Friday, September 20, 2024
Homeព័ត៌មានសិល្បៈស្រវឹងស្រឿងៗពីយប់ លង់លក់ក្នុងដំណេក ព្រឹកឡើងទើបភ្ញាក់ខ្លួនព្រើត!!!

ស្រវឹងស្រឿងៗពីយប់ លង់លក់ក្នុងដំណេក ព្រឹកឡើងទើបភ្ញាក់ខ្លួនព្រើត!!!

ភ្នំពេញ ៖ បុរសម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ស្រវឹងពីល្ងាចលង់លក់ក្នុងដំណេកស្រួល រហូតដល់ព្រឹកឡើង ទើបដឹងថា ម៉ូតូកង់បីចោរលួចយកទៅបាត់ ទើបភ្ញាក់ខ្លួនព្រើត កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ប៊ូ សំអ៊ាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានប្រពន្ធឈ្មោះ ចាប ស្រីរ័ត្ន អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានកូនចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្នុងបន្ទុកគ្រួសារ រស់នៅផ្ទះជួលខាងលើ មានស្រុកកំណើតភូមិព្រៃរមាស ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកម៉ូតូកង់បី ជនសង្ស័យលួចបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AJ-1981 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ម៉ូតូកង់បី ក្រោយវិលមកពីរត់វិញ ចតទុកខាងក្រៅបន្ទប់ ចាក់សោ ហើយយប់ថ្ងៃកើតហេតុ បន្ទាប់ពីផឹកសុីស្រវឹងស្រឿងៗ មកពីរត់ម៉ូតូកង់បីវិញ ចតចាក់សោ ហើយចូលដេកសម្រាកក្នុងបន្ទប់បាត់ លង់លក់ស្រួល គ្មានដឹងខ្លួនអ្វីបន្តិចសោះ រហូតដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ប្រពន្ធស្លៀកពាក់រៀបចំខ្លួនរួច បានដាស់ឲ្យឌុបជូនទៅរោងចក្រ ស្រាប់តែបាត់ម៉ូតូកង់បីឈឹង មិនដឹងតាំងពីពេលណា ទើបនាំគ្នាឆោឡោ ។

ជនរងគ្រោះក្រោយពីដឹងថា មានចោរលួចម៉ូតូកង់បីហើយ បានត្រឹមកាន់ឯកសាររត់ទៅប្តឹង នគរបាលប៉ុស្តិ៍ចោមចៅ ឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវនិងកំណត់មុខសញ្ញាលួចដដែលៗក្នុងមូលដ្ឋានខាងលើ ៕

RELATED ARTICLES