ភ្នំពេញ ៖ យុវជនមួយក្រុម មានគ្នាប្រមាណ ១០នាក់ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បានដាក់លិខិតនៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើដាក់រូបសំណាកបណ្ឌិតកែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ក្បែរស្តុបបូកគោ ទីឃាតកម្មដែលលោកបណ្ឌិតកែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោកមួង សូនី បញ្ជាក់ថា ការដែលដាក់សំណើនេះ ដោយសារក្រុមការងាររបស់លោកយល់ឃើញថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយរយៈពេលចុងក្រោយនេះ បានសម្តែងទឹក ចិត្តឈឺឆ្អាលជួយផ្តល់ថវិកាដល់គ្រួសារលោកបណ្ឌិតកែម ឡី ក្នុងការសាងសង់ចេតិយជាដើម ទើបក្រុមយុវជនសង្ឃឹមថា សម្តេចហ៊ុន សែន អាចនឹងមានការយោគយល់ឱ្យមានការតម្កល់រូបសំណាកលោកបណ្ឌិតកែម ឡី នៅទីតាំងឃាតកម្ម តាមការស្នើសុំ។
លោកមួង សូនី បានថ្លែងថា “តាមពិត ដោយសារតែពួកខ្ញុំហ្នឹងបានដាក់ពាក្យបណ្តាំលោកគ្រូកែម ឡី ហ្នឹងតាមបណ្តាខេត្ត ហើយបដាជាដើមហ្នឹងតាមបណ្តាខេត្ត ចែកជូនពលរដ្ឋ ហើយក៏ពួកខ្ញុំនេះ ធ្លាប់បានដាក់លិខិតទៅក្រសួងមហាផ្ទៃ តែគេអត់យក ហើយដាក់ទៅសាលាក្រុង គេបដិសេធ ទាក់ទងនឹងការដាក់រូបសំណាក និងពាក្យបណ្តាំហ្នឹង ហើយដល់ក្រោយមក ក៏ឃើញថា ថ្មីៗនេះ យើងឃើញថា ឥរិយាបថរបស់លោកនាយករដ្ឋមន្ត្រីហ្នឹង គាត់ប្រែប្រួល ដូចថា គាត់ចាប់ផ្តើមធ្វើចេតិយឱ្យ និងផ្តល់លុយចូលបុណ្យអីហ្នឹង អ៊ីចឹងក៏គិតថា ដាក់សំណើទៅលោកនាយករដ្ឋមន្ត្រីមើល ក្រែងគាត់ហ្នឹង អាចផ្តល់ទីតាំងតាមការស្នើសុំដាក់រូបសំណាកលោកបណ្ឌិតកែម ឡី ហ្នឹង។ ចំពោះរូបសំណាក នៅពេលដែលមានការឯកភាពផ្តល់ទីតាំង ទើបបានពួកខ្ញុំហ្នឹងធ្វើរូបសំណាកថ្មីតែម្តង។ ជំហរ របស់យុវជនភាគច្រើន គេចង់ដាក់កន្លែងឃាតករបាញ់ ហើយគេគិតថា ចង់បញ្ជាក់ថា កន្លែងហ្នឹង បណ្ឌិតកែម ឡី ត្រូវបានគេបាញ់សម្លាប់ដោយអយុត្តិធម៌ ចង់ឱ្យប្រជាពលរដ្ឋខ្មែរចងចាំ”។
ជាមួយគ្នានោះដែរ លោកចឹក ចិត្រា អគ្គលេខាធិការសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលជាអ្នកដឹកនាំយកញត្តិទៅដាក់ដោយផ្ទាល់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃនោះថា លិខិតបានយកទៅដាក់រួចហើយ នៅខុទ្ធកាល័យសម្តេច នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។ ប៉ុន្តែមិនដឹងថា នឹងមានការឆ្លើយតបជាវិជ្ជមាន ឬអវិជ្ជមានយ៉ាងណាទេ។
លោកចឹក ចិត្រា បានថ្លែងថា “បាទ! នៅពេលដែលពួកខ្ញុំបានទៅជួបមន្ត្រីខុទ្ទកាល័យនៅមុខវត្តបទុម គឺគេបានបដិសេធ គេបញ្ជូនឱ្យមកដាក់នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយខ្ញុំសួរគេថា ហេតុអីមិនព្រមទទួលនូវលិខិត ឬក៏ញត្តិ ស្នើសុំពីខ្ញុំ? គាត់បានឆ្លើយថា វាជាសង្គម វាទាក់ទងបញ្ហាសង្គម វាមិនមែនជារឿងជាក់ស្តែង។ អ៊ីចឹង គាត់មិនទទួលទេ ចំពោះសំណើហ្នឹង ហើយក៏ឱ្យពួកខ្ញុំមកទីស្តីការគណៈរដ្ឋមន្ត្រីវិញ ដើម្បីដាក់នៅខាងក្រោយវិមានសន្តិភាព។ ហើយដល់ពេលពួកខ្ញុំបានមកដាក់នៅវិមានសន្តិភាព គេក៏បានទទួល ប៉ុន្តែយើងជាក់ស្តែង មើលឃើញថា លក្ខណៈមួយគាត់ទទួល ប៉ុន្តែលក្ខណៈមិនជាស្វាហាប់ក្នុងការទទួល។ ខ្ញុំបានសួរគាត់ថា តើរយៈពេលប៉ុន្មាន បានទៅដល់? គាត់ថា មិនច្បាស់ទេ គាត់នឹងបញ្ជូនទៅខុទ្ទកាល័យសម្តេចវិញ។ អ៊ីចឹងទម្រាំទៅដល់ រយៈពេលយូរ បានគេឆ្លើយតបមកវិញ”។
លោកចឹក ចិត្រា បន្តថា “ជាក់ស្តែង អ្វីដែលពួកខ្ញុំធ្វើការស្នើសុំនេះ គឺទី១ ដើម្បីរំលឹកគុណវរជន ក៏ដូចជាទៅដល់ស្នាដៃរបស់លោកបណ្ឌិត ក៏ដូចជាដើម្បីស្វែងរកនូវភាពយុត្តិធម៌ ជូនទៅដល់លោកបណ្ឌិត ក៏ដូចជាក្រុមគ្រួសារ លោកបណ្ឌិត ដែលបាត់បង់នូវសមាជិកគ្រួសារ ក៏ដូចជាបាត់បង់នូវប្តីរបស់គាត់។ ពួកខ្ញុំធ្វើនេះ គឺថា ដើម្បីរំលឹកដល់ពួកគាត់ ដែលពូកគាត់ បានខិតខំបង្រៀនបង្ហាត់ពួកខ្ញុំដែលជាកូនសិស្សរបស់ពួកគាត់ផងដែរហ្នឹង។ ម៉្យាងទៀត ពួកខ្ញុំ ចង់ឱ្យមានភាពយុត្តិធម៌ ដើម្បីបង្ហាញទៅសាធារណជនថា ទីតាំងនោះ គឺជាទីតាំងមួយ ដែលបានសម្លាប់លោកបណ្ឌិត ដែលជាអ្នកចេះដឹងនៅក្នុងសង្គមម្នាក់។ អ៊ីចឹងបើយើងដាក់ នៅទីតាំងនេះ គឺជាទីតាំងមួយផ្តល់នូវការធ្វើសក្ការបូជាជូនចំពោះលោកបណ្ឌិតបាន នៅពេលតៗទៅមុខ។ ក្នុងចំណុចនេះ ពួកខ្ញុំអត់ទាន់បានធ្វើការស្នើសុំទៅក្រុមគ្រួសារនៅឡើយ ប៉ុន្តែពួកខ្ញុំនឹងធ្វើការសាកសួរ ក៏ដូចជាស្នើទៅកាន់គាត់នៅពេលក្រោយ នៅពេលដែលគេមានការអនុញ្ញាត។ បានន័យថា រូបសំណាកថ្មី នឹងត្រូវធ្វើការសាងសង់ឡើង បើសិនជាមានការ អនុញ្ញាតនោះ។ ប៉ុន្តែបើមិនមានការឆ្លើយតបទេ ពួកខ្ញុំនឹងធ្វើការស្នើសុំ ឬធ្វើការទាមទារដើម្បីស្វែងរកយុត្តិធម៌ ជូនគាត់ រហូតទាល់តែមានភាពយុត្តិធម៌សម្រាប់ក្រុមគ្រួសារគាត់ ក៏ដូចជា សង្គមទាំងមូល។ សរុបទៅ ចុងក្រោយ ខ្ញុំយល់ថា ប្រមុខរដ្ឋាភិបាល ក៏ដូចជាសម្តេចនាយករដ្ឋមន្ត្រី គាត់បានធ្វើការផ្តល់ថវិកា ក៏ដូចជាការចូលបុណ្យនៅក្នុងកម្មវិធីបុណ្យចំនួន៦ម៉ឺនដុល្លារ ហ្នឹង ខ្ញុំគិតថា នេះជាទឹកចិត្តដ៏ល្អរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ ដូច្នេះខ្ញុំសង្ឃឹមថា ការស្នើសុំដាក់រូបសំណាកនេះ គឺជាគុណតម្លៃមួយ បើសិនជាគាត់មានការទទួលយក ក៏ដូចជា សម្របសម្រួលឱ្យមានរូបសំណាកនេះ។ នេះហើយគឺបង្ហាញអំពីទឹកចិត្តស្មោះត្រង់ក្នុងការចូលបុណ្យ ក្នុងការធ្វើបុណ្យ សម្រាប់ជាតិ ក៏ដូចជា ក្រុមគ្រួសាររបស់លោកបណ្ឌិតទាំងមូល”។
គួររលឹកដែរថា រូបសំណាកលោកបណ្ឌិត កែម ឡី ត្រូវបានសង់ឡើងរួចហើយ ដោយកន្លងមក គណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិតកែម ឡី និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តតាកែវ លោកអ៊ូ ច័ន្ទរ័ត្ន ធ្លាប់បានស្នើសុំតម្កល់នៅទីលានប្រជាធិបតេយ្យចាស់ ឬទីកន្លែងណាមួយក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាត ទើបរូបសំណាកនោះ ត្រូវបានយកទៅតម្កល់នៅកន្លែងបញ្ចុះសពលោកបណ្ឌិតកែម ឡី នៅស្រុកកំណើតរបស់លោក ឯស្រុកតាំក្រក់ ខេត្តតាកែវ។
ដោយឡែក ពេលនេះក្រុមយុវជនប្រកាសថា នឹងសង់រូបសំណាកលោកបណ្ឌិតកែម ឡី ថ្មី ហើយស្នើសុំតម្កល់នៅកន្លែងដែលឃាតករបាញ់ ប្រហារនោះ។
គួរកត់សម្គាល់ដែរថា ក្រុមយុវជនបានស្នើដាក់រូបសំណាកលោកបណ្ឌិតកែម ឡី នៅកន្លែងឃាតករបាញ់សម្លាប់នេះ ធ្វើឡើងក្រោយពេលដែលសម្តេចហ៊ុន សែន ចូលបុណ្យខួប១ឆ្នាំ លោកបណ្ឌិតកែម ឡី ចំនួន១ម៉ឺនដុល្លារ និង ឧបត្ថម្ភបន្ថែមចំនួន៥ម៉ឺនដុល្លារ ដល់ដំណើរការសាងសង់ចេតិយលោកបណ្ឌិតកែម ឡី។
ចំណែកប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសបើកយុទ្ធនាការ ៣០ថ្ងៃ គឺពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដើម្បីប្រមូលលុយជួយសាងសង់ចេតិយរបស់លោកបណ្ឌិតកែម ឡី នៅឯខេត្តតាកែវ បន្ទាប់ពីមើល ឃើញថា ដំណើរការសាងសង់ជួបឧបសគ្គផ្នែកថវិកា៕
កុលបុត្រ