Wednesday, November 27, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ព្រមានឧក្រិដ្ឋជនបំផ្លាញព្រៃឈើ “អ្នកកាប់ព្រៃឈើ ដូចកាប់ក្បាលខ្ញុំអ៊ីចឹង”

សម្តេចហ៊ុន សែន ព្រមានឧក្រិដ្ឋជនបំផ្លាញព្រៃឈើ “អ្នកកាប់ព្រៃឈើ ដូចកាប់ក្បាលខ្ញុំអ៊ីចឹង”

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានឧក្រិដ្ឋជនបំផ្លាញព្រៃឈើ នៅក្នុងប្រទេសកម្ពុជា និងរំឭកដល់មន្ត្រីពាក់ព័ន្ធឱ្យពង្រឹងប្រសិទ្ធភាព ការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ កុំបណ្តោយឱ្យមានការកាប់បំផ្លាញព្រៃឈើទៀត ដោយសម្តេចបញ្ជាក់ថា “អ្នកកាប់ព្រៃឈើ ដូចកាប់ក្បាលខ្ញុំអ៊ីចឹង”។

នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្តីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ”។

វេទិកានេះ មានការចូលរួមពីស្ថាប័នជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ដើម្បីត្រួតពិនិត្យ វាយតម្លៃទៅលើលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កន្លងមក ក៏ដូចជាការពិនិត្យមើលបញ្ហាប្រឈមនានា ដើម្បីដោះស្រាយ និងកែលម្អឱ្យបានល្អប្រសើរ។

ថ្លែងនៅក្នុងវេទិកាថ្នាក់ជាតិ “ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ” នោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការបង្ក្រាបឧក្រិដ្ឋជនព្រៃឈើ មិនពិបាក ដូចបង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀននោះទេ។ ដូច្នេះសម្តេចបានបញ្ជាឱ្យស្រង់ឈ្មោះ មន្ត្រីខិលខូច និងឧកញ៉ាមួយចំនួន ដែលសម្តេចថា ជួយកសាងបន្តិចបន្តួច តែបែរជាសម្ងំលាក់ខ្លួនធ្វើជាឧក្រិដ្ឋជនបំផ្លាញព្រៃឈើនៅតាមខេត្តមួយចំនួនទៅវិញ។ សម្តេចថ្លែងថា សម្តេច ស្អប់ជាទីបំផុត មនុស្សដែលបំផ្លាញព្រៃឈើ ហើយជ្រកក្រោមស្លាកជួយកសាងតិចតួចនេះ។ ម៉្យាងទៀត មន្ត្រីដែលបណ្តោយឱ្យមានការកាប់បំផ្លាញព្រៃឈើ មិនខុសអីពីកាប់ក្បាលសម្តេចនោះទេ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “ការកាប់បំផ្លាញព្រៃឈើណាមួយ វាមិនខុសពីការកាប់ក្បាលខ្ញុំកូណាខ្ញុំទេ។ អ៊ីចឹងបានខ្ញុំកូណាស្អប់ណាស់អាមនុស្សកាប់ឈើនេះ បំផ្លាញព្រៃឈើនេះ។ នៅពេលប្រជុំគណបក្ស រៀងរាល់ពេលប្រជុំគណបក្ស ខ្ញុំកូណាខ្ញុំតែងរំលឹកហើយថា កុំឱ្យមានការអត់ឱនជាមួយអ្នកប្រព្រឹត្តអំពើអនាធិបតេយ្យ អំពីបញ្ហាការកាប់បំផ្លាញព្រៃ ទោះបីអ្នកនោះមានឋានៈស្អីក៏ដោយ។ គេកាប់បំផ្លាញព្រៃឈើនៅ ខេត្តព្រះវិហារ ក្នុងនាមជាអ្នកកាប់ឈើ ប៉ុន្តែ គេមកចូលរួមកសាងបន្តិចបន្តួចនៅឯខេត្តកំពង់ចាម ឬខេត្តកណ្តាល រួចហើយអ្នកខេត្តកំពង់ចាម អ្នកខេត្តកណ្តាល គិតស្មានថា អានេះវាល្អ ចេះតែនាំគ្នាថាល្អទៅ។ ប៉ុន្តែត្រូវមើលប្រវត្តិ បើមានបានដោយសារកាប់ឈើបំផ្លាញព្រៃឈើនេះ អាហ្នឹងគឺជារឿងដែលត្រូវពិចារណាឱ្យបាន ហ្មត់ចត់។ អ៊ីចឹងទេ អ្នកដែលបំផ្លាញព្រៃឈើ សុំឱ្យរៀបចំជាប្រព័ន្ធអ៊ីចេះ អ្នកខ្លះនៅទីក្រុងភ្នំពេញ ប៉ុន្តែទៅបំផ្លាញព្រៃឈើ នៅព្រះវិហារ នៅឧត្តរមានជ័យ ឬនៅរតនគិរី មណ្ឌលគិរី ឯណោះ។ អ៊ីចឹងនៅទីក្រុងភ្នំពេញ គេចាត់ទុកថា ជាឧកញ៉ា ឬក៏ជាឈ្មួញល្អ ប៉ុន្តែសម្រាប់អ្នកនៅមូលដ្ឋានដែលខូចខាតផលប្រយោជន៍ ដោយសារការបាត់បង់ព្រៃឈើនោះ គេចាត់ទុក ជាឧក្រិដ្ឋជននៅក្នុងតំបន់នោះទៅវិញទេ។ ដូច្នេះ គួរតែទៅកសាងប្រវត្តិរូបនៅត្រង់ហ្នឹងផងដែរ ដើម្បីចៀសវាងទៅជ្រកខាងណេះ ទៅជ្រកត្រង់ណោះៗ។ អ៊ីចឹងខ្ញុំកូណាខ្ញុំគិតថា អារឿងព្រៃឈើនេះ យើងបានខិតខំច្រើនណាស់ ប៉ុន្តែ ដូចបាននិយាយមិញអ៊ីចឹង អស់អាធំ វានៅសល់អាតូច ប៉ុន្តែអាធំហ្នឹង ក៏នៅមានដោយរោយទៅខ្លះដែរ ព្រោះថាអារណារបច្ចុប្បន្ននេះ គឺថា អារណារអស់ទាស់ ហើយកាប់ឈើ។ កាលពីសម័យដើម ប្រើដឹងទេណា៎ កាប់បីថ្ងៃ មិនទាន់រលំ១ដើមផង តែឥឡូវអត់ទេ អារណារយន្ត ដាក់ឆ្វាច់ដួល រួចហើយគេកាត់ជាកង់ៗ ដឹកទៅយ៉ាងស្រួល។ ថាគ្រឿងញៀនចុះ វាលំបាកក្នុងការត្រួតពិនិត្យ ដោយសារគេលួចលាក់ អាខ្លះលេប ទៅក្នុងពោះនោះ ខ្លះដាក់ក្នុងនេះ ដាក់ក្នុងនោះ ប៉ុន្តែឈើ រឿងស្អីវាទៅរួច បើវាដាក់លើឡាន ពេញៗហ្នឹង!”។

ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ថា សិប្បកម្មឡឥដ្ឋ ដែលផលិតនៅកម្ពុជា សព្វថ្ងៃនេះ នាំឱ្យអន្តរាយដល់ព្រៃឈើក្នុងប្រទេស ព្រោះតែចំណាយអុស យ៉ាងច្រើន និងឈានដល់ការបាត់បង់ព្រៃឈើ។ ដូច្នេះអាជ្ញាធរត្រូវចាត់វិធានការឱ្យតឹងរ៉ឹង លើការកាប់ព្រៃឈើ និងតំបន់អេកូទេសចរណ៍ ដែលបញ្ហានេះ នៅតែកើតមានឡើងអំពីការកាប់ដើមឈើ។

ទាក់ទងនឹងបញ្ហាព្រៃឈើនេះ កាលពីចុងឆ្នាំ២០១៥ កន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ព្រមទាំងផ្តល់អំណាចដល់ក្រុមការងារនោះ អាចប្រើអាវុធស្វ័យប្រវត្តិ បាញ់បង្ក្រាបពីលើអាកាស ទៀតផង ឱ្យតែការបង្ក្រាបនោះ មានប្រសិទ្ធភាព។ ប៉ុន្តែច្រើនឆ្នាំមកនេះ មជ្ឈដ្ឋានតាមដាន សង្គម បានធ្វើការកត់សម្គាល់ឃើញថា គ្មានឧកញ៉ាណាម្នាក់ ត្រូវបានចោទប្រកាន់ពីបទល្មើសព្រៃឈើនោះទេ បើទោះបីសម្តេចហ៊ុន សែន ធ្លាប់និយាយចំឈ្មោះឧកញ៉ាមួយចំនួនថា ជាប់ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មព្រៃឈើក៏ដោយ។

ទោះជាយ៉ាងណា ក្នុងវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសប្រាប់ អ្នកចូលរួមថា រដ្ឋាភិបាលនឹងបន្តសហការជាមួយក្រុមអង្គការជាដៃគូ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនេះ ឱ្យមានប្រសិទ្ធភាព និងផ្តល់កម្លាំងសហការ បើមានការស្នើសុំ។ ពោលគឺ សម្តេចបានបញ្ជាក់ថា តាមរយៈការគិតគូររបស់ក្រសួងបរិស្ថាន និងក្រសួងស្ថាប័ន រួមជាមួយដៃគូ បានសម្រេចសមិទ្ឋផលថ្មីៗ ស្តីពីគុណភាពបរិស្ថាន ដើម្បីសម្រេចឱ្យមានចីរភាពនៃធនធានធម្មជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។ បានន័យថា ភាគីពាក់ព័ន្ឋទាំងជាតិ អន្តរជាតិ និងក្រសួងបរិស្ថាន មានកិច្ចសហការល្អក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ធ្វើឱ្យសង្គមមានសេចក្តីសុខដុមរមនា។

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការការពារ និងអភិរក្សធនធានធម្មជាតិ និងគាំពារដល់ទេសចរណ៍ គឺកម្ពុជាកំណត់ថា ជាទេសចរណ៍វប្បធម៌ ដែលចូលរួមចំណែកបង្កើនចំណូល និងមុខរបរប្រជាពលរដ្ឋ នៅតាមមូល ដ្ឋានឱ្យកាន់តែប្រសើរ។ ការរីកចម្រើននេះ ស្របជាមួយកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ចខ្ពស់ផងដែរ។ សម្តេចហ៊ុន សែន មានប្រសាសន៍ដែរថា ទន្ទឹមនឹងការរីកចម្រើននេះ ទីប្រជុំជនបានកំពុងមានមនុស្សកើនឡើង បញ្ហាសំរាម និងបញ្ហាមួយចំនួនទៀត ដែលតម្រូវឱ្យភាគីពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយ។ ជា ពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិ ចាត់វិធានការ ឱ្យតឹងរ៉ឹងលើការកាប់ព្រៃឈើ។

ក្នុងនោះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា សិល្បករ តារាចម្រៀង តារាភាពយន្ត មានប្រជាប្រិយភាព អាចទាក់ទាញ អ្នកទស្សនា អ្នកស្តាប់ ជាពិសេស យុវជនដែល ជាអ្នកគាំទ្រ តាមរយៈសារភ្ជាប់ជាមួយកិច្ចគាំពារបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិ។ ដូច្នេះនៅក្នុងឱកាសនោះដែរ សម្តេចក៏បានគាំទ្រជុំវិញសំណូមពរពីសិល្បករ ជំរុញឱ្យបង្កើនភាពបៃតង បង្កើតសួនច្បារ និងដាំដើមឈើ នៅតាមទីក្រុងបានច្រើនជាងមុន។

ក្នុងវេទិកានោះ លោកសេង ទា នាយកអង្គការ WWF និងជាតំណាងអង្គការទាំង៧ នៅកម្ពុជា ដែលធ្វើការខាងអភិរក្សសត្វព្រៃ និងការពារព្រៃឈើ បានសំណូមពរឱ្យមានការអភិរក្សធនធានធម្មជាតិ ដែលកំពុងមាន កុំឱ្យ បាត់បងបន្ថែមទៀត និងស្នើសុំបង្កើនថវិកាក្នុងការការពារព្រៃឈើ ទៅដល់ក្រសួងបរិស្ថានឱ្យ បានដល់២% នៃថវិកាជាតិសម្រាប់ឆ្នាំ២០១៨។

ជាការឆ្លើយតបនឹងសំណូមពរនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានលទ្ធភាពបន្ថែមថវិកា២% នៃថវិកាជាតិ លើការថែរក្សាព្រៃឈើ សម្រាប់ឆ្នាំ២០១៨ នោះទេ ព្រោះកម្ពុជា ត្រូវការថវិកាជាង៣លាន ដុល្លារ សម្រាប់ជួយដល់ការព្យាបាលជំងឺជូនកម្មកររោងចក្រ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ថា “ដំបូងយើងត្រូវពិនិត្យអំពី សំណូមពរពាក់ព័ន្ធជាមួយនឹងបញ្ហាខ្លាធំ។ ចំណុចនេះ គឺជាចំណុចដែលខ្ញុំមិនស្ទាក់ស្ទើរជាមួយនឹងការគាំទ្រនោះទេ វាជាឱកាស។ សម័យសង្គ្រាម វាមិនមែនគ្រាន់តែបំផ្លាញជីវិតមនុស្សទេ ប៉ុន្តែ សត្វទាំងឡាយ បានចាកចេញពីកម្ពុជា ទៅកាន់ ប្រទេសផ្សេង ក្នុងហ្នឹងរាប់ទាំងដំរីផង គោព្រៃ ខ្ទីង ត្រូវបាត់បង់ច្រើនណាស់។ ឯចំពោះសំណើ ទី២ គឺជាគោលបំណងដែលចង់ពង្រីកនៃចំនួន ថវិការបស់ក្រសួងបរិស្ថាន ឱ្យបានដល់ទៅ២% នៃថវិកាជាតិ ប្រចាំឆ្នាំ។ ដូចដែលខ្ញុំបានជម្រាបជូនអម្បាញ់មិញ បញ្ហាបរិស្ថាន មិនមែនជាបញ្ហា ដាច់ដោយឡែកនោះទេ វាមានការចូលរួមពាក់ព័ន្ធច្រើន តួអង្គណាស់។ យើងត្រូវមើលព្រៃទាំងមូល មិនមែនមើលឈើ១ដើមៗទេ តែយើងក៏ត្រូវមើលឈើ១ដើមៗ ក្នុងស្ថានភាពព្រៃទាំងមូលផងដែរ។ ពិតតែរាជរដ្ឋាភិបាលមិនទាន់ មានលទ្ធភាពដើម្បីបង្កើនថវិកា សម្រាប់វិស័យ បរិស្ថាន រហូតទៅដល់២% នៃចំណាយថវិកាជាតិ ក៏ប៉ុន្តែនៅឆ្នាំខាងមុខនេះ ឥឡូវនេះ ថវិកាជាតិ កំពុងត្រូវបាន វេចខ្ចប់។ យើងនឹងបង្កើន ក្នុងរង្វង់២០% ប្រៀបធៀបទៅនឹងឆ្នាំ២០១៧ នេះ។ ការកើនឡើងនៃចំនួននេះ រួមជាមួយនឹងការចូលរួមជាមួយដៃគូដទៃទៀត នឹងធ្វើឱ្យការការពាររបស់យើង កាន់តែបានប្រសើរឡើង នេះជាចំណុចដែលខ្ញុំសុំបញ្ជាក់ថា យើងមិនទាន់អាចទៅរួចទេ ហើយម៉្យាងទៀត ប្រហែលជាគេអាចដឹងបានថា អ្វីទៅដែលវាសំខាន់នៅថ្ងៃស្អែកនេះ ប្រហែលជាមានចំណែកមួយ ដែលខ្ញុំត្រូវថា ចំណាយក្នុង១ឆ្នាំៗ ធ្វើមិនតិចទេ។ ខ្ញុំនឹងនិយាយទៅកាន់កម្មករ-កម្មការិនី។ ថ្ងៃមុន ខ្ញុំត្រឹមតែនិយាយអំពីបញ្ហាកម្មករ-កម្មការិនី ដែលត្រូវបង់ប្រាក់ធានាការពារសុខភាព ដែលធ្លាប់បង់៥០% គឺបញ្ឈប់ការបង់ ហើយបង់ជំនួសដោយក្រសួង ដោយនិយោជកទៅវិញ ប៉ុន្តែម្សិលមិញនេះ ខ្ញុំមានការពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីសុខាភិបាល ជាមួយរដ្ឋមន្ត្រីការងារ ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យើងនឹងបញ្ចូលថែមមនុស្សដែលជាមុខសញ្ញា ត្រូវទទួលបានការពារព្យាបាល ដោយមូលនិធិ សមធម៌ ប្រមាណជិត២លាននាក់ទៀត។ បើសិនជាខ្ញុំប៉ាន់ស្មានមិនខុស ឥឡូវយើងកំពុងអនុវត្ត  នូវកម្មវិធីនេះ ស្មើនឹងមនុស្សជាង៣លាននាក់ ប៉ុន្តែនៅពេលខាងមុខនេះ យើងនឹងបញ្ចូលកម្មករ គ្រប់ផ្នែកទាំងអស់ មិនគ្រាន់តែកម្មករក្នុងវិស័យកាត់ដេរទេ ទាំងវិស័យសំណង់ ទាំងក្នុងវិស័យ សណ្ឋាគារ ទាំងក្នុងវិស័យសេវា ទាំងកម្មករក្នុង វិស័យកសិកម្ម ត្រូវទទួលបានអត្ថប្រយោជន៍ពីមូលនិធិសមធម៌ ក្នុងការព្យាបាលដោយមិនបាន បង់ប្រាក់ រាជរដ្ឋាភិបាលនឹងបង់ប្រាក់ជំនួស។ ចំណុចទាំងនេះ ប្រហែលជាក្មួយអាចមើលឃើញថា រាជរដ្ឋាភិបាល បានគិតគូរអ្វីជាអាទិភាពមុន? ព្រោះលុយរបស់យើងវាអ៊ីចឹង វាមិនខុស ពីភួយដែលវាខើច ខ្លួនយើងវាខ្ពស់ ទាញគ្រប ពីលើ វាខើចឯជើង ទាញទៅជើង វាខើចឯលើ។ អ៊ីចឹងមានតែដេកអង្កុញជើង វាមានតែប៉ុណ្ណឹង តែយ៉ាងណាក៏ដោយ យើងមានកម្មវិធីបង្កើនជាបណ្តើរៗ ហើយខ្ញុំគិតថា អ្នកទាំងឡាយដែលមកចូលរួមធ្វើការអភិរក្សធនធានធម្មជាតិ នៅកម្ពុជា គឺជាដៃគូដែលបានចូលរួមចំណែកធ្វើកិច្ចការងារនេះ ប្រហែលជាអាចនឹងមានលទ្ធ ភាព ដើម្បីចូលរួមនៅក្នុងការជាមួយនឹងថវិកា ដើម្បីចូលរួមផងដែរ។ ព្រោះអ៊ីចេះ ខ្ញុំសុំនិយាយ ដោយត្រង់ទៅ មិនមែននិយាយបន្តុះបង្អាប់ ដៃគូអភិវឌ្ឍន៍មួយចំនួន មកទីនេះ គ្រាន់តែដោះស្រាយការធ្វើដោយខ្លួនឯងតែប៉ុណ្ណោះ លុយ ជួយទាំងប៉ុន្មាន យកទៅវិញអស់រលីង អត់មានសល់មួយសេន អាហ្នឹងនិយាយតាមត្រង់ អត់ មានសល់១សេនទេ ប្រាប់ថា ជួយខាងបរិស្ថាន ប៉ុន្តែដល់ជួយខាងបរិស្ថាន សួរថា គេយកបុគ្គលិកខ្មែរបានប៉ុន្មាននាក់? បុគ្គលិកខ្មែរនោះតិច តួចណាស់។ ដល់គេជួយ១លាន យកទៅវិញ អស់៨០ម៉ឺនបាត់ហើយ ព្រោះតាមរយៈដោះ ស្រាយការងារឱ្យពលរដ្ឋគេមកធ្វើនៅកម្ពុជា។ អ៊ីចឹងកម្ពុជា ខ្លួនឯងកត់ត្រាជំនួយច្រើនណាស់ ច្រើនសម្បូរបែប តែទីចុងបំផុត សួរថា តើកម្ពុជា មានប្រាក់ប៉ុន្មានទៅ ដែលគេបានផ្តល់មកឱ្យកម្ពុជាពិតប្រាកដ ហើយពលរដ្ឋកម្ពុជា បានទទួល? ហើយរឿងនេះ ខ្ញុំបានទៅស្រែកនៅអង្គការសហប្រជាជាតិតែម្តង ពាក្យដែលថា ជំនួយបច្ចេកទេសនេះ វាគ្រាន់តែជាបង្កើត ការងារធ្វើសម្រាប់ជនបរទេសមកយកប្រាក់ពីកម្ពុជា តែប៉ុណ្ណោះ”។

ដោយឡែក ពាក់ព័ន្ធនឹងវិស័យបរិស្ថាន ព្រៃឈើនោះ ក៏មានការកត់សម្គាល់បន្ថែមទៀត នូវប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលសម្តេចបានវាយតម្លៃខ្ពស់ចំពោះ មន្ត្រីរាជការ និងឧទ្យានុរក្សនៃក្រសួងបរិស្ថាន ក្នុងការបំពេញការងារ ដើម្បីជាប្រយោជន៍ សម្រាប់ប្រទេសជាតិ។ សម្តេចថ្លែងអំណរគុណ ដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាជាមួយក្រសួងបរិស្ថាន ដើម្បីរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។ សម្តេចមានជំនឿ មុតមាំថា តាមរយៈការប្តេជ្ញាចិត្តរបស់មន្ត្រីរាជការ និងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ នឹងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ការលើកកម្ពស់បរិស្ថាននៅកម្ពុជា។ សម្តេចបានអំពាវនាវ ឱ្យយកចិត្តដាក់ការពារ ឧទ្យានវីរជ័យ ព្រោះជាតំបន់ព្រៃស្រោងដ៏ធំ មួយនៅកម្ពុជា។ សម្តេចបានស្នើឱ្យកាត់បន្ថែម មន្ត្រីការពារព្រៃឈើ ហើយត្រូវដាក់ជំនួសដោយកងទ័ពដែលកំពុងឈរជើងនៅទីនោះស្រាប់។ សម្តេចបានផ្តាំផ្ញើ ទៅដល់កងទ័ពនៃកងពល ថ្មើរជើង១២៨ ដែលសម្តេចបង្កើតថ្មី ដើម្បីការពារទឹកដីនៅក្នុងស្រុកសៀមប៉ាង គឺមិនមែនបង្កើតឡើងដើម្បីកាប់ព្រៃឈើនោះទេ។

ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសថា នៅក្នុងអាណត្តិរបស់សម្តេច គ្មានការអនុញ្ញាតផ្តល់ដីសម្បទានសេដ្ឋកិច្ចទៀតនោះឡើយ ហើយចំពោះអ្នកដែលមិនអនុវត្ត ត្រូវដកហូតយកមកវិញ។ សម្តេចបញ្ជាក់ថា ដីទាំងនោះ រក្សាទុកសម្រាប់ផ្តល់ជាដីសម្បទានសង្គមកិច្ច និងសម្រាប់អភិរក្ស។ សម្តេចហ៊ុន សែន ក៏បានអំពាវនាវឱ្យយកចិត្តទុកដាក់ការបំភាយឧស្ម័នពុល នៅតាមរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនានា ដើម្បីថែរក្សាបរិស្ថាន និងអេកូឡូស៊ី និងអំពាវនាវឱ្យយកចិត្តទុកដាក់ លើការគ្រប់គ្រងសំរាម និងកាកសំណល់រឹង ផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី ស្នើឱ្យលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យមើលសកម្មភាព ចាក់ដីលុបឆ្នេរ ហើយសម្តេចបានរំលឹកទៅអ្នកដែលចូលចិត្តលុបឆ្នេរ ឬកាប់ព្រៃកោងកាង ដើម្បីជាប្រយោជន៍ខ្លួនថា កុំកាប់មេមាន់ សម្រាប់ឆ្ងាញ់មួយពេល ត្រូវរក្សាមេមាន់ទុក ដើម្បីយកស៊ុត។ សម្តេចអំពាវនាវឱ្យរួមគ្នាថែរក្សាឆ្នេរ កុំធ្វើឱ្យឆ្នេរសមុទ្រកម្ពុជាប្រែក្លាយពីឆ្នេរសមុទ្រ ដែលស្អាតជាងគេ ទៅជាឆ្នេរ ដែលអាក្រក់ជាងគេ។

ក្រៅពីនេះ សម្តេចហ៊ុន សែន បានចេញបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ពន្លឿនការដោះស្រាយ និងបញ្ចប់បញ្ហារបស់ប្រជាពលរដ្ឋបឹងកក់ ចំនួន៧គ្រួសារ។

ដោយឡែក ពាក់ព័ន្ធបញ្ហាបរិស្ថាន និងការអភិរក្សធនធានធម្មជាតិនោះដែរ សម្តេចនាយករដ្ឋមន្ត្រី ចាប់អារម្មណ៍ទៅនឹងសំណូមពរ របស់តារាចម្រៀង មាស សុខសោភា ដែលសុំរដ្ឋាភិបាល បង្កើតសួនឧទ្យានឱ្យបានច្រើន នៅ ក្នុងរាជធានីភ្នំពេញ និងសុំកុំឱ្យទទួលទានសាច់សត្វព្រៃ ព្រមទាំងទប់ស្កាត់កុំឱ្យចាក់ដីលុបបឹង តាមោក (បឹងកប់ស្រូវ)។ ដែលស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ថ្លែងក្នុងវេទិកានោះដែរ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងសមត្ថកិច្ចរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន បានផ្ទេរមុខងារគ្រប់គ្រងតំបន់ការពារធម្មជាតិ  និងសហគមន៍តំបន់ការពារធម្មជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានមន្ទីរបរិស្ថាន ជាសេនាធិការ។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន បានខិតខំជំរុញការអនុវត្តសារាចរណែនាំ លេខ០៥ ស.រ.ណ.ន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដោយសហការជាមួយគណៈបញ្ជាការ ឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បី ពង្រឹងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ ដោយបានចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។ លើសពីនេះ បច្ចុប្បន្ន ក្រសួងបរិស្ថាន បាននិងកំពុងខិតខំធ្វើការកំណត់តំបន់គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិ រួមមាន “តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់ សហគមន៍” បោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិ រៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោះស្រាយទំនាស់ដីធ្លី សហការចុះបញ្ជីដីធ្លី និងរៀបចំផែនទីសម្រាប់ការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដូចជា ដីលំនៅឋាន ដីសមូហភាព ជនជាតិដើមភាគតិច សម្បទានដីសេដ្ឋកិច្ច សម្បទាន ដីសង្គមកិច្ច និងតំបន់ការពារធម្មជាតិ ក៏ដូចជាសម្រាប់ការកំណត់ និងបង្កើតតំបន់ការពារធម្មជាតិថ្មីៗបន្ថែមទៀត។

លោកសាយ សំអាល់ បញ្ជាក់បន្ថែមទៀតថា តាមរយៈយុទ្ធនាការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅទូទាំងប្រទេស ត្រូវបានលុបបំបាត់ទាំងស្រុង។ ប៉ុន្តែបទល្មើសធនធានធម្មជាតិ ទ្រង់ទ្រាយតូចមួយចំនួន ដូចជាការលួចកាប់ឈើ និងការកាប់ រុករានទន្ទ្រានយកដីរដ្ឋនៅបន្តកើតមាន ហើយការរុករក និងធ្វើអាជីវកម្មរ៉ែ ក៏ដូចជាការប្រើប្រាស់ដីនៅក្នុងតំបន់ការពារធម្មជាតិ សម្រាប់ជាមូលដ្ឋានកងទ័ពនៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍ មូលដ្ឋាន និងអ្នកពាក់ព័ន្ធបន្ត រួមគ្នាចាត់វិធានការ គ្រប់គ្រង ទប់ស្កាត់ និង បង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

        កុលបុត្រ

RELATED ARTICLES