ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន បានខ្សឹបឱ្យឮតាម “នគរធំ” ថា សកម្មភាពជីកកកាយដីដឹកលក់ បានកើតមានយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ នៅកណ្តាលក្រុងប៉ៃលិន ហើយការដឹកជញ្ជូនដីទៀតសោត គ្មានគ្រប ឬបិទបាំងអ្វីទាំងអស់ ធ្វើឱ្យកម្ទេចដីជ្រុះធ្លាក់ពេញផ្លូវ បង្កឱ្យមានផលប៉ះពាល់ទាំងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ទាំងអ្នកដំណើរឆ្លងកាត់ មិនតែប៉ុណ្ណោះសោភណភាពក្រុងប៉ៃលិន សព្វថ្ងៃមើលទៅសុទ្ធតែធូលីដីហុយទ្រលោម ដូចចុះអ័ព្ទធូលី។
ប្រជាពលរដ្ឋក្រុងប៉ៃលិន បានខ្សឹបឱ្យឮថា សកម្មភាពជីកកកាយដីនេះ ស្ថិតនៅក្បែរ ភ្នំខៀវ ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលមានមេការឈ្មោះឆែម ម៉ាប់ អាយុជាង ៤០ឆ្នាំ រស់នៅក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្ត បាត់ដំបង ហើយគេមិនឃើញម្ចាស់គ្រឿងចក្រ ធ្វើតាមលក្ខណៈបច្ចេកទេសនោះឡើយ ដោយ សង្ស័យមានការបើកដៃពីខាងមន្ទីររ៉ែនិងថាមពល ខេត្តប៉ៃលិន។
ប្រជាពលរដ្ឋ បានខ្សឹបថា សព្វថ្ងៃពួកគាត់ សង្កេតឃើញ ក្រុមឈ្មួញខាងលើ បាននាំគ្នា យកគ្រឿងចក្រទៅជីកកកាយដីដឹកលក់យ៉ាងគគ្រឹកគគ្រេង អស់រយៈពេលជាយូរមកហើយ ដោយដឹកឆ្លងកាត់ភូមិនានាក្នុងក្រុង បណ្តាល ឱ្យធ្លាក់ជ្រុះដីពេញផ្លូវ និងហុយកម្ទេចធូលីតាមផ្លូវ និងជះចូលពេញផ្ទះប្រជាពលរដ្ឋ បង្កឱ្យប៉ះពាល់ទាំងការរស់នៅ ការធ្វើដំណើរ ពិសេសប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋក្មេងចាស់ទៀតផង។ សោភណភាពក្រុងប៉ៃលិន រាល់ថ្ងៃ ដូចចុះអ័ព្ទ ព្រោះមានដីហុយទ្រលោម មិនដាច់ ចំណែកអ្នកធ្វើដំណើរដោយម៉ូតូ ទៅ ចូលរួមពិធីផ្សេងៗ ស្លៀកសម្លៀកបំពាក់ល្អៗ ទម្រាំធ្វើដំណើរដល់គោលដៅ ត្រូវដីហុយប្រឡាក់ ខោអាវខ្ទេចអស់ រីឯសក់ក្បាល ក៏ត្រូវដីកាន់ ឡើងកន្ទ្រើងអស់ដែរ។
ប្រជាពលរដ្ឋ បានខ្សឹបឱ្យឮបន្តថា ក្រុមឈ្មួញទាំងនោះ មានរថយន្តចំនួន៤គ្រឿង ហើយពេលដឹកចេញពីកន្លែងជីកកកាយ យកទៅលក់នៅក្នុងក្រុងប៉ៃលិនម្តងៗ អត់ឃើញមានគ្របស្បៃពីលើ ដើម្បីការពារដីហុយ ឬជ្រុះ ឱ្យបាន ត្រឹមត្រូវនោះឡើយ ហើយការដឹកជញ្ជូនក៏អត់មានស្រោចទឹកលើដងផ្លូវ ដើម្បីកុំឱ្យហុយចូលទៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋដែរ។ ម៉្យាងវិញទៀត ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋស្ទើរតែរកពេលចេញទៅធ្វើការ ប្រកបរបរចិញ្ចឹមជិវិតមិន បាននោះឡើយ ដោយសាររវល់តែបោសជូត ផ្ទះ តាំងពីព្រឹកព្រលឹមរហូតដល់ថ្ងៃល្ងាច ព្រោះថា មានកម្ទេចដីហុយចូលពេញផ្ទះ មើលមិនយល់នោះទេ។
ប្រជាពលរដ្ឋ បានខ្សឹបបន្តទៀតថា ករណីនេះ គួរណាស់តែខាងអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ ធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកដី ឬក្រុមឈ្មួញខាងលើ ឱ្យគិតគូរពីសុខភាពផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋផង មិនត្រូវគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនបែបនេះទេ ព្រោះធូលីដីមានផលប៉ះពាល់ដល់សុខភាពខ្លាំងណាស់ ពិសេស ធ្វើឱ្យក្មេងតូចៗ កើតមានជំងឺរលាកបំពង់ក រលាកផ្លូវដង្ហើម ផ្តាសាយ ត្រូវចំណាយលុយព្យាបាលអស់មិនតិចទេ។ លើសពីនេះ រថយន្តដឹកដីទាំងនោះមួយចំនួន អត់ឃើញមានស្លាកលេខត្រឹមត្រូវទេ សង្ស័យអត់មានបង់ពន្ធជូនរដ្ឋផង ក៏មិនដឹង ព្រោះគិតរឿងលុយពេក…។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបប្រាប់ ខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណាទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ ក៏ដូចជាក្រុមឈ្មួញបានទេ កាលពីម្សិលមិញ។ យ៉ាងណាយើង រង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់៕
ខៀវទុំ