ភ្នំពេញ ៖ គណបក្សអំណាចខ្មែរ អាចប្រឈមនឹងត្រូវរំលាយមិនឱ្យការប្រកួតប្រជែង ក្នុងការបោះឆ្នោត ក្រោយពេលដែលលោក សួន សេរីរដ្ឋា ប្រធានគណបក្សនេះ ជាប់ពន្ធនាគារពីបទប្រមាថកងទ័ព ខណៈសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបង្ហើបនាពេលថ្មីៗនេះដែរថា គណបក្សនេះអាចនឹងត្រូវរំលាយ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងព្រមាន ថា គណបក្សអំណាចខ្មែររបស់លោកសួន សេរីរដ្ឋា អាចនឹងរំលាយចោល ព្រោះប្រធានគណបក្សមួយនេះ បានប្រមាថព្រះមហាក្សត្រ។
សម្តេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា “ខ្ញុំព្រមានសាជាថ្មី ចំពោះអ្នកធ្វើអត្ថាធិប្បាយថា នេះជាតាក់ទិក ដើម្បីយកសំឡេងឆ្នោត។ បើអ្នកឯងប្រមាថសន្តិសុខជាតិ ខ្ញុំក៏មិនអាចអត់ឱនឱ្យអ្នកឯងបានដែរ មិនមែនជាការគំរាមកំហែងទេ តែនេះគឺជារឿងពិត ដែលត្រូវធ្វើលើការជាក់ស្តែងបានវាយខ្នោះមួយទៅហើយ ហើយជាប់គុក មិនដឹងថា ឯកសារនៅមានអីទៀត ហើយឯកសារប្រមាថព្រះចេស្តាព្រះមហាក្សត្រនេះ តើសមល្មម ដើម្បីរំលាយគណបក្សនេះចោលឬអត់? ហើយការប្រមាថនេះ រឿងថ្ងៃនេះ គ្រាន់តែជាការកាត់ទោសជាបឋមចំពោះបុគ្គលទេ តែនៅក្នុងតួនាទី អ្នកឯងជាប្រធានគណបក្សមួយរំលោភបំពានបែបនេះ តើគណបក្សនេះ នឹងត្រូវកាត់រំលាយចោលគណបក្សឬអត់ នៅមានរឿងតភ្ជាប់។ ឯកសារបានរកឃើញមេម៉ូរី ១០ មានឯកសារ ដែលទាក់ទិនជាមួយនឹងការប្រមាថព្រះមហាក្សត្រ ត្រូវបានជននេះទទួលស្គាល់…”។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះបន្តថា “ចាំមើលណា៎ ! សូមក្រុមសមាជិក MMP នៅបារាំង សូមជួយស្រាវជ្រាវរកឯកសារមួយឱ្យបានមកឱ្យខ្ញុំ ឱ្យបានកាន់តែឆាប់កាន់តែល្អ គឺឯកសារដែលបង្ហាញបញ្ជាក់ថា នរោត្តម សីហមុនី ជាសញ្ជាតិបារាំង មែនឬមិនមែន? ខ្ញុំនឹងវ៉ៃមួយឈុតនេះ ឱ្យល្អមើល កក្រើកក្នុងឆ្នាំ២០១៦ នេះ សូមជួយរកឱ្យឃើញយកឱ្យបានឯកសារឱ្យខ្ញុំ។ បន្តទៅទៀត ហ៊ុន សែន ចង់មានច្បាប់កំណត់សញ្ជាតិតែមួយ សម្រាប់មេបក្សនយោបាយ គឺជាឱកាសរបស់ KPP ធាក់ឱ្យធ្លាយវាំងតែម្តង។ ចាំមើលស្តេច និងអាមាត្យវាំង ហ៊ានលាសញ្ជាតិបារាំងទេ? តើពួកយួន នៅក្នុងបក្សប្រជាជនកម្ពុជា រត់ទៅពួននៅកន្លែងណា? ចាប់កន្ទុយរបស់វា ញាត់ចូលមាត់វា ឱ្យខាំកន្ទុយខ្លួនឯង ហើយយើងចាំឈរមើល…។ ឥឡូវល្អហើយ អានេះតប់ស្តេច បើតប់ត្រឹម ហ៊ុន សែន បាន។ ការប្រមាថមួយនេះ គឺធ្ងន់ណាស់ ថ្ងៃនេះ តាមការស្មានរបស់ខ្ញុំទេ ប្រសិនបើតុលាការកាត់ ប្រហែលជាមិនទាន់ដល់អង្គហេតុមួយនេះទេ តែអង្គហេតុប្រមាថកងទ័ព ញុះញង់កងទ័ពមិនឱ្យស្តាប់បទបញ្ជា បង្កើតចលាចល ដែលទោសរបស់វា អតិបរមាតាមដឹង គឺច្បាប់បានចែង គឺត្រឹមតែជាប់គុក៥ឆ្នាំតែប៉ុណ្ណឹង ពី២ទៅ៥ឆ្នាំ ប្រហែលជាប៉ុណ្ណឹង។ ប៉ុន្តែមួយនេះ និងទោសដទៃទៀត យ៉ាងម៉េច? ពីមុនល្អហើយ អ្នកឯងបានរត់គេចខ្លួនទាន់ រួចហើយមកនិយាយជាមួយនឹងប៉ុស្តិ៍អាវលឿងថៃ ខ្ញុំក៏លើកលែងទោសឱ្យសុំទៅព្រះមហាក្សត្រ លើកលែងទោសឱ្យ។ គ្រាន់តែផ្លាកគណបក្សនេះ ក្រសួងមហាផ្ទៃ ក៏ធ្វើការមិនបានដិតដល់ដែរ ចុះបញ្ជីគណបក្សផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ អាហ្នឹង ខ្ញុំនិយាយឱ្យច្បាស់ ថ្ងៃមុនក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើការដាស់តឿន គណបក្សឈ្មោះសាធារណរដ្ឋ ក៏អនុញ្ញាតឱ្យគេចុះឈ្មោះ វាខុសជាមួយនឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលសូម្បីតែរដ្ឋសភាខ្លួនឯង ក៏អត់មានសិទ្ធិជាមួយនឹងការកែចំណុចនេះទេ។ ចំណុច២ ដែលគេហាមកែ នៅក្នុងរដ្ឋធម្មនុញ្ញ ទី១ របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ទី២ របបប្រជាធិបតេយ្យ សេរីពហុបក្ស។ ២ហ្នឹង អត់មានសិទ្ធិកែទេ ទោះបីអ្នកឯងប្រើប៉ុន្មានភាគរយ មួយរយភាគរយនៅក្នុង មិនចាំបាច់២ភាគ៣ទេ មួយរយភាគរយ ក៏អ្នកឯងគ្មានសិទ្ធិទេ ព្រោះគេហាម កែតែម្តង។ បក្សឈ្មោះសាធារណរដ្ឋ ក៏យើងឱ្យចុះបញ្ជី ឯបក្សអំណាចពលរដ្ឋខ្មែរ អត់មានទង់ជាតិព្រះរាជាណាចក្រកម្ពុជា ទង់ជាតិលន់ នល់ ហើយម្ខាងទៀត ទង់អាមេរិកាំង យើងក៏ឱ្យចុះបញ្ជីដែរ។ នេះខ្ញុំក៏សុំរំលឹកទៅដល់ក្រសួងមហាផ្ទៃ កុំចេះតែចុះបញ្ជីខុសរដ្ឋធម្មនុញ្ញ ខុសជាមួយនឹងការកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ ត្រូវឱ្យគេកែ។ ប៉ុន្តែច្បាប់នេះ មើលទៅរឿងរ៉ាវ យើងមិនទាន់ដល់នេះទេ ប៉ុន្តែតើបទល្មើសនេះសមល្មមដើម្បីនឹងឈានដល់រំលាយបក្ស ក្នុងពេលដែលប្រធានបក្សធ្វើសកម្មភាពបែបនេះ។ នេះខ្ញុំសូមយកការពន្យល់មួយ ព្រោះវាហួសហេតុពេក ប្រទេសជាតិត្រូវទទួលរងនូវការប្រមាថ កងទ័ពបរទេសចូលមកទឹកដីកម្ពុជា វាគ្រប់គ្រាន់ហើយ បើគាត់ដឹងជាដីរបស់គាត់ពិតប្រាកដ គាត់មិនចាំបាច់ដកទេ រឿងយល់ទេកន្លែងហ្នឹង?”។
គួរបញ្ជាក់ថា លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន និងវ៉ៃខ្នោះភ្លាមៗ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ខណៈដែលលោកកំពុងធ្វើដំណើរពីខេត្តកំពង់ចាម ចូលមករាជធានី ភ្នំពេញ នៅចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពីលោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកក្នុងន័យប្រមាថកងទ័ពកម្ពុជា។
ក្រោយឃាត់ខ្លួនបាន១ថ្ងៃ លោកសួន សេរីរដ្ឋា ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ហើយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ ក៏បានសម្រេចចោទប្រកាន់ជាផ្លូវការ និងបញ្ជូនទៅចៅក្រមរស់ ពិសិដ្ឋ បើកសវនាភ្លាមៗការជំនុំជម្រះនៅថ្ងៃនោះតែម្តង ដោយសារតែករណីនេះជាបទល្មើសជាក់ស្តែង។
នៅថ្ងៃដដែលនោះ អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យស្រាវជ្រាវសំណុំរឿងនេះចប់សព្វគ្រប់រួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញថា អង្កហេតុខាងលើ បានប៉ះពាល់ដល់សន្តិសុខសង្គម នឹងសន្តិសុខនៃកងយោធពលខេមរភូមិន្ទ ដែលជាបទល្មើសព្រហ្មទណ្ឌ រួមមាន ៖
១-បទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ
២-បទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិ មាត្រា៤៧២ នៃក្រមព្រហ្មទណ្ឌ
៣-បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ដូច្នេះដោយហេតុថា ករណីខាងលើជាបទមជ្ឈិមជាក់ស្តែង ហើយសំណុំរឿងនេះបានបំពេញលក្ខខណ្ឌនៃនីតិវិធីនៃការ បង្ហាញខ្លួនភ្លាម តាមបញ្ញតិមាត្រា៤៧ និងមាត្រា ៤៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ និងបញ្ជូនជនជាប់ចោទឈ្មោះសួន សេរីរដ្ឋា រួមទាំងសំណុំរឿងព្រហ្មទណ្ឌលេខ ៥០៩០ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ តាមកំណត់ហេតុ ស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម លេខ ០១៨ អ.យ.ឋ ចុះថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៧ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះ។
ដោយឡែក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៧ បុរសម្នាក់ ឈ្មោះម៉ុម សួង អាយុ៤៤ឆ្នាំ ជាអង្គរក្សលោកសួន សេរីរដ្ឋា និងជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ក៏ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនមកដល់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ ករណីរក្សាទុកអាវុធខុសច្បាប់ (កាំភ្លើងជ័រ) និងធ្វើតេស្តទឹកនោម មានសារធាតុញៀន បន្ទាប់ពីជនសង្ស័យរូបនេះ ត្រូវបាននគរបាលឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅក្នុងផ្ទះលោកសួន សេរីរដ្ឋា។ ក្រោយការសាកសួរ លោកព្រះរាជអាជ្ញារងសៀង សុខ បានសម្រេចបញ្ជូនជនសង្ស័យម៉ុម សួង ទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ជាមួយនោះដែរ នៅព្រឹកថ្ងៃដដែលនោះ កម្លាំងនគរបាលប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាល ខណ្ឌទួលគោក ប្រមាណ៥០នាក់ ក៏បានចុះឆែកឆេរទីស្នាក់ការគណបក្សអំណាចខ្មែរ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ ការចុះឆែកឆេរនេះ ដឹកនាំដោយលោកសៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។
ស្របពេលដែលសមត្ថកិច្ចចុះឆែកឆេរនោះដែរ លោកសួង សុភ័ណ្ឌ ប្រធានស្តីទីគណបក្សអំណាចខ្មែរ បានធ្វើសន្និសីទកាសែត នៅខាងមុខទីស្នាក់ការបក្ស ដោយបញ្ជាក់ថា លោកសួន សេរីរដ្ឋា មិនមានកំហុសរហូតដល់ចាប់ខ្លួននោះទេ ព្រោះគ្រាន់តែនិយាយពីស្ថានភាពរបស់កងទ័ពដែលកំពុងជួបការលំបាក។ ដូច្នេះលោក មិនព្រួយបារម្ភពីការរំលាយគណបក្សនោះទេ គឺគណបក្សនឹងដំណើរការទៅមុខ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។
លោកសួង សុភ័ណ្ឌ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ថា “ក្នុងនាមខ្ញុំជាប្រធានស្តីទីគណបក្សអំណាចខ្មែរ ចង់បញ្ជាក់ថា កុំឱ្យច្រឡំ មានន័យថា ឡូហ្គោគណបក្ស យើងចង់ដាក់អីក៏បានដែរ អត់ មានទាក់ទងជាមួយនឹងច្បាប់ អត់មានទាក់ទងជាមួយការរំលាយទេ ហើយមួយទៀត រឿងការប្រមាថព្រះមហាក្សត្រអីនោះ ខ្ញុំបញ្ជាក់ថា ជាទស្សនៈរបស់លោកសួន សេរីរដ្ឋា ទេ។ ជាក់ស្តែង ដូចពាក់ព័ន្ធទៅនឹងការនិយាយរឿងកងទ័ពអ៊ីចឹង ចំណុចដែលគាត់បង្ហោះ គាត់បង្ហោះក្នុងហ្វេសប៊ុករបស់គាត់ផ្ទាល់ មិនមែនជាសេចក្តី ថ្លែងការណ៍របស់គណបក្ស ពីព្រោះផេករបស់គណបក្ស ឬក៏វេបសាយរបស់គណបក្ស អត់បាននិយាយពាក្យហ្នឹងទេ។ អ៊ីចឹងនេះជាទស្សនៈរបស់គាត់ តែបុគ្គលតែប៉ុណ្ណោះ ហើយយើងបានធ្វើសេចក្តីថ្លែងការណ៍បដិសេធត្រង់ចំណុចនេះ ហើយ។ ដូច្នេះអត់មានអីមកប៉ះពាល់គណបក្សទេ ខ្ញុំសុំជម្រាបកន្លែងនេះ ដោយសារវាជារឿងបុគ្គល។ ខ្ញុំសុំបញ្ជាក់ ថា យើងនឹងចួលរួមការប្រកួតប្រជែង នៅក្នុងឆ្នាំ២០១៨ ហើយ បើជាអាចបេក្ខភាពនាយករដ្ឋមន្ត្រី អាហ្នឹងឯង យើងនឹងជជែកគ្នាបន្តទៀត តែនៅក្នុងនោះដែរ ខ្ញុំសូមជម្រាបអ៊ីចឹង ទី១ ខ្ញុំមានចំណាត់ការផ្លូវច្បាប់ មិនឱ្យមានបញ្ហាដល់គណបក្ស ទី២ទៀត ដូចខ្ញុំជម្រាបអ៊ីចឹង កម្ពុជាប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស អ៊ីចឹងយើង នឹងឈរ ហើយមួយទៀត ខ្ញុំនឹងដឹកនាំគណបក្ស ក្នុងនាមខ្ញុំប្រធានស្តីទីនេះ ឱ្យគណបក្សខ្លាំងលឿន ហើ់យនិងមានការចូលរួមយ៉ាងច្រើន ហើយថ្មីៗខាងមុខនេះ ស្ថានការណ៍ស្ងប់ស្ងាត់បន្តិច យើងនឹងមានអ្នកចូលរួមគណបក្សអំណាចខ្មែរយ៉ាងច្រើន ទាំងចាស់ ទាំងក្មេង ហើយខ្ញុំក៏ឆ្លៀតពេលអំពាវនាវឱ្យអ្នកនយោបាយជើងចាស់មួយចំនួន ចួលរួមជាមួយគ្នាផងដែរ ព្រោះខ្ញុំបានបញ្ជាក់នៅមុខស្តូបវិញ្ញាណក្ខន្ធកោះពេជ្រ ហើយថា ក្នុងលក្ខខណ្ឌដែលអត់មានសួន សេរីរដ្ឋា ក៏មានសួង សុភ័ណ្ឌ ក្នុងលក្ខខណ្ឌដែលអត់មានសួង សុភ័ណ្ឌ ក៏មានអ្នកផ្សេងទៀតដឹកនាំដែរ។ អ៊ីចឹងបង្កើតគណបក្ស មានប្រធានគណបក្ស ប៉ុន្តែគណបក្សមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាមួយនោះទេ។ ហើយឆ្លៀតឱកាសនេះ ខ្ញុំសុំបញ្ជាក់អ៊ីចឹងថា ចំពោះបញ្ហាព្រំដែន បញ្ហាអី ខ្ញុំគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាល។ មានន័យថា ឱ្យតែប្រទេសណាមួយដែលឈ្លានពានប្រទេសខ្មែរ គឺយើងត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ហើយ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ខ្ញុំផ្ទាល់ ហើយមន្ត្រីការងារគណបក្ស យើងស្ម័គ្រចិត្ត បើសិនជារដ្ឋាភិបាលត្រូវការអ្នកស្ម័គ្រចិត្តទៅប្រយុទ្ធប្រឆាំងជាមួយកងទ័ព យើងសុខចិត្ត ស្ម័គ្រចិត្តធ្វើជួរមុខទ័ពផងដែរ នេះសម្រាប់ទស្សនៈរបស់ខ្ញុំ និងជាអ្វីដែលគណបក្សយើងបានលើកឡើង”។
លោកសួង សុភ័ណ្ឌ បានមានប្រសាសន៍បន្តថា “ចំពោះលោកសួន សេរីរដ្ឋា ខ្ញុំយល់ថា អ្វីដែលគាត់លើកឡើងនេះ វាមិនមែនជារឿងខុសឆ្គងអីនោះទេ ដោយសារតែធម្មតានៅក្នុងនោះ ខ្ញុំបានឃើញសំណេរដែលគាត់សរសេរ គាត់បានបញ្ជាក់ថា កងទ័ពកូនខ្មែរ អ្នកស្នេហាជាតិ ហើយក្នុងនោះ ក៏គាត់បានសង្កត់សម្តីធ្ងន់ៗ ពាក់ព័ន្ធនឹងមេទ័ព ក្រែងលោថា មេទ័ពហ្នឹង អនុវត្តខុសអំពីតួនាទីភារកិច្ច។ មានន័យថា ទង្វើដែលគាត់ធ្វើ សំណេរនេះ ក៏ជាការរិះគន់ដើម្បីស្ថាបនាប៉ុណ្ណោះ។ អាហ្នឹងខ្ញុំសរុបរួម អ្វីដែលគាត់ធ្វើ គ្រាន់តែជាការស្ថាបនាតែប៉ុណ្ណោះ ហើយដូចជ្រាបហើយ ជាក់ស្តែង ដូចសម្តីលោកវង សូត ដូចគ្នា។ លោកវង សូត មន្ត្រីគណបក្ស ប្រជាជនកម្ពុជា បាននិយាយថា នឹងវាយក្បាលខ្មែរនឹងគល់ឫស្សី។ មានន័យថា អ្នកណាដែលខូច ដែលអីហ្នឹង នឹងវាយនឹងគល់ឫស្សី។ អ៊ីចឹង កន្លែងនេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា អ្វីដែលលោកវង សូត និយាយនេះ គ្រាន់តែជាទូន្មានតែប៉ុណ្ណោះ ហើយខ្ញុំក៏ដូចគ្នា ខ្ញុំអះអាងថា អ្វីដែលលោកសួន សេរីរដ្ឋា លើកឡើង គ្រាន់តែជាការរិះគន់ដើម្បីស្ថាបនាទេ។ អ៊ីចឹងហើយបានជាខ្ញុំអំពាវនាវដល់រដ្ឋាភិបាល ហើយនិងតុលាការ សូមមេត្តាទម្លាក់ចំណាត់ការ ទម្លាក់ករណីហ្នឹងចោលទៅ ហើយបុគ្គលហ្នឹងសុំទោសជាសាធារណៈ ប្រជាពលរដ្ឋទៅវាចប់រឿងទៅហើយ។ មិនខុសពី លោកវង សូត ទេ លោកវង សូត ឬលោកទៀ បាញ់ ដែលនិយាយថា វ៉ៃបាក់ធ្មេញ ចំពោះអ្នកដែលហ៊ានតវ៉ា អាហ្នឹងក៏ជាការប្រមាថដល់ ប្រជាពលរដ្ឋខ្មែរ។ អ៊ីចឹងខ្ញុំគ្រាន់តែស្នើសុំឱ្យបុគ្គលដែលខ្ញុំបានលើកឡើងប៉ុន្មានករណីនេះ សុំទោសចំពោះប្រជាពលរដ្ឋទៅ វាចប់ហើយៗយើងដឹងហើយ អ្នកនយោបាយ គ្រាន់តែជាខ្ញុំបម្រើរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ អ៊ីចឹងអ្វី ដែលយើងស្នើសុំឱ្យសុំទោសប្រជាពលរដ្ឋក្នុងនាមជាម្ចាស់របស់យើងនេះ វាអត់មានអីខុស ឆ្គងទេ៕
កុលបុត្រ