ភ្នំពេញ៖ ស្ត្រីរងគ្រោះ២នាក់ ជិះម៉ូតូម៉ាកហុងដា ស្តុបពី ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស មកដល់មុខសាលារាជធានីភ្នំពេញ ក៏ត្រូវចោរ២នាក់ ជិះម៉ូតូស្តុបពី ហើយធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល បណ្តាលឲ្យស្ត្រីរងគ្រោះដួលអូសមុខមាត់នៅនឹងថ្នល់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង០០នាទីយប់ ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចមុខសាលារាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះមានឈ្មោះនីតា ភេទស្រី អាយុ៣៥ ស្នាក់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្តុបពី ពណ៌ស ពាក់ស្លាកលេខសៀមរាប 1S-3173 ជិះជាមួយមិត្តភក្តិម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាបតែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាស្តុបពី ពណ៌ស មិនចាំស្លាកលេខ បានជិះមកជិត ហើយធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះជាអ្នកឌុប បណ្តាលឲ្យដួលម៉ូតូបែកមុខបែកមាត់ រងរបួសយ៉ាងដំណំ បានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល។ ហើយនៅក្នុងកាបូបស្ពាយរបស់ជនរងគ្រោះក្នុងមានលុយ២០ម៉ុីនរៀល នឹងទូរស័ព្ទដៃម៉ាក Nokia ចុចពិល ២គ្រឿង។
ក្រោយពេលកើតហេតុជនរងគ្រោះគាត់បានទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាលម៉ែត ហើយក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលវត្តភ្នំ៕