Monday, November 25, 2024
Homeនយោបាយលោកសម រង្ស៊ី បន្តជួបអតីតកូនចៅបក្សប្រឆាំង បន្តផ្លោងសម្តីពីចម្ងាយ វាយប្រហារបក្សកាន់អំណាច

លោកសម រង្ស៊ី បន្តជួបអតីតកូនចៅបក្សប្រឆាំង បន្តផ្លោងសម្តីពីចម្ងាយ វាយប្រហារបក្សកាន់អំណាច

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ហើយត្រូវបានគណបក្សកាន់អំណាចស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មី មិនឱ្យចូលរួមធ្វើសកម្មភាពនយោ បាយជាមួយគណបក្សប្រឆាំងនៅស្រុកខ្មែរ បាននោះ នៅតែបន្តជួបជាមួយអតីតសហការីរបស់លោកមកពីគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) នៅឯក្រៅប្រទេស និងបន្តផ្លោងសម្តីពីចម្ងាយវាយប្រហារមកលើគណបក្សកាន់អំណាច ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ខណៈកំពុងស្នាក់នៅប្រទេសបារាំង បានទទួលជួបសំណេះសំណាលជាមួយអតីតសហការីកូនចៅរបស់លោកមកពីគណបក្សប្រឆាំង គឺតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ៥ រូប រួមមានលោកដាំ សិទ្ធិ តំណាងរាស្ត្រមណ្ឌល រាជធានីភ្នំពេញ លោកជីវ កត្តា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោកស្រីកែ សុវណ្ណរ័ត្ន តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប លោកស្រី ពត ពៅ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល លោកស្រីជូឡុង សូមួរ៉ា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាភរិយាលោកសម រង្ស៊ី បន្ទាប់ពីមុននេះ លោកសម រង្ស៊ី បានទទួលជួបជាមួយថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ ជាច្រើន រួមមាន លោកកឹម សុខា លោកប៉ុល ហំម លោកស្រីមួរ សុខហួរ លោកអេង ឆៃអ៊ាង លោកយឹម សុវណ្ណ លោកសុន ឆៃ លោកអ៊ូ ច័ន្ទឫទ្ធិ ជាដើម នៅទីក្រុងហុងកុង។

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ លោក សម រង្ស៊ី បានបង្ហោះរូបភាពជាមួយសំណេរ ក្នុងទំព័រហ្វេសប៊ុករបស់លោកថា “ជំនួបជាមិត្តភាពជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្ងៃនេះ នៅទីក្រុងប៉ារីស។

ពីឆ្វេងទៅស្តាំ ៖ ដាំ សិទ្ធិ, ជីវ កត្តា, កែ សុវណ្ណរតន៍, ពត ពៅ, ជូឡុង សូមួរ៉ា, ម៉ែន សុថាវរិន្ទ្រ”។

នៅថ្ងៃដដែលនោះ លោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកបន្ថែមថា “ហេតុអ្វីបានជាជនផ្តាច់ការ ត្រូវការបង្កើត និងរក្សាវប្បធម៌សង្គ្រាម និងបរិយាកាសសង្គ្រាម? (កិច្ចប្រជុំ ថ្ងៃទី២៣ កក្កដា ២០១៧ នៅទីក្រុងប៉ារីស)”។

លោកសម រង្ស៊ី ជួបតំណាងរាស្ត្រគណបក្សប្រឆាំង និងពលរដ្ឋខ្មែរនៅប្រទេសបារាំង

ជាមួយគ្នានេះ លោកសម រង្ស៊ី ក៏បានបង្ហោះវីដេអូ ដែលលោកបានថ្លែងក្នុងកិច្ចប្រជុំនោះ ដោយលោកបានមានប្រសាសន៍ថា “នៅស្រុកខ្មែរ អ្នកដែលកាន់អំណាច អត់ដែលធ្វើអី គ្រាន់តែកាន់អំណាចយកកាំភ្លើងភ្ជង់គេ សម្លុត គេសម្លុតឯង អ៊ីចឹងឱ្យគាត់ចុះយ៉ាងម៉េច? បើគាត់ចុះទៅ ឱ្យគាត់ធ្វើអី? គាត់អត់ចេះធ្វើអីទេ អ៊ីចឹងបានជាប្រជាពលរដ្ឋខ្មែរ ជាពិសេស យុវជនឃើញថា ប្រជាពលរដ្ឋខ្មែរយើង ត្រូវមានមេដឹកនាំដែលជាអ្នកចេះដឹង ដែលមាន មុខរបរ ដែលអាចរស់នៅបានដោយឯករាជ្យ មិនចាំបាច់ធ្វើនយោបាយ មិនចាំបាច់មានតំណែង អីក្នុងរដ្ឋាភិបាល ក្នុងអីក៏រស់បានដែរ រស់យ៉ាងសមរម្យ រស់យ៉ាងថ្លៃថ្នូរ អ៊ីចឹងពួកគាត់ភ័យណាស់ ដឹងថា ផ្នត់គំនិតប្រជាពលរដ្ឋដូរ គឺគេបោះឆ្នោត ដើម្បីប្តូរហ្នឹង ដោយគាត់មិនអាចធ្វើអ្វីបានទៀត ទប់ទឹកចិត្តប្រជាពលរដ្ឋមិនបាន ដូចទឹកបាក់ទំនប់ មានតែប្រើការគាបសង្កត់ ហើយគេមិនអាចនាំមកឱ្យបរិយាកាសត្រជាក់អីទេ គេត្រូវការក្តៅ គេត្រូវការវប្បធម៌សង្គ្រាម គេត្រូវការបរិយាកាសសង្គ្រាម គឺការតតាំងគ្នា តតាំងយ៉ាងសាហាវហ្នឹង ដើម្បីគេមាន លេសគាបសង្កត់ ហើយគាបសង្កត់ហ្នឹង មិនមែនតែគាបសង្កត់ខាងយើងទេ គាបសង្កត់គាត់ណោះ ពីព្រោះក្នុងចំណោមគ្នាគាត់ បក្ខពួកគាត់ហ្នឹង ក៏មានមនុស្សចេះដឹងថា អស់ផ្លូវហើយ គ្មានអនាគតទេ ពួកខាងគណបក្ស ប្រជាជនកម្ពុជា ដែលកាន់អំណាចរបៀបហ្នឹង ដើរតាមមេដឹកនាំកំពូលដូចសព្វថ្ងៃទៅអស់រួចហើយ អាហ្នឹងវាមិនយូរមិនឆាប់ ត្រូវតែទៅហើយ។ អ៊ីចឹងមានអ្នកខ្លះក្នុងជួរគណបក្សគាត់ហ្នឹង គឺថា ចាប់ផ្តើមគិតឡើងវិញ ចង់បែកផ្លូវ ចង់អី អ៊ីចឹងគាត់ត្រូវការបង្កើតបរិកាសសង្គ្រាម មិនមែនសន្ទនាទេ សង្គ្រាមដើម្បីសម្លុតគ្នាគាត់ ថា ឥឡូវយើ់ងកំពុងតែច្បាំងជាមួយគណបក្សសង្គ្រោះជាតិ គាត់កំពុងតែធ្វើសង្គ្រាម កំពុងតតាំងដាច់ខាតជាមួយគណបក្សសង្គ្រោះជាតិ។ អ៊ីចឹងបើក្នុងជួរគណបក្សគាត់មានអ្នកណាចង់ទៅទាក់ទង ហើយគេចង់មែន គេចង់មកទាក់ទង គេចង់មករួបរួម បើអាស្រ័យតែចិត្តពលរដ្ឋខ្មែរម្នាក់ៗ ទាំងខាងគេ ទាំងខាងយើង គិតវែងឆ្ងាយ ថា ឥឡូវយើងគិតចាប់ដៃគ្នា គិតអនុវត្តវប្បធម៌សន្ទនាពិតប្រាកដណាស់ ប៉ុន្តែវាឆាប់ពេក។ វប្បធម៌សន្ទនាពិតឥឡូវហ្នឹង ដរាបណាអ្នកកាន់អំណាចនៅស្រុកខ្មែរនៅតែកាន់អំណាច គេអត់ឱ្យមានការអនុវត្តវប្បធម៌សន្ទនាទេ គេចង់ឱ្យវប្បធម៌សង្គ្រាម បរិយាកាសសង្គ្រាម ដើម្បីសម្លុតគ្នាគេថា កុំឱ្យទៅទាក់ទងជាមួយគណបក្សសង្គ្រោះជាតិ កុំឱ្យទៅចាប់ដៃជាមួយភាគីម្ខាងទៀត ដែលចង់ប្តូរនោះ ប្តូរឱ្យខ្មែររីកចម្រើនទូទៅ គេថា បើអ៊ីចឹងមែន គេបាត់បង់អំណាច។ អ៊ីចឹង គេត្រូវបង្កើត ហើយរក្សាវប្បធម៌សង្គ្រាម សម្លុត គ្នាគេថា បើតែទៅទាក់ទងជាមួយសង្គ្រោះជាតិ អ្នកឯងក្បត់”។

លោកសម រង្ស៊ី បានបន្តថា “យើងអត់ច្បាំងទេ ប៉ុន្តែខាងគេៗប្រកាសថា គេច្បាំងជាមួយយើង។ អ៊ីចឹង គេសម្លុតគ្នាគេថា បើគ្នាគេណាចង់ទៅនិយាយរក ចង់ទៅរកដំណោះស្រាយអី ជជែកគ្នា សន្ទនាពិតប្រាកដ អាហ្នឹងក្បត់ ព្រោះកំពុងតែច្បាំងគ្នា ទៅទាក់ទងម្ខាងទៀតក្បត់។ អ៊ីចឹង បានគេត្រូវការវប្បធម៌សង្គ្រាម ឱ្យមានការច្បាំងគ្នា ហើយច្បាំងយ៉ាងហោចណាស់ ច្បាំងផ្លូវចិត្ត កុំឱ្យមានការជជែកគ្នាឱ្យសោះ។ បើជជែកគ្នា អ្នកណាហ៊ានទៅជជែក គ្នា ចេញពីខាងគេៗថាក្បត់ បើគេចោទថាក្បត់ គេនឹងដាក់ទណ្ឌកម្ម។ អ៊ីចឹងភ័យរួញគ្រប់គ្នា នៅរួបរួមគ្នា កុំឱ្យគេចោទថា ព្រោះឥឡូវហ្នឹង កំពុងតែតតាំងគ្នា សង្គ្រាម សង្គ្រាមផ្លូវចិត្ត សង្គ្រាមពាក្យពេចន៍ សង្គ្រាមចាប់ដាក់គុក សង្គ្រាមលួចសម្លាប់ ហើយសង្គ្រាមកាត់កា់ល់មកដល់ខ្ញុំ គឺកាត់កាល់ ពីព្រោះគេតាមដានមើលប្រវត្តិ អ្នកនយោបាយរាប់សិបឆ្នាំ ជិត៣០ឆ្នាំហើយ គេសម្គាល់ គេថា អ្នកខ្លះ ស្ទើរតែទាំងអស់គេ ទិញបាន គេសម្លុតបាន ទីបញ្ចប់ គេឱ្យធ្វើអី គឺធ្វើតាមគេ ដើម្បីបានសុខ ដើម្បីបានលាភសក្ការៈ បានផលប្រយោជន៍ បានតំណែង បានបុណ្យស័ក្តិ។ ខ្ញុំមិនហៅថា បុណស័ក្តិទេ បុណ្យស័ក្តិ គឺអ្វីដែលផ្តល់កិត្តិយសឱ្យយើង ប៉ុន្តែទៅបម្រើគេ បាត់បង់ឧត្តមគតិ អាហ្នឹងមិនហៅថា បុណ្យស័ក្តិទេ មិនហៅថាបុណ្យទេ ស័ក្តិចេះតែពាក់ទៅ ស័ក្តិព្រោងព្រាតលើស្មា ចេះតែពាក់ទៅ ប៉ុន្តែ វាគ្មានអ្វីដែលជាកិត្តិយស។ អ៊ីចឹងហើយបានគេឃើញថា មានអ្នកដឹកនាំនយោបាយដែលគេទិញមិនបាន គេសម្លុតមិនខ្លាច ហើយរួបរួមគ្នា ចាប់ផ្តើមរួបរួមគ្នា គេចង់បំបែកយើង អត់បែក បានគេសំដៅមកខ្ញុំ ឃើញថា ខ្ញុំគេប៉ុនប៉ងច្រើនយ៉ាង ចង់អូសទាញ ចង់សម្លុត ចង់អី គ្រប់សព្វ ប៉ុន្តែខ្ញុំនៅតែស្មោះត្រង់។ ហ្នឹងហើយ ជាកម្លាំងៗផ្ទៃក្នុងរបស់យើង ដែលគេមិនអាចធ្វើអីកើត…”។

ទោះជាយ៉ាងណា ជុំវិញការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំប្រតិកម្មឆ្លើយតបពីអ្នកនាំ ពាក្យគណបក្សប្រជាជនកម្ពុជាបានទេ កាលពីម្សិលមិញ៕

កុលបុត្រ

RELATED ARTICLES