ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានសម្រេចបញ្ឈប់សកម្មភាពវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលជាអង្គការសហរដ្ឋអាមេរិកមួយ និងបណ្តេញបុគ្គលិកបរទេសរបស់អង្គការនេះ ចេញពីប្រទេសកម្ពុជា ដោយបញ្ជាក់ថា អង្គការនេះប្រព្រឹត្តខុសច្បាប់ ស្តីពីអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់សារពើពន្ធរបស់កម្ពុជា។
ជាមួយគ្នានេះដែរ ក៏មានការកត់សម្គាល់ថា ការសម្រេចបណ្តេញអង្គការ NDI ចេញពីប្រទេសកម្ពុជា គឺក្រោយបែកធ្លាយឯកសារ ផែនការជួយបក្សប្រឆាំង ផ្តួលរំលំរដ្ឋាភិបាល ដណ្តើមអំណាចពីបក្សកាន់អំណាច។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ មានខ្លឹមសារថា “ក្នុងគោលបំណងធានាការអនុវត្តយ៉ាងត្រឹមត្រូវ និងប្រសិទ្ធភាពនូវច្បាប់នានា និងដើម្បីពង្រឹង នីតិរដ្ឋ និងការគោរពអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ហើយបន្ទាប់ពីមានការពិចារណា និងការពិភាក្សាគ្នាយ៉ាងហ្មត់ចត់ក្នុង កិច្ចប្រជុំជាបន្តបន្ទាប់រួចមក អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បានឈានដល់ការសម្រេចបញ្ឈប់នូវសកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងបណ្តេញបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីការជូនដំណឹងជាផ្លូវការអំពីសេចក្តីសម្រេចនេះ ។
ដើម្បីបំភ្លឺចំពោះការប្រកាន់យកសេចក្តីសម្រេចនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបជូនសាធារណមតិជាតិ និងអន្តរជាតិ អំពីមូលដ្ឋានច្បាប់នៃសេចក្តីសម្រេចនេះ ពិសេសគឺច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពី សារពើពន្ធ ដូចខាងក្រោម ៖
-ច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាល ត្រូវបានអនុម័តដោយរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះករុណា ព្រះមហាក្សត្រ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។
-ចាប់តាំងពីច្បាប់នេះបានចូលជាធរមាន នៅខែសីហា ឆ្នាំ២០១៥ អង្គការ NDI បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយមិនបានចុះបញ្ជីជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រហូតដល់អង្គការ នេះ បានដាក់ពាក្យស្នើសុំចុះបញ្ជីនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។ អំឡុងពេលរង់ចាំការសម្រេចរបស់ក្រសួង លើពាក្យស្នើសុំនេះ អង្គការ NDI នៅតែបន្តធ្វើសកម្មភាពរបស់ខ្លួន ដោយគ្មានគិតគូរ អំពីការគោរពច្បាប់សោះឡើយ។
-មាត្រា៣៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចែងថា ៖ “អាជ្ញាធរ មានសមត្ថកិច្ច ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ចំពោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេសណា ដែលធ្វើសកម្មភាពដោយ មិនបានចុះបញ្ជី ឬដែលត្រូវបានបញ្ចប់សុពលភាពអនុស្សរណៈដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វិធានការបន្ថែម ទាក់ទងនឹងការបណ្តេញចេញស្របតាមច្បាប់ ស្តីពីអន្តោប្រវេសន៍ អាចត្រូវបានអនុវត្តចំពោះជនបរទេសណា ដែលបម្រើការងារនៅក្នុងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលប្រព្រឹត្តល្មើសខាងលើ ដោយពុំទាន់គិតដល់ទោសទណ្ឌព្រហ្មទណ្ឌផ្សេងទៀត”។
-មាត្រា១០១ នៃច្បាប់ស្តីពីសារពើពន្ធ ចែងថា “បុគ្គលទាំងឡាយត្រូវទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុងអំឡុង១៥ថ្ងៃ ក្រោយពីបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច”។
-មាត្រា១២៨ និង១២៩ នៃច្បាប់ដដែលនេះចែងថា ៖ ក្នុងករណីដែលបុគ្គលមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ត្រូវបានចាត់ទុក ជាអំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ” និងថា ៖ ”… បុគ្គលណាដែលធ្វើការរាំងស្ទះ ដល់ការគ្រប់គ្រងប្រព័ន្ធសារពើពន្ធ ដូចមានចែងក្នុងមាត្រា១២៨ នៃច្បាប់នេះ ត្រូវចាត់ទុកថា បានប្រព្រឹត្តបទល្មើសផ្នែកព្រហ្មទណ្ឌ លើបទប្បញ្ញត្តិស្តីពីពន្ធដារ”។
-បន្ថែមលើនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ បានពន្យល់ យ៉ាងលម្អិតអំពីច្បាប់នេះ ហើយនិងវិធានការ របស់អគ្គនាយកដ្ឋាន សម្រាប់ការអនុវត្តច្បាប់ នេះ នៅក្នុងសេចក្តីបំភ្លឺរបស់ខ្លួន ចេញផ្សាយ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។
-អង្គការ NDI រហូតមកដល់ពេលបច្ចុប្បន្ន មិនបានអនុវត្តតាមច្បាប់ដែលបានលើកឡើងខាងលើនេះឡើយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមគូសបញ្ជាក់ថា ក្នុងពេលដែលសេចក្តីសម្រេចនេះ កំពុងត្រូវបានអនុវត្តចំពោះ អង្គការ NDI និងបុគ្គលិកបរទេសរបស់អង្គការនេះ អាជ្ញាធរមានសមត្ថកិច្ចក៏បានត្រៀមលក្ខណៈ រួចជាស្រេច ក្នុងការចាត់វិធានការបែបនេះផងដែរ ចំពោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលណាដែលមិនគោរពតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយនិងច្បាប់ផ្សេងៗ ទៀតរបស់ព្រះរាជាណាចក្រកម្ពុជា”។
គួរបញ្ជាក់ថា ការចេញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបញ្ឈប់សកម្មភាពអង្គការ NDI នេះ បានធ្វើឡើងក្រោយពេលដែលមានការទម្លាយ ឯកសារនៅតាមបណ្តាញសង្គមហ្វេសប៊ុកថា អង្គការ IRI អង្គការ NED បានរៀបចំផែនការជួយគណបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) ក្នុងការផ្តួលរំលំគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដើម្បីឈានទៅគ្រប់គ្រងអំណាចនៅកម្ពុជា។
យោងតាមប្រភព Fresh News បានដកស្រង់សំណេរនៅក្នុងបណ្តាញសង្គម Facebook មួយឈ្មោះ “កូនខ្មែរ” នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ បានសរសេរថា “អង្គការក្រៅរដ្ឋាភិបាលធំៗបីរបស់អាមេរិក ជាឆ្មបបង្កើតគណបក្សសង្គ្រោះជាតិ និងជាមេខ្លោងជួយបក្សប្រឆាំង រៀបចំការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។ គឺមិនមែនមាន តែអង្គការ NDI មួយប៉ុណ្ណោះទេ ដែលបានរៀបចំផែនការយុទ្ធសាស្ត្រ ផ្តួលរំលំរដ្ឋាភិបាល ដឹកនាំដោយសម្តេច ហ៊ុន សែន គឺមានអង្គការអន្តរជាតិចំនួនពីរទៀត ដែលបានឃុបឃិត រួមសហការគ្នាយ៉ាងស្អិតល្មួតជាមួយបក្សប្រឆាំងរបស់លោកសម រង្ស៊ី និងកឹម សុខា ក្នុងការរៀបចំធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។
វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (International Republican Institute) ហៅកាត់ ថា IRI និងមូលនិធិជាតិដើម្បីប្រជាធិបតេយ្យ (National Endowment for Democracy) ហៅកាត់ថា NED របស់សហរដ្ឋអាមេរិក ដែលគេដឹងថា ជាអ្នកបានដុតបញ្ឆោះឱ្យមានបដិវត្តន៍ពណ៌កើតឡើងនៅបណ្តាប្រទេសមួយចំនួន ហើយអង្គការទាំងពីរនេះ ក៏ជាមេខ្លោងក្នុងការផ្គុំគំនិត គ្នាជាមួយ NDI រៀបចំនូវផែនការយុទ្ធសាស្ត្រ ដើម្បីជួយជ្រោមជ្រែង ដល់គណបក្សប្រឆាំងឱ្យដឹកនាំធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ នៅក្នុងប្រទេសកម្ពុជាផងដែរ។
យោងលើរបាយការណ៏សម្ងាត់ ដែលបាន បែកធ្លាយពីផ្ទៃក្នុងបក្សសង្គ្រោះជាតិ បានឱ្យដឹងថា ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១១ លោកសម រង្ស៊ី ក្នុងនាមប្រធានគណបក្សសម រង្ស៊ី និងភរិយារបស់គាត់ គឺលោកស្រីជូឡុង សូមួរ៉ា បានទៅជួបប្រជុំជាមួយប្រធានអង្គការទាំង៣ នៅវ៉ាស៊ីងតោន D.C. សហរដ្ឋអាមេរិក ដើម្បីពិភាក្សារៀបចំធ្វើបដិវត្តន៍ពណ៌នៅប្រទេសកម្ពុជា។ ថ្នាក់ដឹកនាំអង្គការក្រៅរដ្ឋាភិបាល ក្នុងនោះមាននាយកប្រតិបត្តិរបស់ IRI ប្រចាំតំបន់អាស៊ី លោកស្រី Julija Belej Bakovic ជនជាតិ Serbie គឺជាអ្នកជំនាញផ្នែកសម្របសម្រួលរបស់ IRI បានដើរតួនាទីដ៏សំខាន់ក្នុងដំណើរការរៀបចំច្របាច់បញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី។ ការពិភាក្សា គ្នាក្នុងឱកាសនោះ ក៏បានលើកយកបទពិសោធន៍ នៃការសម្របសម្រួលទទួលបានជោគជ័យរបស់អតីតអ្នកនយោបាយនៅយូហ្គោស្លាវី ដែលធ្លាប់ឈ្លោះគ្នាដ៏តានតឹងបំផុត រហូតរួបរួមគ្នាបាន។ លោកស្រីជូឡុង សូមួរ៉ា ក៏បានទទួលយកនូវគំនិតនោះ ហើយគាត់ក៏បានសម្លឹងឃើញលោកសុន ឆ័យ ដែលធ្លាប់ជាសមាជិកគណបក្ស សេរីនិយមព្រះពុទ្ធសាសនា របស់លោកតាសឺន សាន ធ្វើជាស្ពានចម្លងដ៏ល្អបំផុត ក្នុងនាមជាប្រធាននៃក្រុមចរចា។ កាលណោះ គណបក្សប្រឆាំងទាំង២ គឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស របស់លោកកឹម សុខា កំពុងតែស្ថិតនៅក្នុងដំណាក់កាលវាយប្រហារទៅវិញទៅមក និងឈ្លោះគ្នាយ៉ាងខ្លាំងក្លានៅឡើយ ដើម្បីដណ្តើមប្រជាប្រិយភាពបក្សនយោបាយរៀងៗខ្លួន។
បណ្តាញសង្គមហ្វេសប៊ុកដដែលបានបន្តថា នៅក្នុងឯកសារបែកធ្លាយនោះ លោកស្រីជូឡុង សូមួរ៉ា បានរៀបរាប់ថា លោកសម រង្ស៊ី បានយល់ព្រមជាមួយសំណើរបស់ NDI, IRI និង NED ចំពោះការចរចាច្របាច់បញ្ចូលគ្នារវាង គណបក្សទាំង២ រហូតបង្កើតបានជាគណបក្សសង្គ្រោះជាតិ មកដល់សព្វថ្ងៃនេះ។ បន្ទាប់ពីបានទទួលយកសំណើបញ្ចូលគ្នាជាបក្សតែមួយ ហើយនោះ NDI, IRI និង NED ក៏បានផ្តល់ជាផែនការយុទ្ធសាស្ត្រដល់លោកសម រង្ស៊ី ក្នុងការផ្តួលរំលំមេដឹកនាំប្រទេស ផ្លាស់ប្តូររបប គឺការធ្វើបដិវត្តន៍ពណ៌ ដោយអង្គការទាំងនោះ ណែនាំឱ្យបក្សប្រឆាំង យកគំរូតាមប្រទេសមួយចំនួន នៅពិភពអារ៉ាប់ ក្រោមលេសនៃការលើកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
លោក Ken Wollack ប្រធាន NDI បានជួយត្រិះរិះពិចារណា និងផ្តល់គំនិតទៅបក្សប្រឆាំង អំពីមេរៀនដែល NDI ឬ Department of State (ក្រសួងការបរទេសអាមេរិក) អាចទាញយកបានពីព្រឹត្តិការណ៍នៅពិភពអារ៉ាប់ ដើម្បីយកមកអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា។ លោក Carl Gershment ប្រធាន NED បានលើកឡើងអំពីការផ្លាស់ប្តូររបបនៅក្នុងប្រទេសមួយចំនួន ក្នុងពិភពអារ៉ាប់ ដែលគំនិតនៃការលើកឡើងនេះ មានការគាំទ្រយ៉ាងពេញទំហឹងពីលោកសម រង្ស៊ី។ នៅក្នុងកិច្ចពិភាក្សានោះ ពួកគេបានវាយតម្លៃថា ស្ថានភាពនយោបាយ នៅកម្ពុជា គឺប្រហាក់ប្រហែលនឹងប្រទេសទុយនេស៊ី និងលីប៊ី។
អង្គការទាំងបីបានសម្តែងការគាំទ្រគណបក្សសម រង្ស៊ី ដើម្បីធ្វើសកម្មភាពផ្តួលរំលំរដ្ឋាភិបាល។ ទន្ទឹមនឹងការគាំទ្រចំពោះគណបក្ស សម រង្ស៊ី លោក Lorne Craner ប្រធាន IRI បានសួរថា “តើមានវិធីសាស្ត្រអ្វីសំខាន់ចាំបាច់បំផុត ដែលពួកយើង (IRI) អាចជួយដល់លោកសម រង្ស៊ី បាន?”…។ មានសំណូមពរជាច្រើន ដែលលោកសម រង្ស៊ី បានស្នើសុំកិច្ចអន្តរាគមន៍ពីអង្គការក្រៅរដ្ឋាភិបាលធំៗទាំងបីរបស់ សហរដ្ឋអាមេរិកនេះ ដើម្បីជាយុទ្ធសាស្ត្រ ក្នុងការធ្វើសកម្មភាពឆ្ពោះទៅការដណ្តើមអំណាច”។
គួររំលឹកដែរថា ពាក់ព័ន្ធទំនាក់ទំនងរវាង គណបក្សសង្គ្រោះជាតិ ជាមួយវិទ្យាស្ថានជាតិ ប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) នោះ ក៏មានការកត់សម្គាល់ដែរថា កាលពីខែមករា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ បានរៀបចំសិក្ខាសាលា បិទទ្វារថ្នាក់ដឹកនាំគណបក្ស កំណត់យុទ្ធសាស្ត្រនយោបាយ សម្រាប់ការបោះឆ្នោត ក្រោមប្រធានបទស្តីពី “សារគមនាគមន៍ ផ្ទៃក្នុង និងខាងក្រៅ” រៀបចំដោយវិទ្យាស្ថាន ជាតិប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ (NDI) រយៈពេលពីរថ្ងៃ គឺពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ (Le Royal) រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងលោក John S.Cavanaugh ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ (NDI) ប្រចាំប្រទេសកម្ពុជា។
សិក្ខាសាលាបិទទ្វារនោះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ សុំមិនបញ្ចោញឈ្មោះឱ្យដឹងថា មិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលយកព័ត៌មាននោះទេ ដោយលោកគ្រាន់តែបង្ហើបឱ្យដឹងយ៉ាងខ្លីថា សិក្ខាសាលានេះ ពិភាក្សាគ្នាពីការកំណត់យុទ្ធសាស្ត្រនយោបាយ សម្រាប់ការបោះឆ្នោត។
លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកាលនោះជាប្រធានស្តីទី ក៏បានសរសេរនៅលើទំព័រហ្វេសប៊ុក (facebook) របស់លោក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ បញ្ជាក់ពីគោលបំណងសិក្ខាសាលាថ្នាក់ដឹកនាំគណបក្ស ដែលរៀបចំដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ (NDI) នោះដែរថា ដើម្បីបង្កើតនូវផែនការយុទ្ធសាស្ត្ររបស់គណបក្ស ដែលជាផែនទីចង្អុលផ្លូវ សម្រាប់ធ្វើដំណើរ ទៅតាមទិសដៅគណបក្សចង់បាន គឺដំណើរឆ្ពោះ ទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ ជាវិជ្ជមាន។
ចំណែកលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកាលនោះជាប្រធានគណបក្សប្រឆាំងនេះ ខណៈកំពុងនិរទេសខ្លួន នៅប្រទេសបារាំង ក៏បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នោះដែរថា “នៅសល់តែ៥ខែទៀតទេ នឹងមាន ការផ្លាស់ប្តូរនៅប្រទេសកម្ពុជា ចំពោះជីវភាព ប្រជាពលរដ្ឋ និងយុត្តិធម៌ក្នុងសង្គម”។
ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ មិនអាចទាក់ទងសុំការបំភ្លឺ ឬប្រតិកម្មពីអ្នកនាំ ពាក្យគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបានទេ កាលពីម្សិលមិញ។
ដោយឡែក អ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជា លោកផៃ ស៊ីផាន បានបញ្ជាក់ថា នៅក្នុងរឿងនេះ ជាអង្គហេតុដាច់ដោយឡែកពីគ្នា គឺអង្គហេតុពេលនេះ មិនទាក់ទងដល់ការបែក ធ្លាយឯកសារអង្គការ NDI រៀបចំផែនការ ជួយបក្សប្រឆាំង ដើម្បីផ្តួលរំលំរដ្ឋាភិបាលនោះទេ តែជាអង្គហេតុមិនគោរពច្បាប់ មិនសហការ ជាមួយនឹងរាជរដ្ឋាភិបាល ឬមិនសហការជាមួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ដែលមានទឡ្ហីករណ៍ច្បាស់លាស់ក្នុងការបណ្តេញអង្គការនេះ ឱ្យចេញពី ប្រទេសកម្ពុជា។
លោកផៃ ស៊ីផាន បានមានប្រសាសន៍ថា “ការបណ្តេញជនហ្នឹង ឱ្យចាកចេញពីកម្ពុជា ដោយសារការរំលោភលើសេចក្តីទុកចិត្ត ទី១ រំលោភទៅលើច្បាប់អធិបតេយ្យ របស់ប្រទេស មួយ អាហ្នឹងជាទឡ្ហីករណ៍មួយ ហើយទឡ្ហីករណ៍ ទី២ គេថា មុននឹងបណ្តេញហ្នឹង ស្រាប់តែ ឃើញព័ត៌មានបញ្ចោញថា NDI បានចូលរួម បានជ្រោមជ្រែងដល់គណបក្សប្រឆាំង ហ្នឹង គឺ គេមានភ័ស្តុតាងច្បាស់លាស់ហើយ គេបានទាំង ដឹង នៅពេលដែលបោះឆ្នោត ឆ្នាំ២០១៣ រួច គេក៏បានចូលរួមនៅក្នុងការធ្វើបាតុកម្ម ធ្វើកូដកម្ម ហើយជួនកាល វាបង្កនូវអំពើភេរវកម្មមួយទៀត ដែលយើងអត់ដឹង។ ក៏ប៉ុន្តែព័ត៌មាននេះ យើង មិនទាន់ចាត់ទុកជាផ្លូវការទេ ក៏ប៉ុន្តែយើងគ្រាន់តែយកការរំលោភច្បាប់ រំលោភអធិបតេយ្យ របស់កម្ពុជាហ្នឹងជាទឡ្ហីករណ៍ ឬក៏ជាអង្គហេតុ នៅក្នុងការបណ្តេញចេញ។ រឿងហ្នឹង អត់ទាន់ ព័ត៌មានផ្លូវការណាមួយ ដែលគេដាក់ប្តឹងទៅ តុលាការ ឬតុលាការកំពូល ឬអីដទៃទៀតទេ ដែលបង្ហាញថា គណបក្សហ្នឹងមានជនបរទេស ឡូកឡំជាមួយ ហើយដែលមានផែនការអាក្រក់ នៅក្នុងមិនគោរពច្បាប់ មិនសហការនៅក្នុង នយោបាយស្របច្បាប់ គឺមានតែនាំគ្នាប្រមូលផ្តុំក្នុងការទម្លាក់នាយករដ្ឋមន្ត្រីស្របច្បាប់ គឺ ប្រឆាំងជាមួយនាយករដ្ឋមន្ត្រីហ្នឹងឯង។ អាស្រ័យ ហេតុដូច្នេះ អាហ្នឹងជារឿងដាច់ដោយឡែកផ្សេង មួយទៀត ខ្ញុំមិនដឹងទេ អាហ្នឹងមានស្ថាប័នដទៃ ទៀត គេចាត់វិធានការ ឬមិនចាត់វិធានការ។ អានេះជាសំណួរភ្លាមៗ ដែលខ្ញុំពិបាកនឹងឆ្លើយ ដូចខ្ញុំបានជម្រាបជូន ដែលរដ្ឋាភិបាលយកចិត្តទុកដាក់តែពីអង្គហេតុ ដែលគេមិនគោរពច្បាប់ របស់កម្ពុជា គេរំលោភទៅលើអធិបតេយ្យរបស់កម្ពុជា។ អាហ្នឹងជាអង្គហេតុដែលយើងមាន អង្គច្បាប់សព្វគ្រប់ ហើយវាមានទម្ងន់ក្នុងការ បណ្តេញពួកហ្នឹងចេញ ក៏ប៉ុន្តែរឿងផ្ទៃក្នុងមួយ ទៀត រឿងដាច់ដោយឡែក ដែលមានបរទេស មកចូលរួម អាហ្នឹងជារឿងដាច់ដោយឡែកពី រឿងឥឡូវនេះ អាហ្នឹងរឿងអង្គហេតុ២ខុសគ្នា ដាច់ដោយឡែក”។
លោកផៃ ស៊ីផាន មានប្រសាសន៍បន្តថា “នៅក្នុងករណីនេះហ្នឹង គឺទី១ យើងមានមោទនភាពក្នុងកិច្ចការពារ អ្វីទៅសេចក្តីសម្រេច របស់ប្រជាពលរដ្ឋយើង ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋយើង ដែលយើងហៅថា ឆន្ទៈ ដែលយើងមិនអនុញ្ញាតឱ្យបរទេសណាមកលុកលុយនៅក្នុងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ យើងទេ។ អ្វីដែលកន្លងមក យើងឃើញគេ ទាំងអស់នោះហ្នឹង នាំគ្នាប្លន់យកឆន្ទៈរបស់មហាជន បន្ទាប់ពីចេញលទ្ធផលនៃការបោះឆ្នោត គេអត់ទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតទេ។ អាហ្នឹងជាការរំលោភលើដែនអធិបតេយ្យ ហើយគណបក្សហ្នឹង គឺស្ថិតនៅក្រោមឥទ្ធិពល របស់បរទេស។ ឧទាហរណ៍ជាក់ស្តែង យើងឃើញកឹម សុខា បាននិយាយច្បាស់ណាស់ថា ទាល់តែបរទេសបង្ខំឱ្យគាត់ចូលអង្គុយនៅក្នុង រដ្ឋសភា អាហ្នឹងគាត់និយាយ។ ហើយទី២ ក៏ ទៅតាមទំព័រសារព័ត៌មានហ្នឹង គឺទទួលបានការ ហ្វឹកហ្វឺនពីការធ្វើការបាតុកម្ម ហ្វឹកហ្វឺនពីការ តតាំងដោយអហិង្សា និងរាប់ទាំងគេជូនសកម្មជនរបស់គេហ្នឹង ទៅរៀនពីការតតាំងដោយ អំពើអហិង្សា ដែលធាតុផ្សំមួយនៃការធ្វើបដិ វត្តពណ៌នៅបរទេសដទៃទៀត។ អាហ្នឹងជា ចំណុចជាច្រើន ក៏ប៉ុន្តែមិនមែនជាភារកិច្ចរបស់ ខ្ញុំ ហើយក៏មិនមែនដល់ពេលវេលាដែលត្រូវ និយាយទេ។ នៅក្នុងរឿងហ្នឹង អង្គហេតុដាច់ ដោយឡែកពីអង្គហេតុមួយទៀត។ អង្គហេតុ ឥឡូវនេះគឺមិនគោរពច្បាប់ មិនសហការជាមួយ នឹងរាជរដ្ឋាភិបាល ឬមិនសហការជាមួយកិច្ចការបរទេស ដែលជាអង្គហេតុ ហើយនិងអង្គច្បាប់ ដែលថាមានទឡ្ហីករណ៍ច្បាស់លាស់ ក្នុងការបណ្តេញអង្គការហ្នឹង ឱ្យចេញពីប្រទេសកម្ពុជា”៕
កុលបុត្រ