ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ កំពុងបន្តយុទ្ធនាការរៃអង្គាសថវិកាជួយកសាងចេតិយជូនលោកបណ្ឌិត កែម ឡី ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។ ប៉ុន្តែលោកបានបញ្ជាក់ថា សកម្មភាពរៃអង្គាសប្រាក់នេះ មានការរារាំងខ្លះពីមេឃុំនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាខេត្តដំបូង នៃការចាប់ផ្តើមយុទ្ធនាការនេះ។
នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ដែលជាថ្ងៃទី៤ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួមសាងសង់ចេតិយជូនលោកបណ្ឌិតកែម ឡី លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់ថា លោកត្រូវបានអាជ្ញាធររារាំង នៅពេលទៅរៃអង្គាស នៅផ្សារចុងជៀច ដោយមេឃុំបានចោទថា អាចជាការបោកប្រាស់ដូចអ្នកមុនៗ។ ហេតុដូច្នេះហើយបានជាលោក និងក្រុមការងារទៅរៃអង្គាសនៅផ្សារពញាក្រែកវិញ។
លោកពេជ្រ ស្រស់ បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា “មេឃុំចុងជៀច បានរារាំងក្រុមខ្ញុំបាទ មិនឱ្យរៃអង្គាសថវិកាក្នុងផ្សារចុងជៀច ដោយគាត់សួររកច្បាប់រៃអង្គាស ហើយខ្ញុំក៏សួររកច្បាប់ក្នុងមាត្រាណាមួយដែល ត្រូវឱ្យខ្ញុំទៅសុំ ខណៈនោះគាត់គ្មានចម្លើយឱ្យខ្ញុំនោះទេ ម៉្យាងវិញទៀត គាត់បានប្រើពាក្យមានលក្ខណៈចោទប្រកាន់ខ្ញុំថា ការរៃអង្គាសនេះ អាចបោកប្រាស់ដូចពួកមុន”។
ទោះយ៉ាងណា លោកពេជ្រ ស្រស់ បានបញ្ជាក់ថា នេះជារឿងសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដើម្បីជាការបង្ហាញនូវទឹកចិត្ត គោរពស្រលាញ់លោកបណ្ឌិតកែម ឡី ដែលជាបណ្ឌិតដ៏កម្ររកបាននៅក្នុងប្រទេសកម្ពុជា។ ដូច្នេះបើទោះបីយុទ្ធនាការរៃអង្គាសថវិកានេះ ត្រូវទទួលជួបនូវឧបសគ្គអ្វីក៏ដោយ ក៏លោករួមជាមួយក្រុមការងារ មិនរាថយឡើយ ពោលគឺលោកនឹងសម្រេចការងារនេះឱ្យខាងតែបាន ដោយមិនឱ្យអ្នកនយោបាយខ្លះ និងមនុស្សមួយចំនួន ដែលចោទថាជារឿងនយោបាយ មើលស្រាលនោះទេ។
លោកពេជ្រ ស្រស់ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ថា “តាមពិតទៅ ការរារាំងរបស់មេឃុំយើង អត់ចាប់អារម្មណ៍ទេ ពីព្រោះគាត់អត់យល់ពីអ្វីទៅហៅថាច្បាប់ អ្វីទៅហៅថាសិទ្ធិ ក្នុងនាមប្រជាពលរដ្ឋដែលអាចធ្វើកិច្ចការងារសង្គម ដោយមនុស្សធម៌បាន។ ការរារាំងនេះ មិនមានជាបញ្ហា សម្រាប់ក្រុមយើងខ្ញុំ ដើម្បីបន្តយុទ្ធនាការនេះទេ ផ្ទុយទៅវិញ យើងនឹងខិតខំធ្វើឱ្យបានល្អជាងនេះ ហើយព្យាយាមធ្វើឱ្យកើតជាសាច់ ការទៀត។ មានន័យថា ធ្វើយ៉ាងណាឱ្យមានបច្ច័យ ដើម្បីចូលរួមជាមួយនឹងគ្រួសារលោក បណ្ឌិតកែម ឡី។ អ៊ីចឹងការរៃអង្គាសនេះ យើងអត់មានបញ្ឈប់ទេ យើងធ្វើរហូតទាល់តែជោគជ័យ ទាល់តែដល់គោលដៅយើង ទោះបីមាន ការរារាំងពីមេឃុំមួយចំនួនក៏ដោយ ក៏ប៉ុន្តែ ខ្ញុំនៅតែបន្តធ្វើវា រហូតទាល់តែគេចាប់់ក្នុងករណីណាមួយ ទើបខ្ញុំបញ្ឈប់សកម្មភាពនេះ ដោយសារខ្ញុំគ្មាលទ្ធភាពធ្វើបន្ត”។
លោកពេជ្រ ស្រស់ បានមានប្រសាសន៍បន្តថា “ចំពោះចំនួនថវិកា យើងខ្ញុំអត់មានគោលការណ៍រាប់ផ្ទាល់ទេ ពីព្រោះយើងមានគោលការណ៍មួយដឹងតែពីរៃ រហូតដល់ការបើកកេសថវិកានោះ គឺត្រូវឱ្យអ្នកម្តាយលោកបណ្ឌិតកែម ឡី និងប្អូនប្រុសបង្កើតលោកបណ្ឌិត ជាអ្នកបើកខ្លួនឯង ហើយរាប់ផ្ទាល់នៅក្នុងទីកន្លែងបញ្ចុះសពរបស់លោកបណ្ឌិតតែម្តង ហើយការធ្វើយុទ្ធនាការនេះ ខ្ញុំផ្តើមចេញពីខេត្តត្បូងឃ្មុំ ឆ្ពោះទៅខេត្តកំពង់ចាម និងខេត្តកណ្តាលភ្នំពេញ ខេត្តកំពង់ស្ពឺ តាកែវ តែម្តង ថ្ងៃទី៣០។ ដូច្នេះ ជាចុងក្រោយ ខ្ញុំសូមផ្តាំផ្ញើអំពាវនាវទៅដល់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ គ្រប់តំបន់ គ្រប់កន្លែងទាំងអស់ មេត្តាកុំរារាំងសកម្មភាពរបស់ខ្ញុំបាទ ពីព្រោះថា សកម្មភាពនេះ វាជាសកម្មភាពមនុស្សធម៌សុទ្ធសាធ ពីព្រោះថា អស់លោកសួររកច្បាប់ ខ្ញុំអត់មានច្បាប់ឱ្យធ្វើបក្ស ទៅសុំទេ ព្រោះការរៃអង្គាសនេះ គឺផ្តើមចេញពីខ្ញុំដែលជារូបវន្តបុគ្គល ត្រូវបានច្បាប់ធានា និងផ្តល់សិទ្ធិ ២៥ខេត្តក្រុង រួចទៅគ្រាន់តែថា សកម្មភាពរៃនេះ គឺក្នុងន័យមនុស្សធម៌ ដោយខ្ញុំដឹកនាំផ្ទាល់។ ដូច្នេះសូមឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ កុំព្យាយាមបន្ទច់បង្អាក់សកម្មភាពមនុស្សធម៌របស់ក្រុមគណបក្សយុរជនកម្ពុជា ឬក៏ក្រុមខ្ញុំបាទហ្នឹង ពីព្រោះវា គឺជារឿងសម្រាប់ជួយទៅដល់ជនរងគ្រោះ ទាំងថវិកា ទាំងយុត្តិធម៌សម្រាប់ លោកបណ្ឌិតកែម ឡី ផងដែរ។ អ៊ីចឹងខ្ញុំសូមសំណូមពរទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាកុំរារាំង និងបន្ទច់បង្អាក់ ទី១។ ទី២ សុំឱ្យបងប្អូនជនរួមជាតិ ដែលគោរពស្រលាញ់លោកបណ្ឌិតកែម ឡី មេត្តាចូលរួមបរិច្ចាគថវិកាដែលខ្លួនអាចមានលទ្ធភាពធ្វើទៅបាន តាមរយៈក្រុមខ្ញុំបាទ ឬក៏អាចបរិច្ចាគផ្ទាល់ទៅលោកកែម រិទ្ធិសិទ្ធ ឬក្រុមគ្រួសារលោកបណ្ឌិតកែម ឡី ផងដែរ ដើម្បីជំរុញឱ្យចេតិយលោកបណ្ឌិតកែម ឡី ឆាប់ធ្វើរួចរាល់នៅក្នុងពេលខាងមុខឆាប់ៗនេះ។ អ៊ីចឹងសូមបងប្អូនជនរួមជាតិទាំងអស់ សូមមេត្តាកុំប្រកាន់និន្នាការបក្សនយោបាយ ឬក៏រើសអើងក្រុមខ្ញុំបាទ។ យើងត្រូវគិតមើលថា ធ្វើយ៉ាងណាសាងសង់ចេតិយរបស់លោកបណ្ឌិត កែម ឡី ឱ្យចប់ជាស្ថាពរនោះ ទើបអាចថា យើង ជាអ្នកគោរពស្រលាញ់លោកបណ្ឌិតកែម ឡី ហើយការងារបន្តទៀត យើងរួមគ្នាដើម្បីទាមទាររកយុត្តិធម៌ពិតប្រាកដ យើងអត់យកយុត្តិធម៌ សិប្បនិម្មិតទេ យើងយកយុត្តិធម៌ពិតប្រាកដ។ មានន័យថា រកអ្នកបញ្ជាលោកជួប សម្លាប់ ដែលសម្លាប់លោកបណ្ឌិតកែម ឡី ឱ្យខាងតែបាន អ្នកណានៅពីក្រោយខ្នង ដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់ ដែលកម្ពុជា មានចែង ស្រាប់”៕
កុលបុត្រ