Wednesday, November 27, 2024
Homeតារាខ្មែរសិុន​ សក្កដា ប្រាប់អារម្មណ៍ពិត ពេលធ្វើស្នំលោកទេព រិន្ទដារ៉ូ

សិុន​ សក្កដា ប្រាប់អារម្មណ៍ពិត ពេលធ្វើស្នំលោកទេព រិន្ទដារ៉ូ

ក្នុងការគ្រងឈុតបុរាណ ដើរតួជាស្នំឯករបស់ស្តេចស្រី សុគន្ធបទ ដែលសម្តែងដោយលោកទេព រិន្ទដារ៉ូ នោះ កញ្ញាស៊ិន សក្កដា ដែលមានរូបសម្រស់តូចច្រឡឹងនោះ ទទួលបានការចាប់អារម្មណ៍ជាច្រើនពីអ្នកទស្សនា ហើយសក្កដា និយាយថា នាងពេញចិត្តខ្លាំងណាស់ ពេលបានធ្វើជាស្នំរបស់លោកដារ៉ូ នេះជាមួយតម្លៃខ្លួនមួយយ៉ាងពេញចិត្ត។

ទោះជាយ៉ាងណា ស៊ិន សក្កដា ថា នាងបានត្រឹមតែលេងជាតួស្លូតកម្សត់ប៉ុណ្ណោះ បើឱ្យលេងឈុតស្នេហារោលរាលដូចឌុច លីដា គឺនាងមិនប្រថុយឡើយ…។

ឯកឧត្តម ម៉ៅអាយុទ្ធ និងសិុន សក្កដា

ស៊ិន សក្កដា ជាតួអង្គសំខាន់ម្នាក់ក្នុងរឿង “ហ្លួងព្រះស្តេចកន” បន្ទាប់ពីតួឯក ឆុំ វត្តី ព្រោះតែតារាតូចច្រឡឹងរូបនេះ គ្រងឈុតប្រពៃណីយ៉ាងស្អាត ជាស្នំឯកឈ្មោះ “ស្រីស” នោះ បានយ៉ាងស្រស់ស្អាត គួរឱ្យចាប់អារម្មណ៍ ជាមួយទេពកោសល្យសម្តែងក៏ល្អដែរ ទើបធ្វើឱ្យមានប្រុសខ្លះលួចស្នេហ៍ស្រីស នៅក្រៅឆាកដោយមិនដឹងខ្លួនឡើយថា តួអង្គជាបងស្រីហ្លួងព្រះស្តេចកន នេះ ពិតជាពូកែថ្នាក់ថ្នមលោកទេព រិន្ទដារ៉ូ ដែលសម្តែងជាតួស្តេចស្រី សុគន្ធបទ នោះឱ្យវង្វេងវង្វាន់អស់តែម្តង ដោយសារតែរូបសម្រស់ស្នំម្នាក់នេះ។

សិុន សក្កដា និងសអ្នកស្រី ឌី សាវ៉េត

 

ក្នុងជំនួបតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស៊ិន សក្កដា បានឱ្យដឹងថា នាងពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានសម្តែងជាតួអង្គសំខាន់ម្នាក់ក្នុងរឿង “ហ្លួងព្រះស្តេចកន” ហើយពិតជាពេញចិត្តដែលបានធ្វើជាតួអង្គស្នំឯករបស់លោកទេព រិន្ទដារ៉ូ នេះណាស់ បើទោះជាមានឈុត១ ដែលនាងភ័យនិងពិបាកជាងគេ គឺឈុតងូតទឹកក្នុងទន្លេ។

លោកទេព រិន្ទដារ៉ូ និងសិុន សក្កដា

សក្កដា និយាយទាំងអារម្មណ៍រីករាយថា “ក្នុងរឿង “ហ្លួងព្រះស្តេចកន” ហ្នឹង ខ្ញុំពិបាកជាងគេ គឺត្រង់ឈុតងូតទឹកនៅទន្លេអុំ មុខខ្លោងទ្វារប្រាសាទអង្គរធំ ដែលកន្លែងហ្នឹងជ្រៅណាស់ ហើយខ្ញុំអត់ចេះហែលទឹកទេ អីចឹងបុកពោះមែនទែន។ តែយ៉ាងណា ខ្ញុំសូមសរសើរឯកឧត្តមម៉ៅ អាយុទ្ធ ដែលគាត់ពូកែរកប្លង់មែនទែន ហើយការដឹកនាំរបស់គាត់ល្អណាស់ ខ្ញុំមើលរឿងហ្នឹង មើលហើយ ចង់តែទៅមើលទៀត ព្រោះមានមោទនភាពមែនទែន ដែលបានលេងរឿងធំជាប្រវត្តិសាស្ត្រខ្មែរ ហើយខ្ញុំបានសម្តែងជាតួស្នំស្តេចស្រី សុគន្ធបទ និងជាបងប្រុសស្តេចកន ទៀត អីចឹងសង្ឃឹមថា រឿងនេះនឹងទទួលបានការគាំទ្រពីមហាជនជាមិនខាន”។

តាមប្រភពថា តារាសម្តែងទាំងអស់ ទទួលបានតម្លៃខ្លួនច្រើនដូចគ្នា ព្រោះតែរឿង “ហ្លួងព្រះស្តេចកន” ចំណាយទុនអស់ជិត២លានដុល្លារឯណោះ ហេតុនេះ តួអង្គស្រីស ជាស្នំនោះ ក៏បានតម្លៃខ្លួនមិនក្រោម១ម៉ឺនដុល្លារឡើយ។

តារាតូចច្រឡឹងរូបនេះនិយាយដោយប្រុងប្រយ័ត្នថា “ខ្ញុំពិតជាបានទទួលថវិកាច្រើនមែន ក្នុងការថតរឿងនេះ និយាយទៅ ជាតម្លៃដែលយើងពេញចិត្តតែម្តង តែខ្ញុំមិនអាចប្រាប់ថាប៉ុន្មានទេ ព្រោះតួផ្សេងៗទៀតក្នុងរឿងនេះ ក៏ពួកគាត់សុទ្ធតែបានតម្លៃខ្លួនថ្លៃដែរ។ ខ្ញុំមានឱកាសថតរឿងនេះ គឺដោយសារតែឯកឧត្តមម៉ៅ អាយុទ្ធ គាត់ធ្វើតេស្តជ្រើសរើសក្នុងចំណោមតារាជាច្រើន តែខ្ញុំគិតថា មកពីខ្ញុំចេញពីសាលាវិចិត្រសិល្បៈផង ទើបមានឱកាសនេះហុចឱ្យ”។

ស៊ិន សក្កដា បានបញ្ចប់ការសិក្សានៅសាលាភូមិន្ទវិចិត្រសិល្បៈ ផ្នែករបាំបុរាណ កាលពីឆ្នាំ២០០៥ ហើយបានថតរឿងជាច្រើនថ្វាយព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងបទចម្រៀងមួយចំនួនទៀតដូចជាបទ “ក្នក់ក្នាញ់” , “បុប្ផាវៀងចន្ទន៍” ជាដើម។ ថ្មីៗនេះដែរ សក្កដា ក៏បានថតរឿង “ភ្លៀងមួយតក់” របស់ប៉ុស្តិ៍អាស៊ីអាគ្នយ៍”, “ពស់កេងកង” របស់ PNN, “ភ្លើងក្នុងបេះដូង” របស់ប៉ុស្តិ៍លេខ៥ ស្ពតធនាគារអម្រឹត និងបទចម្រៀងថ្មីរបស់លោកថែល ថៃ ផងដែរ។

ដោយសារតែត្រេមុខសក្កដា ស៊ីនិងឈុតបុរាណបែបនេះហើយ បានជាកន្លងមកមានផលិតករមួយចំនួនបានទាក់ទងឱ្យនាងសម្តែងជាតួសិចស៊ីមានឈុតស្នេហារោលរាលដូចឌុច លីដា ជាមួយតម្លៃខ្លួនខ្ពស់ តែសក្កដា មិនព្រមប្រថុយជាដាច់ខាត។

ស៊ិន សក្កដា បន្ថែមថា “ខ្ញុំបានថតភាពយន្តមួយចំនួន ជារបស់ព្រះករុណា ដែលជាភាសាបារាំង ហើយខ្ញុំមិនសូវចាំចំណងជើងទេ តែបើបទចម្រៀងរបស់ព្រះករុណា មានច្រើនដែរ ដែលខ្ញុំបានថត។ ថ្មីៗនេះដែរ ខ្ញុំបានថតបទចម្រៀងថ្មី១បទ របស់លោកថែល ថៃ ដែលត្រៀមចេញ ហើយនេះក៏ជាលើកទី១ដែរ សម្រាប់ខ្ញុំដែលថតបទចម្រៀង ក្រៅពីបទរបស់ព្រះករុណា។ ចំពោះការថតរឿងបែបស្នេហាស្រើបស្រាលអី មិនមែនជាចំណូលចិត្តរបស់ខ្ញុំទេ និយាយទៅ អត់ក្លាហានខាងហ្នឹងសោះ។ ខ្ញុំយល់ថា ការល្បី គឺនៅលើទេពកោសល្យយើងទេ ហើយខ្ញុំមិនមានគោលការណ៍ក្នុងការថតរឿងសិចស៊ីទេ ទោះជាបានថ្លៃប៉ុនណាក៏ដោយ។ ខ្ញុំស្រលាញ់សិល្បៈ គឺចេញពីបេះដូង មិនមែនចូលសិល្បៈ ដើម្បីទៅធ្វើអ្វីមួយទៀតទេ។ និយាយទៅ ក្រុមគ្រួសារខ្ញុំមានតែខ្ញុំម្នាក់ទេ ដែលលេងសិល្បៈ ព្រោះខ្ញុំស្រលាញ់ តែឪពុកម្តាយខ្ញុំ គាត់ជាអ្នករកស៊ីទេ”។

ស៊ិន សក្កដា មានអាយុ២៥ឆ្នាំ កម្ពស់១,៦២ម៉ែត្រ ទម្ងន់៤៧គីឡូក្រាម មានស្រុកកំណើតនៅរាជធានីភ្នំពេញ ដែលបានចូលសិល្បៈជាច្រើនឆ្នាំតាំងពីឆ្នាំ២០០៦ ហើយពេលនេះ សក្កដា ជាមន្ត្រីរាជការនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ផ្នែកគ្រូបច្ចេកទេសសាលាមធ្យមសិក្សា។ តាមរយៈរូបឆោមគួរឱ្យបេតីនេះ គេជឿថា ស្រីស្រស់ជាស្នំលោកទេព រិនដារ៉ូ រូបនេះ ប្រាកដជាមានអ្នកតាមស្នេហ៍ច្រើនជាមិនខាន តែប្រុសៗដែលចង់គយគន់នាងថតដោះអាវដូចលីដា នោះ ប្រាកដជាខកចិត្តធំហើយ ព្រោះស្រីស្អាតរូបនេះមិនហ៊ានប្រថុយជាដាច់ខាត ធ្វើឱ្យមានអ្នកខ្លះសង្ស័យថា សក្កដា មានគូស្នេហ៍ហួងហែង។

ស៊ិន សក្កដា អះអាងថា “ខ្ញុំគ្មានសង្សារទេពេលនេះ ហើយក៏គ្មានប្រុសណាតាមរំខានដែរ។ ខ្ញុំអត់ដែលបានជួបអ្នកណារញ៉េញ៉ៃអីផង។ កន្លងមកឮថាតារាខ្លះមានរឿងអាស្រូវអី តែខ្ញុំមិនដឹងថាពិតឬអត់ទេ ហើយខ្ញុំក៏មិនដែលជួបរឿង មានគេទាក់ទងអីដែរ។ ពេលនេះខ្ញុំគ្មានសង្សារទេ តែរឿងគូស្រករ ខ្ញុំគិតថា ជឿលើនិស្ស័យច្រើនជាង យើងមិនអាចកំណត់បានទេថា ជ្រើសរើសគូយ៉ាងម៉េចនោះ”៕

RELATED ARTICLES