ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានខ្សឹបឱ្យឮតាម “នគរធំ” ថា លោកផ្កាយ១ ចំនួន២រូប បានធ្វើសន្និសីទកាសែត បញ្ចោញព័ត៌មានមិនពិត បោកប្រាស់ ភូតកុហក តាំងពីថ្នាក់ដឹកនាំជាតិ រហូតដល់ប្រជាពលរដ្ឋ តូចតាចថា ច្រករបៀងអូរបីជាន់ និងច្រករបៀង ជោគជ័យ មានច្បាប់បញ្ចោញទំនិញគេចពន្ធ។
ប្រជាពលរដ្ឋស្រុកអូរជ្រៅ បានខ្សឹបឱ្យឮថា លោកផ្កាយ១ទាំង២នាក់ ដែលកំពុងរួមគំនិតគ្នា ភូតកុហកថ្នាក់លើនោះ គឺលោកផ្កាយ១ ឃួន ជឿន មេបញ្ជាការយោធាវរៈ ៥០៣ និងលោកផ្កាយ១ ឡាយ ចន្ថា តំណាងឱ្យទីបញ្ជា ការយោធភូមិភាគទី៥។
ប្រជាពលរដ្ឋបានខ្សឹបថា លោកផ្កាយ១ទាំង ២រូបខាងលើ បានឃុបឃិតគ្នាបើកដៃឱ្យក្រុមឈ្មួញនាំទំនិញគេចពន្ធគ្រប់ប្រភេទ ដូចជាសត្វ គោ ជ្រូក មាន់រស់ មានជំងឺឆ្លង ចូលតាមច្រក របៀងអូរបីជាន់ និងច្រករបៀងជោគជ័យ អតីតច្រកណងចាន់ យ៉ាងគគ្រឹកគគ្រេង លុះមានការរិះគន់រាយការណ៍ទៅថ្នាក់លើ ស្រាប់តែលោកទាំង២ បាននាំគ្នាចេញមុខធ្វើសន្និសីទកាសែត បញ្ចោញព័ត៌មានមិនពិត បោកប្រាស់ ភូតកុហកទាំងថ្នាក់ដឹកនាំជាតិ ទាំងមហាជនថា រាល់ទំនិញ ដែលឆ្លងចូលតាមច្រករបៀងខាងលើ សុទ្ធតែមានច្បាប់អនុញ្ញាតត្រឹមត្រូវទាំងអស់។ ប៉ុន្តែតាមពិតដោយសារពួកគាត់ជានាយទាហានប្រចាំការនៅទិសនោះ បានជ្រុលផុងខ្លួនចូលរួមបំពានច្បាប់ជាមួយមន្ត្រីគយ និងមន្ត្រីពេទ្យសត្វ ដែលរួមគ្នាបំពានច្បាប់ប្រមូលលុយពីទំនិញគេចពន្ធគ្រប់ប្រភេទ តាមច្រករបៀងទាំងពីរច្រកខាងលើ ដើម្បីយកលុយដាក់ហោប៉ៅ ទើបគាត់ខំព្យាយាមបកស្រាយដោះសារដោយកុហក ដោយមិនចេះអៀនមាត់បែបនេះ។ តាមពិត ពួកគាត់ជានាយទាហានមានផ្កាយពាក់លើស្មាទៅហើយ ច្បាស់ជាយល់ដឹង ហើយអំពីបញ្ហាផ្លូវច្បាប់ថា គ្មានអនុក្រឹត្យណា អនុញ្ញាតឱ្យនាំចូលទំនិញគេចពន្ធ ឬបញ្ចោញ សត្វជ្រូក សត្វគោ ក្របី និងសត្វមាន់រស់ តាមច្រករបៀងនោះទេ។
ប្រជាពលរដ្ឋបានខ្សឹបទៀតថា កាលពីថ្ងៃទី០៧ សីហា កន្លងទៅថ្មីៗនេះ លោកផ្កាយ១ ឃួន ជឿន មេទាហានវរៈ៥០៣ បានឆ្លើយទទួលស្គាល់តាមខ្សែទូរស័ព្ទ ប្រាប់អ្នកកាសែតថា ពាក់ព័ន្ធរឿងឈ្មួញដឹកមាន់ចូលតាមច្រកអូរបីជាន់ មានមន្ត្រីគយទៅចងអង្រឹងដេកចាំ យកលុយ មានមេពេទ្យសត្វប្រើកូនចៅឱ្យចាំ យកលុយ ពេលមាន់ដឹកចូលដីខ្មែរ ដោយមិនចាំបាច់ពិនិត្យថា មាន់ឈឺឬអត់ទេ និងនៅមាន មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ទៅចាំយកតែលុយ ពីក្រុមឈ្មួញដែលនាំសត្វមាន់ចូល និងទំនិញ គេចពន្ធគ្រប់ប្រភេទ តាមច្រកអូរបីជាន់ខាងលើនោះ ចុះហេតុអីបានជាទម្លាក់កំហុសតែមកលើរូបគាត់ (ឃួន ជឿន) និងទាហានរបស់គាត់? ដែលនេះគឺជាការទទួលស្គាល់ដោយផ្ទាល់មាត់ថា នៅចំណុចច្រករបៀងអូរបីជាន់ ពិតជាពោរពេញដោយបទល្មើសគ្រប់ប្រភេទ ជាពិសេស គយតែម្តងគិតតែប្រមូលខ្មៅ។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងមានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពីលោកផ្កាយ១ទាំង២រូបខាងលើបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការ បកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
ខៀវទុំ