នៅល្ងាចថ្ងៃទី២៦ កក្កដា កន្លងទៅនេះក្រុមតារាៗរបស់ផលិតកម្មមហាហង្ស និងក្រុមកីឡាបាល់ទាត់បុរីរិទ្ធិ បានប្រកួតនៅទីលានវាលស្មៅយ៉ាងស្វិតស្វាញពេញរយៈពេល៩០នាទីនៅពហុកីឡាដ្ឋានវេស្ទើននៅម្ដុំទួលគោក ដែលជាការប្រកួតសងសឹក លើកចុងក្រោយហើយជាលទ្ធផលក្រុមបាល់ទាត់របស់ផលិតកម្មមហាហង្សជាអ្នកឈ្មះធ្វើឲ្យលោកអ៊ិន សុភិន ត្រេកអរយ៉ាងក្រៃលែង។
ថៅកែផលិតកម្មមហាហង្សលោកអ៊ិន សុភិន ត្រូវគេឃើញលោតកញ្ជ្រោលត្រេកអរជាខ្លាំង បន្ទាប់ពីក្រុមរបស់លោកយកឈ្នះ៤គ្រាប់ទល់នឹង៣គ្រាប់នៅក្រោយបញ្ចប់តង់ទី២។ លោកអ៊ិន សុភិន បានថ្លែងឲ្យដឹងថា លោកបាន រៀបចំតារាសិល្បៈជាក្រុមបាល់ទាត់ប្រមាណជា៣ខែមកហើយ ហើយក្នុងចំណោមក្រុមបាល់ទាត់ដែលក្រុមរបស់លោកបានជួបប្រកួត មានតែក្រុមបុរីរិទ្ធិប៉ុណ្ណោះដែលលោកចាត់ទុកថាជាក្រុមខ្លាំង ទាំងបច្ចេកទេសការប្រកួត និងទម្រង់លេង ដោយក្នុងពេលប៉ះគ្នាកាលពីលើកទី១ក៏ក្រុមលោកមិនរំពឹងថាស្មើនោះផង។លោកថា នៅពេលការប្រកួតក្នុងជំនួបទី១ទទួលបានលទ្ធផល១ស្មើ បានធ្វើអោយក្រុមនេះមិនអស់ចិត្តដោយសុំសងសឹកកាលពីលើកទី២ហើយលទ្ធផលនៅតែរក្សាស្មើដូចដើម គឺ២ទល់នឹង២ទៀត។ អ៊ីចឹងហើយទើបក្រុមបុរីរិទ្ធិរឹតតែមិនអស់ចិត្ត ហើយសុំប្រកួតសងសឹកជាថ្មីម្ដងទៀត ដោយកំណត់យកថ្ងៃ២៦ កក្កដា ដោយភាគីខាងក្រុមបុរីរិទ្ធបានប្រកាសថា បើក្រុមលោកនៅតែស្មើជាមួយថ្មីម្ដងទៀត នឹងក្រុមទាំង២នឹងឈប់ជួបគ្នា ហើយបើឈានដល់ចាញ់ទៅទៀតគឺរឹតតែលែងនឹងឃើញមុខគ្នានៅលើទីលានតែម្ដង។ ហេតុនេះហើយទើបលោកយល់ថាគឺជាលទ្ធផលវិជ្ជមានយ៉ាងខ្លាំង ដែលក្រុមរបស់លោកមិនត្រឹមតែអាចទប់ក្រុមបុរីរិទ្ធិមិនអោយយកឈ្នះបានប៉ុណ្ណោះទេ គឺថែមទាំងបំបាក់ក្រុមនោះមិនគួរអោយជឿទៅទៀត។ លោកថាក្រុមបុរីរិទ្ធិ គឺជាក្រុមខ្លាំងមួយ ដូច្នេះឱកាសទទួលបានលទ្ធផលស្មើគ្នាដល់ទៅ២លើក មិនធ្វើអោយក្រុមមួយនេះមិនអស់ចិត្តនោះទេ ទើបនាំអោយមានការសុំប្រកួតសងសឹកដើម្បីកំណត់ឈ្នះចាញ់ជាលើកទី៣។
លោកអ៊ិន សុភិន បានបង្ហាញពីអារម្មណ៍ត្រេកអរជាខ្លាំងបន្ទាប់ពីលោកអាជ្ញាកណ្ដាលផ្លុំកញ្ចែរបញ្ចប់ការប្រកួត ក្នុងលទ្ធផល៤ទល់នឹង៣ ដែលមានន័យថាក្រុមមហាហង្សបានឈ្នះ លើក្រុមបុរីរិទ្ធិដែលជាក្រុមល្អមួយ។ លោកថាការប្រកួតដែលបានធ្វើឡើងមានការសហការច្រើនជាមួយក្រុមតារាសិល្បៈ និងក្រុមបច្ចេកទេសរបស់មហាហង្សទើបអាចយកឈ្នះក្នុងវគ្គប្រកួតសងសឹករបស់ក្រុមបុរីរិទ្ធិ ដែលធ្វើអោយក្រុមលោកកាន់តែមានមុខមាត់ការប្រកួតមិត្តភាពជាមួយក្រុមផ្សេងៗដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន និងសហគ្រាសដូចគ្នា បន្ទាប់ពីបានយកឈ្នះលើក្រុមសប្បាយដែលជាក្រុមល្អមួយផងដែរ។ លោកថាក្រុមបាល់ទាត់មហាហង្ស ប្រកួតបាន១០លើក មកហើយដោយក្នុងចំណោម១០ប្រកួតសរុបទាំងការប្រកួតឈ្នះជាមួយក្រុមបុរីរិទ្ធិ គឺក្រុមរបស់លោកធ្លាប់ចាញ់តែម្ដងគត់។ លោកថាក្រុមនេះមានការចូលរួមភាគច្រើនពីតារាសិល្បៈ ជាពិសេសគឺក្រុមតារាដែលបានចូលរួមសម្ដែងនៅក្នុងផលិតកម្មមហាហង្សតែម្ដង ដើម្បីចងភ្ជាប់ទំនាក់ទំនង និងដើម្បីសុខភាពជំនួសអោយការហាត់ប្រាណ។
ការប្រកួតដែលបានធ្វើឡើងនៅថ្ងៃទី២៦ កក្កដា តារាសិល្បៈដែលបានចូលប្រកួតរួមមាន លោក អ៊ិន សុភិន លោក ភឹម តារាវិបុល លោកហេង នរៈកក្កដា លោកហ៊ូ ប៉ូសេង លោកជា សុវណ្ណនរាហ៍ និង លោកប៉ែន តុលា ជាដើម ដោយក្រៅពីនោះក៏មានតារាសិល្បៈច្រើននាក់ចូលរួមទស្សនាលើកទឹកចិត្តផងដែរ៕