ភ្នំពេញ ៖ ស្របពេលដែលលោកបណ្ឌិតសុខ ទូច ត្រូវបានប្រកាសផ្ទេរចូលកាន់តំណែងប្រធានរាជបណ្ឌិត្យសភាជាផ្លូវការ អគារខេមរវិទូ របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចាប់ផ្តើមដំណើរការសាងសង់ហើយ។ អគារនេះ បើសាងសង់រួចហើយ នឹងក្លាយជាជម្រក សម្រាប់អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ បញ្ញវន្ត ដ៏មានសារសំខាន់បំផុត។ នេះបើតាមការអះអាងពីថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោកគិន ភា បានបញ្ជាក់ថា អគារនេះមានសារប្រយោជន៍សំខាន់ណាស់ សម្រាប់ជាកន្លែងធ្វើការរបស់បញ្ញវន្តខ្មែរយើង ព្រោះអគារនេះ ជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី ហើយជាអគារកម្រិតទំនើប បំពាក់បរិក្ខារគ្រប់គ្រាន់ រហូតមានសាលប្រជុំ អាចដាក់មនុស្សបានដល់២៥០នាក់។ និយាយរួមអគារនេះ នឹងក្លាយជាកន្លែងបំពេញការងារដ៏ស័ក្តិសម សម្រាប់ក្រុមបញ្ញវន្តរបស់ខ្មែរ។
លោកគិន ភា បានមានប្រសាសន៍ថា “កន្លែងនោះ គឺជាអគារការិយាល័យ និងជាកន្លែងសន្និសីទខ្នាតអន្តរជាតិ មិនមែនជាកន្លែងសិក្សាទេ។ អគារនេះ សារសំខាន់របស់វា គឺ ទី១ ជាកន្លែងដ៏ស័ក្តិសមសម្រាប់បញ្ញវន្តជាន់ខ្ពស់របស់ជាតិ។ មានន័យថា យើងមានទីតាំងមួយសមរម្យ ដែលសមជាបញ្ញវន្តរបស់ជាតិ។ ទី២ បង្ហាញពីកិត្យារបស់ជាតិ នៃស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នវិទ្យាសាស្ត្រ ដែលជាធានាគារខួរក្បាលរបស់រាជរដ្ឋាភិបាល យើងមានអគារមួយ ដែលស័ក្តិសមសម្រាប់ធ្វើការ ហើយទី៣ ក៏ជាការជំរុញលើកទឹកចិត្តឱ្យអ្នកស្រាវជ្រាវ ឱ្យអ្នកបញ្ញវន្តយើងហ្នឹង គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការឱ្យបញ្ញវន្ត គាត់ខិតខំប្រឹងបំពេញការងាររបស់ខ្លួន ដែលមានកន្លែងមួយសមរម្យសម្រាប់គាត់។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាអ្នកស្រាវជ្រាវ ក៏ដូចជាបញ្ញវន្តរាជបណ្ឌិត្យសភាកម្ពុជា យើងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលលោកតែងតែយកចិត្តទុកដាក់ដល់វិស័យវិទ្យាសាស្ត្រ ហើយនិងជាពិសេស យកចិត្តទុកដាក់ដល់អ្នកស្រាវជ្រាវរបស់យើង គឺលោកតែងតែឧបត្ថម្ភគាំទ្រទាំងហិរញ្ញវត្ថុ ទាំងសម្ភារៈ ទាំងកម្លាំងចិត្ត ដើម្បីឱ្យយើងកាន់តែមានទឹកចិត្តជ្រាលជ្រៅធំធេងថែមទៀត ក្នុងការបំពេញការងារ”។
អគ្គនាយករងរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសូត្រ សំណាង បានបញ្ជាក់ថា អគារនេះ ជាអគារបំពេញការងារ សម្រាប់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវរបស់ជាតិកម្ពុជាយើង ព្រោះកន្លងមក រាជបណ្ឌិត្យសភាកម្ពុជា ប្រើជាកន្លែង ដាំបាយ និងកន្លែងស្នាក់នៅប៉ុណ្ណោះ។ ដូច្នេះ អគារថ្មីនេះ នឹងកែប្រែទៅជាកន្លែងបំពេញការងារ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល។
លោកសូត្រ សំណាង បានមានប្រសាសន៍ថា “បាទ ! ឥឡូវនេះ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចផ្តល់ជូនអគារ១ខ្នងហ្នឹង ដូចជា៤ជាន់ សម្រាប់បំពេញការងារស្រាវជ្រាវរបស់ក្រុមបណ្ឌិត្យសភាចារ្យ និងក្រុមអ្នកស្រាវជ្រាវ ដែលមានចំនួនជាង២៥០នាក់ហ្នឹង ហើយក្នុងន័យថា អគារហ្នឹង បំពេញមុខងារច្រើនយ៉ាងមានសាលសន្និសីទកម្រិត៥០០នាក់ សាលសន្និសីទកម្រិត ២០០នាក់ មាន១០០នាក់ ហើយជាន់ទី១ នោះ មានបន្ទប់បំពេញការងារ របស់ក្រុមបណ្ឌិត្យសភារបស់រាជបណ្ឌិត្យសភាកម្ពុជា ប្រធាន អនុប្រធាន អគ្គលេខាធិការ ហើយជាន់ទី៣ ទី៤ហ្នឹង គឺកន្លែងបំពេញការងាររបស់វិទ្យាស្ថាន ទាំង៦ បូកនឹងឧទ្យានរាជបណ្ឌិត្យសភាមួយទៀត។ ហើយសម្រាប់វិទ្យាស្ថានមួយហ្នឹង គឺមានបន្ទប់ប្រធានបន្ទប់បំពេញការងារ មានបណ្ណាល័យ ដោយឡែកមានបន្ទប់ប្រជុំ ហើយវិទ្យាស្ថានខ្លះ គេមានមន្ទីរពិសោធន៍ ពិព័រណ៍ ដូចខាងវិទ្យាស្ថាន វប្បធម៌ វិចិត្រសិល្បៈអ៊ីចឹង គេមានការចុះកំណាយទៅ មានវត្ថុបុរាណវិទ្យា គេដូចមានសំណល់ក្អមអីហ្នឹង គឺគេរៀបចំជាពិព័រណ៍តាំងដាច់ដោយឡែកមួយទៀត ហើយវិទ្យាស្ថានផ្សេងទៀត គេនឹងគ្រោងឱ្យទៅដល់ មានមន្ទីរពិសោធន៍ជាហូរហែ ប៉ុន្តែអគារថ្មីហ្នឹង អត់ទាន់ដល់ហ្នឹងទេ។ សរុបមកវិញ អត្ថប្រយោជន៍ហ្នឹងវាមានខ្លាំងណាស់ សម្រាប់អ្នក ស្រាវជ្រាវយើងមិនអាចបំពេញការងារស្រាវជ្រាវបានល្អទេ បើយើងខ្វះមធ្យោបាយ ហើយជាពិសេស កន្លែងបំពេញការងារហ្នឹង។ អ៊ីចឹង កាដូរដ្ឋាភិបាល សម្រាប់អគារហ្នឹង គឺចំពេល សមស្រប សម្រាប់បំពេញបេសកកម្មរបស់ខ្លួន ឱ្យហើយ គឺការរៀបចំអគារហ្នឹង បញ្ជាក់ពីការ យកចិត្តទុកដាក់ខ្លាំងរបស់គាត់ហើយមកលើ រាជបណ្ឌិត្យសភានេះ”។
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតយ៉ង់ ពៅ បានបញ្ជាក់ថា ក្នុងដំណើរការសាងសង់អគារខេមរវិទូនេះ ខាង ក្រុមការងារសាងសង់បានដឹកគ្រឿងចក្រមក ឈូសឆាយដីយកទៅធ្វើពិសោធហើយ មុន នឹងធ្វើបើកសាងសង់ផ្លូវការ នាពេលខាងមុខ ដ៏ខ្លី។ ទីតាំងអគារនេះ ស្ថិតក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ក្នុងសង្កាត់កាកាប ខណ្ឌ ដង្កោ រាជធានីភ្នំពេញ តាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី។ ប៉ុន្តែចំពោះថវិកាចំណាយក្នុង ការសាងសង់អគារនេះ លោកមិនអាចបញ្ជាក់បានទេ ព្រោះក្រុមការងាររបស់សម្តេចនាយក- រដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកកាន់ថវិកាសាងសង់ នោះ។
លោកយ៉ង់ ពៅ បានមានប្រសាសន៍ថា “ចំពោះក្រុមការងារនេះ គឺក្រុមការងាររបស់ សម្តេចតេជោ តែម្តង សាងសង់ ម៉្លោះហើយ ខ្ញុំអត់ហ៊ានប៉ាន់ស្មានតម្លៃទេ គ្រាន់តែថា អគារ នេះ មានលក្ខណៈប្រណីត ហើយមានទំហំ យើង និយាយទៅអាចថា ទំហំបណ្តោយមួយរយម៉ែត្រ ទទឹងលើសពីម្ភៃម៉ែត្រ ហើយកម្ពស់៤ជាន់ រាប់ ទាំងជាន់ផ្ទាល់ដី់ យើងមានសាលប្រជុំ មានចំណុះ អាចដាក់ជាមនុស្ស៥រយនាក់ មួយសាលប្រជុំ ចំណុំ២រយនាក់មួយ ចំណុះ ២០នាក់ ពីរទៀត ហើយនិងបន្ទប់ការិយាល័យ ការងារក្នុងពេល តែមួយអាចមនុស្ស១ពាន់នាក់នៅបាន។ ឯ រឿងតម្លៃខ្ញុំមិនហ៊ានថាទេ ខ្ញុំមិនដឹងថាកិច្ចការនេះ ក្រុមការងារសាងសង់យ៉ាងម៉េច ព្រោះសម្តេចឱ្យអគារ យើងយកតែអគារ ហើយការសាងសង់ គឺក្រុមការងាររបស់សម្តេចផ្ទាល់។ សម្រាប់ដំណើរការសាងសង់ បើតាមខ្ញុំយល់ អគារនេះ ប្រណីតដែរ ហើយទំហំក៏ធំដែរ អ៊ីចឹង ប្រហែលជាអាចលើសពី១៨ខែ ជិត២ឆ្នាំ ហើយ អគារនេះ អាចបម្រើឱ្យបញ្ញវន្តល្អណាស់។ អ្វី ជាសារសំខាន់នោះ គឺផ្តល់ឱកាសឱ្យបញ្ញវន្ត មានកន្លែងការងារ ដែលមានបរិយាកាសល្អ ដែលជាសម្រាប់បណ្តុំនៃខួរក្បាលបញ្ញាជាតិ សម្រាប់ជាជាតិខ្មែរយើង ដូចមានអត្ថន័យតាម ឈ្មោះហ្នឹង ពីព្រោះបញ្ញវន្តធ្វើការ មានកន្លែង ប្រជុំ មានកន្លែងធ្វើ បទបង្ហាញ មានកន្លែងធ្វើ បាឋកថា ហ្នឹងហើយ គឺបញ្ញវន្តធ្វើការ។ អ៊ីចឹង វាបម្រើឱ្យការងារបញ្ញវន្ត ពីព្រោះបច្ចុប្បន្ននេះ ក្នុងយុគសម័យនេះ គឺយើងត្រូវការខួរក្បាល បញ្ញវន្ត សម្រាប់កិច្ចការស្រាវជ្រាវ ដើម្បីផលប្រយោជន៍ជាតិ”។
លោកយ៉ង់ ពៅ បានបន្តថា “ក្នុងនាម ខ្ញុំជាអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រមុខរដ្ឋាភិបាល ដែលបានយល់តម្លៃតម្រូវការនៃកន្លែងបញ្ញវន្ត ដែលផ្តល់នូវអគារប្រណីត នេះ ហើយយើងសង្ឃឹមថា នឹងផ្តល់នូវការគាំទ្រ ផ្សេងៗទៀត ដូចជាកញ្ចប់ថវិកាស្រាវជ្រាវជាដើម ដើម្បីស្រាវជ្រាវរបកគំហើញថ្មី ទាំងបញ្ហា សង្គម និងបញ្ហាវិទ្យាសាស្ត្រធម្មជាតិ បម្រើឱ្យ សង្គមយើង ព្រោះសង្គមវិវឌ្ឍទៅបាន សង្គម មានសណ្តាប់ធ្នាប់ទៅបាន អាស្រ័យរបកគំហើញ ថ្មីរបស់អ្នកវិទ្យាសាស្ត្រ។ នេះជាចក្ខុវិស័យ របស់ឯកឧត្តមបណ្ឌិតប្រធានរាជបណ្ឌិត្យសភាថ្មី គឺថាយើងត្រូវតែដុតដៃដុតជើងក្នុងការកែ ទម្រង់លើវិស័យវិទ្យាសាស្ត្រនេះ ឱ្យបានលឿន ដើម្បីជួយទៅដល់ប្រទេសជាតិយើងក្នុងចំណែក វិទ្យាសាស្ត្រ”។
គួរបញ្ជាក់ថា ការប្រកាសផ្តល់អគារខេមរវិទូ ដល់រាជបណ្ឌិត្យសភាកម្ពុជា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់តំណែងប្រធានរាជបណ្ឌិត្យសភា ជូនដល់លោក បណ្ឌិត្យសភាចារ្យសុខ ទូច កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។
លោកសុខ ទូច មិនអាចទាក់ទងមតិយោបល់ចំណាប់អារម្មណ៍ជុំវិញការដែលប្រមុខរាជរដ្ឋាភិបាល បានប្រគល់អគារថ្មីដល់រាជបណ្ឌិត្យសភា ក្នុងនាមលោកជាប្រធាននោះ បានទេ កាលពីម្សិលមិញ ដោយលោកប្រាប់ថា ជាប់រវល់ មិនទាន់អាចធ្វើអត្ថាធិប្បាយបាន។
ប៉ុន្តែនៅក្នុងពិធីប្រកាសចូលកាន់តំណែង ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា នោះ លោក សុខ ទូច បានប្តេជ្ញាចំពោះមុខមន្ត្រីរាជបណ្ឌិត្យសភាថា លោកនឹងខិតខំដឹកនាំកិច្ចការងារក្នុង ស្ថាប័នបណ្ឌិតមួយនេះ ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត ដើម្បីឱ្យក្លាយទៅជាស្ថាប័ន “ធនាគារខួរក្បាល” យ៉ាងពិតប្រាកដក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា។ ដោយលោកបានដាក់ចេញ ការងារជាអាទិភាពចំនួន៣ គឺក្នុងនោះ រួមមាន ១-ការងារកសិកម្ម និងបរិស្ថាន ២-មីក្រូហិរញ្ញ- វត្ថុនិងជនបទ និង៣-ការងារព្រំដែន។
លើសពីនេះ មុននេះ លោកសុខ ទូច ក៏បានផ្តល់បទសម្ភាសន៍ដល់ “នគរធំ” ផងដែរ ដោយបញ្ជាក់ថា ការទទួលតំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា គឺជាការទទួលខុសត្រូវ នូវអំរែកការងារដ៏ធំ។ ហើយលោកក៏សូមថ្លែង អំណរគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់សេចក្តីទុកចិត្ត ឱ្យលោកបំពេញភារកិច្ចនេះ។ លោកនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីស្ថាប័ននេះ និងវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ទៅថ្ងៃអនាគត។ អ្វីដែលជា ជំហរមុតមាំជាងនេះ លោកនឹងដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ឱ្យមានការអភិវឌ្ឍថ្មី ជាពិសេស ក្លាយជាស្ថាប័នមួយដែលផ្តល់នូវយុទ្ធសាស្ត្រ គោលនយោបាយ ក្នុងរយៈពេល២ឆ្នាំ ឱ្យមានការផ្លាស់ប្តូរ និងប្រសើរឡើង បើមិនអាចទៅរួចទេ លោកសុខចិត្តចុះចេញពីតំណែងមួយនេះ។ មួយវិញទៀត លោកក៏បានកែសម្រួល និងរៀបចំឡើងវិញ នូវការអនុវត្តគោលការណ៍ និងបទបញ្ជាផ្ទៃក្នុងរបស់មន្ត្រី ឱ្យខិតខំប្រឹងប្រែង មកបំពេញការងារ ហើយមួយទៀត លោកបញ្ជាក់ថា គ្មានទេ “ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី”…៕
កុលបុត្រ