ភ្នំពេញ៖ បុរស១០នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនយកមកសាកសួរ និងធ្វើតេសទឹកនោមរកសារធាតុញៀន ក្រោយពីក្រុមខាងលើនាំគ្នាមកអង្គុយពពាក់ពពូនកន្លែងស្ងាត់។ ហេតុការណ៍ឃាត់ខ្លួនក្រុមខាងលើធ្វើឡើងកាលពីម៉ោង០២និង៣០នាទីទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅផ្លូវចូលវត្តវង្គត់បុរី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានប្រាប់ថា មុនឈានទៅឃាត់ខ្លួនក្រុមខាងលើ ខណៈកម្លាំងនគរបាលប៉ុស្តិ៍ធ្វើការល្បាតក្នុងមូលដ្ឋាន បានជួបក្រុមខាងលើមកអង្គុយប្រមូលផ្តុំគ្នានៅកន្លែងងងឹត ដោយសង្ស័យ ក៏ឃាត់និងនាំខ្លួនយកមកកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ នឹងបានធ្វើតេសទឹកនោមរកសារធាតុញៀនទៅលើជនទាំង១០នាក់ភ្លាមៗ ជាលទ្ធផលក្នុងចំណោម១០នាក់ខាងលើ គឺបុរស២នាក់ក្នុងទឹកនោមមានផ្ទុកនូវសារធាតុញៀន សមត្ថកិច្ចក៍ឃាត់ខ្លួន២នាក់នោះតែម្តង។
សមត្ថកិច្ចដដែលបានប្រាប់ទៀតថា ដោយឡែកបុរស០៨នាក់ទៀត ក្រោយធ្វើតេស្តទឹកនោម រកសារធាតុញៀនមិនមាន ហើយបានធ្វើការណែនាំ កុុំឲ្យទៅអង្គុយកន្លែងងងឹតដូចករណីខាងលើនេះ ហើយបានឲ្យត្រឡប់ទៅផ្ទះវិញ ដោយឡែក២នាក់ទៀត មានសារធាតុញៀនបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕