ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់អំពីករណីលោកញឹក ប៊ុនឆៃ ក្រោយពេលសម្រេចចោទប្រកាន់ទៅលើលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ចំនួនពីរករណីពាក់ព័ន្ធសំណុំរឿងបទល្មើសគ្រឿងញៀន កាលពី១០ឆ្នាំមុន និងបានបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ មានខ្លឹមសារថា “អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ឈ្មោះញឹក ប៊ុនឆៃ ភេទប្រុស អាយុ៥៩ឆ្នាំ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ហើយបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បី ចាត់វិធានការបន្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានលិខិតចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ របស់ទណ្ឌិតឈ្មោះជា ជុង ដែលបានបរិហាររៀបរាប់ឈ្មោះមេខ្លោងផលិតគ្រឿងញៀនជាជនជាតិចិន មួយចំនួនផ្សេងទៀត ហើយមានចំណុចពាក់ព័ន្ធដល់ឈ្មោះញឹក ប៊ុនឆៃ នៅក្នុងសំណុំរឿងគ្រឿងញៀនដ៏ធំមួយ កាលពីឆ្នាំ២០០៧។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧ សមត្ថកិច្ចបានឆែករកទីតាំងកសិដ្ឋានចិញ្ចឹមគោមួយកន្លែង ស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរកឃើញនូវឧបករណ៍ផលិតគ្រឿងញៀន និងសារធាតុផលិតគ្រឿងញៀន ព្រមទាំងបានឃាត់ខ្លួនជនល្មើសជាជនជាតិខ្មែរ ជនជាតិចិន ជនជាតិថៃ នៅទីតាំងខាងលើ។ បន្ទាប់ពីបានស៊ើបអង្កេត និងស្រាវជ្រាវរួចមក តុលាការបានសម្រេចផ្តន្ទាទោសទៅលើឈ្មោះជា ជុង ឈ្មោះជិន ធានវិន ឈ្មោះឆាយ ខាំងស៊ី ឈ្មោះឆះ ណាក់ឈី ឈ្មោះស៊ីវ ទី ឈ្មោះរ៉ាន់ យ៉ាន់ ឈ្មោះគួង (គ័ង) ដាក់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់ពី២៥ឆ្នាំ ដល់មួយជីវិត ពីបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន តាមមាត្រា ៣២.២ និងមាត្រា៣ ៨-១ថ្មីនៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ នាពេលបច្ចុប្បន្ន ឈ្មោះជា ជុង ឈ្មោះឆាយ ខាំងស៊ី ឈ្មោះឆះ ណាក់ឈី និងឈ្មោះរ៉ាន់ យ៉ាន់ កំពុងអនុវត្តទោសនៅពន្ធនាគារនៅឡើយ។ ដោយឡែក ឈ្មោះគួង (គ័ង) និងជនជាតិចិនផ្សេងទៀត កំពុងតាមចាប់ខ្លួន ដើម្បីសាកសួរ និងស្វែងរកតម្រុយអ្នកពាក់ព័ន្ធផ្សេងទៀត ។
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ តាមរយៈអគ្គនាយកដ្ឋានពន្ធនាគារ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលលិខិតរបស់ទណ្ឌិតឈ្មោះជា ជុង ភេទប្រុស អាយុ៥២ឆ្នាំ ដែលបានសុំស្វែងរកយុត្តិធម៌ និងបរិហារឡើងវិញ អំពីសំណុំរឿងគ្រឿងញៀននេះ ដោយបានបង្ហាញអំពីជនពាក់ព័ន្ធផ្សេងទៀត ដោយក្នុងនោះ មានឈ្មោះញឹក ប៊ុនឆៃ ផងដែរ។ យោងតាមឯកសារបញ្ជាក់ថា ទណ្ឌិត ឈ្មោះជា ជុង ជាអតីតទីប្រឹក្សាផ្ទាល់របស់ឈ្មោះញឹក ប៊ុនឆៃ ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៤ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៧។ នាពេលដែលសមត្ថកិច្ចបានចុះឆែកឆេរកសិដ្ឋានចិញ្ចឹមគោ ជាទីតាំងផលិតគ្រឿងញៀន ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ឈ្មោះជា ជុង សមត្ថកិច្ចបានរកឃើញរថយន្តមួយគ្រឿង ម៉ាក CAMRY ស៊េរីឆ្នាំ២០០៣ ផ្លាកលេខរដ្ឋ ២៥- ២-០៧៧៣ ជារថយន្តសម្រាប់ បើកនាំផ្លូវរបស់អតីតឧបនាយករដ្ឋមន្ត្រីញឹក ប៊ុនឆៃ ចតនៅនឹងកន្លែងផលិតគ្រឿងញៀននោះផងដែរ។ ផ្អែកលើការបរិហាររបស់ទណ្ឌិតឈ្មោះជា ជុង ឯកសារ និងភ័ស្តុតាងនៅក្នុងសំណុំរឿង ព្រមទាំងបន្ទាប់ពីបានការស្រាវជ្រាវករណីនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញតម្រុយបទល្មើសលើឈ្មោះញឹក ប៊ុនឆៃ ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀន ដូចបានរៀបរាប់ខាងលើ។
នៅក្នុងដំណាក់កាលនៃការអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀន នាពេលបច្ចុប្បន្ន និងបន្ទាប់ពីបានធ្វើការស្រាវជ្រាវលើសំណុំរឿងគ្រឿងញៀនដ៏ធំនេះរួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកសាងសំណុំរឿងព្រហ្មទណ្ឌលេខ ៤៧៥៨ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ និងបានចាត់នីតិវិធីជាបន្តបន្ទាប់ ព្រមទាំងបានសម្រេចចោទប្រកាន់លើឈ្មោះញឹក ប៊ុនឆៃ ពីបទសមគំនិតក្នុងបទល្មើសគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន តាមបញ្ញត្តិមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨/១ថ្មី ចំណុចទី៤ និងមាត្រា៤-ង នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០០៥ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣០៨២ អ.យ.ឋ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ ហើយបានបញ្ជូនសំណុំរឿងនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធី”។
គួរបញ្ជាក់ថា លោកញឹក ប៊ុនឆៃ អតីតឧបនាយករដ្ឋមន្ត្រី អតីតទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកសៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿង “សមគំនិតពីបទផលិតគ្រឿងញៀនខុសច្បាប់ និងនាំចូលសារធាតុផ្សំគ្រឿងញៀន” ប្រព្រឹត្តនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោកញឹក ប៊ុនឆៃ ទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងឃុំខ្លួននៅទីនោះ២យប់ មុននឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧។ នៅថ្ងៃដដែលនោះ បន្ទាប់ពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរ អស់ជាច្រើនម៉ោងរួចមក សមត្ថកិច្ចបានបញ្ជូនលោកញឹក ប៊ុនឆៃ ទៅឃុំខ្លួននៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ១យប់ទៀត មុននឹងនាំខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរបន្ត នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ ហើយត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ “ផលិតគ្រឿងញៀនខុសច្បាប់ និងនាំចូលសារធាតុផ្សំគ្រឿងញៀន” និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត ហើយនៅថ្ងៃដដែលនោះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវ ចោទលោក (ញឹក ប៊ុនឆៃ) នៅពន្ធនាគារជា បណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការនៅពេលក្រោយ៕
កុលបុត្រ