Monday, November 25, 2024
Homeនយោបាយលោកអានន្ទដា យ៉ាត ចង់ឱ្យលោកកឹម សុខា បកស្រាយរឿងសម្ព័ន្ធភាពមេចលនាយួនសេរី

លោកអានន្ទដា យ៉ាត ចង់ឱ្យលោកកឹម សុខា បកស្រាយរឿងសម្ព័ន្ធភាពមេចលនាយួនសេរី

ភ្នំពេញ ៖ ទីប្រឹក្សារាជរដ្ឋាភិបាល លោកអានន្ទដា យ៉ាត បានលើកឡើងថា លោកចង់ឱ្យលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បកស្រាយបំភ្លឹឱ្យច្បាស់អំពីរឿងចងសម្ព័ន្ធភាពជាមួយមេចលនាយួនសេរី ព្រោះលោកមានការព្រួយបារម្ភខ្លាចខេត្តរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងការព្រមព្រៀងគ្នារវាងមេបក្សសង្គ្រោះជាតិ និងមេចលនា យួនសេរី កន្លងមកនោះ ត្រូវបាត់បង់។

ការស្នើឱ្យលោកកឹម សុខា បកស្រាយពីរឿងនេះ លោកអានន្ទដា យ៉ាត ផ្អែកទៅលើអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន ដែលបានថ្លែងថា កាលពីឆ្នាំ២០១៣ លោកសម រង្ស៊ី និងលោកកឹម សុខា ដែលជាអតីត និងជាប្រធានគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នបានចុះកិច្ចព្រមព្រៀងជាមួយមេចលនាយួនសេរី នៅសហរដ្ឋអាមេរិក ដោយសន្យាថា នឹងប្រគល់ទឹកដីនៅភូមិភាគឦសាន ជូនមេចលនាយួនសេរី។

ខាងក្រោមនេះ គឺជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយលោកអានន្ទដា យ៉ាត កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ៖

នគរធំ ៖ សូមជម្រាបសួរលោកអានន្ទដា យ៉ាត ! តើលោកចង់ឱ្យលោកកឹម សុខា បកស្រាយលើចំណុចអ្វីខ្លះ ទាក់ទងនឹងរឿងនេះ?

លោកអានន្ទដា យ៉ាត ៖ បាទ ! ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំបារម្ភអំពីការបាត់បង់ទឹកដី ក្រោយពីគណបក្សសង្គ្រោះជាតិ ចុះកិច្ចព្រមព្រៀងជាមួយយួនសេរី នៅសហរដ្ឋអាមេរិក នៅឆ្នាំ២០១៣ ឃើញថា កិច្ចព្រមព្រៀងនេះ បានមានផែនការកាត់ខេត្ត៤ ទៅឱ្យយួនសេរី  គឺមានខេត្តរតគិរី មណ្ឌលគីរី ក្រចេះ និងស្ទឹងត្រែង។ ទន្ទឹមគ្នានោះផងដែរ គណបក្សសង្គ្រោះជាតិ ដែលចុះកិច្ចព្រមព្រៀងជាមូយយួនសេរី នេះ ក៏សន្យាផ្តល់សញ្ជាតិខ្មែរទៅឱ្យយួនសេរី ទាំងអស់ ដែលរស់នៅក្នុងទឹកដី៤ខេត្តហ្នឹង ហើយកំណត់នៅក្នុងរដ្ឋធម្មនុញ្ញោទៀត ការបែងចែកទឹកដីនេះ បើយើងយោងទៅតាមរដ្ឋធម្មនុញ្ញ គឺវាជាទង្វើ រំលោភបំពានរដ្ឋធម្មនុញ្ញ ដែលមានជាធរមាន។

លោកកឹម សុខា និងមេចលនាយួនសេរី

នគរធំ ៖ ការចង់សម្ព័ន្ធភាពនេះ ធ្វើឱ្យប៉ះពាល់ដល់កម្ពុជា ធ្ងន់ណាស់មែនទេ ហើយលោកមានការអំពាវនាវយ៉ាងណា?

លោកអានន្ទដា យ៉ាត ៖ ខ្ញុំអំពាវនាវដល់អ្នកដែលស្រលាញ់សន្តិភាព ហើយនិងបងប្អូន ប្រជាពលរដ្ឋ អ្នកដែលគាំទ្រគណបក្សសង្គ្រោះជាតិនេះ សួរថា តើគាត់ស្រលាញ់បូរណភាពទឹកដីទេ? បើស្រលាញ់បូរណភាពទឹកដីសួរថា នៅពេលដែលគាត់គាំទ្រគណបក្សសង្គ្រោះជាតិ តើគាត់ដឹងថា មេគាត់ប្រធានគាត់បានមានផែនការនយោបាយការបរទេសហ្នឹងយ៉ាងម៉េច? តើលោកដឹងថា បើសិនជាស្ថានការណ៍វាប្រែប្រួល នៅពេលដែលយួនសេរីនេះ គេមានអំណាចខ្លាំងណាស់ គេមានថវិកាសមគួរ ក្នុងការជួយជ្រោមជ្រែងគណបក្សសង្គ្រោះជាតិ ឱ្យឡើងកាន់អំណាច នៅថ្ងៃណាមួយយើងនឹងបាត់បង់៤ខេត្ត បូកទាំងយួនសេរីដែលនៅខេត្តទាំង៤នោះ ចូលជាសញ្ជាតិខ្មែរ ដោយស្វ័យប្រវត្តិ។ នេះជាទង្វើ ដែលខ្ញុំយល់ឃើញថា រំលោភទៅនឹងរដ្ឋធម្មនុញ្ញ ហើយខុសនឹងច្បាប់សញ្ជាតិ។ អ៊ីចឹងខ្ញុំសូម អំពាវនាវបងប្អូនដែលគាំទ្រគណបក្សសង្គ្រោះជាតិ នោះ តាមដានប្រធានរបស់ខ្លួន កិច្ចការនយោបាយរបស់ខ្លួន កុំចេះតែគាំទ្រទាំងងងឹតងងុល។ សួរថា តើកិច្ចព្រមព្រៀងហ្នឹងចំណេញខ្មែរ ឬក៏ខាតខ្មែរ? តើកិច្ចព្រមព្រៀងហ្នឹង អាចឈានចូលទៅដល់ភ្នក់ភ្លើងសង្គ្រាម ដូចឆ្នាំ១៩៧០ ទៀត ឬក៏យ៉ាងណា? អ៊ីចឹងសូមបងប្អូនខ្មែរ អ្នកស្រលាញ់សន្តិភាព ខ្ញុំជឿថា ទាំងអស់គ្នា ១៥លាននាក់ហ្នឹង សុទ្ធតែស្រលាញ់សន្តិភាពហើយ។ ក៏ប៉ុន្តែដោយឡែក អ្នកដែលគាំទ្រគណបក្សនីមួយៗហ្នឹង សូមមេត្តាតាមដានទាំងអស់គ្នា ថាតើអ្នកណាមួយគណបក្សណាមួយ មានគោលការណ៍ល្អ សម្រាប់ការពារបូរណភាពទឹកដី ដែនអធិបតីរបស់ប្រទេសកម្ពុជា។

នគរធំ ៖ បើលោកកឹម សុខា មិនចេញ បកស្រាយ តើរឿងនេះនឹងចប់ទេ?

លោកអានន្ទដា យ៉ាត ៖ បើសិនជាគាត់មិនព្រមចេញបកស្រាយទេ មានន័យថា គាត់ធ្វើហ្នឹង គឺគាត់ធ្វើដោយលួចលាក់ គាត់មានគំនិតមិនល្អមកលើកម្ពុជា ដោយសារមហិច្ឆតាផ្ទាល់ខ្លួន។ ដូច្នេះក្នុងនាមខ្ញុំជាខ្មែរ ខ្ញុំនឹងតស៊ូមតិម្នាក់ឯង ក៏ខ្ញុំធ្វើដែរ ព្រោះថា យ៉ាងហោចណាស់ ក៏ប្រវត្តិសាស្ត្របានកត់ត្រាមានខ្ញុំម្នាក់ អ្នកប្រឆាំងនឹងគោលការណ៍ ផែនការបែងចែកទឹកដីឱ្យយួនសេរី មកលើខេត្តខ្មែរ៤ខេត្ត។

នគរធំ ៖ ជាចុងក្រោយ តើលោកមានអ្វី បញ្ជាក់បន្ថែមជុំវិញជំហរនេះ?

លោកអានន្ទដា យ៉ាត ៖ យើងនៅតែទាមទារឱ្យគណបក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋសកម្មជន ដែលគាំទ្រគណបក្សសង្គ្រោះជាតិ សួរលោកប្រធានកឹម សុខា ថាតើនយោបាយហ្នឹង វាយ៉ាងម៉េច? មានគោលការណ៍បន្តកិច្ចព្រមព្រៀងហ្នឹងទៀតទេ ឬក៏ចប់ទៅហើយ? បើចប់ទៅហើយ ប្រាប់ប្រជាពលរដ្ឋឱ្យដឹងផង បើមិនចប់ទេ ក៏ប្រាប់ប្រជាពលរដ្ឋឱ្យដឹងផង បើពុំដូច្នេះទេ ការមន្ទិលសង្ស័យរបស់អ្នកដែលស្រលាញ់ សន្តិភាព ស្រលាញ់បូរណភាពទឹកដី គេនៅតែមន្ទិលសង្ស័យអ៊ីចឹង។ ដូច្នេះហើយ យើងអត់មានភាពស្អាតស្អំទេ ហើយបើសិនជាគណបក្សប្រឆាំង មិនហ៊ានចេញបកស្រាយទេ មានន័យថា លោកខ្លាចបាត់បង់ប្រជាប្រិយភាពហើយ ពីព្រោះយើងឃើញថា កន្លងមក ប្រជាប្រិយភាពគណបក្សប្រឆាំង ទទួលបានការគាំទ្រច្រើន ពីអាណិកជនបរទេស ដែលនៅជិតខាងយើង៕

កុលបុត្រ

RELATED ARTICLES