Monday, November 25, 2024
Homeនយោបាយលោកសម រង្ស៊ី ថារបបនយោបាយទសវត្សឆ្នាំ១៩៨០ បង្ខំឱ្យខ្មែរគោរពអាទិទេព កុម្មុយនីស្ត៤

លោកសម រង្ស៊ី ថារបបនយោបាយទសវត្សឆ្នាំ១៩៨០ បង្ខំឱ្យខ្មែរគោរពអាទិទេព កុម្មុយនីស្ត៤

ភ្នំពេញ ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានលើកឡើងថា របបនយោបាយក្នុងអំឡុង ទសវត្សរ៍ឆ្នាំ១៩៨០ បានបង្ខំឱ្យខ្មែរគោរពអាទិទេពកុម្មុយនិស្ត៤។

នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ លោក សម រង្ស៊ី បានបង្ហោះរូបភាពដែលលោកអះអាងថា ជាក្បួនហែអបអរសាទរថ្ងៃ៧មករា នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៨៥ នៅលើទំព័រហ្វេសប៊ុករបស់លោក ជាមួយសំណេរថា “តើនរណាជានរណាលើរូបថតនេះ? Who is who on this photo?

ការដង្ហែក្បួននេះ ត្រូវបានរៀបចំឡើង ក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលគេហៅថា របបហេង សំរិន / ជា ស៊ីម / ហ៊ុន សែន ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ របបនយោបាយពេលនោះ គឺជារបបកុម្មុយនីស្ត ក្រហមឆ្អៅ តាមគំរូប្រទេសវៀតណាម ដែលបង្ខំឱ្យខ្មែរគោរពបូជាអាទិទេពកុម្មុយនីស្ត ៤នាក់ ក្នុងប្រវត្តិសាស្ត្រ គឺ ៖

១-កាល់ ម៉ាក្ស (Karl Marx, ១៨១៨ -១៨៨៣) ជាជនជាតិអាល្លឺម៉ង់ ដែលបានបង្កើត ទ្រឹស្តី និងមនោគមវិជ្ជាកុម្មុយនីស្ត។

២-ឡេនីន (Lenin ១៨៧០-១៩២៤) ជាជនជាតិរុស្ស៊ី ដែលបានដឹកនាំបដិវត្តន៍កុម្មុយនីស្ត ប្រកបដោយជោគជ័យ មុនគេបង្អស់ លើពិភពលោក គឺនៅសហភាពសូវៀត ក្នុងឆ្នាំ ១៩១៧។

៣-ហូ ជីមិញ (Ho Chi Minh, ១៨៩០- ១៩៦៩) ជាជនជាតិវៀតណាម ដែលបានបង្កើតគណបក្សកុម្មុយនីស្តឥណ្ឌូចិន (Indochinese Communist Party) ក្នុងឆ្នាំ១៩៣០ ហើយបានដឹកនាំចលនាយោធាយួនកុម្មុយនីស្ត ហៅ ថា យៀកមិញ (Vietminh) ដែលបានបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងឆ្នាំ១៩៥១។

៤-សឺង ង៉ុកមិញ (Son Ngoc Minh, ១៩២០-១៩៧២) ជាកូនយួនកាត់ខ្មែរ  (?) ដែលបានដឹកនាំគណបក្សប្រជាជនកម្ពុជា មុនគេបង្អស់ ពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៤។ គេចាត់ទុកគាត់ ជាបិតាស្ថាបនិករបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកុម្មុយនីស្តខ្មែរ ដែលយួនបង្កើត យួនបង្កប់ យួនបង្គាប់។ ប្រវត្តិសាស្ត្រខ្មែរបច្ចុប្បន្ន ចាត់ទុកគាត់ជាអាយ៉ងយួន និងជាជនក្បត់ជាតិ ដែលបានបំផ្លិចបំផ្លាញផលប្រយោជន៍ខ្មែរជាច្រើន”។

ទោះបីយ៉ាងណា ការលើកឡើងរបស់ សម រង្ស៊ី ខាងលើនេះ បណ្ឌិតផ្នែកប្រវត្តិសាស្ត្រ នៃរាជបណ្ឌិតសភាកម្ពុជា លោកសំបូរ មាណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ”នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ថា ការលើកឡើងឱ្យតម្លៃ ទៅនឹងអាទិភាពទាំង៤ នៃលទ្ធិកុម្មុយនីស្តនោះ លោកយល់ថា មិនមែនជាការពិតជាក់ស្តែងទេ គ្រាន់តែជានិមិត្តរូបនៃការបង្កើត សម្រាប់បំពេញ នូវតម្លៃពិតមួយ ក្នុងមនោគមន៍វិជ្ជានៃសង្គមនិយមប៉ុណ្ណោះ ពីព្រោះសម័យអាទិទេព មានតែក្នុងសម៏យអង្គរ។

លោកសំបូរ មាណ្ណារ៉ា បានមានប្រសាសន៍ថា “សូមជម្រាបថា នៅពេលដែលយើងនិយាយអំពីលទ្ធិ ដែលពាក់ព់ន្ធ័ជាមួយនឹងការគោរព និងការផ្តល់តម្លៃ គឺយើងត្រូវដឹងត្រូវឮអំពីតម្លៃនៃសង្គ្រាមត្រជាក់។ ដូច្នេះសង្គ្រាមត្រជាក់ វា ចាប់ផ្តើមក្រោយសង្គ្រាមលោកលើកទី២ រហូតតមក គឺជាការបង្ហាញប្រាប់អំពីផ្នែកដែលសំខាន់ ដែលទាក់ទងនឹងបញ្ហានេះ។ ប្រទេសកម្ពុជាយើង នៅឆ្នាំ១៩៤០ មកទល់ឆ្នាំ១៩៧៥ គឺយើងបានដឹងទាំងអស់គ្នាថា យើងមានការប្រកួតប្រជែងគ្នា រហូតដល់មានបោះឆ្នោត មកពីច្បាំងគ្នា ទៀតផង។ នៅឆ្នាំ១៩៧៥ គឺជាស្នាដៃដែល បានជ័យជម្នះរបស់កងមេដឹកនាំខ្មែរក្រហមផ្តាច់ការ ដែលគាត់បានធ្វើរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្នុងរបបនៃគំនិតមួយគិតថា មានលក្ខណៈនៃកុម្មុយនីស្តនិយម។ ប៉ុន្តែនៅឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ នេះជាពេលវេលាមួយដែលកម្ពុជា យើងត្រូវឆ្លងកាត់នូវវិបត្តិធំណាស់ ពីព្រោះយើងអត់មានអ្វីទាំងអស់ ប្រហាក់ប្រហែលគ្នាការដែលយើងនៅនឹងត្រើយម្ខាង ដែលមិនមានទូកចម្លងដូច្នោះដែរ។ ដូច្នេះនៅក្នុងឆ្នាំនោះ ប្រជាជនទាំងអស់ រដ្ឋាភិបាលពេលនោះ យើង ធ្វើយ៉ាងម៉េចដើម្បីឱ្យប្រទេសយើងចាប់ផ្តើម ដំណើរការ និងចាប់ផ្តើមឱ្យមានកំណើត ដែលត្រូវបានយើងទាំងអស់គ្នានិយាយបានថា ការប្រឹងរស់ឡើងវិញ។ ដូច្នេះការប្រឹងរស់ឡើងវិញនេះ គឺបានសេចក្តីថា ត្រឹមធ្វើយ៉ាងម៉េច ដើម្បីបានជីវិតមួយ និងធ្វើកិច្ចការដើម្បីប្រជាជន។ ខ្ញុំសូមអបអរសាទរនូវរដ្ឋាភិបាលនាសម័យនោះ ដែលលោកបានប្រឹងប្រែងក្នុងប្រវត្តិសាស្ត្រ ដើម្បីធ្វើយ៉ាងម៉េចឱ្យប្រជាជនយើងមានជីវិតរស់ និងការពារឱ្យបង្កើតបានអ្វីថែមទៀត។ តែចំពោះការលើកឡើង ការដែលឱ្យតម្លៃទៅនឹងអាទិភាពទាំង៤ ដែលបានលើកឡើងនៅក្នុង គំនិតនោះ ខ្ញុំយល់ថា នៅពេលនោះ អ្នកទាំងឡាយនៅក្នុងកិច្ចការសំខាន់ បើខ្ញុំនិយាយទៅ គឺមិនមែនជាការពិតជាក់ស្តែងទេ គ្រាន់តែជានិមិត្តរូបនៃការបង្កើតសម្រាប់បំពេញនូវតម្លៃពិតមួយក្នុងមនោគមន៍វិជ្ជានៃសង្គមនិយម ហើយក៏យើងត្រូវការចាំបាច់ ដើម្បីដើរទៅតាមបណ្តោយខ្យល់ ដែលយើងមិនអាចក្រៅពីការតតាំងជាមួយខ្យល់ យើងដើរបណ្តោយខ្យល់ គឺយើងដើរបណ្តោយតាមលទ្ធភាពនៃតម្លៃ និងសមត្ថភាពរបស់យើង។ អ៊ីចឹងយើងមានទំនាក់ទំនងជាមួយប្រទេសក្បែរខាង យើងដឹងហើយថា យើងមានទំនាក់ទំនងជាមួយប្រទេសក្បែរខាង គឺប្រទេសវៀតណាម ហើយពេលនោះ យើងមិនមានដៃគូណាទៀតទេ”។

លោកសំបូរ មាណ្ណារ៉ា

លោកសំបូរ មាណ្ណារ៉ា បន្តថា សូមជម្រាបថា ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩នេះ ប្រទេសកម្ពុជា ត្រូវតែនិយាយបានថា ជាប្រទេសមួយ ដែលត្រូវបានគេដាក់ចេញពីការគិតគូរលើពិភពលោកផង ព្រោះហេតុអីបានខ្ញុំនិយាយបែបនេះ? ពីព្រោះប្រទេសយើងពេលនោះ អត់មានអីទាំងអស់ គេចាត់ទុកប្រទេសយើងថា ក្រុមកម្ពុជាប្រជាធិបតេយ្យ ឯណោះទេ ដែលមានតួនាទីនៅក្នុងអង្គការសហប្រជាជាតិ ដែលមានតួនាទីនៅក្នុងអាសនៈអង្គការប្រជាជាតិ។ អ៊ីចឹងយើងមិនត្រូវបានគេអើពើច្រើនទេ។ ខ្ញុំធ្វើគ្រូបង្រៀន ចាប់តាំងពីឆ្នាំ១៩៨៩ គឺយើងប្រឹងណាស់ ប្រឹងធ្វើដើម្បីរស់ ប្រឹងបង្រៀន ដើម្បីរស់ យើងមិនដែលមានប្រាក់ខែ ប្រាក់ថ្ងៃអីបានច្រើនទេ។ ដូច្នេះយើងត្រូវយកភ័ស្តុតាងនៃប្រវត្តិសាស្ត្រកន្លែងនេះ ធ្វើការប្រឹងប្រែង ដូចខ្ញុំនិយាយខាងដើមមិញហ្នឹង ការប្រឹងដើម្បី ធ្វើដំណើរបណ្តោយខ្យល់ ដែលយើងមិនអាចចៀសខ្យល់បាន។ អ៊ីចឹងការលំបាកបែបនេះ តើយើងត្រូវការអីទៀត? ដែលយើងត្រូវការ ដើម្បីជីវិតរស់អ៊ីចឹងយើងត្រូវការធ្វើមួយទៀត គឺគ្រាន់តែការបង្កើត និងអនុម័តនៅក្នុងគំនិត និងការយល់ដឹងប៉ុណ្ណេះ។ ខ្ញុំគិតថា ចារជាប្រវត្តិសាស្ត្រ មិនមានអីពិបាកទេ ពីព្រោះប្រទេសទាំងឡាយនៅលើពិភពលោក គេតែងតែមាននិន្នាការដូចគ្នា។ អ៊ីចឹងខ្ញុំមិនយល់ថា ជាអាទិទេពទេ ពីព្រោះប្រទេសជាតិយើង នៅឆ្នាំ១៩៨៩ ក្រោយ ឡើងភ្លាម យើងចាប់ផ្តើមបង្កើតបាននិន្នាការ នយោបាយថ្មី គឺ៨៩ និង៩១ ៩២ ៩៣ គឺយើង បង្កើតបាននិន្នាការថ្មីមួយទៀត ដើម្បីឱ្យប្រទេស យើងឈានមួយដំណាក់ទៀត រកការអភិវឌ្ឍ បែបខាងទីផ្សារសេរី។ អ៊ីចឹងយើងមើលកន្លែង ហ្នឹង អ៊ីចឹងយើងជាប្រទេសមួយ ដែលគួរឱ្យអាណិត ហើយអ្នករៀនប្រវត្តិសាស្ត្រទាំងឡាយ គួរតែអាណិតប្រទេសខ្លួនឯង ដែលខំត្រដាបត្រដួស ដើម្បីរស់។ អ៊ីចឹងរឿងបញ្ហា៤នាក់ ដែល បានលើកឡើងក្នុងនេះ ជាទ្រឹស្តីនៃគំនិត ដែលកើតចេញពីតម្លៃនៃមនោគមន៍វិជ្ជា មិនមែនជាទ្រឹស្តីនៃខ្មែរទេ ពីព្រោះខ្មែរយើងមិនមែន អាហ្នឹងទេ ខ្មែរយើងគឺធ្វើយ៉ាងម៉េចឱ្យដោះស្រាយបញ្ហាជាតិ។ ការធ្វើនយោបាយ វាតែងតែមានលក្ខណៈចាំបាច់អ៊ីចឹងហើយ គឺការធ្វើនយោបាយ ដើម្បីឱ្យប្រទេសជាតិហ្នឹង ទទួលបានសេចក្តីសុខ។ អ៊ីចឹងនៅពេលដែលយើងបង្កើតនិន្នាការនយោបាយ មានន័យថា យើងបង្កើតនូវទំនោរនៃនិន្នាការនយោបាយ។ អ៊ីចឹង ទំនោរនៃនិន្នាការនយោបាយ គឺយើងបង្កើតនូវសកម្មភាពនៃការងារនយោបាយ។ អ៊ីចឹងការងារនយោបាយ ដើម្បីអី? ដើម្បីប្រទេសជាតិ ដើម្បីប្រជាជនរស់បានមានជីវិត។ ចំពោះខ្ញុំ មិនស្របទេ ចំពោះថា ជាអាទិទេព ដែលគ្រាន់តែជាគំនិត គ្រាន់តែជានិមិត្តរូបនៃទំនោរមនោគមន៍វិជ្ជា ទើបបាន”។

លោកសាស្ត្រាចារ្យសំបូរ មាណ្ណារ៉ា បន្តថា “នៅពេលនោះ បើយើងនិយាយអំពីលក្ខណៈនៃ មនោគមន៍វិជ្ជា អ្នកណាក៏គេដឹងថា គឺជាលក្ខណៈ ដែលបង្ហាញប្រាប់អំពីមនោគមន៍វិជ្ជាកុម្មុយនិស្ត ហើយជាមនោគមន៍វិជ្ជាកុម្មយនីស្ត បូកផ្សំជាមួយមនោគមន៍វិជ្ជា ដើម្បីឈានទៅរកសង្គមនិយម ពីព្រោះយើងមានទំនោរមួយនឹងសហភាពសូវៀត និងវៀតណាម។ ដូច្នេះ បើយើងនិយាយពីមនោគមន៍វិជ្ជាសង្គមនិយម តើយើងអាចនិយាយបានថា តើយើងទំនោរខាងណា? ដូចខ្ញុំនិយាយខាងដើម ជានិមិត្តរូប កាល់ម៉ាក្ស លេនីន អីទាំងអស់ហ្នឹង ដែលបានដាក់តាំងហ្នឹង គឺគ្រាន់តែជានិមិត្តរូបទេ ប៉ុន្តែគំនិតរបស់ខ្មែរយើង មិនមែនគំនិតហ្នឹងទេ។ ចំពោះប្រជាមានិតកម្ពុជា នៅពេលនោះ គឺគ្រាន់តែបង្ហាញប្រាប់អំពីតម្លៃនែការថមថយប្រទេស ក្រោយពេលដែលយើងជួបប្រទះវិបត្តិ ក្រោយពី៣ឆ្នាំ ៨ខែ ២០ថ្ងៃ តែប៉ុណ្ណឹង។ ខ្ញុំសូមនិយាយវាយតម្លៃបែបនេះ ពីព្រោះយើងមិនអាចដោះស្រាយអ្វីបាន ក្រៅពីការធ្វើឱ្យប្រទេសយើងទៅតាមបណ្តោយខ្យល់ទេ រួចពេលដែលយើងមានលទ្ធភាព  ដើម្បីយើងបត់ទៅសេចក្តីសុខ សេចក្តីត្រើយមួយ គឺយើងនឹងធ្វើ ដូចជាឆ្នាំ១៩៨៩ គឺយើងបានឈានទៅដល់ការបត់រកសេចក្តីត្រើយមួយ។ អ៊ីចឹង បានថា បើយើងនិយាយឱ្យអស់ទៅនៅឆ្នាំ ១៩៨៤-៨៥ រហូតដល់ឆ្នាំ១៩៨៩  អ្នកសិក្សាប្រវត្តិសាស្ត្រ គួរដឹងថា អ្នកដឹកនាំជាតិរបស់យើងបានជួបជុំគ្នា។ អ៊ីចឹងមិនបានន័យថា ទៅរកសង្គមនិយមទាំងអស់នោះទេ ហើយយើង បានជួបជុំគ្នា សម្តេចតា ហើយនិងសម្តេចហ៊ុន សែន នេះឯង។ យើងមើលឃើញច្បាស់ គឺការជួបគ្នាដែលអ្នកប្រវត្តិសាស្ត្រទាំងអស់ក៏ដឹងដែរ ដើម្បីអី? គឺដើម្បីនាំប្រទេសទៅរកសេចក្តីសុខ ណាមួយ ហើយសហការគ្នាដើម្បីធ្វើយ៉ាងម៉េច យកប្រទេសទៅដល់ការអភិវឌ្ឍមួយ។ អ៊ីចឹង សាធារណរដ្ឋប្រជាមានិតកម្ពុជា នៅពេលនោះ គឺគ្រាន់តែបំពេញបេសកកម្មដើម្បីនាំប្រជាជាតិយើង ប្រជាជនយើង ទៅរកទីតាំងទួលមួយ ដើម្បីកុំឱ្យប៉ះព្យុះភ្លៀងខ្យល់តែប៉ុណ្ណោះ។ នៅពេលដែលយើងស្ងប់ខ្យល់ព្យុះភ្លៀង ឆ្នាំ១៩៩១ សង្គ្រាមត្រជាក់បានបញ្ចប់ យើងនាំគ្នារកការអភិវឌ្ឍបាន”។

លោកសំបូរ មាណ្ណារ៉ា បន្ថែមថា “ចំពោះខ្ញុំ ការអភិវឌ្ឍរបស់ប្រទេសជាតិនីមួយៗ វាអាស្រ័យទៅលើលទ្ធភាព និងសមត្ថភាព។ អ៊ីចឹង លទ្ធភាពរបស់ជាតិយើងនៅពេលនោះ គឺមានតម្លៃត្រឹមតែបត់ទៅរកទីតាំង យើងមិនទាន់ ទៅដល់កន្លែងអភិវឌ្ឍនៅឡើយទេ។ អ៊ីចឹងនៅក្នុងឆ្នាំ១៩៨៩ ពេលដែលយើងបញ្ចប់បេសកកម្មនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា យើងចូលដល់រដ្ឋកម្ពុជា។ អ៊ីចឹងរដ្ឋកម្ពុជា នេះហើយ គឺជាតំណែងទី២ នៅក្នុងសម័យក្រោយឆ្នាំ១៩៨៩ ដើម្បីនាំប្រទេសទៅរកទីតាំងមួយ ដើម្បីការអភិវឌ្ឍ។ នៅក្រោយឆ្នាំ១៩៩១ យើងបានទទួលវិវត្តន៍ថ្មី ដោយសារមានអន្តរជាតិ បានចូលរួមជាមួយ ហើយដែលយើងទាំងអស់គ្នានិយាយថា ២៣ តុលា នោះឯង។ ប៉ុន្តែសុំកុំភ្លេច ប្ញសគល់ របស់ខ្មែរ តាំងពីឆ្នាំ១៩៨៤ម៉្លេះ ដែលជួបជុំគ្នា ដើម្បីដោះស្រាយអំពីបញ្ហាប្រទេសជាតិ។ ចំពោះ ទស្សនៈរបស់ខ្ញុំ ជាយោបល់ចុងក្រោយ គឺការដែលយើងឱ្យតម្លៃទៅលើអ្នកដទៃច្រើនជាងឱ្យតម្លៃទៅលើខ្លួនឯង គឺជាការបង្ហាញប្រាប់ពីភាពខ្សោយ។ ខ្ញុំមិនគិតថា កាល់ម៉ាក្យ លេនីន ឬក៏អ្នកណានោះជាអាទិទេពទេ ពីព្រោះសម័យអាទិទេព គឺមានតែក្នុងសម័យអង្គរទេ តែក្នុងសម័យ៧៩-៨៩ មិនមានទេ ប៉ុន្តែគ្រាន់តែជាគំនិត ដូចខ្ញុំបាននិយាយពីខាងដើមអ៊ីចឹង ជានិមិត្តរូប ប៉ុន្តែប្រជាជនយើងមិនមែនបែបនេះទេ។ យោងទៅលើប្រវត្តិសាស្ត្រ ក្រោយឆ្នាំ១៩៨៤ ១៩៨៩, ១៩៩១ និង១៩៩៣ នេះគឺជាសច្ចភាព ប្រវត្តិសាស្ត្រ យើងមើលឃើញអ៊ីចឹងមែនថា ខ្មែរយើងរុលណាស់ ប្រឹងណាស់ ហើយខ្ញុំអ្នករៀនប្រវត្តិសាស្ត្រ ខ្ញុំអាណិតប្រទេសខ្ញុំ ខ្ញុំអាណិត អ្នកដឹកនាំ និងអាណិតអ្នកកាច់ចង្កូត ដែលខំប្រឹងរុល ដើម្បីធ្វើយ៉ាងម៉េចតាំងប្រជាជនឱ្យ ផុតពីមហន្តរាយ”៕

កុលបុត្រ

RELATED ARTICLES