Monday, November 25, 2024
Homeនយោបាយ គណបក្សសង្គ្រោះជាតិ ណែនាំឱ្យប្រើស្លាកសញ្ញាបក្សថ្មី

 គណបក្សសង្គ្រោះជាតិ ណែនាំឱ្យប្រើស្លាកសញ្ញាបក្សថ្មី

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៧ គណបក្សសង្គ្រោះជាតិ បានចេញ សេចក្តីណែនាំដល់ថ្នាក់ដឹកនាំគណបក្សនៅគ្រប់ រាជធានី-ខេត្ត ឱ្យប្រើស្លាកសញ្ញាបក្សថ្មី សម្រាប់ ធ្វើការផ្លាស់ប្តូរស្លាកសញ្ញាបក្សចាស់ ដោយដក ចេញនូវរូបលោកកឹម សុខា ចាប់ដៃលោកសម រង្ស៊ី ដាក់ជំនួសដោយអក្សរ “រួមគ្នាសង្គ្រោះជាតិយើង” ឯរូបសញ្ញាព្រះអាទិត្យរះ នៅរក្សាដដែល។

យោងតាមសេចក្តីណែនាំរបស់គណបក្សសង្គ្រោះជាតិ លេខ៦៧០/១៧ គសជ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ដែលចុះហត្ថលេខា ដោយលោកយឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា “គណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ សូមជម្រាបជូនថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់នៅរាជធានី-ខេត្ត ឱ្យបានជ្រាបថា ស្លាកសញ្ញាគណបក្សដែលត្រូវផ្លាស់ប្តូរថ្មី ត្រូវអនុវត្ត និងប្រើប្រាស់ទៅតាមគំរូស្លាកថ្មី ដែលគណបក្សបានផ្តល់ជូនដូចមានភ្ជាប់មកជាមួយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់នៅរាជធានី-ខេត្ត អនុវត្តតាមសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់”។

គួរបញ្ជាក់ដែរថា ពាក់ព័ន្ធការផ្លាស់ប្តូរស្លាកគណបក្សនេះដែរ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីណែនាំដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រាជធានី-ខេត្ត ទូទាំងប្រទេស ពន្លឿនការផ្លាស់ប្តូរស្លាកគណបក្សឱ្យបានឆាប់រហ័ស ហើយករណីមិនទាន់មានគំរូស្លាកគណបក្សថ្មីដាក់ជំនួស ត្រូវប្រញាប់ដោះចេញនូវស្លាកបក្សចាស់ ដែលមានរូបលោកចាប់ដៃលោកសម រង្ស៊ី បន្ទាប់ពីច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានចូលជាធរមានមកនោះ ដើម្បីកុំឱ្យប្រឈមនឹងច្បាប់នេះដែលបានចែងមិនឱ្យគណបក្សនយោបាយពាក់ព័ន្ធជាមួយទណ្ឌិត ដែលអាចនាំឱ្យឈានដល់ការរំលាយគណបក្ស មិនឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។

សេចក្តីណែនាំរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ស្តីពីការផ្លាស់ប្តូរស្លាកសញ្ញាគណបក្សសង្គ្រោះជាតិលេខ ៤៧០/១៧ គសជ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នោះ បានបញ្ជាក់ថា “បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ បានចូលជាធរមានមក ខ្ញុំបានកត់សម្គាល់ឃើញថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រាជធានី-ខេត្ត បានអនុវត្តតាមស្មារតីនៃច្បាប់នេះ ដោយបានធ្វើការផ្លាស់ប្តូរស្លាកសញ្ញាគណបក្សជាបណ្តើរៗ ហើយតាមការណែនាំរបស់គណបក្ស។

ជាមួយគ្នានេះ ខ្ញុំស្នើសុំដល់ថ្នាក់ដឹកនាំគណបក្ស រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ នៅទូទាំងប្រទេស ធ្វើការពន្លឿនការផ្លាស់ប្តូរស្លាកសញ្ញាគណបក្សឱ្យបានឆាប់រហ័ស។ ក្នុងករណី ដែលមិនទាន់មានគំរូស្លាកសញ្ញាគណបក្សថ្មីទៅ ជំនួស សូមដោះចេញនូវស្លាកសញ្ញាគណបក្សចាស់ ដែលមានរូបចាប់ដៃរវាងឯកឧត្តម សម រង្ស៊ី និងខ្ញុំ។

សូមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គ្រប់លំដាប់ថ្នាក់ ទូទាំងប្រទេសអនុវត្តសេចក្តី ណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងជាបន្ទាន់”៕

ខៀវទុំ

RELATED ARTICLES