Monday, November 25, 2024
Homeនយោបាយលោកកឹម សុខា ថាមិនគាំទ្រការគាស់កកាយធ្វើទុក្ខបុកម្នេញខ្មែរគ្នាឯង

លោកកឹម សុខា ថាមិនគាំទ្រការគាស់កកាយធ្វើទុក្ខបុកម្នេញខ្មែរគ្នាឯង

ភ្នំពេញ ៖ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា លោកមិនគាំទ្រដាច់ខាត អំពើហិង្សា ការគំរាមកំហែង បំបែកបំបាក់ មួលបង្កាច់ បង្កជម្លោះ និងការគាស់កកាយ ធ្វើទុក្ខបុកម្នេញខ្មែរគ្នាឯង ហើយលោកបានអំពាវនាវឱ្យអ្នកនយោបាយខ្មែរ ត្រូវបោះបង់ចោលនូវអំពើអវិជ្ជមានទាំងនេះ ដើម្បីឈានទៅកសាងសង្គមខ្មែរ ឱ្យមានសុខដុមរមនា ទាំងអស់គ្នា។

លោកកឹម សុខា បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ជុំវិញទស្សនៈ “កសាងភាពសុខដុមរមនាសម្រាប់ខ្មែរទាំងអស់គ្នា” ថា “អំពើហិង្សា ការគំរាមកំហែង ការបំបែកបំបាក់ ការធ្វើទុក្ខបុកម្នេញខ្មែរគ្នាឯង ដែលនាំឱ្យមានការឈឺចាប់ ខ្ញុំមិនគាំទ្រជាដាច់ខាត់ ! និងមិនមែនជាគោលជំហររបស់គណបក្សសង្គ្រោះជាតិឡើយ។

ការគាស់កកាយ ការបង្កជម្លោះ ការជេរប្រមាថ ការមួលបង្កាច់ ដែលនាំឱ្យមានការឈឺចាប់ ខ្ញុំមិនគាំទ្រជាដាច់ខាត ! និងមិនមែនជាគោលជំហររបស់គណបក្សសង្គ្រោះជាតិឡើយ។

លោកកឹម សុខា ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ

ល្មមដល់ពេលហើយដែលអ្នកនយោបាយខ្មែរ ត្រូវបោះបង់ចោលនូវ “អំពើអវិជ្ជមានទាំងនេះ” ដើម្បីឈានទៅ “កសាងសង្គមខ្មែរ ឱ្យមានសុខដុមរមនាទាំងអស់គ្នា” ឡើងវិញ”។

ដោយឡែក កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ ថ្លែងទៅកាន់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋានស្រុកសំរោងទង និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ លោកកឹម សុខា បានលើកឡើងថា “បើមិនដឹងថា នៅខ្វះខាតអ្វី ក៏គ្មានថ្ងៃធ្វើឱ្យប្រសើរឡើងវិញបានឡើយ។ ដើម្បីដឹកនាំឱ្យបានជោគជ័យ ត្រូវមានចក្ខុវិស័យ និងយុទ្ធសាស្ត្រច្បាស់លាស់។ ដើម្បីអនុវត្តនូវយុទ្ធសាស្ត្រឱ្យបានល្អ ត្រូវមានផែនការសកម្មភាពជាក់ស្តែង។ ដើម្បីកសាងផែនការ សកម្មភាពជាក់ស្តែង ហើយអនុវត្តឱ្យមានប្រសិទ្ធភាព ត្រូវស្វែងយល់នូវចំណុចខ្វះខាត ឬកំហុសឆ្គងរបស់យើងកន្លងមក។ ហេតុនេះហើយ ទោះបីជាត្រូវចំណាយពេល ហើយនឿយហត់យ៉ាងណាក៏ដោយ សម្រាប់ខ្ញុំភាពស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនគណបក្សនៅមូលដ្ឋាន ដើម្បីស្វែងយល់ពីបញ្ហានានា ជាការចាំបាច់ ព្រោះនេះជាមូលដ្ឋាន ដើម្បីធ្វើសេចក្តីសម្រេចចិត្តក្នុងការដឹកនាំឱ្យប្រសើរឡើង”។

នៅថ្ងៃដដែលនោះដែរ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំមូលដ្ឋាននៃគណបក្សសង្គ្រោះជាតិ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា “ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរ ដោយស្មោះចំពោះការខិតខំប្រឹងប្រែងតស៊ូ លះបង់របស់សកម្មជនមូលដ្ឋានទាំងអស់ ដែលនាំឱ្យគណបក្សសង្គ្រោះជាតិយើងទទួលបានជោគជ័យមួយជំហានធំ ជិតដល់គោលដៅ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនចង់បាន គឺ “ការផ្លាស់ប្តូរ”។

យើងមិនចង់ឮតែពាក្យថា “អបអរសាទរ បញ្ចើចបញ្ចើ ហៃអើៗ អាជ័យធ្លាក់ទឹកនោះទេ!” ហេតុនេះហើយបានជាខ្ញុំមកដល់មូលដ្ឋាននេះ ចង់ដឹងការពិតនូវចំណុចខ្វះខាតគ្រប់លំដាប់ថ្នាក់របស់គណបក្សយើង ដើម្បីកែលម្អ នឹងឈានទៅរកជ័យជម្នះឆ្នាំ២០១៨ ខាងមុខនេះ៕

កុលបុត្រ

RELATED ARTICLES