ប្រទេសជប៉ុន ៖ នៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រីជប៉ុន បានរៀបចំធ្វើខួបកំណើតជូនសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងពិធីលៀងសាយភោជន៍ ក្រោយពីបញ្ចប់សន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលរវាងប្រមុខដឹកនាំប្រទេសទាំងពីរ ក្នុងឱកាសដែលសម្តេចហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ច ផ្លូវការលើក ទី២១ នៅប្រទេសជប៉ុន គិតចាប់តាំងពីឆ្នាំ១៩៩០មក។ នៅពេលអញ្ជើញមកដល់វិមានរដ្ឋាភិបាលជប៉ុន សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានទទួលគារវកិច្ចស្វាគមន៍ យ៉ាងកក់កក្តៅ និងស្និទ្ធស្នាល រាក់ទាក់បំផុតពីលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ (Shinzo Abe) រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន។
បន្ទាប់ពីបញ្ចប់ពិធីត្រួតពលផ្លូវការហើយ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ដែលប្រព្រឹត្តនៅវិមានរដ្ឋាភិបាលជប៉ុន។ លោក Shinzo Abe បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះដំណើរទស្សនកិច្ចផ្លូវការការងាររបស់សម្តេចហ៊ុន សែន នាពេលនេះ។ លោកបានចាត់ទុកសម្តេចហ៊ុន សែន គឺជាមិត្តចាស់របស់ប្រទេស និងប្រជាជនជប៉ុន។ នេះគឺជាលើកទី៨ហើយ ដែលលោក Shinzo Abe បានជួបប្រជុំកំពូលជាមួយសម្តេចហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រីជប៉ុន បានសន្យានឹងបន្ត ចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍កម្ពុជា ដូចដែលជប៉ុនធ្លាប់បានជួយនាពេលកន្លងមក ដើម្បីឱ្យកម្ពុជាក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី កម្ពុជា បានមានប្រសាសន៍ថា ឆ្នាំ២០១៧នេះ គឺជាខួបលើកទី៦០ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលកាលពីឆ្នាំ១៩៥៧ គឺលោកអតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវជាជីតារបស់លោកនាយករដ្ឋមន្ត្រី Shinzo Abe បានទៅទស្សនកិច្ចនៅកម្ពុជា ជាលើកដំបូង។ នៅឆ្នាំ២០១៧នេះដែរ ក៏ជាខួប២៥ឆ្នាំ នៃការចូលបញ្ជូនកងកម្លាំងជប៉ុនលើកដំបូង ទៅកាន់ប្រទេសកម្ពុជា ដើម្បីរក្សាសន្តិភាព និងរៀបចំការបោះឆ្នោតក្រោមឆត្រអង្គការ សហប្រជាជាតិ (UNTAC)។
សម្តេចហ៊ុន សែន បានអញ្ជើញលោកនាយករដ្ឋមន្រីជប៉ុន Shinzo Abe និងលោកជំទាវទៅបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។
បន្ទាប់ពីបានបញ្ចប់នូវកិច្ចប្រជុំកំពូលរួចមក សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារចំនួនពីរ គឺ ៖
១-ការផ្តល់ហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់សរុប ចំនួន៣ ៩៤៨លានយ៉េន (ប្រមាណ ៣៥លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង ការធ្វើឱ្យប្រសើរឡើងវិញ នូវប្រព័ន្ធការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤។
២-ការផ្តល់ឥណទានសម្បទាន ចំនួន ២៣៥០២លានយ៉េន (ប្រមាណ២០៩លាន ដុល្លារអាមេរិក) សម្រាប់អនុវត្តន៍គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។
បន្ទាប់មក សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងលោកនាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូល។ ក្រោយពីបញ្ចប់សន្និសីទសារព័ត៌មានហើយ សម្តេចតេជោនាយករដ្ឋមន្ត្រី និង គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe។
ឆ្លៀតក្នុងឱកាសនៃពិធីលៀងសាយភោជន៍ ដ៏ស្និទស្នាលនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានរៀបចំនំខួបកំណើតដ៏ភ្ញាក់ផ្អើលមួយជូនសម្តេចហ៊ុន សែន ប្រកបដោយ បរិយាកាសរីករាយបំផុត ដោយនៅពេលនោះ ស្រាប់តែឃើញបុរសម្នាក់កាន់នំខួបកំណើតដើរសំដៅទៅរកតុរបស់សម្តេចហ៊ុន សែន ហើយលោក Shinzo Abe ក៏បានទះដៃអបអរសាទរ និងច្រៀងចម្រៀងជូនពរថ្ងៃខួបកំណើត អមដោយភ្លេងផង។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានថ្លែងជូនពរថ្ងៃខួបកំណើតសម្តេចហ៊ុន សែន ហើយសម្តេច ហ៊ុន សែន ក៏បានផ្លុំពន្លត់ភ្លើងទៀនលើនំខេក ក្រោមស្នូរទះដៃអបអរសាទរយ៉ាងកងរំពង ប្រកបដោយបរិយាកាសស្និទ្ឋស្នាល និងរីករាយបំផុត។
សម្តេចហ៊ុន សែន ក៏បានថ្លែងអំណរគុណ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ចំពោះកាដូ សម្រាប់វាយកូនគោល១ឈុត និងការរៀបចំនំខួបកំណើតដ៏ភ្ញាក់ផ្អើលនេះ ដែលធ្វើឱ្យសម្តេចចងចាំនូវអនុស្សាវរីយ៍នេះ មិនអាច បំភ្លេចបានឡើយ៕
ខៀវទុំ