ខេត្តតាកែវ ៖ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសប្រើយុទ្ធសាស្ត្រនយោបាយ៣ ដែលលោកបញ្ជាក់ថា ជាយុទ្ធសាស្ត្រនយោបាយ សុចរិត និងវិជ្ជមាន ដើម្បីទាក់ទាញសំឡេងឆ្នោតពីប្រជាពលរដ្ឋ ក្នុងការប្រកួតប្រជែងការបោះឆ្នោត ឆ្នាំ២០១៨។
លោកកឹម សុខា បានថ្លែងបញ្ជាក់បែបនេះ ទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋាននៃគណបក្សសង្គ្រោះជាតិ ក្នុងស្រុកបាទី និងស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ក្នុងឱកាសដែលលោកចុះទៅផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់គណបក្ស ត្រៀមសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨។
នៅថ្ងៃដដែលនោះ លោកកឹម សុខា ក៏បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកដែរថា “គណបក្សសង្គ្រោះជាតិ សម្រេចយក “យុទ្ធសាស្ត្រនយោបាយសុចរិត និងវិជ្ជមាន” ក្នុងការប្រកួតប្រជែងការបោះឆ្នោត ដើម្បីទាក់ទាញ សំឡេងឆ្នោតពីប្រជាពលរដ្ឋដោយ ៖
១-យើងមិនប្រកួតទឹកលុយទេ ! តែប្រកួតលើទឹកចិត្ត ដែលជាឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ
២-យើងមិនប្រកួតអំណាចទេ ! តែប្រកួតលើទស្សនៈ និងគោលនយោបាយ
៣-យើងមិនប្រើអំពើហិង្សា ការគំរាមកំហែងទេ ! យើងដោះស្រាយបញ្ហាដោយអហិង្សា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
យើងយល់ឃើញថា ស្ថានភាពសព្វថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរភាគច្រើនចង់ឃើញ អ្នកនយោបាយប្រកួតគ្នាក្នុងការបោះឆ្នោតដោយស្មើភាព ដោយកិត្តិយស និងមានសេចក្តីថ្លៃថ្នូរ ហើយយើងមានជំនឿថា ៖
-ទឹកលុយ មិនអាចឈ្នះទឹកចិត្តគ្រប់ពេល វេលាទេ !
-អំណាចណាក៏ដោយ មិនអាចធំជាងឆន្ទៈ ប្រជាពលរដ្ឋបានឡើយ !
-អំពើហិង្សា មិនអាចដោះស្រាយបញ្ហា បានជារៀងរហូតឡើយ !”។
ពាក់ព័ន្ធនឹងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ នេះដែរ ថ្លែងទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋានគណបក្សសង្គ្រោះជាតិ ក្នុងស្រុកពារាំង និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ លោកកឹម សុខា បានបញ្ជាក់ថា “គណបក្សសង្គ្រោះជាតិ ជ្រើសរើសយកតែផែនការយុទ្ធសាស្ត្រណាដែល សុចរិត និងផែនការសកម្មភាពណាដែលអហិង្សា ពីព្រោះយើងចង់ឈ្នះឬចាញ់ ដោយកិត្តិយស ហើយតម្កល់ ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរជាធំ។ យើងមិនចង់ឈ្នះដោយការលួចបន្លំការគំរាមកំហែង ឬដោយល្បិចកល ណា ដែលប៉ះពាល់ដល់ឆន្ទៈប្រជាពលរដ្ឋខ្មែរឡើយ”។
ដោយឡែក កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ថ្លែងទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋាន គណបក្សសង្គ្រោះជាតិ នៅស្រុកតំបែរ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លោកកឹម សុខា បានបញ្ជាក់ថា “ដើម្បីពង្រីកកម្លាំងអ្នកគាំទ្របន្ថែម ឈានទៅរកជ័យជម្នះឆ្នាំ២០១៨ គណបក្សសង្គ្រោះជាតិ ត្រូវរៀបចំនូវផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពឱ្យកាន់តែល្អិតល្អន់ឡើង។
ដើម្បីកសាងផែនការទាំងនេះ ឱ្យមានប្រសិទ្ធភាពបំផុត ជាចំណុចចម្បង គឺយើងត្រូវសិក្សាស្វែងរកឱ្យឃើញនូវ “ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាប្រឈម” របស់ ៖ ១- ខ្លួនយើង ២-គូប្រកួត ៣-ស្ថាប័នពាក់ព័ន្ធ ដូចជា គ.ជ.ប និង៤-ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត”៕
ខៀវទុំ