Wednesday, November 27, 2024
Homeព័ត៌មានជាតិលុបបឹងធ្វើផ្លូវ

លុបបឹងធ្វើផ្លូវ

ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានខ្សឹបឱ្យឮតាម “នគរធំ” ថា រាល់ថ្ងៃនេះពួកគាត់កំពុងព្រួយបារម្ភយ៉ាង  ខ្លាំង ក្រោយពីឃើញសកម្មភាពចាក់អាចម៍ដី លុបផ្ទៃបឹងតាម៉ុក ដែលជាតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រ ស្រុកអន្លង់វែង ជាបន្តបន្ទាប់ ក្រោម ហេតុផលថា ធ្វើផ្លូវដើម្បីអភិវឌ្ឍ តែតាមពិត គឺគ្រាន់តែជាហេតុផលដោះសា របស់ក្រុមអ្នកមានអំណាចនៅក្នុងស្រុកអន្លង់វែង ដែលបាន រំលោភបំពាន ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកប៉ុណ្ណោះ។

ប្រជាពលរដ្ឋស្រុកអន្លង់វែង បានខ្សឹបឱ្យឮថា ការចាក់ដីលុបរំលោភលើផ្ទៃបឹងតាម៉ុក នេះ ត្រូវបានគេធ្វើឡើងនៅចំណុចជាប់ផ្លូវជាតិលេខ ៦៧ព ជាប់នឹងផ្ទះឈ្មោះកាក់ ស្ថិតនៅ ភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្រៅពីចាក់អាចម៍ដីរំលោភ ចូលផ្ទៃបឹង ៤ទៅ៥ម៉ែត្រហើយ នៅមានការ លួចដកបង្គោលព្រំ ដែលបោះដោយមន្ទីរទេសចរណ៍ ដើម្បីបំបាត់ភ័ស្តុតាងទៀតផង។

ប្រជាពលរដ្ឋ បានខ្សឹបថា ដំបូងឡើយ ផ្ទៃបឹង មានទំហំសរុប៥១៧ហិកតារ ក្រោយមក ដោយសារតែកាត់ចេញ ផ្តល់ផលប៉ះពាល់ជូន ប្រជាពលរដ្ឋ ការវាស់វែងជាក់ស្តែង និងដាក់ ចូលអនុក្រឹត្យនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១០ កន្លងទៅ ផ្ទៃបឹងសរុបនៅសល់៤១៧ហិកតារ ប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃ នៅមានការបាត់បង់ បន្ថែមទៀត ដូចជាតំបន់ខាងលើ និងជាច្រើន កន្លែងផ្សេងទៀត ដែលសុទ្ធសឹងតែត្រូវបាន អ្នកមានអំណាច រំលោភយកផ្ទៃបឹង ដែលជា តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រតាម៉ុក តាំងពី ៥១៧ហិកតារ រហូតនៅសល់តែ៤១៧ហិកតារ និងអាចតិចជាងនេះទៀត ក្នុងពេលបច្ចុប្បន្ន។ ការបាត់បង់ផ្ទៃបឹង១០០ហិកតារ ដោយសារ ប្រជាពលរដ្ឋផង និងអ្នកមានអំណាចផងនោះ គឺដោយសារតែដីនៅជុំវិញផ្ទៃបឹង កំពុងមាន ហាងឆេងខ្ពស់។

ប្រជាពលរដ្ឋបានខ្សឹបបន្តថា កន្លងមក អាជ្ញាធរធ្លាប់អះអាងថា ការចាក់ដីលុបផ្ទៃបឹងនោះ គឺចាក់ធ្វើផ្លូវក្រវាត់ផ្ទៃបឹង ដែលមានទទឹង១៥ ម៉ែត្រ ហើយការចាក់ដីលុបនេះមិនបានប៉ះពាល់ ផ្ទៃបឹងក្នុងអនុក្រឹក្យនោះឡើយ។ ប៉ុន្តែរហូតមក ទល់ពេលនេះ នៅមិនទាន់ឃើញមានក្រុមហ៊ុន ឬក៏មន្ទីរពាក់ព័ន្ធណាមួយទទួលបានការស្ថាបនា សាងសង់ផ្លូវបឹងនោះឡើយ ទើបមានការសង្ស័យ ថា ជាលេសក្នុងការបំផ្លាញបឹងតាម៉ុក ក្រោម រូបភាពអភិវឌ្ឍន៍ប៉ុណ្ណោះ។ ហេតុនេះប្រជាពលរដ្ឋបានស្នើសុំដល់ថ្នាក់ដឹកនាំ និងស្ថាប័ន ពាក់ព័ន្ធ ជួយចុះពិនិត្យស្រាវជ្រាវករណីខាងលើ នេះ ឱ្យបានច្បាស់លាស់ផងថា តើពិតជាមាន គម្រោងអភិវឌ្ឍន៍លុបបឹងធ្វើផ្លូវនេះ មែនឬ មិនមែន? ព្រោះបើគ្មានគម្រោងអភិវឌ្ឍន៍បែបនេះទេ គឺវាបានធ្វើឱ្យប៉ះពាល់ដល់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនេះយ៉ាងខ្លាំង។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបប្រាប់ខាង លើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិត ណាទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺ ពីអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធបានទេ កាលពីម្សិល មិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយ បំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ខៀវទុំ

RELATED ARTICLES