Thursday, November 28, 2024
Homeព័ត៌មានជាតិអាជ្ញាធរមិនចេះស្អុយ

អាជ្ញាធរមិនចេះស្អុយ

ប្រជាពលរដ្ឋរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានខ្សឹបឱ្យឮ តាម “នគរធំ“ ថា គំនរសំរាម១កន្លែង នៅលើចិញ្ចើមផ្លូវ បានជះក្លិនស្អុយអសោច និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ អ្នកដំណើរ ពិសេសអ្នករស់នៅក្បែរនោះ ខណៈដែលមន្ត្រីជំនាញ រួមនិងអាជ្ញាធរមូលដ្ឋាន សុទ្ធតែមិនចេះស្អុយ ទើបបានជាមើលមិនឃើញគំនរសំរាម ដែលគរស្ទើរដូចភ្នំនោះ។

ប្រជាពលរដ្ឋភូមិផ្សារព្រំ បានខ្សឹបឱ្យឮថា គំនរសំរាមនៅលើចិញ្ចើមផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅនោះ គឺត្រូវបានជនខិលខូច អន់ចរិតមារយាទមួយចំនួន តែងនាំគ្នាយកទៅបោះគរចោលតៗគ្នា រហូតស្ទើរក្លាយជាកូនភ្នំទៅហើយ និងបានធ្វើឱ្យកាកសំណល់ស្អុយរលួយ ចេញពីសំរាម បានជះក្លិនអសោច ប៉ះពាល់ដល់ផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទៅមក ពិសេសអ្នករស់នៅក្បែរគំនរសំរាមនោះតែម្តង។

ប្រជាពលរដ្ឋបានខ្សឹបបន្តថា ការបោះចោលសំរាមបែបអនាធិបតេយ្យនេះ មិនត្រូវបានមន្ត្រីជំនាញយកចិត្តទុកដាក់ ឬពិនិត្យមើលបរិស្ថានជុំវិញឱ្យបានដិតដល់នោះទេ ចេះតែបណ្តែតបណ្តោយឱ្យមានអ្នកយកសំរាម ទៅ ចោលពាលវាលពាសកាល រហូតក្លាយទៅទម្លាប់ ដូចជានៅទីតាំងខាងលើ ហើយនៅផ្លូវ៧៩BT ក្នុងភូមិចំរើនផល ក្នុងសង្កាត់បឹងទំពុន ក្រុងភ្នំពេញ ឯណេះវិញ ក៏មានពួកអត់ខួរខ្លះ ក៏យកសំរាមមកបោះចោលលើដី ដែលម្ចាស់គេមិនចេះមើល ឬយកភ្នែកមើល…ព្រោះគ្មានភ្នែក ឱ្យក្លាយជាកន្លែង សម្រាប់គេបោះចោលធ្វើឱ្យ មានទាំងក្លិនមិនល្អ និងប៉ះពាល់ដល់សោភណភាព និងបរិស្ថានទៀតផង។ ពិសេសបានបង្កឱ្យមានក្លិនស្អុយជះចូល ដល់លំនៅឋានអ្នកជិតខាង ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់។

ប្រជាពលរដ្ឋបានខ្សឹបឱ្យឮទៀតថា អ្នកដែលតែងតែយកសំរាម ទៅបោះចោលអនាធិបតេយ្យនៅទីតាំងខាងលើនេះ គឺជាអ្នកដែលរស់នៅក្បែរៗភូមិនេះ អ្នកខ្លះជួលផ្ទះ ឬបន្ទប់ គេនៅតែអត់ខួរ ហើយតែងធ្វើសកម្មភាព នា ពេលយប់ស្ងាត់ ឬវេលាទៀបភ្លឺ ដែលមិនសូវមានមនុស្សចេញចូល ទើបគ្មានអ្នកអាចមើលមុខពួកគេដែលយកសំរាមមកចោលនេះស្គាល់។ កន្លងមក អាជ្ញាធរភូមិបាននាំគ្នាដុត និងជីកកកាយកប់ចោលម្តងរួចមកហើយ…ពេលខ្លះរុញសំរាមចូលទៅក្នុងដី ដែលម្ចាស់មិនយកភ្នែក មើលនេះទៀតផង ប៉ុន្តែក្រោយៗមក ក្រុមជន មិនចេះអៀនខ្មាសទាំងនោះ នៅតែបន្តយកសំរាមមកបោះចោលដដែល ដោយមិនគិតពីផលប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមរបស់អ្នកដទៃនោះឡើយ។ លុះយូរៗទៅទាំងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បែរជាធ្វើជាមើលមិន ឃើញ ធ្វើជាមិនចេះស្អុយ សុខចិត្តជិះទៅមក ឆ្លងកាត់យកដៃខ្ទប់ច្រមុះ រួចជិះបង្ហួសបាត់ទៅ ដោយមិនបានចាត់វិធានការអ្វីទាំងអស់…ជាពិសេស សេនាជនភូមិចំរើនផល!។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណាយើង រង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ខៀវទុំ

RELATED ARTICLES