ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ បានប្រកាសសាលក្រមផ្តន្ទាទោសលោកគឹម សុខ អ្នកវិភាគនយោបាយ ដាក់ពន្ធនាគារ ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ ៨លានរៀល ចូលរដ្ឋ (ផ្នែកព្រហ្មទណ្ឌ) និងសងជំងឺចិត្ត សម្តេច ហ៊ុន សែន ដែលជាដើមបណ្តឹង (ផ្នែករដ្ឋប្បវេណី) ចំនួន ៨០០លានរៀល (ប្រមាណ២០ម៉ឺនដុល្លារ) ពីបទចោទសម្តេចហ៊ុន សែន ថា នៅពីក្រោយ អំពើឃាតកម្មលើលោកកែម ឡី។
ការប្រកាសសាលក្រមនេះ បានធ្វើឡើង ក្រោយពេលដែលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បានបើកសវនាការជំនុំជម្រះរួចហើយ លើសំណុំរឿង លោកគឹម សុខ ដែលប្តឹងដោយលោកគី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា លោកគឹម សុខ អ្នកវិភាគនយោបាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារ តាំងពីខែកុម្ភៈ ឆ្នាំ២០១៧ ពីបទចោទ “បរិហារកេរ្តិ៍ជាសាធារណៈ” និងបទ “ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម” តាមពាក្យបណ្តឹងរបស់លោកគី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេច ហ៊ុន សែន។
បើតាមលោកគី តិច ដែលជាមេធាវីតំណាងដោយអាណត្តិរបស់សម្តេច ហ៊ុន សែន ការប្តឹងនេះ គឺដោយសារតែលោកគឹម សុខ បានចោទថា គណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោកកែម ឡី។ នៅ ក្នុងពាក្យបណ្តឹងនោះ បានស្នើសុំឱ្យតុលាការផ្តន្ទាទោសលោកគឹម សុខ តាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ ។
ក្រៅពីនេះ លោកគឹម សុខ នៅរងពាក្យបណ្តឹងមួយទៀត ពីសម្តេច ហ៊ុន សែន ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកគឹម សុខ ដែលចោទថា រដ្ឋាភិបាលសព្វថ្ងៃ បង្កើតសម្លាប់មនុស្ស ហើយរកឃាតករមិនឃើញ។ សម្រាប់បណ្តឹង នេះ បានស្នើសុំតុលាការផ្តន្ទាទោសលោកគឹម សុខ តាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួនប្រមាណ២៥០០ ដុល្លារអាមេរិក។
លោកគី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសលោកគឹម សុខ ដាក់ពន្ធនាគារ១៨ខែ និងពិន័យជាប្រាក់ សង ជំងឺចិត្តនោះ លោកយល់ថា មានយុត្តិធម៌ទាំងចំពោះដើមបណ្តឹង និងជនត្រូវចោទ ដែលអាចទទួលយកបាន។
លោកគី តិច បានមានប្រសាសន៍ថា “យើងបានស្តាប់ឮទាំងអស់គ្នាមិញ គឺថា ទី១ តុលាការ បានផ្ទន្ទាទោសគឹម សុខ ដាក់ពន្ធនាគាររយៈពេល១៨ខែ។ ទី២ គឺពិន័យ ចូលថវិការដ្ឋ ៨លានរៀល ហើយទី៣ គឺត្រូវសងជំងឺចិត្តទៅ ដើមបណ្តឹងសម្តេចតេជោ តំណាងឱ្យខ្ញុំចំនួន ៨០០លានរៀល។ នេះគឺជាការសម្រេចពាក់ព័ន្ធ នឹងលោកគឹម សុខ អម្បាញ់មិញនេះ។ ហើយចំពោះខ្ញុំៗយល់ថា ការសម្រេចរបស់តុលាការ ពេលនេះ ខ្ញុំអាចទទួលយកបាន គឺមានយុត្តិធម៌ សម្រាប់ដើមបណ្តឹង ក៏ដូចជាយុត្តិធម៌ សម្រាប់ជនជាប់ចោទ វាសមនឹងអំពើល្មើសដែលគាត់បានធ្វើ ហើយជាក់ស្តែង ដូចមិញនេះ ខ្ញុំគិតថា បងប្អូនអ្នកសារព័ត៌មានបានឃើញអំពីអត្តចរិត និងសកម្មភាពរបស់គឹម សុខ ហើយគឺថា បើនិយាយឱ្យចំទៅគាត់មកដៀលត្មះចៅក្រម សុទ្ធតែអាចៅក្រមទីងមោង អាសវនាការទីងមោង អាអាវខ្មៅៗយុត្តិធម៌អីហ្នឹង អាហ្នឹងសុទ្ធ តែការនិយាយ ដែលអាចចាត់ទុកថា វាមានបទល្មើស ប៉ុន្តែទុកឱ្យបងប្អូនអ្នកសារព័ត៌មាន វិនិច្ឆ័យខ្លួនឯងចុះ”។
លោកគី តិច មានប្រសាសន៍បន្តថា “ចំពោះរឿងនេះ ខ្ញុំថា តុលាការគាត់មាននីតិវិធី អាហ្នឹងឧទាហរណ៍ ជារួម គឺថាបើសិនជាជនត្រូវចោទ គ្មានប្រាក់សង ហើយជនត្រូវចោទគ្មានទ្រព្យសម្បត្តិ គ្មានប្រាក់នៅកន្លែងណាអី គឺថា តុលាការនឹងប្រើប្រាស់នីតិវិធី ដើម្បីរឿងហ្នឹង។ អាហ្នឹងជាទូទៅគឺអ៊ីចឹង។ អ៊ីចឹងការដែលគាត់និយាយតុលាការ គណបក្សប្រជាជនកម្ពុជា អ្នករៀបចំ រដ្ឋអំណាច អ្នករៀបចំអី ដូចអត់ត្រូវទេ ព្រោះយុត្តិធម៌ យើងឃើញហើយ…”៕
កុលបុត្រ