ភ្នំពេញ៖ ជនសង្ស័យចំនួនបីនាក់ បានធ្វើសកម្មភាពលួចរ៉ឺម៉កម៉ូតូមួយគ្រឿង ដែលគេទុកចតចោលនៅខាងមុខផ្ទះ ភ្លេចដកកូនសោចេញពីម៉ូតូ ពេលដែលលួចបានហើយ ជិះដើររកកន្លែងបញ្ចាំ ក៏ត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ផ្លូវ២៥៣ កែងនិងផ្លូវ១៩២ ឃ្លាំងរំសេវ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ជនរងគ្រោះមានឈ្មោះ ចាន់ សុភា ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១២០ស្ទួន ផ្លូវ១៧BT ភូមិសន្សំកុលស១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តស្វាយរៀង ជាម្ចាស់រ៉ឺម៉កម៉ូតូ ដែលត្រូវជនសង្ស័យលួចយកទៅ។
ជនសង្ស័យទី១. មានឈ្មោះ លីម ប៊ុនឆាយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤២២ ផ្លូវលេខ៣៦៩ ភូមិព្រះពន្លា សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ជនសង្ស័យទី២. មានឈ្មោះ វុធ លីដា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យទី៣. មានឈ្មោះ យឹម វាសនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងដកហូតម៉ូតូមួយគ្រឿងម៉ាកSUZUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១T-៩៣៦៦ ។
បើតាមសម្តីពីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃកើតហេតុ គាត់បានបើករ៉ឺម៉កម៉ូតូទៅខាងមុខផ្ទះរបស់គាត់ ត្រង់ចំណុចផ្ទះលេខ១២០ស្ទួន ផ្លូវ១៧BT ភូមិសន្សំកុលស១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ដោយបានដាក់សោជាប់ម៉ូតូ រួចដើរចូលទៅក្នុងផ្ទះមួយភ្លែត ហើយខណៈពេលដែលចេញមកវិញ ស្រាប់តែមិនឃើញម៉ូតូរ៉ឺម៉ករបស់គាត់ ទើបនាំបងប្អូនមិត្តភក្តីជិះដេញតាមដើររក តែមិនទាន់បានទៅដាក់ពាក្យបណ្តឹងងនៅឡើយទេ។ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យឈ្មោះ យឹម វាសនា កំពុងបើករ៉ឺម៉កកង់បីរបស់គាត់ និងបក្ខពួកពីរនាក់ជិះម៉ូតូមួយគ្រឿង តាមពីក្រោយដើររកកន្លែងបញ្ចាំ ហើយខណៈពេលនោះរូបគាត់និងបងប្អូនមិត្តភក្តីជាច្រើននាក់ទៀត បានធ្វើការឡោមព័ទ្ធចាប់ឃាត់ខ្លួន និងស្វាគមន៍ម្នាក់មួយដៃជើង ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ យកទៅសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបីនាក់ខាងលើ បានបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉កម៉ូតូរបស់ជនរងគ្រោះខាងលើពិតមែន គឺនៅមុនពេលកើតហេតុ ពួកគេទាំងបីនាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកSUZUKI VIVA ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ ១T-៩៣៦៦ ជារបស់ឈ្មោះ យឹម វាសនា ដែលទើបតែចេញមកពីផឹកនៅផ្ទះមិត្តភក្តីនៅម្តុំស្ទឹងមានជ័យ ហើយបំណង់ជិះទៅផ្ទះមិត្តភក្តិមួយទៀតនៅក្រុងតាខ្មៅ លុះជិះមកដល់ចំណុចផ្ទះជនរងគ្រោះ ស្រាប់តែឃើញរ៉ឺម៉កម៉ូតូរបស់ជនរងគ្រោះចតទុកចោល ដោយមានសោនៅជាប់ម៉ូតូស្រាប់ ក៏ឆ្លៀតឱកាសលួចជិះចេញ កំពុងតែបើកដើររកកន្លែងបញ្ចាំ ក៏ត្រូវម្ចាស់គេតាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចតែមង្តទៅ ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ ប្រគល់ទៅឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន ធ្វើការកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំធ្វើការចាត់ការទៅនីតិវិធី ៕