Monday, November 25, 2024
Homeនយោបាយប្តឹងរំលាយ CPP រស់ សារ៉ុម ថាសង្ឃឹមតិច ក៏ត្រូវធ្វើ

ប្តឹងរំលាយ CPP រស់ សារ៉ុម ថាសង្ឃឹមតិច ក៏ត្រូវធ្វើ

ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម នៅតែរក្សាជំហរ ក្នុងការត្រៀមប្តឹងទៅតុលាការកំពូល ដើម្បីទាមទាររំលាយគណបក្សប្រជាជនកម្ពុជា (CPP) ដោយលោកបញ្ជាក់ថា ទោះសង្ឃឹមតិច ក៏ត្រូវតែធ្វើ។

មុននេះ លោករស់ សារ៉ុម បានប្រកាសថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មគណបក្សនយោបាយថ្មី ចូលជាធរមានពេញទី លោកនឹងស្នើសាលារាជធានីភ្នំពេញ ដឹកនាំក្បួន១០ម៉ឺននាក់ ទៅតុលាការកំពូល ដើម្បីប្តឹងទាមទារឱ្យតុលាការកំពូល រំលាយគណបក្សប្រជាជនកម្ពុជា (CPP) ចោល ព្រោះអតីតនិងបច្ចុប្បន្ន មេបក្សនេះ ជាជនក្បត់ជាតិ បម្រើបរទេស បំផ្លាញជាតិសាសន៍ខ្លួនឯង។

ប្រធានសមាគមរូបនេះ បញ្ជាក់ថា ការប្តឹងឱ្យរំលាយគណបក្សកាន់អំណាចនេះ ក៏មិនមែនជាការប្រមាថដល់គណបក្សនោះទេ តែជាការលាងភាពស្អាតស្អំឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បីបញ្ជាក់ថា មិនមែនជាគណបក្ស រណបបរទេស។

លោករស់ សារ៉ុម បានបញ្ជាក់នៅពេលនោះថា បើតុលាការកំពូលរកឃើញថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សស្អាតស្អំ មេបក្សគណបក្សប្រជាជនកម្ពុជា ជាគណបក្សស្អាតស្អំ ដូច្នេះរំលាយមិនរំលាយ គឺនៅលើតុលាការកំពូល បើរកឃើញថា គណបក្សប្រជាជនកម្ពុជា ស្អាតស្អំចេញសាលដីកាមួយទៅថា គណបក្សប្រជាជនកម្ពុជា មេដឹកនាំ គណបក្សប្រជាជនកម្ពុជាគ្រប់ជំនាន់ សុទ្ធតែស្អាតស្អំ ស្រលាញ់ជាតិ ហើយប្រជាពលរដ្ឋ ទទួលស្គាល់សាលដីកានោះឬអត់? ដូច្នេះលោកយល់ថា មិនមែនជាការប្រមាថទេ តែជាការលាងភាពស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជាទៅវិញទេ។ បើគណបក្សប្រជាជនកម្ពុជា ពិតជាស្អាតស្អំមែន អ្នកណាទៅចោទ ក្បត់ជាតិអត់បានទេ ដោយសារមានសាលដីការបស់តុលាការ។ ប៉ុន្តែបើសិនជាគណបក្សប្រជាជនកម្ពុជាយល់ថា អ្វីដែលលោកធ្វើ គឺប្រមាថដល់គណបក្សប្រជាជនកម្ពុជា នោះគណបក្សនេះមានសិទ្ធិប្តឹងលោកវិញទៅ លោកស្វាគមន៍ អត់ខ្លាចទេ ព្រោះលោកធ្វើមិនមែនចង់បានសន្លឹកឆ្នោតឯណា  គឺដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នាទេ។ សរុបទៅ លោកធ្វើដើម្បីបង្ហាញពីទិដ្ឋភាពច្បាប់នៃការអនុវត្តច្បាប់របស់តុលាការកម្ពុជា បានកម្រិតប៉ុនណាហើយ ព្រោះលោកមើលឃើញថា តុលាការរាល់ថ្ងៃនេះ ដូចជារកឯករាជ្យភាពអត់ឃើញ។

ដោយឡែក ជាការបញ្ជាក់ជំហរនេះជាថ្មី លោករស់ សារ៉ុម អះអាងថា លោកត្រូវតែរៀបចំការប្តឹងរំលាយគណបក្សប្រជាជនកម្ពុជា ឱ្យបាន ទោះបីសង្ឃឹមលទ្ធភាពតិចបំផុតក៏ដោយ។

លោករស់ សារ៉ុម បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ថា “រឿងត្រៀមប្តឹងរំលាយ CPP សង្ឃឹមលទ្ឋភាពតិចបំផុតក៏ត្រូវតែធ្វើ បើទោះបីខ្ញុំដឹងថា លោកឌិត មន្ទីរប្រធានតុលាការកំពូលបច្ចុប្បន្នត្រូវជាមន្ត្រីកំពូលសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា  និងជាដន្លងសម្តេច សាយ ឈុំ អនុប្រធានបក្ស CPP (លោកស្រី ឌិត លីតា ភរិយាលោកសាយ សំអាល់) យ៉ាងណាក៏ដោយ ខ្ញុំនឹងធ្វើឱ្យពលរដ្ឋខ្មែរបានដឹងថា ជំហរប្រធានតុលាការកំពូលរបៀបណា? ហើយមេដឹកនាំ CPP លូកដៃចូលកិច្ចការ តុលាការ ឬយ៉ាងណា? មែនហើយ ស្តង់ដារ យុត្តិធម៌សង្គម ដែលមានលោកឌិត មន្ទីរ ជាមេកំពូល ជិត២០ឆ្នាំមកនេះ មានកម្រិតទាបបំផុត។ បុគ្គល ឬនីតិបុគ្គល បើយកច្បាប់ជាធំ គឺស្មើគ្នាចំពោះមុខច្បាប់ ធ្វើតាមច្បាប់លោក ឌិត មន្ទីរ នឹងក្លាយជាតុលាការមុខដែក ចារក្នុងប្រវត្តិសាស្ត្រ ខ្ញុំចាញ់និងជាប់គុក ឬអស់ជីវិតវិញ ក៏អស់ចិត្តដែរ ប៉ុន្តែបើលោកឌិត មន្ទីរ បែរជាយកតុលាការកំពូលជាឧបករណ៍បម្រើបក្ខពួកខ្លួន អង្គុយលើច្បាប់ លោកក៏គេចមិនផុតពី ពាក្យថា “ក្បត់ជាតិ” ចារក្នុងប្រវត្តិសាស្ត្រដែរ។ កុំបារម្ភជំហរនិងទឹកចិត្តរបស់ខ្ញុំ បើអស់លោក ខិតខំបម្រើជាតិ និងរាស្ត្រ ដោយស្មោះត្រង់ពិតប្រាកដ ខ្ញុំមានតែបន់ឱ្យអស់លោក សុខភាពល្អ បន្តបម្រើជាតិ រហូតអវសាន។ ផ្ទុយទៅវិញ បើអស់លោកប្រព្រឹត្ត មិនគប្បីជាមួយជាតិ ទេវតា វត្ថុស័ក្កិសិទ្ធិ ថែរក្សាប្រទេសខ្មែរ នឹងចាត់ការ ហើយមិនរួចខ្លួនឡើយ”។

ដោយឡែក កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ជាការបញ្ចោញយោបល់ចំពោះ ប្រសាសន៍របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោករស់ សារ៉ុម បានសរសេរក្នុងហ្វេសប៊ុករបស់លោកថា “ខ្ញុំមិនសូវយល់ច្បាប់ដូចសម្តេចពេកទេ ប៉ុន្តែសម្តេចថា នាយករដ្ឋមន្ត្រីស្លាប់ គណៈរដ្ឋមន្ត្រី រលាយ អំណាចទាំងអស់នៅលើកងទ័ព ប្រទេសនឹងច្របូកច្របល់។ ចុះសម្តេចបានមើលរដ្ឋធម្មនុញ្ញអត់ថា ព្រះមហាក្សត្រជាអគ្គមេបញ្ជាការកំពូលកងទ័ពកម្ពុជា ហើយព្រឹទ្ឋសភា ជាពិសេស រដ្ឋសភា មានទាន់រលាយឯណា? ពេលហ្នឹង រដ្ឋសភា ច្បាស់ជាកោះប្រជុំវិសាមញ្ញ ដើម្បីឱ្យបក្សឈ្នះឆ្នោត បញ្ជូនបេក្ខជននាយករដ្ឋមន្ត្រីថ្មី ដើម្បីឱ្យរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ហើយបង្កើតគណៈរដ្ឋមន្ត្រីថ្មី ដឹកនាំរដ្ឋាភិបាលបន្ត? ចុះមេទ័ពណាថ្លើមពាសមេឃ ចង់បញ្ជាកម្លាំងស្រេចតែអំពើចិត្ត ហើយបើអត់ មាននរណាហ៊ានបង្ក្រាបមេទ័ពធ្វើរដ្ឋប្រហារទេ ទុកឱ្យខ្ញុំ ចាំខ្ញុំយកសព្វាវុធធុនស្រាល ចម្ពាមកៅស៊ូ បាញ់ទម្លាក់? និយាយតាមត្រង់ ខ្ញុំរិះគន់សម្តេច ប៉ុន្តែរឿងបន់ ឱ្យសម្តេចឆាប់ស្លាប់ គ្មានទេ សូមសម្តេចមានសុខភាពល្អ ព្រះជន្មាយុយឺនយូរ ហើយបើចង់ដោះដូរសម្តេចយ៉ាងម៉េច តាមរយៈការបោះឆ្នោត ស្របរដ្ឋធម្មនុញ្ញ។ ខ្ញុំនិយាយ ដូច្នេះមិនបានន័យថា ខ្ញុំខ្លាចសម្តេចនោះទេ មេត្តា កុំច្រលំឱ្យសោះ”។

ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក រស់ សារ៉ុម ខាងលើនេះ មិនទាន់មានប្រតិកម្មពីគណបក្សកាន់អំណាចទេ កាលពីម្សិលមិញ។

ទោះបីយ៉ាងណា មុននេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ បានប្រតិកម្មឆ្លើយតបថា បើលោករស់ សារ៉ុម ចង់ប្តឹងរំលាយគណបក្សប្រជាជនកម្ពុជាចោលនោះ ទាល់តែមានភ័ស្តុតាងច្បាស់លាស់ គឺអង្គ ហេតុ និងអង្គសេចក្តីច្បាស់លាស់។ ប៉ុន្តែលោកយល់ថា នេះគ្រាន់តែជាចេតនាឧបាយកលទុច្ចរិតរបស់ក្រុមនិន្នាការប្រឆាំង ចង់វាយប្រហារមកលើភាពស្អាតស្អំ និងការខិតខំបម្រើប្រទេសជាតិតែប៉ុណ្ណោះ។ ពោលគឺនេះគ្រាន់តែជាយុទ្ធនាការរបស់ពួកក្រុមនិន្នាការប្រឆាំង ដែលមានបណ្តាញទាំងនៅក្នុងរូបភាព ឬឯកសណ្ឋានជាគណបក្ស ក៏ដូចជាឯកសណ្ឋានជាអង្គការ ឯកសណ្ឋានជាអីផ្សេងៗតែប៉ុណ្ណោះ ហើយជាយុទ្ធនាការនេះ ក្នុងការធ្វើបង្ខូចនូវមុខមាត់ និងភាពត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ដូច្នេះអ្នកប្តឹង ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់វិញដែរ។ ម៉្យាងទៀត បើនិយាយពីសមិទ្ធផល និងការរីកចម្រើន ដែលដឹកនាំដោយគណបក្សប្រជា ជនកម្ពុជា គឺប្រជាពលរដ្ឋខ្មែរទូទៅ និងគ្រប់និន្នាការ ទោះចង់មិនចង់ ក៏ទទួលស្គាល់ទាំងអស់គ្នាថា ការរីកចម្រើន នេះមានពិតជាក់ស្តែង តាំងពីការរំដោះជីវិតប្រជាពលរដ្ឋ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ទប់ស្កាត់សង្គ្រាម បង្រួមបង្រួមជាតិ បញ្ចប់សង្គ្រាម ហើយនិងអភិវឌ្ឍ មកដល់ពេលនេះ និងទៅថ្ងៃអនាគត ដែលមានសេរីភាពទូលំទូលាយ ហើយរហូតដល់មានការអភិវឌ្ឍប្រទេស សេដ្ឋកិច្ច មានទៅដល់៧% ហើយអន្តរជាតិក៏ទទួលស្គាល់តាមកម្រិតហ្នឹងដែរ។ ដូច្នេះទឡ្ហីករណ៍ទាំងអស់នេះ ជាទឡ្ហីករណ៍ដែលគ្រប់គ្រាន់សម្រាប់ឱ្យប្រជាពលរដ្ឋទទួលយក ដោយគ្មានបំភ្លៃបានទេ មានតែពួកអគតិមួយចំនួនប៉ុណ្ណោះ ដែលកំពុងតែប្រើវិធីទុច្ចរិតទេ ប៉ុន្តែវិធីទុច្ចរិតរបស់ពួកទាំងអស់នោះ ប្រាកដជាពុំមានប្រសិទ្ធភាពអ្វីទេ ហើយថែមទាំង នឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ នូវអ្វី ដែលខ្លួនប្រព្រឹត្តល្មើស។ ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី រាជរដ្ឋាភិបាលកំពុងតែធ្វើការយ៉ាងមមាញឹកជាមួយនឹងបរទេស ដែលជាភាគីពាក់ព័ន្ធ ប្រទេសជិតខាង គឺបានបោះបង្គោលខ្សែបន្ទាត់ព្រំដែនជាដើម។ ដូច្នេះចំណុចនេះហើយដែលលោកចង់បញ្ជាក់ថា ពួកដែលយកព្រំដែនធ្វើជាឧបករណ៍នៃការវាយប្រហារគណបក្សប្រជាជនកម្ពុជា យកមកដុតកម្លោចនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន គឺសាបរលាប អស់ន័យហើយ ផ្ទុយទៅវិញ ពួកអ្នកទាំងអស់នោះមួយចំនួន កំពុងតែដេកនៅក្នុងគុក៕

កុលបុត្រ

RELATED ARTICLES