ខណៈដែលសមរភូមិប្រឡង យកសញ្ញាបត្រមមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ខិតជិតមកដល់នៅថ្ងៃទី២១ និង២២ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ព្រះតេជគុណ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត គង់នៅវត្តនាគវ័ន្ត នៃរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈថា នឹងផ្ដល់រង្វាន់លើកទឹកចិត្ត ម៉ូតូចំនួន៥គ្រឿង ដល់សិស្សណាដែលបានប្រឡងជាប់ និងទទួលបានលទ្ធផលនិទ្ទេស A នៅតាមវិទ្យាល័យនានា នៃស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ នេះអាចចាត់ទុកថា ជាទឹកព្រះទ័យដ៏ជ្រះថ្លា និងបរិសុទ្ធគួរឲ្យសរសើរ ហើយក៏ជាកម្លាំងចិត្តមួយយ៉ាងធំធេង ដល់ប្អូនៗដែលកំពុងត្រៀមខ្លួន ប្រឡង។
ព្រះតេជគុណព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត មានសង្ឃដីកាថា ការលើកយករង្វាន់ជាមធ្យោបាយធ្វើដំណើរ ជូនសិស្សជាប់និទ្ទេស A ក្នុងស្រុកស្វាយជ្រុំ គឺដើម្បីបន្តលើកទឹកចិត្ត និងជាការឆ្លើយតបចំពោះការប្រឹងប្រែង របស់ប្អូនៗរលកក្រោយ ដែលខិតខំរៀនសូត្រទទួលបានចំណាត់ថ្នាក់ល្អ ដើម្បីភូមិស្រុកនោះ ដែលជាទឹកដីកំណើតរបស់ព្រះអង្គផ្ទាល់តែម្ដងហើយការចែករង្វាន់ម៉ូតូ៥គ្រឿង និងរៀបចំធ្វើពិធី នៅទីតាំងកុដិលេខ២៤ នៃវត្តនាគវ័នរាជធានីភ្នំពេញ ផ្ទាល់តែម្តង។
គួរបញ្ជាក់ថា កាលពីឆ្នាំទៅ២០១៦ ព្រះអង្គបានចុះចែករង្វាន់លេបថបជាច្រើនគ្រឿង ដល់អ្នកជាប់បាក់ឌុបបានពិន្ទុខ្ពស់ជាងគេ នាស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជាទីកំណើតរបស់ព្រះអង្គ។ ប្លែកពីឆ្នាំកន្លងទៅ ព្រះអង្គផ្ទាល់បានប្រកាសជូនរង្វាន់សារជាថ្មី ដល់សិក្សានុសិស្សប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំនេះ នូវម៉ូតូចំនួន៥គ្រឿង សម្រាប់ប្អូនៗជាប់និទ្ទេស A ហើយរៀនតាមវិទ្យាល័យនានា ក្នុងស្រុកស្វាយជ្រុំខណៈដែលព្រះអង្គរបញ្ជាក់ថា រង្វាន់លើកទឹកចិត្ត នៅតែចែកជូនដល់ប្អូនៗ នៅឆ្នាំក្រោយៗទៀត សំដៅយកអ្នកចេះពិតប្រាដក គឺអ្នកជាប់ត្រូវតែផ្តល់ការលើកទឹកចិត្ត ដោយមិនអាចមើលរំលងបាន។
នេះជាលើកទី២ហើយដែលព្រះគ្រូនី សុវណ្ណមុនីរ៉េត ដែលបច្ចុប្បន្ន គង់នៅកុដិលេខ២៤ នៃវត្តនាគវ័ន រាជធានីភ្នំពេញ នៅតែបន្តលើកទឹកចិត្ត ដល់សិស្សប្រឡងបាក់ឌុបក្នុងឆ្នាំនេះ និងឆ្នាំក្រោយទៀត ដោយមានជារង្វាន់លើកទឹកចិត្ត ដូចជាម៉ូតូ កំព្យូទ័រ ឡេបថប និងផ្ដល់ជូនអាហារូបករណ៍ជាដើម ខណៈដែលព្រះអង្គ បានសន្យា និងចែកនូវរង្វាន់លើកទឹកចិត្តដល់ប្អូនៗ ប្រឡងជាប់បាក់ឌុបនិទ្ទេស A នៅឆ្នាំក្រោយៗទៀត ៕