ប្រជាពលរដ្ឋរស់នៅតំបន់មាត់ច្រកទ្វារ អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានខ្សឹបឱ្យឮតាម “នគរធំ” ថា មន្ត្រីគយច្រកអូររំដួល កំពុងឃុបឃិតគ្នានាំចូលគ្រឿងចក្រស្ងាត់ៗ ដោយព្យាយាមលាក់បាំង មិនឱ្យថ្នាក់លើរបស់ខ្លួនដឹងនោះឡើយ គឺស៊ីដាច់ថ្នាក់លើ កិបកេងថវិកាជាតិ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។
ប្រជាពលរដ្ឋ បានខ្សឹបឱ្យឮថា កាលពីពេលកន្លងទៅ ពួកគាត់បានឃើញឈ្មួញនាំចូលគ្រឿងចក្រ១គ្រឿងប្រភេទសាស័រឈូសដី ឬសម្រាប់ឈូសដំឡូង ម៉ាក CAT936E ពណ៌លឿង មានលេខតួ K45B02387X និងលេខ ម៉ាស៊ីន 7N5454X ដែលគេនាំចូលពីប្រទេសថៃ នៅពេលយប់ តាមរបៀបត្រូវដងត្រូវផ្លែគ្នា ក្រោមរូបភាពថា បានខ្ចីពីថៃ យកមកប្រើប្រាស់មួយរយៈ នៅក្នុងទឹកដីស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ការនាំចូលនូវគ្រឿងចក្រតាមរបៀប ស៊ីដាច់ថ្នាក់លើបំពានច្បាប់នេះ ត្រូវបានគេដឹងយ៉ាងច្បាស់ថា ឈ្មួញឈ្មោះរោង សារឹម ភេទប្រុស រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាអ្នករត់ការនាំចូលគ្រឿងចក្រខាងលើនេះ។ រីឯការដោះសាថា បានខ្ចីពី ភាគីថៃរបស់មន្ត្រីគយទាំងនោះ គ្រាន់តែជាលេសបំភាន់ការពិត ដើម្បីស៊ីដាច់លាភសក្ការៈ តែប៉ុណ្ណោះ។
ប្រជាពលរដ្ឋ បានខ្សឹបឱ្យឮទៀតថា មន្ត្រីគយនិងរដ្ឋាករ ប្រចាំច្រកអូររំដួល អនុវត្តច្បាប់ ខុសគ្នាស្រឡះ រវាងក្រុមឈ្មួញ និងពួកគាត់ ជាប្រជាកសិករតូចតាច។ ក្នុងនោះ នៅពេលដែលកសិករយកសាស័រទៅរុញដីចម្ការ ឬឈូស ដំឡូងស៊ីឈ្នួលឱ្យថៃម្តងៗក្នុងទឹកដីថៃ ជាប់ព្រំប្រទល់ដែនកម្ពុជានោះ មន្ត្រីគយច្រកអូររំដួល តម្រូវឱ្យពួកគាត់ បង់ប្រាក់ចំនួន១ម៉ឺនបាត និងពេលវិលត្រឡប់មកពីស៊ីឈ្នួលថៃវិញ គឺត្រូវបង់ឱ្យគយប្រចាំច្រកខាងលើ ចំនួន ២ម៉ឺនបាតទៀត ពោលគឺគ្មានការយោគយល់ ឬលើកលែងដាច់ខាត។ ដោយឡែក ពេលប្រជាកសិករចូលផ្សារថៃ ទិញត្រឹមអីវ៉ាន់ដូចជា ការុង និងខ្សែដេរការុង តិចតួច សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន លើដំណាំ ចម្ការខ្នាតតូច ក៏ត្រូវបង់លុយឱ្យកម្លាំងឈរជើង ប្រចាំច្រកទ្វារតំបន់នេះដែរ ដោយមិនមានការយោគយល់អ្វីទាំងអស់។ ប៉ុន្តែប្រសិនបើជាមួយក្រុមឈ្មួញខិលខូចវិញ មន្ត្រីគយទាំងនោះ តែងលួចឃុបឃិតបើកដៃឱ្យឈ្មួញទាំងនោះ ធ្វើអ្វីតាមអំពើចិត្ត ជាថ្នូរនឹងការបង់ប្រាក់ក្រៅផ្លូវការ ដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួនស៊ីដាច់ថ្នាក់លើរហូត…។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីគយ ប្រចាំច្រកទ្វារអូររំដួលបានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
ខៀវទុំ