Wednesday, November 27, 2024
Homeព័ត៌មានជាតិផ្សារទឹកស្អុយ

ផ្សារទឹកស្អុយ

ក្រុមអាជីវករលក់បន្លែត្រីសាច់ នៅក្នុង ផ្សារថ្មី ហៅផ្សារចម្ការគ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានខ្សឹបឱ្យឮតាម “នគរធំ” ថា ការរកស៊ីលក់ ដូរនៅក្នុងផ្សារ សព្វថ្ងៃកំពុងទទួលរងផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ដោយសារការស្ទះលូក្នុងផ្សារហៀរទឹកស្អុយរាប់ឆ្នាំមកហើយ មិនដែលឃើញគណៈកម្មការផ្សារ ក៏ដូចជាអាជ្ញាធរ ពាក់ព័ន្ធណា អើពើរកដំណោះស្រាយជូនក្រុម អាជីវករសោះឡើយ ទុកឱ្យក្លិនស្អុយអសោចជះ ភាយពេញផ្សារ រហូតពួកគាត់ និងប្រជាពលរដ្ឋ ទូទៅថា “ផ្សារទឹកស្អុយ”។

ក្រុមអាជីវករ បានខ្សឹបឱ្យឮថា ពួកគាត់រងផលប៉ះពាល់សុខភាព ដោយសារក្លិនទឹកស្អុយ ដែលចេញពីលូជាយូរឆ្នាំមកហើយ ចំណែកគណៈកម្មការផ្សារ និងអាជ្ញាធរ មិនទាន់រកដំណោះស្រាយ ជូនពួកគាត់នៅឡើយនោះទេ រហូតធ្វើឱ្យអាជីវករចំនួន២តូប បានបង្ខំចិត្ត បិទតូបបញ្ឈប់អាជីវកម្មរបស់ខ្លួន ដោយទ្រាំពុំបាននូវក្លិនទឹកស្អុយ ហៀរដក់នៅក្នុងផ្សារ គ្មានប្រព័ន្ធលូរំដោះទឹកចេញនេះ។

ក្រុមអាជីវករ បានខ្សឹបបន្តថា ទឹកស្អុយ ដែលកំពុងបង្កផលប៉ះពាល់ដល់បងប្អូនអាជីវករ នោះមួយផ្នែក កើតចេញពីការចាក់ទឹកពីសំណាក់ អ្នកធ្វើត្រីផ្អកប្រហុក រីឯមួយផ្នែកទៀត ផ្តើមចេញពីការបង្ហូរទឹកចេញតាមបង្គន់ផ្ទះនៅជុំវិញផ្សារ ហើយទឹកស្អុយនេះ បានបង្កប៉ះពាល់ធ្ងន់ នៅរដូវវស្សា ដែលមានភ្លៀងធ្លាក់ ទឹកហូរដក់ ក្លាយជាទឹកជ្រាំនៅក្នុងផ្សារនេះតែម្តង។

ក្រុមអាជីវករ បានខ្សឹបបន្តទៀតថា ដោយសារតែក្លិនទឹកស្អុយ ជះភាយពេញផ្សារនេះហើយ ទើបធ្វើឱ្យសុខភាពរបស់ពួកគាត់ ដែលជាអ្នកលក់ដូរ ជាប្រចាំក្នុងផ្សារនេះ ត្រូវធ្លាក់ចុះខ្សោយឈឺថ្កាត់ជាញឹកញាប់។ ចំណែកប្រជាពលរដ្ឋវិញ ក៏លែងចង់ចូលទិញទំនិញក្នុងផ្សារនេះទៀត ព្រោះតែទ្រាំនឹងក្លិនស្អុយអសោច ទាំងនេះមិន បាន ធ្វើឱ្យប៉ះពាល់ដល់ការលក់ដូររបស់ក្រុម អាជីវករ ក្នុងផ្សារថែមទៀតផង។ ហេតុនេះ ពួកគាត់សូមខ្សឹបឱ្យឮដល់អាជ្ញាធរ និងគណៈកម្មការផ្សារ មេត្តាជួយដោះស្រាយបញ្ហានេះ ជូនពួកគាត់ផង ព្រោះកន្លងមក ពួកគាត់បាន សំណូមពរដល់គណៈកម្មការគ្រប់គ្រងផ្សារបែរ ជាមានការឆ្លើយដោះសារុញទៅអាជ្ញាធរខេត្ត រីឯអាជ្ញាធរខេត្ត មកគណៈកម្មការផ្សារ ហេតុនេះ ពួកគាត់ជាអាជីវករ មិនដឹងជាត្រូវពឹងខាងណាទេ បើម្នាក់ៗរុញដាក់គ្នា ដូចលេងសួរផ្តិល បែបនេះ។ ជាមួយនេះ ក៏មានការលើកឡើងថា មូលហេតុដែលនាំឱ្យមានការស្ទះលូនេះ គឺដោយសារតែអាជីវករយកសំរាមញាត់ចូលលូទៅវិញ ហើយចំណុចនេះ ពួកគាត់ទទួលស្គាល់ថា មានអាជីវករតិចតួចខ្លះធ្វើបែបនេះមែន តែបញ្ហាធំបំផុត គឺការគ្មានប្រព័ន្ធលូ រំដោះទឹកចេញតែម្តង បានជាផ្សារនេះ ក្លាយជា “ផ្សារទឹកស្អុយ” បែបនេះ។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណាទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺ ពីខាងគណៈកម្មការគ្រប់គ្រងផ្សារចម្ការគ ក៏ដូចជាអាជ្ញាធរបានទេ កាលពីម្សិលមិញ។ យ៉ាង ណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ខៀវទុំ

RELATED ARTICLES