Monday, November 25, 2024
Homeនយោបាយបក្ស៤ បាត់ប្រធាន ប្រឈមបាត់ជំហរ

បក្ស៤ បាត់ប្រធាន ប្រឈមបាត់ជំហរ

ភ្នំពេញ ៖ មជ្ឈដ្ឋានតាមដានសង្គម និងអ្នកវិភាគបានមើលឃើញថា បច្ចុប្បន្ននេះ មានគណបក្សនយោបាយចំនួន៤ ហាក់កំពុងបាត់បង់ជំហរ ក្រោយពេលប្រធានគណបក្សខ្លះត្រូវជាប់ពន្ធនាគារ ខ្លះលាលែងពីតំណែង និងខ្លះប្រឈមនឹងបណ្តឹង។

អ្នកវិភាគ លោកសូ ចន្ថា បានលើកឡើងថា ស្ថានភាពប្រកួតប្រជែងនយោបាយនៅកម្ពុជា តាមរយៈគណបក្សនយោបាយ នៅប្រើវប្បធម៌តួឯក គឺវប្បធម៌មេនិយម ដែលធ្វើឱ្យគណបក្សនយោបាយនីមួយៗ ត្រូវពឹងផ្អែកទៅលើមេ ឬប្រធានជាអធិបតី អ្វីៗសម្រេចទៅលើប្រធាន គឺបង្ហាញពីភាពខ្សោយរបស់គណបក្សមួយៗ នៅពេលអវត្តមានប្រធាន ឬបាត់បង់ប្រធានទៅធ្វើឱ្យជំហរ ឬមនោគមន៍វិជ្ជារបស់គណបក្សនោះ មិនអាចនៅបន្តទៀតបាននោះទេ។ ដូច្នេះអ្វីដែលត្រូវធ្វើនោះ គណបក្សទាំង៤ ត្រូវតែមានមនោគមន៍វិជ្ចា មានគោលដៅជាក់លាក់ មិនអាចពឹងផ្អែកទៅលើបុគ្គលបានទេ។ បើដូច្នេះទេ គណបក្សទាំង៤ មិនអាចមានជីវិតស្ថិតស្ថេរបានទៀតឡើយ។

លោកសូ ចន្ថា

គណបក្ស៤ ដែលបាត់បង់ប្រធាន ឬប្រធាន លែងសូវសកម្មនៅទីសាធារណៈណោះ គឺគណបក្សខ្មែររួបរួមជាតិ គណបក្សអំណាចខ្មែរ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

សម្រាប់គណបក្សខ្មែររួបរួមជាតិ ដែលបង្កើត និងដឹកនាំដោយលោកញឹក ប៊ុនឆៃ អតីតមេទ័ព និងជាអតីតមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយរូប ត្រូវអ្នកតាមដាននយោបាយ ចាត់ទុកថា បានបាត់បង់កម្លាំងសាមគ្គីស្ទើរអស់ទៅហើយ ឯរចនាសម្ព័ន្ធដឹកនាំក៏មិនច្បាស់លាស់ដែរ។ គ្រាន់តែអវត្តមានរបស់លោកញឹក ប៊ុនឆៃ ភ្លាម មន្ត្រីមួយចំនួនហាក់អស់សង្ឃឹម ហើយក៏សម្រេចចិត្តដើរចេញពីគណបក្សខ្មែររួបរួមជាតិ ទៅរកជម្រកចាស់ខ្លួនវិញ គឺគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ មន្ត្រីខ្លះទៀត ក៏បានទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ រហូតមកដល់ពេលនេះ រចនាសម្ព័ន្ធថ្មី ដើម្បីដឹកនាំគណបក្សខ្មែររួបរួមជាតិ ជាបណ្តោះអាសន្ន ក្នុងគ្រាដែលគ្មានលោកញឹក ប៊ុនឆៃ នៅមិនទាន់មាននោះទេ។

ជាមួយគ្នានោះដែរ គណបក្សអំណាចខ្មែរ  ដែលបានលេចរូបរាងឡើង ក្រោមការផ្តួចផ្តើម របស់លោកសួន សេរីរដ្ឋា ក៏កំពុងតែជួបវិបត្តិដ៏ធ្ងន់ បន្ទាប់ពីលោកសួន សេរីរដ្ឋា ត្រូវបានចាប់ ខ្លួននិងឃុំខ្លួននៅពន្ធនាគារ ពីបទប្រមាថកងទ័ពជាតិ។

ក្រោយតុលាការបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ន លោកសួន សេរីរដ្ឋា បានផ្ទេរតំណែង ជាប្រធានស្តីទី ឱ្យទៅលោកសួង សោភ័ណ្ឌ ដើម្បី ដឹកនាំគណបក្សអំណាចខ្មែរ ជាបណ្តោះអាសន្ន។

អ្វីដែលធ្វើឱ្យមជ្ឈដ្ឋានសង្គម បានកត់សម្គាល់ មួយទៀត គឺបន្ទាប់ពីលោកសួន សេរីរដ្ឋា ជាប្រធាន ជាប់ពន្ធនាគារ លោកទេព វីរៈ អ្នកនាំពាក្យគណបក្សអំណាចខ្មែរ ដែលជាសមាជិក ស្ថាបនិកដែលបានធ្វើការជាមួយលោកសួន សេរីរដ្ឋា រហូតមកនោះ ក៏បានដាក់លិខិតសុំលាលែងពីតំណែងជាសមាជិក និងជាអ្នកនាំពាក្យគណបក្សនេះ ជាមួយមូលហេតុថា លោក “អសមត្ថភាព” និងមូលហេតុមួយទៀត មកពីលោកត្រូវទៅ បំពេញការងារជាមន្ត្រីរាជការ។

ទោះយ៉ាងណា ប្រធានស្តីទីគណបក្សអំណាចខ្មែរ លោកសួង សុភ័ណ្ឌ បញ្ជាក់ថា សមាជគណបក្ស នឹងធ្វើឡើងនៅខែមីនា ឆ្នាំ ២០១៨ ខាងមុខនេះ ហើយលោកសង្ឃឹមយ៉ាងមុតមាំ ទោះបីប្រធានគណបក្សអំណាចខ្មែរ មិនទាន់ច្បាស់លាស់ក្នុងការចូលប្រកួត ឬមិនចូលប្រកួត ក៏សម្រាប់លោកជាប្រធានស្តីទី យល់ថា គណបក្សត្រូវតែចូលប្រកួតប្រជែង គឺដាក់ការប្រឹងប្រែងសព្វបែបសព្វយ៉ាង ដើម្បីឱ្យគណបក្សអំណាចខ្មែរ បានឈររឹងមាំគេចផុត ពីការរំលាយ ។

លោកសួង សុភ័ណ្ឌ

បញ្ហាធ្ងន់មួយទៀត ដែលគណបក្សទាំង ពីរ រឹតតែព្រួយបារម្ភនោះ គឺការប្រឈមជាមួយ តុលាការតែម្តង។ បើផ្អែកលើច្បាប់ស្តីពីគណបក្សនយោបាយ ដែលទើបនឹងត្រូវបានកែប្រែថ្មី តុលាការកំពូល អាចនឹងរំលាយគណបក្សទាំង ពីរនេះចោល ប្រសិនបើនៅមានទំនាក់ទំនង ជាមួយបុគ្គលណាមួយ ដែលមានឈ្មោះជាអ្នក ទោស ដើម្បីបានប្រយោជន៍ផ្នែកនយោបាយ។ លើសពីនេះទៀត ប្រសិនបើក្លាយជាអ្នកទោស ហើយ លោកញឹក ប៊ុនឆៃ ត្រូវតែប្រកាសលាលែងពីប្រធានគណបក្សខ្មែររួបរួមជាតិ ហើយលោកសួន សេរីរដ្ឋា ត្រូវតែប្រកាសលាលែង ពីប្រធានគណបក្សអំណាចខ្មែរ។ ច្បាប់ស្តីពី គណបក្សនយោបាយ មិនអនុញ្ញាតឱ្យអ្នកទោស ធ្វើជាប្រធានគណបក្ស ឬក៏ធ្វើជាសមាជិកគណៈកម្មាធិការនាយកក្នុងគណបក្សណាមួយនោះទេ។

សាស្ត្រាចារ្យនយោបាយ និងជាអ្នកវិភាគ លោកសូ ចន្ថា បានបញ្ជាក់ថា ដោយសារមើលឃើញពីការប្រឈម ដើម្បីឱ្យមានជំហររឹងមាំវិញ នៅពេលដែលគ្មានវត្តមានប្រធានគណបក្សទាំង២ គួរធ្វើតាមចំណុចមួយចំនួន តាមបែបប្រជាធិបតេយ្យ។

លោកសូ ចន្ថា បានមានប្រសាសន៍ថា “មែន ទែន គណបក្សនេះត្រូវកំណត់ថា អ្វីជាគោលនយោបាយ? អ្វីជាមនោគមន៍វិទ្យានយោបាយ? មានន័យថា តើចង់ដើរនៅលើផ្លូវអី? ប្រជាធិបតេយ្យ ឬក៏ដើរនៅលើផ្លូវណាមួយ? ទី១។ ទី២ គណបក្សនេះ ត្រូវកំណត់គោលដៅជាក់លាក់ថា តើប្រកួតប្រជែងដើម្បីឈ្នះ ឬដើម្បីគ្រាន់តែជាប្រជាធិបតេយ្យ។ ចំណុចទី៣ គណបក្សនេះ ត្រូវពឹងផ្អែកទៅលើស្ថាប័ន មានន័យថា បង្កើតស្ថាប័នឱ្យរឹងមាំ រចនាសម្ព័ន្ធឱ្យរឹងមាំ ជាជាងការផ្អែកលើប្រធានគណបក្សនោះ។ អ៊ីចឹង បើសិនជាគណបក្សនេះ ផ្អែកទៅលើស្ថាប័ន ផ្អែកទៅលើរចនាសម្ព័ន្ធ ទោះបីជាអត់មេ អត់ប្រធានក្តី ក៏គណបក្សនៅដំណើរការជាធម្មតា ជាប្រក្រតីភាពដែរ។ ចំណុចមួយទៀត គណបក្សនេះ ត្រូវតែរៀបចំនូវយន្តការនៃការសម្រេចចិត្ត មានន័យថា ជាការសម្រេចចិត្តដ៏ល្អ គឺផ្អែក ទៅលើគណៈកម្មការមួយ គណៈកម្មាធិការ អចិន្ត្រៃយ៍ ឬគណៈកម្មាធិការនាយកជាដើមនោះ។ អ៊ីចឹងនេះហើយជាការសម្រេចចិត្តរួម ប៉ុន្តែមិនមែនជាការសម្រេចចិត្ត ដោយប្រធានគណបក្សនោះ។ បើសិនគណបក្សនោះ ខ្វះនូវ អ្វីដែលខ្ញុំរៀបរាប់ខាងលើនេះ ខ្ញុំគិតថា គណបក្សនោះមិនមានភាពរឹងមាំ ហើយអាចគ្រាន់តែជាគណបក្ស ដែលលម្អប្រជាធិបតេយ្យតែប៉ុណ្ណោះ”។

ដោយឡែក គណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ មិនបានជួបឧបសគ្គអ្វីធំដុំនោះទេ។ ប៉ុន្តែការចុះទៅជួបប្រជាពលរដ្ឋតាមមូលដ្ឋាន សឹងតែមិនមានតទៅទៀត ក្រោយពេល លោកម៉ម សូណង់ដូ ប្រកាសលាលែងពីតំណែង ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។

ក្នុងការលាលែងនោះ ក្រៅពីលើកហេតុផលថា ដោយសារឃើញថា លទ្ធផលការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាក្រក់ ពេក លោកមិនអាចទទួលបាន ទើបលោកមិន អាចបន្តដឹកនាំគណបក្សនេះទៀតទេ។

ចំពោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលដឹកនាំដោយលោកខឹម វាសនា ហាក់ ស្ងប់ស្ងាត់ជាងមុន ក្រោយពេលលោកខឹម វាសនា ជាប្រធានបក្ស បានរងបណ្តឹងពីប្រជាពលរដ្ឋ និងព្រះសង្ឃពីបទប្រមាថពូជសាសន៍ខ្មែរ។

ក្រោយរងបណ្តឹង និងការរិះគន់ លោក ខឹម វាសនា បានដកខ្លួនចេញពីឆាកនយោបាយ មួយរយៈ ខណៈការផ្សព្វផ្សាយពីគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ក៏មិនសូវជាផុសផុលដូចមុន ហើយ ការរៀបចំវេទិកាសាធារណៈ នៅតាមមូលដ្ឋាន របស់គណបក្សនេះ ក៏ចាប់ផ្តើមធ្លាក់ចុះដែរ។  ប៉ុន្តែលោកខឹម វាសនា បានបញ្ជាក់តាមបណ្តាញ សង្គមនោះថា បណ្តឹងនិងការរិះគន់អាចមិនមែនជាហេតុផលរបស់លោកត្រូវផ្អាកសកម្មភាព នយោបាយឡើយ គឺលោកមិនបានទៅឆ្ងាយ ពីអ្នកគាំទ្រដែលលោកចូលចិត្តហៅថា “ក្មួយ ឬកូន” នោះទេ តែការដែលលោកស្ងប់ស្ងាត់ពី ឆាកនយោបាយ នាពេលនេះ គឺដោយសារតែ លោកជាប់រវល់សរសេរសៀវភៅ សម្រាប់ទុក ជាប្រយោជន៍ដល់កូនខ្មែរជំនាន់ក្រោយ។ សៀវភៅដែលលោកខឹម វាសនា កំពុងសរសេរជា ភាសាខ្មែរ និងភាសាអង់គ្លេស មានចំណងជើង ថា “ជីវិតជាអ្នកផ្តល់ឱ្យ”។

យ៉ាងណាក៏ដោយ លោកសូ ចន្ថា បាន មានប្រសាសន៍បន្ថែមថា “មែនទែនទៅ កាលណាយើងនិយាយពីប្រជាធិបតេយ្យ គឺការផ្តល់នូវសេរីភាពគ្រប់និន្នាការនយោបាយ គ្រប់ប្រជាពលរដ្ឋទាំងអស់ អាចបង្កើត ឬក៏អាចចូលរួម នៅក្នុងគណបក្សនយោបាយបាន ដែលយើងហៅថា ជាពហុនិយម ពហុមតិ ពហុគណបក្ស នោះ។ កាលណាមានគណបក្សច្រើន ជាការផ្តល់ជម្រើសច្រើនទៅដល់អ្នកបោះឆ្នោត ពីព្រោះដូចពលរដ្ឋដែលជ្រើសរើសសម្លៀកបំពាក់អ៊ីចឹង ការជ្រើសពណ៌ ការនិយមទៅតាមការពេញចិត្ត។ អ៊ីចឹងបើសិនជាមានគណបក្សច្រើន ខ្ញុំគិតថា ជារឿងល្អ តែផ្ទុយទៅវិញបើគណបក្ស នយោបាយនោះមានចំនួនតិច ឬក៏តែមួយនោះ គឺជាអ្វីដែលពលរដ្ឋអាចពិបាកនឹងការជ្រើស។ ដូច្នេះចំពោះគណបក្សទាំង៤នេះ ខ្ញុំគិតថា នៅពេលដែលបាត់បង់ប្រធានគណបក្សនេះ អាចធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ឬលក្ខន្តិកៈ ឬ ក៏ធ្វើសមាជ ដើម្បីជ្រើសប្រធានគណបក្ស ផ្អែកទៅលើច្បាប់គណបក្សរបស់ខ្លួន ដើម្បីបន្តជីវិត គណបក្សនេះតទៅទៀត ជាជាងការដែលរំពឹង លើមេដឹកនាំម្នាក់នោះ៕

កុលបុត្រ

RELATED ARTICLES