Monday, November 25, 2024
Homeនយោបាយស្ថានភាពជីវិតសព្វថ្ងៃ ស្ត្រីបឹងកក់លេចធ្លោ២រូប ទេព វន្នី ជាប់គុក ចាក់កាបូបលក់ យ៉ោម បុប្ផា ឈប់តវ៉ា ទៅចិញ្ចឹមជ្រូក

ស្ថានភាពជីវិតសព្វថ្ងៃ ស្ត្រីបឹងកក់លេចធ្លោ២រូប ទេព វន្នី ជាប់គុក ចាក់កាបូបលក់ យ៉ោម បុប្ផា ឈប់តវ៉ា ទៅចិញ្ចឹមជ្រូក

ភ្នំពេញ ៖ ទាក់ទងនឹងស្ថានភាពជីវិតរបស់ស្ត្រីសកម្មជនដីធ្លីសហគមន៍បឹងកក់ លេចធ្លោ ២រូប គឺអ្នកស្រីទេព វន្នី និងអ្នកស្រីយ៉ោម បុប្ឆា បានធ្វើឱ្យមជ្ឈដ្ឋានតាមដានសង្គមមានការចាប់អារម្មណ៍ខណៈដែលអ្នកស្រីទេព វន្នី ដែលកំពុងជាប់ពន្ធនាគារបានចាក់កាបូបលក់។ ចំណែកអ្នកស្រីយ៉ោម បុប្ផា ដែលធ្លាប់ជាប់ពន្ធនាគារក្នុងការតវ៉ារឿងដីធ្លីកន្លងមកដែរនោះ ពេលនេះបានដកខ្លួនចេញឈប់តវ៉ាទៅបើកកសិដ្ឋានចិញ្ចឹមជ្រូក និងមាន់។

ជាង១ឆ្នាំ នៃការជាប់ពន្ធនាគារ តំណាងស្ត្រីបឹងកក់ដ៏ឆ្នើម និងលេចធ្លោ អ្នកស្រីទេព វន្នី បានយកពេលវេលាដែលកំពុងជាប់ពន្ធនាគារ ចាក់កាបូបពីសរសៃអំបោះដែលមានគ្រប់ពណ៌ ជាប្រភេទកាបូបតូចស្រស់ស្អាត សម្រាប់នារី ដែលអាចដាក់លុយ ទូរស័ព្ទ និងរបស់របរមួយចំនួន អាចយកតាមខ្លួន ឬយកទៅចូលរួមក្នុងកម្មវិធីផ្សេងៗបាន។ ក្រៅពីនេះ ក៏មានចាក់ជារូបទង់ជាតិទាំងទង់ជាតិខ្មែរ និងទង់ជាតិបរទេសផងដែរ។

កាបូបដែលចាក់ដោយដៃបាននោះ អ្នកស្រី ទេព វន្នី បានស្នើឱ្យកញ្ញាសុង ស្រីលាភ សកម្មជនបឹងកក់ ដែលធ្លាប់ ជាប់ពន្ធនាគារកន្លងមកដែរនោះ ជួយអំពាវនាវលក់ឱ្យ ហើយក៏មានអតិថិជនជួយទិញជាបន្តបន្ទាប់ផងដែរ។

កញ្ញាសុង ស្រីលាភ បានសរសេរក្នុងគណនីហ្វេសប៊ុករបស់នាងឃោសនាលក់កាបូបចាក់ដោយដៃរបស់អ្នកស្រីទេព វន្នីថា “សូមជួយគាំទ្រស្នាដៃអ្នកស្រីទេព វន្នី ផង ! Inbox for order ja !

នេះជាកាបូបដៃចាក់សម្រាប់ស្ត្រី ស័ក្តិសម យកជាប់ខ្លួន ឬប្រើក្នុងកម្មវិធីអ្វីក៏បាន មានគ្រប់ពណ៌ និងមានសញ្ញាទង់ជាតិខ្មែរ ខ្មែរកម្ពុជាក្រោម ដែលចាក់ដោយអ្នកស្រីទេព វន្នី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដោយអយុត្តិធម៌។ សុំធ្វើការគាំទ្រផង ក៏ដូចជួយដល់អ្នកស្រីទេព វន្នី ផងដែរ សូមទំនាក់ទំនងមកលេខនាងខ្ញុំផ្ទាល់ ឬតាមការផ្ញើសារមកហ្វេសប៊ុកនាងខ្ញុំតែម្តង”។

កញ្ញាសុង ស្រីលាភ តំណាងសហគមន៍ បឹងកក់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ថា កាបូបដែលអ្នកស្រីទេព វន្នី ចាក់បាននោះ មានតែជាងដប់ប៉ុណ្ណោះ ហើយមកដល់ពេលនេះ ប្រជាពលរដ្ឋ សហគមន៍បានជួយជាវអស់ហើយ ដោយប្រមូលថវិកាបានជិត១០០ដុល្លារ យកទៅជួយឧបត្ថម្ភការសិក្សារបស់កូនៗអ្នកស្រីទេព វន្នី។

កញ្ញាសុង ស្រីលាភ បានឱ្យដឹងថា “ចាស ! វាមានតិចតួចទេ តាំងពីគាត់ជាប់មក គឺធ្វើបានប្រហែល១០ជាង ហើយមិនជាការផ្សព្វផ្សាយលក់ទេ ព្រោះអាហ្នឹងគាត់ធ្វើជាកាដូសម្រាប់សហគមន៍អីដែរ។ ដល់អ៊ីចឹងទៅ នៅជាង១០ យើងចង់ឱ្យមានការលក់ ឬជួយគាំទ្រខ្លះ ដើម្បីយកថវិកាហ្នឹង ជួយកូនគាត់រៀន អត់មានច្រើនទេ។ អ្នក សហគមន៍យើងក៏បានជួយជាវ ហើយគាំទ្ររបស់គាត់ហ្នឹងអស់ហើយៗយកថវិកាហ្នឹង ដើម្បីផ្តល់ឱ្យកូនគាត់រៀន ព្រោះគាត់ខ្វះខាតជីវភាព កូនគាត់មិនមានថវិកាសម្រាប់ទៅរៀនគ្រប់គ្រាន់។ ដូច្នេះកាបូបដែលពួកគាត់ឱ្យកាដូ ពួកខ្ញុំហ្នឹង ពួកខ្ញុំសុខចិត្តថា អំពាវនាវឱ្យបងប្អូនជួយគាំទ្រ ដើម្បីបង្វែរថវិកាហ្នឹងយកជួយកូនគាត់វិញ។ អ៊ីចឹងទៅ ការដែលយើងបង្វែរជាថវិកាហ្នឹង ឥឡូវបានហើយ។ យើងអត់កំណត់ទេ ស្រេចតែលើគេឧបត្ថម្ភ អ៊ីចឹងសរុបទៅ ថវិកា ហ្នឹងបានជិត១០០ដុល្លារដែរ ដើម្បីជួយកូនគាត់បានសិក្សាបន្ថែម ពីព្រោះគាត់នៅក្នុងគុកហ្នឹង អត់មានអ្នកណាជួយគាត់ទេ ហើយយើងត្រូវការថវិកាជួយគាត់។ កូនគាត់មាន២នាក់ ក្នុងនោះ កូនស្រីបង អាយុ១២ឆ្នាំ រៀនថ្នាក់ទី៦ ឯកូនមួយទៀត អាយុ១០ឆ្នាំ”។

កញ្ញាសុង ស្រីលាភ បានឱ្យដឹងបន្តថា “និយាយរូមទៅ ពេលគាត់ជាប់ពន្ធនាគារហ្នឹង យើងជួយគាត់ទាំងអស់គ្នា ដោយសារកូនគាត់រស់នៅជាមួយយាយ អ៊ីចឹងចំណូលអត់មានសោះ គឺបាត់បង់ទាំងស្រុង ហើយអត់មានអ្នកណា មើលថែកូនគាត់ទាំង២ទេ គឺកូនគាត់ទាំង២ រត់ទៅរស់នៅជាមួយយាយ។ អ៊ីចឹងពួកយើង ទាំងអស់គ្នា ក្នុង សហគមន៍ ព្យាយាមធ្វើយ៉ាងម៉េចឱ្យកូនគាត់បានសិក្សា បានទៅរៀនទៀងទាត់ កុំឱ្យថា បាត់បង់ម្តាយ ខ្វះភាព កក់ក្តៅ ហើយគាត់បាត់បង់ការសិក្សាទៀត។ ប៉ុន្តែយើងអត់ដឹងថា គាត់ធ្វើកាបូបហ្នឹងតទៀតឬយ៉ាងណាទេ ព្រោះខ្ញុំអត់ទាន់បានជួបគាត់ទេ ប៉ុន្តែ អ្វីដែលខ្ញុំដឹង នៅក្នុងគុកហ្នឹង គាត់មើលអក្សររៀនអង់គ្លេសអីថែម ដើម្បីបង្កើនចំណេះហ្នឹង ព្រោះនៅក្នុងពន្ធនាគារ យើងអត់មានធ្វើអីក្រៅពីការមើលសៀវភៅ អានសៀវភៅ ឬក៏អង្គុយ ចាក់រូបអីទេ។ ដល់អ៊ីចឹង ខ្ញុំអត់ដឹងថា គាត់បន្តការចាក់ឬក៏អត់ទៀត ខ្ញុំអត់បានសួរ។ និយាយរួមទៅ គាត់ចេះចាក់កន្សែង ចាក់មួកយូរហើយ ប៉ុន្តែអាជំនាញចាក់កាបូបហ្នឹង ឃើញគាត់ទើបទៅចាក់ក្នុងពន្ធនាគារហ្នឹងបន្ថែមទៀត ហើយពេលកាបូបគាត់ ត្រូវជាវអស់ហ្នឹង ពួកយើងក៏បានប្រាប់ទៅគាត់វិញថា ឥឡូវហ្នឹងកាបូបដែលគាត់ធ្វើជាកាដូសម្រាប់ពួកខ្ញុំខាងក្រៅហ្នឹង ពួកខ្ញុំធ្វើការអំពាវនាវឱ្យពួកយើងជួយគាំទ្រ  ដើម្បីបង្វែរថវិកាជួយកូនគាត់វិញ ហើយពេលដឹងហើយ ក៏គាត់អរគុណ និងសប្បាយចិត្តដែរ ដែលមិននឹកស្មានថា ពួកយើងយកកាដូរបស់គាត់ បង្វែរជាទឹកចិត្តក្នុងការជួយកូនគាត់វិញ”។

គួរបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងអ្នកស្រី ទេព វន្នី អាយុ៣៥ឆ្នាំ និងសកម្មជនបឹងកក់ ៦នាក់ទៀត រួមមាន អ្នកស្រីហេង មុំ អាយុ ៤៦ឆ្នាំ អ្នកស្រីង៉ែត ឃុន អាយុ៧៦ឆ្នាំ អ្នកស្រី ឆេង លាភ អាយុ៤៩ឆ្នាំ អ្នកស្រីគង់ ចន្ថា អាយុ ៤០ឆ្នាំ និងអ្នកស្រីតុប ស្រីពៅ អាយុ៣៨ឆ្នាំ ក្រោមការជាប់ចោទពីបទ “ជេរប្រមាថជាសាធារណៈ និងគំរាមថានឹងសម្លាប់” ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៣៤ ផ្លូវលេខ៨០ ភូមិ០៤ ក្រុម៣០៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា៣០១ និងមាត្រា២៣៣ នៃក្រម ព្រហ្មទណ្ឌ។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ខាង មុខនេះ សាលាឧទ្ធរណ៍នឹងបើកសវនាការលើសំណុំរឿងរបស់អ្នកស្រីទេព វន្នី។

មុនសវនាការសាលាឧទ្ធរណ៍មកដល់ ពលរដ្ឋនៅសហគមន៍បឹងកក់ បានធ្វើការដាក់ញត្តិនៅតាមស្ថានទូតបរទេស ស្នើសុំអន្តរាគមន៍ដោះលែងអ្នកស្រីទេព វន្នី ពីពន្ធនាគារចំនួន២ដងមកហើយ។ ក្នុងនោះ កាលពីព្រឹកថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០១៧ ពលរដ្ឋទាំងនោះ បានយកញត្តិទៅដាក់នៅសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងធនាគារពិភពលោក ដើម្បីសុំកិច្ចអន្តរាគមន៍ ដោះលែងអ្នកស្រីទេព វន្នី ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ ចំណែកកាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ក្រុមស្ត្រីសហគមន៍បឹងកក់ បានបន្តយកញត្តិទៅដាក់នៅអង្គការសហប្រជាតិ (UN) និងស្ថានទូតមួយចំនួនទៀតប្រចាំកម្ពុជា រួមមានស្ថានទូតជប៉ុន ស្ថានទូត អាល្លឺម៉ង់ ស្ថានទូតបារាំង ស្ថានទូតអង់គ្លេស ដើម្បីសុំចូលរួមតាមដានសវនាការសាលាឧទ្ធរណ៍ ថ្ងៃទី២៧ ខែកក្កដា នោះ និងសុំកិច្ចអន្តរាគមន៍ ឱ្យលាការដោះលែងអ្នកស្រីទេព វន្នី និងតំណាងសហគមន៍បឹងកក់ផ្សេងទៀត ឱ្យមានសេរីភាព បានត្រឡប់មកផ្ទះវិញ។

កញ្ញាសុង ស្រីលាភ បានបញ្ជាក់ពីការដាក់ញត្តិលើកទី២នោះថា តំណាងឧត្តមស្នងការ អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា និងតំណាង ស្ថានទូតប្រចាំកម្ពុជាទាំងនោះ បានចេញមកទទួលញត្តិរួចរាល់ហើយ ប៉ុន្តែលទ្ធផលយ៉ាងណា មិនទាន់ដឹងទេ។ ដូច្នេះនាងក៏សូមអំពាវនាវ បន្ថែមទៅដល់រាជរដ្ឋាភិបាល ជាពិសេស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយរកយុត្តិធម៌ ដល់អ្នកស្រីទេព វន្នី ផង។

កញ្ញាសុង ស្រីលាភ បានបញ្ជាក់បន្ថែមថា “ចុងក្រោយ ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំ ជាពិសេស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់នឹងប្រោសប្រទាននូវសេរីភាព និងយុត្តិធម៌ សម្រាប់ឱ្យអ្នកស្រី ទេព វន្នី បានចេញមកជួបជុំ កូនចៅគាត់វិញ ពីព្រោះកូនគាត់បានបែកគាត់ រយៈពេលជិត១ឆ្នាំហើយ។ អ៊ីចឹងខ្ញុំសង្ឃឹមថា ប្រមុខដឹកនាំ ជា ពិសេសសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងផ្តល់នូវសេរីភាព សម្រាប់អ្នកស្រីទេព វន្នី ដើម្បី ឱ្យគាត់បានជួបជុំគ្រួសារ ព្រោះអីអ្វីដែលគេចោទប្រកាន់នោះ គឺជារឿងមិនពិត ហើយជារឿងប្រឌិតសុទ្ធសាធ តើស្ត្រីឯណាដែលមាន លទ្ធភាពខ្លួនឯងទៅវ៉ៃបុរសដល់ទៅ២នាក់ ម្នាក់សន្លប់ ម្នាក់បែកក្បាលនោះ វាគឺជារឿងមួយ ដែលមិនអាចទៅរួចតែម្តង ហើយជាក់ស្តែង ថ្ងៃ១៣ ខែ០៣ (មីនា) ២០១៣ហ្នឹង គឺខ្ញុំទៅមុខផ្ទះសម្តេច ដើម្បីសុំឱ្យគាត់អន្តរាគមន៍លើបញ្ហាលើអនុក្រឹត្យរបស់គាត់ ដែលមន្ត្រីសាលាក្រុងថ្នាក់ក្រោមនោះ ព្យាយាមបិទបាំងការដោះស្រាយ កាលពីឆ្នាំ២០១៣ ហ្នឹង។ អ៊ីចឹងហើយបានជាយើងសុំគាត់អន្តរាគមន៍ ប៉ុន្តែជាអកុសល ត្រូវបានមន្ត្រីថ្នាក់ក្រោម ព្យាយាម រារាំង បំបិទបំបាំង ហើយរាយការណ៍បំផ្លើសការពិតមកលើពួកខ្ញុំ ធ្វើឱ្យពួកខ្ញុំរងគ្រោះ។ អ៊ីចឹង រឿងនេះជារឿងអយុត្តិធម៌មែនទែន ហើយខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាល នឹងព្យាយាមឃ្លាំមើលសកម្មភាពប្រជាពលរដ្ឋខ្លួនឯងវិញ ហើយព្យាយាមបើកបេះដូង បើកចិត្តស្តាប់សំឡេងប្រជាពលរដ្ឋ ជាជាងស្តាប់សំឡេងមន្ត្រីថ្នាក់ក្រោមរបស់គាត់ ពីព្រោះមន្ត្រីថ្នាក់ក្រោមរបស់គាត់ហ្នឹងហើយ ជាអ្នកប្រព្រឹត្តអំពើពុករលួយ ហើយគឺជាអ្នកដែលធ្វើឱ្យរាជរដ្ឋាភិបាល ខូចកេរ្តិ៍ឈ្មោះ ដោយសារមន្ត្រីថ្នាក់ក្រោមច្រើនមែនទែន ដោយសារតែការអភិវឌ្ឍបណ្តេញចេញហ្នឹង”។

ដោយឡែក អ្នកស្រីយ៉ោម បុប្ផា អតីតសកម្មជនបឹងកក់ដ៏ល្បីលេចធ្លោមួយរូបដែរ ដែលធ្លាប់ជាប់ពន្ធនាគារមុនអ្នកស្រីទេព វន្នី និងមានឈ្មោះបោះសំឡេងមុនអ្នកស្រីទេព វន្នី នោះ មួយរយៈកន្លងមកនេះ ក្រោយពីបានភ្ជាប់ពាក្យជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោករៀល ខេមរិន្ទ្រ មក អ្នកស្រីយ៉ោម បុប្ផា បានដកខ្លួនចេញពីការតវ៉ារឿងដីធ្លីជាមួយសហគមន៍ដទៃទៀត ដោយងាកទៅសាងជីវិតគ្រួសារយ៉ាងសាមញ្ញជាមួយការបើកកសិដ្ឋាន ចិញ្ចឹមជ្រូក និងមាន់ នៅឯខេត្តកំពង់ឆ្នាំង ខណៈដែលពេលនេះអ្នកស្រីមានកូនប្រុសម្នាក់ទៀត  អាយុ៧ខែហើយ។

អ្នកស្រីយ៉ោម បុប្ផា បានប្រកាសតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជាមួយរូបភាពនៅកសិដ្ឋានចិញ្ចឹមជ្រូក និងមាន់ថា “នាំគ្នាមកធ្វើ ស្រែចម្ការមក កុំឱ្យគេចោទថា ចង់ធ្វើ (បដិវត្តន៍ពណ៌)។ ចំពោះខ្ញុំមិនយល់ទេបដិវត្តន៍ពណ៌  ដឹងតែថា សង្គមអយុត្តិធម៌ យើងជាពលរដ្ឋរងគ្រោះ ត្រូវតែមានការផ្លាសប្តូរ។

ទោះជាយ៉ាងនា “នគរធំ” មិនអាចទាក់ទង សុំយោបល់ពីអ្នកស្រីយ៉ោម បុប្ផា អំពីការសម្រេចចិត្តឈប់ចូលរួមសកម្មភាពតវ៉ាបញ្ហាដីធ្លីជាមួយសហគមន៍បឹងកក់ ដោយដកខ្លួនទៅប្រកបរបរចិញ្ចឹមជ្រូក និងមាន់នោះទេ៕

កុលបុត្រ

RELATED ARTICLES