Friday, November 29, 2024
Homeនយោបាយអតីតកូនចៅសម រង្ស៊ី ចុះចូលបក្សអំណាចខ្មែរ បានតំណែងអនុប្រធាន

អតីតកូនចៅសម រង្ស៊ី ចុះចូលបក្សអំណាចខ្មែរ បានតំណែងអនុប្រធាន

ភ្នំពេញ ៖ អតីតកូនចៅលោកសម រង្ស៊ី និងជាអតីតបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលប៉ៃលិន លោកសួង សុភ័ណ្ឌ បានសម្រេចចូលរួមជាមួយគណបក្សអំណាចខ្មែរ ដោយទទួលបានតំណែងជាអនុប្រធាន គណបក្សអំណាចខ្មែរ ដែលមានលោកសួន សេរីរដ្ឋា ជាប្រធាន។

ជាលទ្ធផលនៅក្នុងសន្និសីទសារព័ត៌មាន នៅមុខស្តូបមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ នោះ លោកសួង សុភ័ណ្ឌ បញ្ជាក់ច្បាស់ថា គណបក្សដែលលោកមកចូលរួមជីវភាពនយោបាយជាមួយនោះ គឺ គណបក្សអំណាចខ្មែរ ដោយសារលោកពិចារណាឃើញថា គណបក្សប្រជាជនកម្ពុជា ក៏មិនមែនជាគណបក្សលេខ១ បាន ហើយគណបក្សសង្គ្រោះជាតិ ក៏មិនទៀងថា ទៅកាន់ការងារគណបក្សលេខ១បាន ឯគណបក្សតូចៗ ក៏កំពុង ប្រឈមមុខការរំលាយ។ ដូច្នេះលោកយល់ថា លោកជាកម្លាំងយ៉ាងសំខាន់មួយ ក្នុងចលនានយោបាយយុវជនជំនាន់ថ្មី ដែលលោកត្រូវចូលទៅរុញកម្លាំងចលករគណបក្សមួយថ្មីនេះ។ សរុបទៅ មូលហេតុសំខាន់ដែលលោកចូលរួមជាមួយគណបក្សអំណាចខ្មែរ ដោយសារ ទី១ គណបក្សនេះ មិនដែលប្រព្រឹត្តអំពើអាក្រក់ ទី២ ទស្សនៈលោកស្រដៀងគ្នានឹងលោកសួន សេរីរដ្ឋា ជាប្រធានគណបក្សនឹងទី៣ គណបក្សអំណាចខ្មែរ មិនមែនជារបស់លោកសួន សេរីរដ្ឋា ផ្តាច់មុខទេ តែគណបក្សមួយនេះ មានគោលនយោបាយច្បាស់លាស់ ដែលបើកសិទ្ធិឱ្យសមាជិកបក្សផ្សេងៗផ្លាស់ប្តូរ និងដឹកនាំបក្សបាន។

លោកសួង សុភ័ណ្ឌ បានមានប្រសាសន៍ថា “នៅពេលនេះ ខ្ញុំបានសម្រេចចិត្តយកគណបក្សអំណាចខ្មែរ ដែលមានលោកសួន សេរីរដ្ឋា ជាប្រធានគណបក្ស ប៉ុន្តែមិនមែនគណបក្សអំណាចខ្មែរជារបស់លោកសួន សេរីរដ្ឋា ទេ។ មូលហេតុដែលខ្ញុំត្រឡប់ចូលរួមនយោបាយវិញ ដោយសារខ្ញុំពិចារណាឃើញថា គណបក្សប្រជាជនកម្ពុជា ក៏មិនមែនជាគណបក្សលេខ១ បាន ហើយគណបក្សសង្គ្រោះជាតិ ក៏មិនទៀងថា ទៅកាន់ការងារគណបក្សលេខ១បាន ហើយ គណបក្សតូចៗកំពុងប្រឈមមុខការរំលាយ។ ដូច្នេះខ្ញុំយល់ថា ខ្ញុំជាកម្លាំងយ៉ាងសំខាន់មួយ ក្នុងចលនានយោបាយយុវជនជំនាន់ថ្មី ដូច្នេះខ្ញុំ ត្រូវចូលទៅរុញកម្លាំងចលករគណបក្សមួយថ្មី”។

លោកសួង សុភ័ណ្ឌ ក៏បានបញ្ជាក់ដែរថា មិនមានតែរូបលោកម្នាក់ទេ ដែលមកចូលរួមជាមួយគណបក្សអំណាចខ្មែរ ហើយបានតំណែងអនុប្រធានគណបក្ស គឺនៅមានអតីតសកម្មជន យុវជន អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ជាច្រើនទៀត ក៏មកតាមលោក ដើម្បីចូលរួមជាមួយគណបក្សថ្មីនេះដែរ។

គណបក្សអំណាចខ្មែរ នឹងរៀបចំកម្មវិធី ជាផ្លូវការ ទទួលលោកសួង សុភ័ណ្ឌ និងសកម្មជននយោបាយដទៃទៀត នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ដើម្បីប្រគល់តួនាទី ដែលស័ក្តិសម នឹងសមត្ថភាពជូនពួកគាត់។ ដោយក្នុងនោះ លោកសួង សុភ័ណ្ឌ នឹងត្រូវផ្តល់តំណែងជាអនុប្រធានគណបក្ស ជំនួសអ្នកស្រីលីណា តាន់ ជាអនុប្រធានបច្ចុប្បន្ន និងកំពុងរស់នៅសហរដ្ឋអាមេរិក ដែលបានលាលែងពីតំណែងនេះ ទើបផ្ទេរតំណែងអនុប្រធានគណបក្សនេះ ជូនលោក សួង សុភ័ណ្ឌ។

លោកសួន សេរីរដ្ឋា

ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានបញ្ជាក់ថា ការដែលគណបក្សរបស់លោកបានសម្រេចឱ្យលោកសួង សុភ័ណ្ឌ កាន់តំណែងជាអនុប្រធានគណបក្ស ជំនួសអ្នកស្រី លីណា តាន់ ដែលបានលាលែងពីតំណែងនោះ ដោយសារតែសម្លឹងឃើញពីសមត្ថភាព និងទេពកោសល្យរបស់លោកសួង សុភ័ណ្ឌ ក្នុងការចូលរួមសកម្មភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិ កន្លងមក។ ដូច្នេះ ក្នុងនាមប្រធានគណបក្ស លោកសូមស្វាគមន៍ ហើយគិតថា តួនាទីអនុប្រធាននេះ ពិតជាស័ក្តិសមសម្រាប់ លោកសួង សុភ័ណ្ឌ។

លោកសួន សេរីរដ្ឋា បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ថា “ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកសួង សុភ័ណ្ឌ ដែលបានសម្រេចចិត្តមកចូលរួមជាមួយនឹងគណបក្សអំណាចខ្មែរ ដើម្បីកសាងកម្លាំងនយោបាយយុវជនថ្មី សម្រាប់ដោះស្រាយបញ្ហាប្រទេសជាតិ និងរំដោះទុក្ខពលរដ្ឋខ្មែរ !

គណបក្សអំណាចខ្មែរ នឹងរៀបចំកម្មវិធីទទួលជាផ្លូវការទទួលលោកសួង សុភ័ណ្ឌ និងសកម្មជននយោបាយដទៃទៀត នៅថ្ងៃទី១៦ សីហា ខាងមុខនេះ និងប្រគល់តួនាទីដែលស័ក្តិសមនឹងសមត្ថភាពជូនគាត់”។

គួររំលឹកថា អតីតបេក្ខជនតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ មណ្ឌលប៉ៃលិន លោកសួង សុភ័ណ្ឌ ដែលជាអតីតកូនចៅលោកសម រង្ស៊ី បានចាកចេញពីគណបក្សសង្គ្រោះជាតិ កាលពីខែមីនា កន្លងនៅនេះ។ មូលហេតុដែល ចាកចេញនៅពេលនោះ ត្រូវបានលោកបញ្ជាក់ថា ដោយសារតែលោកមិនពេញចិត្តការដឹកនាំរបស់លោកកឹម សុខា ដែលឡើងកាន់តំណែងជាប្រធានគណបក្សសង្គ្រោះជាតិ ជំនួសលោកសម រង្ស៊ី និងមូលហេតុមួយទៀត ដែលលោក សង្ស័យថា លោកកឹម សុខា អាចលួចមានទំនាក់ទំនងអ្វីមួយជាមួយប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចហ៊ុន សែន ក្រោយពីពេលនោះមានបែកធ្លាយសារសំឡេងសន្ទនាគ្នា តាមរយៈគណនីហ្វេសប៊ុកឈ្មោះ “សីហា” នា ពេលកន្លងមក៕

កុលបុត្រ

RELATED ARTICLES