ភ្នំពេញ៖ បុរសម្នាក់បានទៅប្តឹងសមត្ថកិច្ចថា ចោរវាយប្លន់ម៉ូតូ ភ្លាមៗនោះសមត្ថកិច្ចបានល្បាតឃើញជនសង្ស័យកំពុងជិះម៉ូតូ ហើយបានដេញតាមហៅជនសង្ស័យឲ្យឈប់ ត្រូវជនសង្ស័យធាក់ម៉ូតូសមត្ថកិច្ចបណ្តាលឲ្យដួលរងរបួសធ្ងន់សមត្ថកិច្ច២នាក់ទៀត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដោយសារចោរប្លន់ម៉ូតូ មានឈ្មោះ នាត នីត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនដូនពេញ ស្នាក់នៅកន្លែងក្រុមហ៊ុន មានស្រុកកំណើតនៅភូមិត្រពាំងធំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ម៉ូតូដែលជនសង្ស័យប្លន់ ម៉ាក ZOOMER-X ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 1CF-8865 ។ សមត្ថកិច្ចដែលត្រូវចោរធាក់ម៉ូតូរងរបួសធ្ងន់២នាក់ ទី១ ឈ្មោះ ផេង ចាន់ថុន នាម១៦Q រងរបួសបាក់ដងកាំបិតខាងស្តាំ និងទី២ ឈ្មោះ វី វីន នាម១៦D1 ជនរងគ្រោះទាំង២នាក់ជាមន្រ្តីនគរបាលថ្មី ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ ម្ចាស់ម៉ូតូ បាននិយាយថា មុនពេលកើតហេតុ រូបគាត់មានទំនាក់ទំនងស្គាល់នារីម្នាក់តាមទូរស័ព្ទ ហើយបាននាំគ្នាទៅដើលេងដោយមកឌុបនារីខាងលើនៅម្តុំរោងចក្រ QMI ភូមិត្រពាំងពោធិ៍ ទៅលេងនៅកោះពេជ្រ លុះដើលេងរួចនារីខាងលើ ឲ្យឌុបមកផ្ទះជួលបងនៅព្រៃទា សង្កាត់ចោមចៅ ហើយខ្លួនបានឌុបនារីមកដល់ភូមិកើតហេតុខាងលើដែលជាកន្លែងស្ងាត់ ស្រាប់តែមានជនសង្ស័យ២នាក់ប្រដាប់ដោយដំបង បានស្ទាក់ឲ្យឈប់ ហើយវាយទៅលើរូបគាត់មួយដំបងចំពីក្រោយ បណ្តាលឲ្យបែកក្បាល ហើយរូបគាត់ភ័យរត់គេចចេញ បន្ទាប់មកជនសង្ស័យបានឌុបគ្នាទាំង៣នាក់ ចេញទៅបាត់ រួមទាំងនារីខាងលើផងដែរ ។ បន្ទាប់មកជនរងគ្រោះបានរត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមផងដែរ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម បានចេញអន្តរាគមន៍២ម៉ូតូ មានគ្នា៤នាក់ ដោយជិះបំបែកផ្លូវគ្នា លុះសមត្ថកិច្ច២នាក់ជិះម៉ូតូធំ ពណ៌ស បានឃើញជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក ZOOMER X ពណ៌ទឹកក្រូច សង្ស័យម៉ូតូដែលជនរងគ្រោះត្រូវចោរប្លន់ខាងលើ ដោយស្រែកតាមអាយឌីឲ្យជួយស្ទាក់ លុះដេញមកដល់ផ្លូវសហព័ន្ធរុស្សីភូមិព្រៃទា សមត្ថកិច្ចបានដេញទៅអែបជិតជនសង្ស័យហៅឲ្យឈប់ តែមិនទាន់បានឈប់ផង ត្រូវជនសង្ស័យធាក់ម៉ូតូសមត្ថកិច្ច បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់២នាក់ ហើយជនសង្ស័យបន្ថែមល្បឿនបើកយ៉ាងលឿន ។ បន្ទាប់មកសមត្ថកិច្ចដេញទៀតដែរ តែដេញមិនទាន់ត្រូវជនសង្ស័យគេចខ្លួនបានដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុសមត្ថកិច្ចរងរបួសធ្ងន់២នាក់ ត្រូវបានរថយន្តសង្រ្គោះមន្ទីពេទ្យសម្ភព រស្មីបានដឹកយកទៅព្យាបាលភ្លាមផងដែរ ។ បន្ទាប់មកលោកនាយប៉ុសិ៍្តចោមចៅ និងលោកអធិការងបានមកមើលជនរងគ្រោះនៅមន្ទីពេទ្យផងដែរ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូបានដាក់ពាក្យបណ្តឹងដើម្បីអោយសមត្ថកិច្ចវែករកមុខសញ្ញាខាងលើមកផ្តន្ទាទោសតាមច្បាប់ ៕