ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) បានចេញសេចក្តីថ្លែងការណ៍មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់បុគ្គលណា ដែលប្រើប្រាស់សំឡេង រូបភាព ឯកសារ ជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោស (លោកសម រង្ស៊ី) ផ្សារភ្ជាប់ជាមួយគណបក្ស។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ លេខ៦៦៨/១៧ គ.ស.ជ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ បានបញ្ជាក់ថា “គណបក្សសង្គ្រោះជាតិ សូមប្រកាសជាឱឡារិកថា រាល់សេចក្តីសម្រេចរបស់គណបក្ស គឺជាសេចក្តី សម្រេចរបស់សមាជ ឬក្រុមប្រឹក្សាជាតិ ឬគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ដែលធ្វើឡើងស្របតាមលក្ខន្តិកៈរបស់គណបក្ស។
គណបក្សសង្គ្រោះជាតិ មិនទទួលខុសត្រូវ នូវរាល់ការផ្សព្វផ្សាយ ឬសកម្មភាពរបស់បុគ្គលណាមួយ ដែលមិនមែនជាសេចក្តីសម្រេចរបស់គណបក្ស មានជាអាទិ៍ ៖
- រាល់ការប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិត ជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដែលផ្សារភ្ជាប់ពាក់ព័ន្ធមកគណបក្សសង្គ្រោះជាតិ។
- ការយល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិត ជាប់ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយ ដែលផ្សារភ្ជាប់ពាក់ព័ន្ធមកគណបក្សសង្គ្រោះជាតិ”។
ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បានធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមុននេះ លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះនូវខ្លឹមសារ តាមហ្វេសប៊ុកថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ហាមតែគណបក្សនយោបាយទេ តែមិនហាមចំពោះបុគ្គលឡើយ។ ដូច្នេះក្នុងនាមខ្លួនលោកផ្ទាល់ លោកនៅតែមានសិទ្ធិនិយាយ ឬយករូបភាពមកបង្ហោះក្នុងគណនី បណ្តាញសង្គមផ្ទាល់ខ្លួន ចំពោះមនុស្សដែលលោកគោរពស្រលាញ់ (លោកសម រង្ស៊ី) ហើយត្រូវក្រុមអ្នកមានអំណាច ចាត់ជាអ្នកទោស។
ដោយអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងជាគណបក្សមានសំឡេងភាគច្រើនក្នុងរដ្ឋសភា លោកសួស យ៉ារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ថា ក្នុងនាម គណបក្សនៅក្នុងរដ្ឋសភា ពីរផ្សេងគ្នា លោកមិនមានអ្វីចាប់អារម្មណ៍ចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំង ឬចូលលូកលាន់ សម្រាប់ការសម្រេចរបស់គណបក្សប្រឆាំងបាននោះទេ គ្រាន់តែយល់ថា នេះជាអ្វីដែល គណបក្សប្រឆាំង បានការពារខ្លួនទាក់ទងទៅនឹងខ្លឹមសារនៃច្បាប់វិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ។
លោកសួស យ៉ារ៉ា បានមានប្រសាសន៍ថា “ហ្នឹងជាការសម្រេចរបស់គណបក្ស ទី១ យើងមិនអាចលូកលាន់នឹងការសម្រេចនេះបានទេ ប៉ុន្តែយើ់ងសង្កេតមើលជាខ្លឹមសាររួមទៅ គឺថា គណបក្សមួយ តែងតែចង់មានអាយុរបស់ខ្លួន មានឧត្តមភាពរបស់ខ្លួន។ អ៊ីចឹងការគោរពច្បាប់ គឺជាកាតព្វកិច្ចទាំងអស់គ្នា អ៊ីចឹងអាហ្នឹង វាជាការអនុវត្តច្បាប់ទាំងអស់គ្នា អ៊ីចឹងយើងអត់យកចិត្តទុកដាក់លើចំណុចហ្នឹងទេ ប៉ុន្តែអ្វីដែលគេបានធ្វើ អ្វីដែលគេបានការពារខ្លួន អាហ្នឹង គឺជាយុទ្ធសាស្ត្រការពារបក្សរៀងៗខ្លួន”។
លោកសួស យ៉ារ៉ា មានប្រសាសន៍បន្តថា “សម្រាប់គណបក្សប្រជាជនកម្ពុជា មិនមានអ្វី ជំហរនៃការគោរពច្បាប់នេះទេ ព្រោះយើងជាអ្នកអនុម័តទៅហើយ។ សមាជិកសភារបស់យើង ដែលជាគណបក្សអនុម័ត គឺយើងទទួល ច្បាប់ហ្នឹងហើយ ព្រោះច្បាប់មិនមែនធ្វើមកសម្រាប់មកគណបក្សណាមួយទេ យើងធ្វើសម្រាប់ទាំងអស់គ្នា។ យើងគណបក្ស២ផ្សេងគ្នា យើងមិនមានពាក្យស្វាគមន៍ យើងក៏មិនមានពាក្យជំទាស់ជាមួយគេ ឬក៏រិះគន់គេដែរ នេះជាការប្រឹងប្រែងការពារនូវភាពស្របច្បាប់រៀងៗខ្លួន ខ្ញុំប្រើពាក្យអ៊ីចឹង។ គ្រប់គណបក្ស ទាំងតូច ទាំងធំ ទោះមានសំឡេង ឬមិនមានសំឡេងក៏ដោយ ឱ្យតែពាក្យថា គណបក្សនយោបាយ គឺវាស្ថិតនៅក្រោមក្របខ័ណ្ឌនៃច្បាប់ គណបក្សទាំងអស់។ អ៊ីចឹង ពាក្យថាច្បាប់ គឺគ្របដណ្តប់ទាំងមូល អ៊ីចឹងមិនមានន័យថា មានតែគណបក្សក្នុងសភា ឬមិនក្នុងសភាទេ ត្រូវតែអនុវត្តទាំងអស់គ្នា។ ខ្ញុំអត់មានអីបញ្ជាក់ច្រើនទេ គ្រាន់តែថា ស្ថានការណ៍ដែលប្រជាជន គាត់មានសុខសន្តិភាព ហើយនិងការប្រកប ជីវភាពគ្រួសារបានល្អហើយយើងជាគណបក្សនយោបាយ យើងត្រូវគិតទៅលើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ”៕
កុលបុត្រ