Thursday, November 28, 2024
Homeព័ត៌មានជាតិលុយបំបាក់មុខជាតិ

លុយបំបាក់មុខជាតិ

ប្រជាពលរដ្ឋនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ម្តុំរង្វង់មូលប៉ោយប៉ែត បានខ្សឹបឱ្យឮតាម “នគរធំ” ថា រង្វង់មូលប៉ោយប៉ែត សព្វថ្ងៃអនាធិបតេយ្យខ្លាំងណាស់ ព្រោះជាបណ្តុំការលក់ដូរ លើចិញ្ចើមផ្លូវ ការចតរថយន្តក្រុង រថយន្តតាក់ស៊ី ការរត់ដេញចាប់ម៉ូយ បង្កឱ្យមានការកកស្ទះ រកផ្លូវធ្វើដំណើរសឹងមិនរួច ដែលទង្វើនេះ មិនត្រូវបានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធអើពើនោះទេ ព្រោះខ្លាចបាត់បង់ផលប្រយោជន៍ ហេតុនេះ សុខចិត្តបំបាក់មុខជាតិ ដើម្បីឆ្លៀតរកលុយ ចូលហោប៉ៅ…ពួកមន្ត្រីមុខលុយ!…។

ប្រជាពលរដ្ឋរស់នៅម្តុំរង្វង់មូលប៉ោយប៉ែត បានខ្សឹបឱ្យឮថា ប៉ោយប៉ែត គឺជាច្រកទ្វារអន្តរជាតិយ៉ាងសំខាន់ បម្រើឱ្យលំហូរសេដ្ឋកិច្ច រវាងប្រទេសកម្ពុជានិងថៃ មិនតែប៉ុណ្ណោះ ក្នុងមួយថ្ងៃៗ ច្រកទ្វារមួយនេះ បានទទួលភ្ញៀវ បរទេសចូលមកកម្សាន្តក្នុងប្រទេសកម្ពុជា រាប់រយរាប់ពាន់នាក់ តែបែរជាត្រូវបានមើលឃើញថា គ្មានសណ្តាប់ ធ្នាប់ របៀបរៀបរយបន្តិចសោះ ព្រោះសម្បូរទៅដោយការដាក់តាំងលក់ទំនិញលើចិញ្ចើមផ្លូវ ការដាក់កន្លែងលក់សំបុត្ររថយន្តក្រុង មានរថយន្តក្រុង រថយន្តតាក់ស៊ីចតពេញផ្លូវ និងថែមទាំងមានអ្នករត់ដេញតាមចាប់ម៉ូយយ៉ាងអនាធិបតេយ្យ បង្កឱ្យមានការកកស្ទះ ធ្វើឱ្យដំណើរចេញចូលរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ជួបការលំបាក និងមើលទៅហាក់មិនសមភ្នែកទាល់តែសោះ ដោយសារភាពអនាធិបតេយ្យទាំងនេះ។ តើឯណាទៅមុខមាត់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះរាជាណាចក្រអច្ឆរិយនោះ បើសូម្បីតែសណ្តាប់ធ្នាប់ របៀបរៀបរយ រៀបចំមិនបានផង? ទាំងនេះ ក៏ដោយសារតែមន្ត្រី និងអាជ្ញាធរមូលដ្ឋាន ស្រលាញ់លុយជាងមុខមាត់ប្រទេសជាតិ… សម្បូរណាស់ មន្ត្រីមុខលុយ ច្រកទ្វារមួយនេះ!។

ប្រជាពលរដ្ឋ បានខ្សឹបថា រាល់ថ្ងៃនេះ ពួកគាត់ពិតជាធុញទ្រាន់នឹងភាពអនាធិបតេយ្យ នៅតំបន់នេះខ្លាំងណាស់ ពិសេសក្រុមអ្នករត់តាក់ស៊ី ដែលតែងចតរថយន្ត បង្កការកកស្ទះ ពេញរង្វង់មូល ជួនហូរហៀរមកដាក់ពេញមុខផ្ទះប្រជាពលរដ្ឋ រកតែច្រកចេញចូលផ្ទះ សឹងមិនបាន។ ពួកគាត់ទ្រាំលំបាកនេះយូរឆ្នាំមកហើយ នឹករំពឹងថា ថ្ងៃណាមួយ អាជ្ញាធរក្រុង ប៉ោយប៉ែត អាចលុបបំបាត់ភាពអនាធិបតេយ្យ ទាំងនោះបានដឹងអី មិនត្រឹមតែលុបបំបាត់មិនបានទេ តែយូរៗទៅកាន់តែខ្លាំងដៃលើសដើម ព្រោះតែមន្ត្រីជំនាញ អត់ខ្វល់រៀបចំសណ្តាប់ធ្នាប់ សោះ បែរជាឆ្លៀតឱកាសកេងចំណេញពីភាពអនាធិបតេយ្យនោះទៅវិញ តាមរយៈការប្រមូលលុយប្រចាំថ្ងៃ និងប្រចាំខែពីក្រុមតាក់ស៊ី ក៏ដូចជា ក្រុមអ្នកលក់ដូរ ដើម្បីបំពេញផលប្រយោជន៍ ឬឆ្នាំងបាយរបស់ខ្លួន ដោយមិនយល់ដល់មុខមាត់ និងកិត្តិយសប្រទេសជាតិសោះ ដែលនេះមិនខុសពីបំបាក់មុខប្រទេសជាតិនោះឡើយ។

ប្រជាពលរដ្ឋបានខ្សឹបឱ្យឮទៀតថា ចំណុចរង្វង់មូលនោះ គ្រប់គ្រងដោយលោកអនុសេនីយ៍ទោ ឡាយ សាវ័ន្ត ហើយរថយន្តតាក់ស៊ី នៅចំណុចនោះ មិនតិចជាង៥០គ្រឿងនោះទេ ដែលបានបង់លុយក្បាលឡាន ក្នុងមួយគ្រឿង ៥០០០រៀល ទៅឱ្យលោកឡាយ សាវ័ន្ត។ ក្រៅពីនេះ លោកឡាយ សាវ័ន្ត បានប្រមូលលុយប្រចាំខែ ពីអ្នកលក់សំបុត្ររថយន្តក្រុង ចំនួន១០កន្លែង ក្នុងមួយកន្លែង ពី១០ម៉ឺន ទៅ១៥ម៉ឺនរៀលទៀតផង។ ចំណែករថយន្តដឹកទំនិញរបស់ថៃ ក្នុង ១ថ្ងៃ មិនក្រោមពី២០០គ្រឿងទេ គឺខាងគយ ក៏បានទុកលុយចំនួន២០០បាត សម្រាប់រថយន្ត ១គ្រឿង ដល់លោកឡាយ សាវ័ន្ត ដែរ… បើលុយច្រើនបែបនេះ មុខមាត់ជាតិសំខាន់ ឬលុយសំខាន់សម្តេច?។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពីលោក ឡាយ សាវ័ន្ត ក៏ដូចជាមន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែតបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ខៀវទុំ

RELATED ARTICLES