ភ្នំពេញ៖ ជនសង្ស័យជាភេទទីបីម្នាក់ ក្នុងចំណោមបក្ខពួកបីនាក់ បានធ្វើសកម្មភាពបើកទ្វាររថយន្ត លួចយកកាបូបលុយរបស់បុរសជនជាតិចិនម្នាក់ ដែលឈប់ចាំភ្លៀងស្តុបបានសម្រេចហើយព្យាយាមបើកម៉ូតូរត់គេចខ្លួន ត្រូវបានបុរសជនជាតិចិនបើករថយន្តដេញបុក ទើបឃាត់ខ្លួនបានម្នាក់ ចំណែក២នាក់ទៀតរត់ចោលម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅក្រោយវត្តមហាមន្ត្រី ផ្លូវ២៨៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន។
ជនសង្ស័យមានឈ្មោះ សាវឌី ភេទទីបី អាយុ២៤ឆ្នាំ មុខរបរលក់គ្រឿងក្រអូប ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ចំណែក២នាក់ទៀតដែលរត់គេខ្លួន មានឈ្មោះ អាកា និងអាឡិន ដកហូតម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CO-4779 មួយគ្រឿង ជារបស់ជនសង្ស័យ។ ចំណែកជនរងគ្រោះ មានឈ្មោះ Liu Hongda ជនជាតិចិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ Business ស្នាក់នៅ APARTMENT របស់ដែលបាត់បង់នៅក្នុងកាបូបមានប៉ាស្ព័រមួយសន្លឹក ឯកសាមួយចំនួន ព្រមទាំងលុយមួយចំនួនធំ។
តាមសម្ដីអ្នកបកប្រែបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្ត
ម៉ាក Lexus RX330 ពណ៌ស្ករ ពាក់ស្លាកលេខតាកែវ 2A-2089 ចេញពីញ៉ាំអាហារនៅភោជនីយដ្ឋានចិនមួយកន្លែង នៅម្ដុំផ្សារអូឡាំពិក គោលបំណងត្រឡប់ទៅ APARTMEN វិញ ដោយបានធ្វើដំណើរតាមផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ កែងនិងផ្លូវ១៦៣ រូបគាត់បានឈប់រង់ចាំភ្លើងស្តុប ខណៈនោះក៍ស្រាប់តែមានជនសង្ស័យដែលជាភេទទីបី បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស មកឈប់ជិត ហើយជនសង្ស័យ២បានចុះមកធ្វើសកម្មភាពបើកទ្វាររថយន្តរបស់គាត់ លួចយកកាបូបលុយដែលទុកក្នុងរថយន្ត ហើយបាននាំគ្នារត់ឡើងជិះម៉ូតូដើម្បីរត់គេចខ្លួន ភ្លាមៗនោះជនរងគ្រោះបានបើករថយន្តដេញពីក្រោយរហូតដល់ក្រោយវត្តមហាមន្ត្រី រូបគាត់ជាជនរងគ្រោះបានបើករថយន្តបំបុកម៉ូតូជនសង្ស័យពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូជនសង្ស័យដួល ហើយជនរងគ្រោះបានចុះពីលើរថយន្តរត់ទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកបក្សពួក២នាក់ទៀតបានរត់គេខ្លួនបាត់ ព្រមទាំងយកកាបូបលុយរបស់គាត់ទៅជាមួយផងដែរ។ បន្តិចក្រោយមកឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចហើយបាននាំខ្លួនជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលអូឡាំពិក ។
ជនសង្ស័យបានសារភាពថា ពួកគេពិតបានធ្វើសកម្មភាពបើកទ្វាររថយន្តយកកាបូបលុយរបស់ជាជនរងគ្រោះ ពិតប្រាកដមែន។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូឡាំពិក
ចំនែកជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី ៕