ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ ដែលកំពុងបន្តយុទ្ធនាការ ៣០ថ្ងៃ រៃអង្គាសប្រាក់យកទៅជួយសាងសង់ចេតិយរបស់លោកបណ្ឌិតកែម ឡី បានធ្វើការរិះគន់ដល់ក្រុមបក្សប្រឆាំងគណបក្សសង្គ្រោះ ជាតិ ថាបានកាង និងកេងចំណេញនយោបាយ លើសពលោកបណ្ឌិតកែម ឡី រួចហើយដោះដៃចោល សូម្បីចេតិយលោកបណ្ឌិតកែម ឡី ក៏មិនខ្ចីរវីរវល់ជួយរកថវិកាសាងសង់។
ក្នុងយុទ្ធនាការថ្ងៃទី១៦ នៃការរៃអង្គាស ប្រាក់ជួយសង់ចេតិយលោកបណ្ឌិតកែម ឡី គណបក្សយុវជនកម្ពុជា បានទៅដល់ផ្សារព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។
លោកពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា បានបញ្ជាក់ថា ដើម្បីរំលឹកគុណ និងជាការគោរពស្រលាញ់លោកបណ្ឌិតកែម ឡី ទាំងអស់គ្នា គួរតែចេញធ្វើសកម្មភាព តបស្នង ជូនលោកបណ្ឌិត តាមដែលអាចធ្វើទៅបាន ហើយរួមគ្នាកែប្រែនូវសង្គមអាក្រក់ មកជាសង្គមល្អវិញ តាមរយៈការធ្វើអំពើល្អ ផ្តើមចេញពីខ្លួនផ្ទាល់។ ការចូលរួមរបស់ បងប្អូនខ្មែរ គឺជាការបង្ហាញនូវទឹកចិត្តគោរព ស្រលាញ់លោកបណ្ឌិតកែម ឡី ដែលជាបណ្ឌិតដ៏កម្ររកបាននៅក្នុង ប្រទេសកម្ពុជា។
ភ្ជាប់ជាមួយចំណុចនេះ លោកពេជ្រ ស្រស់ បានធ្វើការរិះគន់ថា បើគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង មានកំណើតម៉្លេះ ចេតិយលោកបណ្ឌិតកែម ឡី នឹងសាងសង់រួចរាល់ទៅហើយ មិនមែននៅមេម៉ាយដូចពេលនេះទេ ព្រោះបើមើលទៅក្រោយបន្តិចវិញ គឺបក្សសង្គ្រោះជាតិនេះឯង ជាបក្សកាងសព លោកបណ្ឌិតកែម ឡី ហើយបានវាតទីកេងយកចំណេញនយោបាយ ចូលបក្សខ្លួនតែម្តង ប៉ុន្តែ ដល់ពេលសពលោកបណ្ឌិតកែម ឡី ត្រូវការចេតិយមួយ គឺមិនឃើញក្រុមបក្សសង្គ្រោះជាតិណាមួយចេញមុខអះអាងជួយនោះឡើយ ប៉ុន្តែបើសិនជាបក្សសង្គ្រោះជាតិ ត្រូវការអ្វីមួយនោះ គឺមេដឹកនាំបក្សមួយនេះ ចេញមុខប្រកូកប្រកាសរៃអង្គាសភ្លាម ដូចជាការបង្កើតទូរទស្សន៍សង្គ្រោះជាតិ ក្រុមមេដឹកនាំបក្សនេះ ចេញមុខរៃលុយពីប្រជាពលរដ្ឋ បានរាប់សែនដុល្លារ ហើយមកដល់ពេលនេះ ទូរទស្សន៍សង្គ្រោះជាតិ មិនដឹងនៅទីណាទេ។ មួយទៀត ក្រោយពេលច្បាប់គណបក្សនយោបាយថ្មី ចូលជាធរមានភ្លាម មេដឹកនាំបក្សសង្គ្រោះជាតិ ចេញមុខប្រកាសរៃ លុយភ្លាមដែរ គឺរៃលុយផ្លាស់ប្តូរស្លាកបក្សថ្មី។ ដូច្នេះអាចសន្និដ្ឋានបានថា បក្សសង្គ្រោះជាតិ គិតតែពីប្រយោជន៍បក្សខ្លួន និងប្រយោជន៍ផ្ទាល់ខ្លួន រីឯប្រយោជន៍អ្នកដទៃ និងប្រយោជន៍រួម គឺស្ងាត់ឱ្យឈឹង។
ក្នុងន័យនេះ លោកពេជ្រ ស្រស់ បានលើកឡើងថា បក្សសង្គ្រោះជាតិ គឺពូកែនិយាយ និងពូកែយកមុខមាត់ ប៉ុន្តែមិនពូកែធ្វើ។ ដោយមើលឃើញចំណុចអវិជ្ជមានរបស់បក្សសង្គ្រោះជាតិ យ៉ាងដូច្នេះហើយ ទើបលោកបានផ្តួចផ្តើម គំនិតបង្កើតយុទ្ធនាការ៣០ថ្ងៃ រៃអង្គាសថវិកា ដើម្បីចូលរួមសាងសង់ចេតិយជូនសពលោកបណ្ឌិតកែម ឡី នេះឡើង។
លោកពេជ្រ ស្រស់ ក៏បានបញ្ជាក់ដែរថា មិនត្រឹមតែគណបក្សប្រឆាំងទេ សូម្បីតែគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិតកែម ឡី ពីមុន ក៏ស្ងាត់សកម្មភាព។ ផ្ទុយទៅវិញ លោកសូមកោតសរសើរដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទោះទទួលរងការរិះគន់ វាយប្រហារពីក្រុមប្រឆាំងយ៉ាងណា ក៏សម្តេចនៅមានចិត្តចូលរួមធ្វើបុណ្យជាមួយក្រុមគ្រួសារ លោកបណ្ឌិតកែម ឡី ដោយបានចូលបុណ្យចំនួន១ម៉ឺនដុល្លារ និង បានឧបត្ថម្ភក្នុងការសង់ចេតិយ លោកកែម ឡី ចំនួន៥ម៉ឺនដុល្លារទៀត។
លោកពេជ្រ ស្រស់ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ថា “បាទ! ទី១ ខ្ញុំចង់រំលឹកប្រវត្តិ កាលពីគេធ្វើឃាត លោកកែម ឡី ភ្លាមៗ យើងឃើញថា តំណាងរាស្ត្រខាងគណបក្សប្រឆាំង គឺសស្រាក់សស្រាំ ទាំងអស់ ទាំង៥៥រូប ទាំងថ្នាក់កំពូល ទាំងថ្នាក់មិនកំពូល គឺទៅចូលរួមទៅអី អាហ្នឹងខ្ញុំសាទរ មួយហើយ ខ្ញុំឃើញថា គាត់យកចិត្តទុកដាក់ជាមួយជនរងគ្រោះ ទាំងខ្ញុំអីក៏ទៅដែរ។ ប៉ុន្តែ ក្រោយមកទៀត យើងមើលឃើញថា វាគួរឱ្យ ចាប់អារម្មណ៍ ដូចជាការធ្វើបុណ្យ១០០ថ្ងៃ ដែលខ្វះបបរ៨ពាន់ដុល្លារ ក៏សង្គ្រោះជាតិ ធ្វើមិនដឹង ហើយដល់ពេលគេមានគម្រោងធ្វើចេតិយទៀត ក៏សង្គ្រោះជាតិ ធ្វើតែមិនដឹង។ ចំណុចនេះដែល ខ្ញុំមើលឃើញថា សង្គ្រោះជាតិ គឺគាត់ជំនាញខាងទាញប្រជាប្រិយភាពពីជនរងគ្រោះ ប៉ុន្តែ មិនបានជួយជនរងគ្រោះអ្វីទាំងអស់ ហើយបើសិនយើងវិលត្រឡប់ទៅក្រោយវិញ ព្រឹត្តិការណ៍ដែលគណបក្សសង្គ្រោះជាតិ ធ្វើខ្លួនឯង ដូចជា ការរៃអង្គាសថវិកាធ្វើទូរទស្សន៍ព្រះអាទិត្យ ដូចជាការរៃអង្គាសធ្វើស្លាកគណបក្សថ្មី គឺពួកគាត់ថ្នាក់ដឹកនាំកំពូលហ្នឹង គឺសស្រាក់សស្រាំមែនទែន គឺអំពាវនាវ ហើយទាំងលុយរៃអង្គាសមក ផ្គត់ផ្គង់បោះឆ្នោតទៀត គឺពួកគាត់ធ្វើដោយបែងចែកក្រុមធ្វើទៀត មានអ្នកនៅក្រៅប្រទេស នៅក្នុងប្រទេស៘និង៘ អ៊ីចឹងទៅ។ ដល់ពេលលោកបណ្ឌិតកែម ឡី លោកកឹម សុខា ដែលធ្លាប់និយាយថា គោរពស្រលាញ់ ហើយនឹងដើរតាមមាគ៌ា នៃទស្សនៈរបស់លោកបណ្ឌិត កែម ឡី ដល់ពេលគ្រាន់តែចេតិយ១៧ម៉ឺនលោកកឹម សុខា ១ម៉ាត់មិនក្អកផង មួយម៉ាត់មិនរៃអង្គាស ដើម្បីជួយសាងសង់ផង។ អ៊ីចឹងបានខ្ញុំអាចនិយាយបានថា គណបក្សសង្គ្រោះជាតិ គឺគាត់ពូកែតែយកប្រជាប្រិយភាពពីជនរងគ្រោះ និងពូកែយកមុខមាត់ ប៉ុន្តែចូលបក្សខ្លួនទេ ដល់ពេលចូលសាច់ការមិនបាន ជួយទៅដល់ជនរងគ្រោះ ហើយមិនបានឈឺឆ្អាល សុខទុកអ្នកដទៃពិតប្រាកដនោះឡើយ”។
លោកពេជ្រ ស្រស់ បានបន្តថា “ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្ញុំអត់មាន Comment អីទេ ពីព្រោះជាការចូលបុណ្យរបស់មនុស្សម្នាក់ ឬក៏ជាមនុស្សមួយរូបដែលគិតថា ជារឿងបុណ្យ។ អ៊ីចឹងខ្ញុំក៏មើលឃើញថា ចេតនារបស់គាត់ជាចេតនាជាការចូលបុណ្យទេ អត់មានចេតនាអីក្រៅពីមើលទៅជាចេតនាចូលបុណ្យ។ ដូច្នេះខ្ញុំអត់មានយោបល់អីទាក់ទង នឹងលោកហ៊ុន សែន ទេ ប៉ុន្តែក៏ខ្ញុំសរសើរលោក ហ៊ុន សែន ដែរ ដែលរងការចោទប្រកាន់ពី មជ្ឈដ្ឋានប្រឆាំងពីលោកសម រង្ស៊ី ផង ប៉ុន្តែគាត់នៅតែយកលុយទៅចូលបុណ្យសពលោកបណ្ឌិត កែម ឡី ដដែល។ ខ្ញុំសរសើរលោកហ៊ុន សែន ចំណុចហ្នឹងមួយ ហើយបើសិនជាខ្ញុំវិញ ពិបាកនឹងធ្វើបន្តិច ប៉ុន្តែលោកហ៊ុន សែន គាត់ធ្វើបានពីព្រោះអី? មជ្ឈដ្ឋានក្តី ទាំងលោកសម រង្ស៊ី ក្តី ចោទលោកហ៊ុន សែន ថា អ្នកអ៊ីចេះអ៊ីចុះ អាហ្នឹង តាមឮព័ត៌មានកន្លងមក ប៉ុន្តែលោកហ៊ុន សែន នៅតែបន្តធ្វើបុណ្យ ហើយជ្រោមជ្រែងធ្វើចេតិយ លោកកែម ឡី ទៀត។ អាហ្នឹងខ្ញុំសរសើរចិត្តគាត់កន្លែងហ្នឹងមួយ ចិត្តអត់ធ្មត់ ពីព្រោះខ្ញុំនិយាយនេះ អត់កាន់ជើងលោកហ៊ុន សែន ទេ ប៉ុន្តែខ្ញុំយោងសកម្មភាពជាក់ស្តែង ការពិតនៅក្នុងព្រឹត្តិការណ៍សង្គមបែបហ្នឹង គឺខ្ញុំនិយាយអ្វី ដែលខ្ញុំមើលឃើញ ហើយបើលោកកែម ឡី នៅ ក៏គាត់និយាយអ្វីដែលគាត់មើលឃើញ ហើយការពិតដែរ។ ដូច្នេះដើម្បីឱ្យតុល្យភាពនៃការស្រលាញ់លោកបណ្ឌិតកែម ឡី កុំនិយាយតែមាត់ យើងត្រូវចេញសកម្មភាពទាំងអស់គ្នា មិនមែនតែគណបក្សយុវជនកម្ពុជា មិនមែនតែលោកហ៊ុន សែន មិនមែនតែអ្នកណាទេ គឺប្រជាពលរដ្ឋដែលគោរពស្រលាញ់លោកបណ្ឌិត កែម ឡី ជាពិសេស គឺគណបក្សប្រឆាំង ដែលខ្លួនឯងអួតថា តម្កើងលោកបណ្ឌិតកែម ឡី ជាវីរបុរស ឬក៏ជាអ្នកស្នេហាជាតិ ដែលគេតម្កើងនោះ សូមឱ្យចេញធ្វើសកម្មភាព ហើយរៃអង្គាសថវិកា ដើម្បីសាងសង់ចេតិយ ដើម្បីឱ្យសមនឹងអ្វីដែលខ្លួនឯងតម្កើង។ អាហ្នឹងគឺប្រសើរ ហើយបញ្ចេញសកម្មភាពដែលថា យើងគោរពស្រលាញ់ លោកបណ្ឌិតកែម ឡី ពិតប្រាកដមែន។ ដូចខ្ញុំ ចុះរៃបច្ចុប្បន្ននេះ ខ្ញុំអត់ទាន់មានសុទិដ្ឋិនិយមណាមួយថា លុយហ្នឹងវានឹងគ្រប់គ្រាន់នៅក្នុងការសាងសង់ទេ។ អ៊ីចឹងទោះបីយ៉ាងណាក៏ដោយ ទោះបីបានលុយតិចឬច្រើន ក៏ជាការចូលរួមពីខាងគណបក្សយុវជនកម្ពុជាដែរ។ អ៊ីចឹង ខ្ញុំសុំឱ្យអ្នកដែលមានអ្នកគាំទ្រច្រើនជាងគណបក្សយុវជនកម្ពុជា ដូចជាគណបក្សសង្គ្រោះជាតិ នេះ និយាយឬក៏រៃអង្គាស ដើម្បីពន្លឿននៃការសាងសង់ចេតិយជូនលោកបណ្ឌិតកែម ឡី ឱ្យឆាប់ហើយ។ យើងកុំប្រកាន់ ហើយកុំមើលបំណាំគ្នា បើសិនជាអ្នកស្រលាញ់លោកបណ្ឌិត កែម ឡី ពិតប្រាកដ អ្នកនឹងចេញធ្វើសកម្មភាពតែម្តង គឺខាងលោកកឹម សុខា ហ្នឹង។ បើមិនដូច្នេះទេ គឺគណបក្សសង្គ្រោះជាតិ ស៊ីកេរ តែអ្នកជនរងគ្រោះតែប៉ុណ្ណោះ។ មានន័យថា យកប្រជាប្រិយភាព តែពីជនរងគ្រោះតែប៉ុណ្ណោះ តែមិនដែលបានសង្គ្រោះជនរងគ្រោះនោះឡើយ”។
លោកពេជ្រ ស្រស់ បានបន្តទៀតថា “ចំពោះព្រះតេជគុណប៊ុត ប៊ុនតិញ និងលោកប៉ា ងួនទៀង ខ្ញុំមានការសោកស្តាយជាទីបំផុត ពីព្រោះថា ពីកន្លងមក ខ្ញុំឃើញគណៈកម្មការមុនហ្នឹង សស្រាក់សស្រាំ ដុតដៃដុតជើងណាស់ រឿងលោកបណ្ឌិតកែម ឡី ប៉ុន្តែដល់ទីបញ្ចប់ បែរទៅជាអស់លោក និងព្រះសង្ឃអង្គនោះ នាំគ្នាដើរចេញ ដោយមិនស្រណោះ មិនមានគំនិតជ្រោមជ្រែងសកម្មភាពលោកបណ្ឌិតកែម ឡី បន្តទៅទៀត ហើយយកលេសអ៊ីចេះ យក លេសអ៊ីចុះ មកដាក់ខ្លួន ដើម្បីដើរចេញឱ្យឆ្ងាយពីព្រឹត្តិការណ៍របស់លោកបណ្ឌិតកែម ឡី។ ខ្ញុំមានការសោកស្តាយ បំផុតចំពោះបុគ្គលទាំងហ្នឹង ដែលអួតស្រែកខ្ទរខ្ទារតាមប្រព័ន្ធផ្សព្វផ្សាយនានា ប៉ុន្តែចុងក្រោយ រកសាច់ការមិនបាន។ បានតែមាត់ បានតែក្អេងក្អាង ប៉ុន្តែដល់ពិតប្រាកដ លុយ១៧ម៉ឺនដុល្លារ បើសិនជាព្រះតេជគុណប៊ុត ប៊ុនតិញ ចេញមុខរៃអត់ខ្វះទេ ពីព្រះអង្គជាព្រះសង្ឃមួយគេគោរពដែរ។ អាហ្នឹងខ្ញុំនិយាយពីព្រះសង្ឃប៊ុត ប៊ុនតិញ ចុះទម្រាំលោកប៉ា ងួនទៀង ទៀត ជាអគ្គនាយកវិទ្យុមួយដែលល្បីល្បាញដែរ គាត់ដាក់មូលនិធីវិទ្យុគាត់ទៅ អាហ្នឹង គឺខ្ញុំគិតថា លុយ ១៧ម៉ឺន បើនិយាយចំ បើស្រុះគ្នា មិនចាំបាច់ដល់លោកហ៊ុន សែន ចូល៥ម៉ឺនដុល្លារផង គឺលើស ១៧ម៉ឺនទៀត ប៉ុន្តែពួកហ្នឹង គឺស៊ីកម្អែលរបស់ជនរងគ្រោះ។ និយាយឱ្យចំ ស៊ីកម្អែលរបស់សព លោកបណ្ឌិតកែម ឡី តែម្តង ដើម្បីខ្លួនឯងមានប្រជាប្រិយភាព ហើយឱ្យគេស្រលាញ់ខ្លួនឯង ឱ្យបានច្រើន។ ប៉ុន្តែពួកហ្នឹងអត់មានចេតនាណាមួយស្មោះត្រង់ជាមួយនឹងលោកបណ្ឌិតកែម ឡី ទេ គឺសម្តែងឱ្យគេមើល ខ្ញុំហ៊ាននិយាយអ៊ីចឹង។ បើសិនជាគាត់ពិតប្រាកដមែននោះ គឺគាត់ចេញធ្វើសកម្មភាពដូចខ្ញុំអ៊ីចឹង ប៉ុន្តែជាចុងបញ្ចប់ គឺអត់មានទេ ហើយយកលេសថា ចេតិយមិនសូវសំខាន់ទេ សំខាន់គោលគំនិត សំខាន់ប្រតិបត្តិសំខាន់ ឯណាឯណី អាហ្នឹងជារឿងលេស។ ដូច្នេះទី១ ខ្ញុំអំពាវនាវឱ្យអ្នកដែលកែម ឡី និយម គ្រប់គណបក្សនយោបាយទាំងអស់ ក្រោកឈរ ឡើង ដើម្បីជ្រោងធ្វើសកម្មភាព ដើម្បីតម្កល់នូវកិត្តិយសរបស់លោកបណ្ឌិតកែម ឡី ដែលយើងបានតម្កល់លោកជាវីរជន ឬក៏អ្នកស្នេហាជាតិ ឬក៏អ្នកដែលតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ។ អ៊ីចឹងសុំឱ្យអ្នកកែម ឡី និយមទាំងអស់ គ្រប់គណបក្សនយោបាយហ្នឹង រួមគ្នាធ្វើកិច្ចការងារដោះស្រាយបញ្ហាចំពោះមុខ ជាមួយលោក បណ្ឌិតកែម ឡី ដូចជាការសាងសង់ចេតិយរបស់លោកបណ្ឌិតកែម ឡី ធ្វើយ៉ាងណាឱ្យឆាប់ហើយ ដើម្បីតម្កល់ទុកឱ្យកូនខ្មែរ ទៅគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិតកែម ឡី ទី១។ ទី២ យើងស្រុះគ្នា ដើម្បីទាមទាររកយុត្តិធម៌ពិតប្រាកដ។ និយាយ ឱ្យខ្លីឱ្យឃាតករពិតប្រាកដ មកទទួលទោសតាមផ្លូវច្បាប់ ដែលច្បាប់បានចែង។ អ៊ីចឹងក្នុងនាម អ្នកកែម ឡីនិយម ដែលលើកតម្កើងគាត់ជាវីរជននោះ ត្រូវតែងើបទាំងអស់គ្នាឡើង កុំរបៀប ថាតែមាត់ តែសាច់ការ មិនហ៊ានអើតក្បាល មិនហ៊ានចេញកន្ទុយ អាហ្នឹងគេហៅថា បានត្រឹមតែរុញឱ្យខ្លោច រោចឱ្យឆៅ។ អ៊ីចឹងសុំឱ្យ អ្នកកែម ឡីនិយមគ្រប់បក្ស ចេញមកទាំងអស់គ្នាមក ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ហើយចេញបានកន្លះខែហើយ តែមិនដឹងថា លទ្ធផលជោគជ័យប៉ុនណា ប៉ុន្តែយ៉ាងហោចណាស់ក៏ខ្ញុំបានដើរចេញធ្វើសកម្មភាព មុនអស់លោកថា ពួកកែម ឡីនិយមហ្នឹង បានមុនដែរ។ អ៊ីចឹង សំណូមពរជាចុងក្រោយ សូមឱ្យអ្នកកែម ឡី ទាំងអស់ ក្រោកឈរឡើង ដើម្បីដោះបញ្ហាចំពោះមុខ ជូនក្រុមគ្រួសារលោកបណ្ឌិតកែម ឡី ជាពិសេស សាងសង់កន្លែងបូជាលោកបណ្ឌិត កែម ឡី ឱ្យសមស្របនឹងអ្វីដែលយើងតម្កើង លោកថា ជាវីរជន”។
ទោះយ៉ាងណា ពាក់ព័ន្ធនឹងការលើកឡើង រិះគន់របស់លោកពេជ្រ ស្រស់ ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បំភ្លឺឆ្លើយតបពី លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានទេ កាលពីម្សិលមិញ។
ប៉ុន្តែលោកអ៊ូ ច័ន្ទរ័ត្ន ក្នុងនាមជាអភិបាលរង នៃក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអ្នកដែលធ្លាប់ស្នើទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីតម្កល់រូបសំណាកលោកបណ្ឌិតកែម ឡី នៅទីលាន ប្រជាធិបតេយ្យចាស់ ទុកឱ្យសារធារណជនគោរព បូជា ឬចាត់ទុកជាវីរជននោះ បានចេញមុខបដិសេធថា គណបក្សសង្គ្រោះជាតិ មិនដែលមានចេតនា កាងកេងចំណេញនយោបាយលើសពលោកបណ្ឌិតកែម ឡី នោះទេ។
លោកអ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា “តាមពិតជាជំហរគណបក្សៗអត់ដែលទៅកាង ដើម្បីកេងចំណេញនយោបាយអីពីសពលោកបណ្ឌិត កែម ឡី ទេ។ ប៉ុន្តែយើងមានសមានចិត្ត ដោយសារយើងយល់ថា ជាបុគ្គលដែលប្រសើរក្នុងសង្គម ជាបុគ្គលដែលកម្រ ជាបុគ្គលដែលហ៊ានលះបង់ចំពោះប្រទេសជាតិ។ ម៉្លោះហើយ យើងលើកតម្កើង និងគោរពគាត់ ហើយការដែលចូលរួមក្នុងរឿងរកបច្ច័យ រកអីនេះ ខ្ញុំអបអរសាទរ ដែលខ្ញុំឃើញចេញមុខចេញមាត់ ដើម្បីស្វែងរកបច្ច័យជួយកសាងចេតិយអីហ្នឹង វារឿងល្អហើយ វាជារឿងបុណ្យផង មែនទែនទៅគាត់ ធ្វើទៅបានបុណ្យខ្លួនឯងផង។ ប៉ុន្តែស្អីដែលសំខាន់ វាអ៊ីចេះ យើងឃើញយើងមិនមែននៅស្ងៀម មិនចង់អើពើទេ ប៉ុន្តែយើងឃើញមានការចូលរួមពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយនិងមានឃើញការចូលរួមពីគណៈកម្មការបុណ្យ សពហ្នឹង ដែលជាញាតិសន្តាន ហើយយើងគិតថា មិនទាន់ឃើញកន្លែងណាមួយច្បាស់លាស់ ថាយ៉ាងម៉េច តើអ្នកណាជាអ្នកគ្រប់គ្រងការ សាងសង់ហ្នឹង? គណៈកម្មការបុណ្យសពកែម ឡី មុននោះ មានព្រះអង្គប៊ុត ប៊ុនតិញ ហាក់ដូចជា អត់មានតួនាទីអីក្នុងហ្នឹង។ ដល់អ៊ីចឹងទៅយើង ក៏មិនដឹងជួយតាមរយៈណា ទី១ ហើយតើគណៈកម្មការហ្នឹង ចង់ឱ្យយើងជួយយ៉ាងម៉េចតទៅទៀត? យើងអត់ច្បាស់ទេ មកដល់ថ្ងៃនេះ ហើយជាជំហរគណបក្សៗអត់ដែលតាមឃាឃាំង ឬក៏ទៅកាង ដើម្បីនយោបាយអីអត់មានទេ។ កាលពីដើមមក ការដែលខ្ញុំធ្វើជារូបសំណាក់ ជាអីនេះ វាជាការគោរពនិងកោតក្រែងរបស់ខ្ញុំទេ ហើយខ្ញុំជាអ្នកតំណាងរាស្ត្រខេត្តតាកែវផង ខ្ញុំយល់ថា វាជាកាតព្វកិច្ចរបស់ខ្ញុំ ក្នុងនាមអ្នកតំណាងរាស្ត្រហ្នឹង បានខ្ញុំស្វះស្វែងដើម្បីស្នើសុំដាក់រូបសំណាក នៅទីលានប្រជាធិបតេយ្យ ហ្នឹង ហើយបានសាងសង់រូបសំណាកអីហ្នឹង ដូចថាខ្ញុំជាតំណាងរាស្ត្រ ហើយអត់មានទៅគិតគូរថា ចំណេញនយោបាយ មិនចំណេញអី អត់មានទេ ហើយមែនទែនទៅធ្វើដើម្បីបុណ្យកុសលផ្ទាល់ខ្លួនផង។ ហើយខ្ញុំយល់ការបន្ទន់ឥរិយាបថរបស់នាយករដ្ឋមន្ត្រី ពេលក្រោយនេះ ក៏វាជាការល្អ បើចូលរួមដោយសុទ្ធចិត្ត។ ចំណែកលោកពេជ្រ ស្រស់ អំពាវនាវ ជាការល្អ សម្រាប់គាត់ហើយ ជាបុណ្យកុសលសម្រាប់គាត់ ជាមុខមាត់គាត់ ហើយគណបក្សសង្គ្រោះជាតិ អត់មានទៅរារាំងអីទេ ហើយក្នុងកាលៈទេសៈ ដែលយើងមានលទ្ធភាព ហើយគណៈកម្មការ អំពាវនាវ ត្រូវការជាចាំបាច់ អាហ្នឹងយើងអាច នឹងពិចារណាចូលរួមទៀតទៅ។ គណបក្សសង្គ្រោះជាតិ តាំងពីដើមមក មិនដែលអះអាងថា ខ្លួន នឹងចេញមុខសម្រាប់កម្មវិធី ឬក៏បញ្ហាសពលោកបណ្ឌិត ឬក៏បុណ្យទានអីហ្នឹង យើងទៅចូលរួម ក្នុងនាមបុគ្គល ឬក្នុងនាមប្រតិភូ អាហ្នឹងយើង គ្រាន់តែចូលដើម្បីបំពេញបុណ្យកុសលទេ។ ការដែលគណបក្សផ្សេងចូលរួមធ្វើចេតិយ ធ្វើអីហ្នឹង ខ្ញុំអបអរសាទរមែនទែន ប៉ុន្តែសម្រាប់សង្គ្រោះជាតិ ខ្ញុំអត់ទាន់ឮមានការជជែកគ្នាអីទេ តាមអ្វីដែលខ្ញុំបានដឹង ហើយខ្ញុំក៏មិនទាន់បានពិចារណា ព្រោះខ្ញុំឃើញការសាងសង់ហ្នឹង រហូតដល់១៧ម៉ឺន ហើយមិនដឹងថា ការគូសវាសប្លង់របៀប ម៉េច ខ្ញុំអត់ដឹង។ បើសិនជាខ្ញុំបានដឹងច្រើនជាងហ្នឹង ខ្ញុំអាចនឹងជួយអំពាវនាវជាបុគ្គល ជាសន្តានចិត្តរបស់ខ្ញុំ តែខ្ញុំអត់ទាន់ឃើញ ហើយគណៈកម្មការហ្នឹង រយៈពេលកន្លងមក ហាក់ដូចជាមានការចោទគ្នាទៅវិញទៅមកទៀតទៅ វាធ្វើឱ្យយើងស្រពេចស្រពិល។ ដល់អ៊ីចឹងទៅ មិនដឹងយ៉ាងម៉េច ឥឡូវឃើញមានការសម្របសម្រួលគ្នា ជជែកគ្នារកប្ញសរកគល់អីទៅ ខ្ញុំក៏អបអរសាទរ។ ប៉ុន្តែយើងនឹងពិនិត្យមើល និងជជែក គ្នានៅក្នុងបក្សមួយ អាចជួយយ៉ាងម៉េចបាន ព្រោះវាជារឿងយើងទាំងអស់គ្នាទេ”។
លោកអ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍បន្តថា “ចំពោះការរិះគន់ផ្សេងទៀតរបស់លោកពេជ្រ ស្រស់ មែនទែន ជាការរិះគន់របស់គាត់ ជាមតិ ជាសិទ្ធិរបស់គាត់ៗយល់ថាម៉េច អាហ្នឹង រឿងរបសគាត់ ប៉ុន្តែខ្ញុំមិនចង់តបតអីជាមួយ គាត់ទេ មែនទែនទៅ វានៅរឿងច្រើន រឿងស្លាករឿងអីនេះ ដោយសារវារឿងចាំបាច់ ហើយជារឿងបន្ទាន់ ដែលក្នុង រយៈពេលក្រោយនេះ មានការគាបសង្កត់ផ្នែកផ្លូវច្បាប់ គណបក្សនយោបាយ ទើបនឹងចេញហ្នឹង វាប៉ះពាល់ដល់គណបក្សសង្គ្រោះជាតិ។ អ៊ីចឹងហើយបានយើងស្វះស្វែង ដើម្បីរកការគាំទ្រ ធ្វើកិច្ចការដែលជាបន្ទាន់ ហ្នឹង ហើយយើងនឹងមិននៅស្ងៀមទេ យើងនឹងពិចារណាថា ជួយរបៀបម៉េច? ព្រោះអ្នកដែលចូលរួមជួយ ទាំងរឿងសាងសង់ក្តី រឿងបុណ្យសពលោកបណ្ឌិតក្តី ភាគច្រើ់នសុទ្ធតែជាសមាជិកគណបក្សសង្គ្រោះជាតិទេ តាមដែលខ្ញុំពិនិត្យឃើញ។ ដូច្នេះអានេះជាការចូលរួមរួចទៅហើយមែនទែន ដែលយើងមិនបានទៅប្រកាស ដើម្បីចំណេញនយោបាយ ដើម្បីឃើញថា សង្គ្រោះជាតិ ហ្នឹង ចង់បានការកេងចំណេញនយោបាយ អីនោះ អ៊ីចឹងបានយើងមិនមាត់ហ្នឹង ប៉ុន្តែជា ការចូលរួម យើងឃើញហើយ ភាគច្រើនសុទ្ធតែសមាជិកគណបក្សសង្គ្រោះជាតិ។ ចេតិយ លោកបណ្ឌិតកែម ឡី ខ្ញុំគិតថា វាមានសារសំខាន់ បើសិនជាបងប្អូនគោរពស្រលាញ់គាត់ ផ្តល់កិត្តិយសដល់គាត់ និងក្រុមគ្រួសារ គួរតែ ចូលរួមចំណែកទៅ មិនថាបក្សណាជាបក្សណាទេ ក្នុងនាមបក្សក៏ដោយ ក្នុងនាមបុគ្គលផ្ទាល់ខ្លួនក៏ដោយ យើងគួរតែចូលរួមទៅ ហើយវាជាចំណែកនៃបុណ្យកុសល សម្រាប់បុគ្គលដែលចូលរួមហ្នឹងផង”។
ដោយឡែក ព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌ សង្គម និងធ្លាប់ជាគណៈកម្មការរៀបចំបុណ្យសពលោកកែម ឡី ពីមុនបានបញ្ជាក់ថា រឿងកិច្ចការរកប្រាក់សង់ចេតិយ ជូនលោកបណ្ឌិតកែម ឡី នោះ មិនមែនព្រះអង្គមិនគិតគូរនោះទេ ប៉ុន្តែដោយសារព្រះអង្គ គ្មានពេលវេលាគ្រប់គ្រាន់ ក៏ប្រគល់ភារកិច្ចនេះ ឱ្យគណៈកម្មការថ្មី ឯព្រះអង្គសុំដកខ្លួន។
ព្រះតេជគុណប៊ុត ប៊ុនតិញ បានមានពុទ្ធដីកាថា “អាត្មាអត់ចាប់អារម្មណ៍ទេ អាត្មាឃើញ អស់ហើយ ព័ត៌មានហ្នឹង វាអត់មានអីនឹងឆ្លើយតបនឹងកិច្ចការអស់ហ្នឹងទេ យើងបានចែកផែនការគ្នា មានពេលវេលាដែលត្រូវធ្វើ ហើយពួកអាត្មា បានប្រកាសជំហរហើយថា យើងអត់មានពេលគ្រប់គ្រាន់ក្នុងការបន្តការងារហ្នឹងទេ ហើយបាន និយាយថា ពេលវេលាការងារនេះ គឺនៅលើគណៈកម្មការថ្មី ដែលត្រូវបានបង្កើតឡើងមាន លោកងឿន ចាន់ងី ញោម ភោគ សេ ញោមសៅ កុសល ហើយនិងលោករី ហើយមួយទៀត លោកកែម រិទ្ធិសិទ្ធិ។ អ៊ីចឹង ការងារហ្នឹងយើង បានធ្វើការចប់បរិបូណ៌ហើយ វាអត់មានអីប្លែក ហើយអត់ចាប់អារម្មណ៍ទេ រឿងគណៈកម្មការ ហ្នឹង។ យើងបាននិយាយគ្នាអស់ហើយថា យើងអត់មានពេល ហើយយើងគាំទ្រអ្នកណាដែលអាចរួមចំណែក ដែលអាចធ្វើបាន ក៏ឱ្យគេធ្វើ ចុះបើសិនជាយើងធ្វើតែម្នាក់ យើងទៅមុខ មិនរួច យើងត្រូវថា ឱ្យឱកាសអ្នកផ្សេងគេធ្វើទៅ កុំឱ្យអប កុំឱ្យដើរទទឹងផ្លូវគេ តែយើងដើរ មិនរួច។ បើយើងដើរមិនរួច យើងទុកផ្លូវឱ្យអ្នកផ្សេងគេដើរ ហើយអ្នកដែលដើរផ្លូវហ្នឹង ក៏មិនគួរទិតៀនអ្នកដទៃដែរ។ អាត្មាឃើញហើយ ចំពោះពេជ្រ ស្រស់ និយាយថា គណៈកម្មការ មិនបានការ មិនបានអី។ ជាធម្មតា ពីព្រោះអាត្មា បានធ្វើកិច្ចការពីឧបសគ្គ ហើយអាត្មាបានត្រួសត្រាយផ្លូវ រហូតដល់កិត្តិយសលោកកែម ឡី ត្រូវបានគេទទួលស្គាល់ ល្បីរន្ទឺ ហើយអ្នកមកដើរក្រោយអាត្មា វាអត់មានអីដែលត្រូវមានតម្លៃ លើសពីអាត្មាទេ។ គឺរឿងធម្មតា ហើយយើងចាត់ទុកថា ការងាររបស់បុថុជ្ជន វាតែប៉ុណ្ណឹង យើងទទួលស្គាល់ទៅ”។
ជាមួយគ្នានោះដែរ លោកកែម រិទ្ធិសិទ្ធិ ប្អូនប្រុសលោកបណ្ឌិតកែម ឡី និងជាគណៈកម្មការសាងសង់ចេតិយលោកកែម ឡី បាន បញ្ជាក់ថា ក្នុងនាមគណៈកម្មការ លោកស្វាគមន៍ គ្រប់ការចូលរួមពីគណបក្សនយោបាយទាំងអស់។
លោកកែម រិទ្ធិសិទ្ធិ បានមានប្រសាសន៍ថា “ចំពោះការសាងសង់ទាំងមូល យើងបាន ១០%ហើយ ប៉ុន្តែបើនិយាយពីគ្រោង យើងបាន ៥០%ហើយៗចំពោះថវិកា គឺយើងបានប្រគល់ជូនខាងក្រុមហ៊ុនសំណង់ហ្នឹង អស់បីម៉ឺនបួនពាន់ បួនរយដុល្លារ។ ថវិកាយើងដែលមាន៦ម៉ឺន អ៊ីចឹងយើងនៅសល់២ម៉ឺនជាងទៀត ហើយយើងខ្វះទាំងស្រុងប្រហែលជា១១ម៉ឺន។ យើងរង់ចាំ លោកពេជ្រ ស្រស់ ខាងតំណាងគណបក្សយុវជនកម្ពុជា ដែលគាត់ថា នឹងប្រមូល៣០ថ្ងៃ។ ចាំមើលដល់ថ្ងៃទី២០ ឬថ្ងៃទី១ ខែកញ្ញា យើងមើលចំនួនហ្នឹងវាបានប៉ុន្មាន ហើយបើសរុបនៅខ្វះប៉ុន្មាន យើងនឹងប្រកាសបន្តទៀត”។
លោករិទ្ធិសិទ្ធិ បន្តថា “ចំពោះចំណាប់អារម្មណ៍របស់យើងៗមានតែអបអរសាទរគាត់ ដែលគាត់បានស្វះស្វែង ហើយនិងតស៊ូរកថវិកា ដើម្បីកសាងហ្នឹង ហើយគាត់បានថ្លែងថា ក្នុងនាមយុវជនកម្ពុជា គាត់ស្រលាញ់លោកបណ្ឌិត អ៊ីចឹងពួកគាត់ក៏ព្យាយាម។ ចំពោះពាក្យពេចន៍ ដែលគាត់និយាយបន្តៗហ្នឹង ក៏យើងមិនអាចហាមឃាត់ថា មិនត្រូវនិយាយអ៊ីចឹងទេ តែយើងអំពាវនាវគ្រប់គណបក្ស គ្រប់ប្រជាពលរដ្ឋខ្មែរ មិនប្រកាន់និន្នាការ ព្រោះបើបានចូលរួមទាំងអស់គ្នា ហើយប្រមូលលុយឱ្យបានគ្រប់ ឬជិតគ្រប់ គឺយើងធ្វើបានរហ័ស ពីព្រោះសំណង់ ចេតិយនេះ វាមានពីរផ្នែក គឺផ្នែកទី១ យើងធ្វើគ្រោង ផ្នែកទី២ យើងធ្វើក្បាច់។ អ៊ីចឹងបើយើងមានលុយ ធ្វើព្រមគ្នា។ ចំពោះព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានសង្ឃដីការច្បាស់ហើយថា ពេលបុណ្យ១០០ថ្ងៃចប់ហើយហ្នឹង គឺព្រះអង្គ និងលោកប៉ា ងួនទៀង ហ្នឹង បានឈប់ពីគណៈកម្មការហើយៗព្រះអង្គថា ទោះព្រះអង្គមិន បានធ្វើចេតិយហ្នឹងមែន ក្នុង១ឆ្នាំនេះ តែព្រះអង្គក៏បានជួយផ្សព្វផ្សាយដែរថា សុំឱ្យប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេស ចូលរួមទាំងអស់ គ្នាមក ពីព្រោះយើងមើលឃើញខ្វះខាតជាក់ស្តែង។ ព្រះអង្គគ្មានហេតុអីផ្សេងពីហ្នឹងទេ គ្រាន់តែពីមុនមក ដូចមានការផ្សព្វផ្សាយហើយថា ខ្ញុំនិងព្រះអង្គ មានពាក្យសម្តីផ្លោងដាក់គ្នា ប៉ុន្តែ តាមពិតយើងអត់មានផ្លោងទេ គឺចំពោះខ្ញុំផ្ទាល់ គ្រាន់តែឆ្លើយតប ចំពោះថេរដីការបស់ព្រះអង្គ ដែលព្រះអង្គមានថេរដីកាមក កន្លែងខ្លះ វាអត់ពិត ហើយយើងបានសម្របសម្រួលគ្នា ហើយ ព្រោះព្រះអង្គអត់បានសួរព័ត៌មានច្បាស់។ ដូច្នេះក្នុងនាមគណៈកម្មការ ក៏ដូចជាប្អូនប្រុស លោកបណ្ឌិតកែម ឡី ផ្ទាល់ សូមអំពាវនាវថា មកដល់ពេលនេះ យើងមិនទាន់បានទទួលលុយ ពីខាងណាបន្ថែមទេ ដូច្នេះសូមប្រជាពលរដ្ឋ និងគណបក្សនយោបាយទាំងអស់ ជួយចូលរួម ឧបត្ថម្ភផង កុំឱ្យប្រកាន់គ្នា ពីព្រោះបើសិនជា បងប្អូនចាត់ទុកគាត់ជាវីរបុរស គឺយើងកុំប្រកាន់ ថា បក្សនោះធ្វើ បានលុយចូលច្រើនជាងបក្ស នេះមិនបានលុយអី សូមកុំឱ្យមានអ៊ីចឹង”៕
កុលបុត្រ