ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចាប់ផ្តើមអនុវត្តច្បាប់ស្តីពីគណបក្សនយោបាយ ដែលទើបធ្វើវិសោធនកម្មថ្មី ទៅលើគណបក្សអំណាចខ្មែរ បន្ទាប់ពីមានការចាប់ឃុំខ្លួនលោកសួន សេរីរដ្ឋា ពីបទប្រមាថកងទ័ពជាតិ និងក្រោយពេលដែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា គណបក្សនេះអាចប្រឈមនឹងការរំលាយចោល ព្រោះបានបែកធ្លាយឯកសារលោកសួន សេរីរដ្ឋា ប្រមាថព្រះមហាក្សត្រ។
អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានចេញលិខិតអញ្ជើញចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ អញ្ជើញតំណាងក្រុមប្រឹក្សានយោបាយរបស់គណបក្សអំណាចខ្មែរ ចំនួន២រូប ចូលរួមពិភាក្សា ស្តីពីការអនុវត្តច្បាប់ស្តីពីគណបក្សនយោបាយ។
តបតាមការអញ្ជើញនោះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ តំណាងក្រុមប្រឹក្សា នយោបាយរបស់គណបក្សអំណាចខ្មែរ ដែលដឹកនាំដោយលោកសួង សុភ័ណ្ឌ ប្រធានស្តីទី និងសមាជិក៣រូបទៀត ក៏បានចូលជួបពិភាក្សា ជាមួយអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដឹកនាំដោយលោកប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ។
ជាលទ្ធផលនៃការជួបពិភាក្សានោះ មិនមានអ្វីជាអវិជ្ជមានទេ គឺខាងក្រសួងមហាផ្ទៃ គ្រាន់តែស្នើឱ្យខាងភាគីគណបក្សអំណាចខ្មែរ គោរពនូវលក្ខខណ្ឌមួយចំនួន ហើយខាងគណបក្សអំណាចខ្មែរ សន្យាថា នឹងគោរពតាមលក្ខខណ្ឌទាំងនោះ។ ជាពិសេស នឹងធ្វើតាមខ្លឹមសារនៃមាត្រាដែលបានចែងក្នុងច្បាប់ស្តីពីគណបក្សនយោបាយ។
ប្រធានស្តីទីគណបក្សអំណាចខ្មែរ លោកសួង សុភ័ណ្ឌ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃនោះថា ជាការពិតហើយ ការជួបពិភាក្សាគ្នានោះ មិនមានជាការដាក់សម្ពាធអ្វីក្នុងការឈានទៅដល់ការរំលាយគណបក្សអំណាចខ្មែរទេ ហើយលោកក៏យល់ឃើញថា ស្ថានការណ៍នយោបាយរាងធូរស្រាលបន្តិចវិញ ព្រោះក្រោយបិទអស់រយៈពេល៤ថ្ងៃ សមត្ថកិច្ចនិងតុលាការ បានដោះលែងទីស្នាក់ការគណបក្សឱ្យមន្ត្រីថ្នាក់ដឹកនាំបានចូលធ្វើការវិញ។ ដូច្នេះ លោក សង្ឃឹមថា គណបក្សអំណាចខ្មែរ នឹងមានឈ្មោះ បានចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ ខាងមុខ ដូចគណបក្សដទៃដែរ។
លោកសួង សុភ័ណ្ឌ បានមានប្រសាសន៍ថា “ពាក់ព័ន្ធនឹងព័ត៌មានលម្អិតនៃការជជែកគ្នារវាងគណបក្ស ហើយនឹងក្រសួង ផ្តោតសំខាន់ទៅលើមាត្រាថ្មី មាត្រា២៦ នៃច្បាប់ស្តីពីបង្កើតគណបក្សនយោបាយ ហើយក្នុងនោះដែរ ទោះបី យើងឃើញថា មានការតម្រូវច្រើន ពាក់ព័ន្ធទៅនឹងច្បាប់ស្តីអំពីលក្ខន្តិកៈ ក៏ដូចជាបទបញ្ជាផ្ទៃក្នុងមួយចំនួន ក្រសួងមហាផ្ទៃ ទាមទារឱ្យយើងមានការបំពេញបន្ថែម ហើយមួយវិញទៀត ទាក់ទងទៅនឹងការផ្ទេរ និងការតែងតាំងអីមួយចំនួននោះ គឺក្រសួងមហាផ្ទៃ សុំឱ្យគណបក្ស ហ្នឹងជូនដំណឹងទៅក្រសួងមហាផ្ទៃ ហើយមួយទៀត ក្រសួងមហាផ្ទៃ ក៏ស្នើសុំឱ្យខាងគណបក្ស ផ្តល់របាយការណ៍រវាង១ឆ្នាំម្តង ហើយមានព័ត៌មានអីពិសេសៗ ដូចជាសមាជអីជាដើមនោះ គឺត្រូវផ្តល់ព័ត៌មានទៅក្រសួងមហាផ្ទៃជាមុន។ ហើយក្នុងនោះដែរ ក្នុងនាមខ្ញុំជាប្រធានស្តីទី ផងនោះ យើងបានឆ្លើយតប យើងនឹងបំពេញឱ្យគ្រប់លក្ខខណ្ឌទាំងអស់ ពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ អ្វីដែលក្រសួងមហាផ្ទៃ ចង់បាន ហើយអ្វីដែលច្បាប់បានកំណត់។ ទោះបីជាមានការយឺតយ៉ាវខ្លះក្នុងការផ្តល់ឯកសារ ដោយសារតែខ្ញុំទើបតែចូលកាន់តួនាទី ហើយអ្នកសារព័ត៌មានទាំងអស់ប្រហែលជាជ្រាប គ្រប់បញ្ហាទាំងអស់ប្រហែលជាក្តៅគគុកសម្រាប់គណបក្សអំណាចខ្មែរ។ ដូច្នេះ ខ្ញុំក៏បានជម្រាបទៅក្រសួងមហាផ្ទៃ ដោយសារតែតុលាការបានចេញចំណាត់ ការដកហូតកុំព្យូទ័រ ព្រមទាំងឯកសារមួយចំនួន ចេញពីស្នាក់ការបក្ស ហើយឯកសារខ្លះ យើងបានបាត់បង់ មិនទាន់បានទទួលមកវិញទេ តែទោះបីជាយ៉ាងណា យើងនឹងកសាង និងរៀបចំឯកសារមួយចំនួនទៀត ដើម្បីផ្តល់ជូនមកក្រសួងមហាផ្ទៃឱ្យបានគ្រប់គ្រាន់”។
លោកសួង សុភ័ណ្ឌ បានបន្តថា “ជាលទ្ធផល ក្រោយពីកិច្ចជំនួបមិនមានអ្វីឱ្យកត់សម្គាល់ជាដុំកំភួនថា គួររំលាយគណបក្ស ឬក៏បន្ត? មិនមានសង្កត់ធ្ងន់ទេ តែអ្វីដែលសំខាន់ ទី១ គោលជំហររបស់គណបក្ស គឺយើងព្យាយាមបំពេញឱ្យត្រូវតាមបែបបទស្តីពីគណបក្ស ហើយនិងការបង្កើតគណបក្សនយោបាយ យើងព្យាយាមបំពេញឱ្យបានត្រឹមត្រូវ ហើយមកទល់ពេលនេះ តាមពិត គណបក្សបានរៀបចំឯកសារស្ទើរតែ៩០% ហើយត្រឹមត្រូវតាមផ្លូវច្បាប់ ហើយយើងនឹងបំពេញបន្ថែមទៀត តែក្នុងនោះដែរ ក្រសួងមហាផ្ទៃ ក៏បានសង្កត់ធ្ងន់ថា ប្រសិនជាគណបក្ស មិនបំពេញទៅតាមលក្ខខណ្ឌ អាហ្នឹងគឺក្រសួងមហាផ្ទៃ នឹងចាត់វិធានការដូចគ្នា។ អ៊ីចឹង យើងមិនអាចនិយាយថា ជាការគំរាមទេ ពីព្រោះ ធម្មតាក្រសួងមហាផ្ទៃ យកច្បាប់មកអនុវត្ត តែទោះបីជាយ៉ាងណា យើងស្នើសុំឱ្យមានការ យោគយល់គ្នា អធ្យាស្រ័យគ្នា ដើម្បីឱ្យគណបក្សនយោបាយបានឈរប្រកួតក្នុងប្រទេសមួយ ជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស។ ចំពោះ ឡូហ្គោគណបក្សអី ដូចជាអត់មានអីសង្កត់ធ្ងន់ទេ ទាក់ទងនឹងបញ្ហានេះ គ្រាន់តែដូចខ្ញុំបានជម្រាបអ៊ីចឹង គ្រាន់តែសង្កត់ធ្ងន់ទៅនឹងលក្ខខន្តិកៈ ហើយនិងបទបញ្ជាផ្ទៃក្នុង ពាក់ព័ន្ធនឹង ការជ្រើសរើសប្រធាន អនុប្រធាន ហើយនិងការលាលែងពីប្រធាន ហើយសង្កត់ធ្ងន់មួយទៀត ក្រសួងមហាផ្ទៃ ឱ្យព្យាយាមពិនិត្យមើល ពាក់ព័ន្ធទៅនឹងមាត្រា២៦ ដែលស្តីអំពីច្បាប់គណបក្ស វិសោធនកម្មថ្មីហ្នឹង ហើយថ្លឹងថ្លែង ជាមួយនឹងលក្ខន្តិកៈឱ្យបានត្រឹមត្រូវ ហើយមានបញ្ហាអី ត្រូវទាក់ទងមកក្រសួងមហាផ្ទៃ។ ខ្ញុំយល់ថា ទោះបីយ៉ាងណាក៏ដោយ ស្ថានការណ៍រាងត្រជាក់បន្តិច ដោយសារអី? ដូចទីស្នាក់ការអី ក្រោយអំពីសមត្ថកិច្ចបានឃុំរយៈពេល៤ថ្ងៃ ម្សិលមិញនេះ បានដោះលែងទីស្នាក់ការ យើងអាចចូលធ្វើការបានហើយ ប៉ុន្តែត្រង់ថា តុលាការ ឬក្រសួងមហាផ្ទៃ ឬរដ្ឋាភិបាល មានចំណាត់ការ អ្វីទៀតនោះ គឺយើងមិនទាន់បានដឹងទេ ហើយយើងនឹងត្រៀមខ្លួនជានិច្ចក្នុងការដោះស្រាយ បញ្ហាទាំងអស់ហ្នឹង”។
លោកសួង សុភ័ណ្ឌ បានបន្តទៀតថា “នៅក្នុងលក្ខន្តិកៈរបស់គណបក្ស មានន័យថា ក្នុងលក្ខខណ្ឌបន្ទាន់ ដូចករណីនេះអ៊ីចឹង គឺគណបក្ស មានសិទ្ធិអំណាចក្នុងការប្រជុំគណៈកម្មការផ្ទៃក្នុង ហើយតែងតាំងអនុប្រធាន ហើយក៏ប្រធាន ស្តីទី ដោយឥតចាំបាច់សមាជទេ តែទោះបី យ៉ាងណាក៏ដោយ សមាជយើងនឹងធ្វើឡើងនៅ ខែ៣ ឆ្នាំ២០១៨ ខាងមុខនេះ។ យើងសង្ឃឹម យ៉ាងមុតមាំ ទោះបីប្រធានគណបក្សអំណាចខ្មែរ មិនទាន់ច្បាស់លាស់ក្នុងការចូលប្រកួត ឬមិនចូលប្រកួត ប៉ុន្តែសម្រាប់ខ្ញុំជាប្រធានស្តីទី មកដល់ម៉ោងនេះ ខ្ញុំយល់ថា យើងត្រូវតែចូល ប្រកួតប្រជែង ហើយយើងជឿជាក់ថា នឹងមានការគាំទ្រយ៉ាងច្រើន ក្នុងនាមខ្ញុំជាយុវជន យើងមានយុទ្ធសាស្ត្រគ្រប់គ្រាន់ ក្នុងការទាក់ទាញ ក្នុងការបង្ហាញអំពីសុច្ឆន្ទៈដែលយើងមានចំពោះប្រជាពលរដ្ឋ និងចំពោះជាតិ ហើយលើសពីនេះទៅទៀត យើងធានា ហើយយើងសង្ឃឹមថា យើងដាក់ការប្រឹងប្រែងសព្វបែបសព្វយ៉ាង ដើម្បីឱ្យគណបក្សអំណាចខ្មែរ បានឈររឹងមាំ ហើយបានប្រកួតប្រជែងឱ្យផុតពីការរំលាយ ហើយមន្ត្រីគណបក្សអំណាចខ្មែរយើងបានរួបរួមគ្នា ទោះបីជាមានបញ្ហាខ្យល់ព្យុះភ្លៀងខ្លាំង បែបនេះក៏ដោយ ប៉ុន្តែយើងឃើញថា យើងកាន់តែមានអារម្មណ៍ជិតស្និទ្ធ ហើយនិងស្និទ្ធស្នាលជាមួយគ្នា យើងធ្វើការរួមគ្នា។ នេះគឺជាអ្វីដែល យើងកំពុងបន្តការងារជាមួយគ្នា។ សម្រាប់ខ្ញុំៗ គ្រាន់តែចង់បញ្ជាក់ថា ស្ថានការណ៍នយោបាយ វានៅមានការផ្លាស់ប្តូរច្រើនក្នុងពេលខាងមុខនេះ ហើយក្នុងនោះដែរ គណបក្សអំណាចខ្មែរ រួមទាំងខ្ញុំនឹងចូលជាកម្លាំងចលករមួយយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរចលនានយោបាយ។ ផ្លាស់ប្តូរនេះ ខ្ញុំចង់និយាយថា ចលនានយោបាយ វាមានច្រើនណាស់ ដែលវាកើតឡើងនៅពេលខាងមុខទៀត ហើយមួយវិញទៀត អ្វីដែលសំខាន់ ក្នុងនាមយើងជាគណបក្សនយោបាយមួយ យើងគោរពច្បាប់ ហើយយើងគាំទ្រប្រទេសកម្ពុជា មានសុខសន្តិភាពពិតប្រាកដ ដើម្បីប្រជាពលរដ្ឋ ដើម្បីជាតិ ហើយយើងអត់ ចង់មានបញ្ហាសង្គ្រាម ឬក៏មានបញ្ហាអីកើតឡើងទេ យើងតស៊ូ យើងប្រកួតប្រជែងគ្នាដោយ ភាពស្មោះត្រង់ ហើយយើងសង្ឃឹមថា យើង នឹងចូលរួមប្រកួតប្រជែង ក្នុងនាមយើងជាយុវជន ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ”។
គួរបញ្ជាក់ដែរថា ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានព្រមានថា គណបក្សអំណាចខ្មែរ របស់លោកសួន សេរីរដ្ឋា អាចនឹងរំលាយចោល ព្រោះប្រធានគណបក្សមួយនេះ បានប្រមាថ ព្រះចេស្តាព្រះមហាក្សត្រ តាមរយៈការបែកធ្លាយ ឯកសារដែលបានរកឃើញ។
សម្តេចហ៊ុន សែន បានមានប្រសាសន៍ នៅពេលនោះថា “ខ្ញុំព្រមានសាជាថ្មី ចំពោះ អ្នកធ្វើអត្ថាធិប្បាយ ថានេះជាតាក់ទិក ដើម្បី យកសំឡេងឆ្នោត។ បើអ្នកឯងប្រមាថសន្តិសុខ ជាតិ ខ្ញុំក៏មិនអាចអត់ឱនឱ្យអ្នកឯងបានដែរ មិនមែនជាការគំរាមកំហែងទេ តែនេះគឺជា រឿងពិតដែលត្រូវធ្វើលើការជាក់ស្តែង បានវាយ ខ្នោះមួយទៅហើយ ហើយជាប់គុក មិនដឹងថា ឯកសារនៅមានអីទៀត ហើយឯកសារប្រមាថ ព្រះចេស្តាព្រះមហាក្សត្រនេះ តើសមល្មមដើម្បី រំលាយគណបក្សនេះចោលឬអត់? ហើយការ ប្រមាថនេះ រឿងថ្ងៃនេះ គ្រាន់តែជាការកាត់ ទោសជាបឋមចំពោះបុគ្គលទេ តែនៅក្នុងតួនាទី អ្នកឯងជាប្រធានគណបក្សមួយរំលោភបំពាន បែបនេះ តើគណបក្សនេះ នឹងត្រូវកាត់រំលាយ ចោលគណបក្សឬអត់ នៅមានរឿងតភ្ជាប់។ ឯកសារបានរកឃើញ មេម៉ូរី ១០ មានឯកសារ ដែលទាក់ទិនជាមួយនឹងការប្រមាថព្រះមហាក្សត្រ ត្រូវបានជននេះទទួលស្គាល់…”។
គួរបញ្ជាក់ថា លោកសួន សេរីរដ្ឋា ប្រធាន គណបក្សអំណាចខ្មែរ ត្រូវបានតុលាការសម្រេច ឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្នក្រោយ ពេលដែលធ្វើការពិនិត្យស្រាវជ្រាវ សំណុំរឿង ចប់សព្វគ្រប់ អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ បានរកឃើញថា អង្គហេតុ លោកសួន សេរីរដ្ឋា បានប៉ះពាល់ដល់សន្តិសុខសង្គម និង សន្តិសុខនៃកងយោធពលខេមរភូមិន្ទ ដែល ជាបទល្មើសព្រហ្មទណ្ឌ រួមមាន ៖
១-បទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិ មាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ។
២-បទធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិ មាត្រា៤៧២ នៃក្រមព្រហ្មទណ្ឌ។
៣-បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជា អាទិ៍ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ
កុលបុត្រ