Friday, January 24, 2025
Homeព័ត៌មានជាតិឆក់ជាង១០ដងបានសម្រេច ឆក់លើកចុងក្រោយ មិនបានសម្រេចហើយ ត្រូវប្រជាពលរដ្ឋវាយទ្រមខ្លួនទៀត

ឆក់ជាង១០ដងបានសម្រេច ឆក់លើកចុងក្រោយ មិនបានសម្រេចហើយ ត្រូវប្រជាពលរដ្ឋវាយទ្រមខ្លួនទៀត

ភ្នំពេញ៖ ជនសង្ស័យម្នាក់ចំណោមបក្ខពួក៨នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម បានធ្វើសកម្មភាពឆក់កាបូប២នាក់សង្សារ ជិះម៉ូតូឌុបគ្នាមកពីដើរលេងនៅសួនណាហ្គាវើលដ៍ ត្រូវសមត្ថកិច្ចចាប់បាននៅវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែកក្កដា ផ្លូវព្រះមុនីវង្ស​ កែងផ្លូវ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះចាន់ បុរី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២១ ផ្លូវ២១៤ ស្នាក់នៅភូមិសែនសុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ចំណែកជនរងគ្រោះមានឈ្មោះគង់ ធារី អាយុ២៥ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅបុរីសង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់ជិះម៉ូតូហុងដា ឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៣ ជាមួយមិត្ត​ប្រុសម្នាក់ ទើបនឹងឌុបគ្នា​មកពីម្តុំសួនច្បារណាហ្គាវើលដ៍ គោលបំណងត្រឡប់ទៅផ្ទះវិញ ខណៈពេលធ្វើដំណើរមកដល់ផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ​ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GM-3525 បានជិះមកជិត ហើយធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីជនរងគ្រោះ តែឆក់មិនបានសម្រេច ត្រូវជនរងគ្រោះទាញម៉ូតូឲ្យដួលទាំងជនរងគ្រោះ និងជនសង្ស័យ ភ្លាមៗនោះ ត្រូវប្រជាពលរដ្ឋរួមនឹងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាអ្នកឌុប នាំគ្នាព្រួតវាយមួយដៃមួយជើង ម្នាក់បែកក្បាលហូរឈាមស្រោចពេញខ្លួន ចំណែកឯអ្នកឆក់វិញបានរត់គេចខ្លួនបាត់ស្រមោល ។

​ជនសង្ស័យដែលឃាត់ខ្លួនបានឆ្លើយសារភាព​ថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះពិតមែន ពួកគេមានគ្នាចំនួន៨នាក់ ជិះម៉ូតូ៤គ្រឿង ម៉ាកហុងដាឌ្រីមស៊េរី ២០១៧ មួយគ្រឿង ហុងដាឌ្រីម ស៊េរី២០១៥ ម៉ាកនិក និងម៉ាកស៊ូមើលអ៊ិច ហើយកន្លងមកធ្លាប់ធ្វើសកម្មភាពឆក់ចំនួន១០ដងមកហើយ លើកទី១ ធ្វើសកម្មភាពឆក់នៅម្តុំមាត់ទន្លេចំនួន៣ដង លើកទី២ ម្តុំផ្សារឈូកមាស ចំនួន១​ដង លើកទី៣ ម្តុំផ្សារដើមគរ ចំនួន៣ដង ​លើកទី៤ ម្តុំស្តាតអូឡាំពិក ចំនួន២ដង លើកទី៥ នៅផ្លូវព្រះមុនីវង្សចំនួន១ដង។ នៅក្នុង​​កាបូបស្ពាយរបស់ជនរងគ្រោះ​មានលុយ​ចំនួន២០ម៉ឺនរៀល និងលុយដុល្លារចំនួន150$។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការជនសង្ស័យទៅតាមនីតិវិធី ៕

RELATED ARTICLES