ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង នៅជាប់ហាង បាសាក់ កាត់សក់ បង្កឲ្យបុគ្គលិករត់ចេញជាន់ជើងគ្នា នៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្ទះលេខ៦៣ ផ្លូវលេខសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្នុងការជួយអន្តរាគមន៍សង្គ្រោះអគ្គិភ័យខាងលើនេះ គេសង្កេតឃើញនគរបាលពន្លត់អគ្គិភ័យបានចេញរថយន្ដ៥គ្រឿង ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ តែ២គ្រឿង អាចគ្រប់គ្រងស្ថានការណ៍បាន ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មានលោកយាយម្នាក់ ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍សង្គ្រោះបានទាន់ពេលផងដែរ ដោយលោកយាយនៅក្នុងផ្ទះម្នាក់ឯង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង បង្កជាអណ្តាតភ្លើងឆេះបែបនេះតែម្តង ។
រហូតមកដល់ម៉ោង១០និង៣៩នាទីព្រឹកថ្ងៃដដែល ទើបបាញ់ពន្លត់ភ្លើងទាំងស្រុង តែមិនបណ្ដាលឲ្យមនុស្សណារងរបួសនោះទេ ប៉ុន្តែបានបណ្ដាលឲ្យខូចខាតសម្ភារមួយចំនួនធំ ៕
គួន ចំរើន