តារាចម្រៀងសំនៀង១គ្មាន២ អ្នកនាងម៉េង កែវពេជ្ជតា បានបញ្ជូនកូនប្រុសស្រីទាំង២នាក់ ដែលរៀនសាលាស្រណោះតន្ដ្រីនោះ ឲ្យទៅចូលរួមកម្មវិធី Asian Art Festival 2017 ដោយចេញដំណើរកាលពីថ្ងៃទី២២ ខែកក្កដា ហើយចូលរួមប្រលងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ហើយបានវិលត្រឡប់មកវិញហើយ កាលពីរាត្រីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ2017 ដោយអ្នកនាងកែវពេជ្ជតា រំភើបរហូតដល់ស្រក់ទឹកភ្នែកនៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ទៀតផង។
ក្នុងជំនួបផ្ទាល់ តារាចម្រៀងម៉េង កែវពេជ្ជតា បាននិយាយទាំងរំភើបអួលដើមករថា”កូនស្រីខ្ញុំអាយុ៧ឆ្នាំ កូនប្រុសខ្ញុំអាយុ១០ឆ្នាំ ពួកគេទាំង២នាក់ច្រៀងបទ ”បំពេម្ដាយ” ហើយកូនប្រុសខ្ញុំមានជំនាញខាងលេងព្យាណូ កូនស្រីខ្ញុំចេះច្រៀង និងកូដវីយូឡុង។ ខ្ញុំរំភើបណាស់ដែលកូនខ្ញុំទាំង២ បានមដាយមាសលើឆាកអន្តរជាតិហ្នឹង ហើយខ្ញុំគិតថា ពាននោះមិនមែនជាការយោគយល់ទេ តែជាការផ្ដល់លើសមត្ថភាពច្រើនជាង។ ខ្ញុំជឿថា កូនស្រីខ្ញុំនឹងអាចក្លាយទៅជាតារាចម្រៀងអាជីពនាពេលថ្ងៃអនាគត ព្រោះគេច្រៀងខ្លាំងជាងខ្ញុំទៀតផង។ និយាយទៅ ពេលនេះកូនខ្ញុំទាំង២ មានបទពិសោធន៍លើឆាកអន្ដរជាតិ ហើយខ្ញុំនឹងជំរុញគេឲ្យទៅតាមចំណូលចិត្តរបស់គេ លើកទឹកចិត្តឲ្យគេចូលសិល្បៈ ប្រសើរជាងការទំនេរលេងហ្គេម។ តែខ្ញុំក៏មិនឲ្យពួកគេភ្លេចការសិក្សាដែរ ព្រោះវ័យនេះជាវ័យរៀនសូត្រ”។
គួរបញ្ជាក់ថា ក្នុងចំណោមបេក្ខភាពវ័យក្មេង២១រូប ដែលសាលាស្រណោះតន្រ្ដី បានបញ្ជូនទៅប្រលងនោះ គឺទទួលបានពានទាំង២១រូបតែម្ដង ក្នុងនោះមេដាយមាស១៥ និងមេដាយប្រាក់៦៕