ប៊ុនឆៃ ប្រធានគណបក្ស មិនបានដឹកនាំមន្ត្រីរបស់ខ្លួនណាម្នាក់ទៅចុះចូលជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយសម្តេចក្រុមព្រះ​ នរោត្តម រណឫទ្ធិ ដូចព័ត៌មានចចាមអារ៉ាមនោះទេ។

អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ លោក រុន មាត្រា បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ថា “ខ្ញុំបាទមានរឿងចង់បំភ្លឺដល់បងប្អូនជនរួមជាតិទាំងអស់ ដោយសារមួយរយៈមកនេះ គណបក្សខ្មែរ រួបរួមជាតិ បានរងនូវការរិះគន់ ក៏ដូចការវាយប្រហារតាមរយៈពាក្យសម្តី និងការវាយប្រហារជាលាយលក្ខណ៍អក្សរ ច្រើនពីមជ្ឈដ្ឋានមួយចំនួន ដូចជាថា ការបំភ្លៃពាក្យការបំផ្លើសការពិត ដូចជាថា លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានចាកចេញទៅក្រៅប្រទេសទៅប្រទេសថៃជាដើម។ ទី២ ដូចជាការដែលចោទថា លោកញឹក ប៊ុនឆៃ នេះ បានទៅចូលរួមជាមួយនឹងគណបក្សសង្គ្រោះជាតិ ហើយមតិខ្លះទៀត ក៏ថ្មីនេះទៀតថា លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិនេះ បានដឹកនាំមន្ត្រីរបស់ខ្លួន ទៅចូលរួមជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច ថែមទៀត ហើយនឹងមានរឿងមួយចំនួនទៀត ដែលខ្ញុំនឹងជម្រាបជូនជាបន្តបន្ទាប់ ហើយខ្ញុំបានសូមជម្រាបជូនមតិជាតិ អន្តរជាតិ ឱ្យបានជ្រាបថា ពាក្យដែលថា លោកញឹក ប៊ុនឆៃ ទៅប្រទេសថៃ លោកញឹក ប៊ុនឆៃ ទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ក៏ដូចជាទៅចូលរួមជាមួយនឹងគណបក្សហ៊្វុនស៊ិនប៉ិច ព័ត៌មាន នេះ គឺជាការបំផ្លើស គឺជាព័ត៌មានលាបពណ៌តែប៉ុណ្ណោះ ជាព័ត៌មានបំពុលតែប៉ុណ្ណោះ ដែលគណបក្សខ្មែររួបរួមជាតិ មិនអាចទទួលយកបាន ហើយសូមជម្រាបជូនថា លោកញឹក ប៊ុនឆៃ មកដល់ពេលនេះ គាត់នៅក្នុងគេហដ្ឋានរបស់គាត់ ហើយគាត់ក៏មិនបានទៅចូលរួមជាមួយនឹងគណបក្សនយោបាយណាមួយដែរ”។

លោករុន មាត្រា បន្តថា “សូមជម្រាបថា លោកញឹក ប៊ុនឆៃ ក៏ធ្លាប់អះអាងកន្លងមកដែរថា ទោះជាយ៉ាងណាក៏ដោយ គាត់នៅមានជំហរឯករាជ្យអព្យាក្រឹតមិនទៅចូលរួមជាមួយគណបក្សនយោបាយណាមួយទេ ហើយពាក្យឯករាជ្យនេះ ក៏បានចែងនៅក្នុងគោលនយោបាយរបស់គណបក្សខ្មែររួបរួមជាតិដែរ គឺឯករាជ្យ អព្យាក្រឹត នៅ កណ្តាល មិនទៅចូលបក្សណាមួយទេ។ រហូតមកដល់ពេលនេះ ជំហររបស់គណបក្សខ្មែររួបរួមជាតិ គឺនៅអព្យាក្រឹតដដែល សុំបញ្ជាក់អ៊ីចឹង។ ហើយមួយទៀត ទាក់ទងនឹងការចាកចេញរបស់មន្ត្រីគណបក្សខ្មែររួបរួមជាតិ សូម ជម្រាបជូនថា មកដល់ពេលនេះ មន្ត្រីគណបក្សខ្មែររួបរួមជាតិមួយចំនួនធំ ដែលគាត់ស្មោះត្រង់នឹងគណបក្ស ត្រូវបានរាជរដ្ឋាភិបាល ដកហូតមុខតំណែង ហើយមួយចំនួនទៀត គាត់ចាកចេញទៅរកបក្សនយោបាយផ្សេងៗ ហើយការចាកចេញនេះ គឺដើម្បីទី១ គាត់ការពារតំណែងរបស់គាត់ៗការពារតួនាទីរបស់គាត់ៗការពារប្រាក់ខែរបស់គាត់តែប៉ុណ្ណោះ។ ឯអ្នកចាកចេញប្រភេទទី២ ដែលយើងគិតថា គាត់មានបំណងផ្សេង គឺគាត់ចាកចេញទៅ ដើម្បីទៅរកមុខតំណែង គាត់ចាកចេញទៅ ដើម្បីទៅរកតួនាទី ទៅរកផលប្រយោជន៍របស់គាត់ ទៅថ្ងៃខាងមុខ ទៀត ដូចជាមន្ត្រីខ្លះទៅចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ជាដើមហ្នឹង។ ហើយអ្វីដែលយើង មានការកត់ សម្គាល់ទៀត មន្ត្រីមួយចំនួនតូច ដែលទៅចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិចហ្នឹង បែរជាមកនិយាយដើមរបស់គណបក្សខ្មែររួបរួមជាតិរបស់ខ្លួនឯង ដែលខ្លួនឯងធ្លាប់ជាមន្ត្រីមួយរូប រស់នៅក្នុងគណបក្សខ្មែររួបរួមជាតិ។ ខ្ញុំគិតថា ជារឿងធម្មតា បុគ្គលដែលចាកចេញពីទ្រនំមួយ ហើយតែងតែនិយាយមិនល្អសម្រាប់ ទ្រនំដែលខ្លួនចាកចេញ។ នេះជារឿងធម្មតា ហើយបើយើងគិតពីគុណធម៌ លោកអ្នកនាង និងបងប្អូនជនរួមជាតិ អាចពិចារណាបានថា មន្ត្រីរបៀបហ្នឹង ជាមន្ត្រីដែលមានគុណធម៌របៀបណា? ហើយសូមជម្រាបជូនមតិជាតិ និងអន្តរជាតិមួយទៀតដែរថា មកដល់ពេលនេះ មន្ត្រីរបស់គណបក្សខ្មែររួបរួមជាតិខ្លះត្រូវបានបញ្ឈប់តំណែងខ្លះចាកចេញទៅ ដើម្បីការពារតំណែងខ្លះទៅរកមុខតំណែងនៅគណបក្សផ្សេង។ សួរថា តើគណបក្សខ្មែររួបរួមជាតិ នេះត្រូវរលាយ ឬយ៉ាងម៉េច? សុំជម្រាបឱ្យច្បាស់ថា គណបក្សខ្មែររួបរួមជាតិ នៅតែរក្សាជំហររបស់ខ្លួនច្បាស់លាស់ គឺបន្តសកម្មភាពគណបក្ស ដើម្បីទៅចូលរួមបោះឆ្នោតសាកល បោះឆ្នោតជាតិ ឆ្នាំ២០១៨។ ហើយសូមជម្រាបជូនថា ការចាកចេញរបស់មន្ត្រីគណបក្សខ្មែររួបរួមជាតិ មួយចំនួនតូចនេះ  វាមិនមានការប៉ះពាល់អ្វីដល់កិច្ចដំណើរការរបស់គណបក្សខ្មែររួបរួមជាតិនោះឡើយ។ ហើយជំហររបស់គណបក្សខ្មែររួបរួមជាតិនេះ គឺថា ការពាររបបរាជានិយម គាំទ្ររបបរាជានិយម ការពាររាជបល្ល័ង្កជាប់ជានិច្ច។ ហើយគណបក្សខ្មែររួបរួមជាតិ គិតថា ការចាកចេញរបស់មន្ត្រី មួយចំនួននេះ វាជាសិទ្ធិនយោបាយរបស់បុគ្គលគ្រប់រូប ដែលគណបក្សខ្មែររួបរួមជាតិ តែងតែគោរពទៅតាមគោលការណ៍ប្រជាធិបតេយ្យ។ សេចក្តីបំភ្លឺនេះ សូមបញ្ជាក់ជូនជនរួមជាតិ តែប៉ុណ្ណេះ”។

ដោយឡែក លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ “នគរធំ” មិនអាចទាក់ទងសុំមតិយោបល់ ការបញ្ជាក់ឆ្លើយតប ជុំវិញបញ្ហានេះបានទេ កាលពីម្សិលមិញ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីមានពាក្យលេចឮថា លោកញឹក ប៊ុនឆៃ បានទាក់ទងតាមទូរស័ព្ទជាសម្ងាត់ ជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ លោកអេង ឆៃអ៊ាង លោកញឹក ប៊ុនឆៃ ត្រូវបានបញ្ចប់តំណែងជាទីប្រឹក្សារាជ រដ្ឋាភិបាល ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ហើយបើគិតមកដល់ពេលនេះ មន្ត្រីរបស់លោក ញឹក ប៊ុនឆៃ សរុបជិត២០នាក់ហើយ ដែលមានតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល និងមានឋានៈស្មើរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក៏ត្រូវបានបញ្ចប់មុខតំណែងជាបន្តបន្ទាប់។

កាលពីថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៧ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានឱ្យដឹងថា គណបក្សកាន់អំណាចនេះ បានប្រកាសផ្តាច់សម្ព័ន្ធភាព ជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោកញឹក ប៊ុនឆៃ ដោយសារលោកញឹក ប៊ុនឆៃ បានក្បត់សម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា៕

កុលបុត្រ

RELATED ARTICLES