ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មានលើកឡើងពីជំហរ របស់លោកកឹម សុខា ប្រធានគណបក្សប្រឆាំង ដែលបានបញ្ជាក់សាជាថ្មីថា គណបក្សសង្គ្រោះជាតិ មិនបានខ្ចីដៃបរទេសមកធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ឋាភិបាល ដូចការចោទប្រកាន់លាប ពណ៌នេះទេ។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្ស សង្គ្រោះជាតិ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ មានខ្លឹមសារថា “រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិ មានកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្ស រាជធានី-ខេត្តទូទាំងប្រទេស ក្រោមអធិបតីភាពលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលមានរបៀបវារៈសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
១-ស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា
២-ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ សម្រាប់រយៈ ពេល០១ឆ្នាំ ដំណើរឆ្ពោះទៅរកការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
៣-ការពង្រឹងការងារបម្រើសេវាល្អ ដល់ ប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់
៤-ផ្សេងៗ…”
សេចក្តីប្រកាសព័ត៌មានដដែល បានបន្តថា “ក្នុងឱកាសនោះដែរ លោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ បាន ៖
-បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ គឺជាគណបក្សដែលកើតចេញពីប្រជាពលរដ្ឋ ជារបស់ ប្រជាពលរដ្ឋខ្មែរ និងដើម្បីប្រជាពលរដ្ឋខ្មែរ។
-វាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែង ការលះបង់ភាពអង់អាចក្លាហាន និងភាពអត់ធ្មត់របស់សកម្មជន ថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ។
-កត់សម្គាល់អំពីស្ថានការណ៍នយោបាយ បច្ចុប្បន្ននៅកម្ពុជា ដែលកំពុងធ្វើឱ្យសាធារណ មតិជាតិ អន្តរជាតិ មើលឃើញថា អាចធ្វើឱ្យ ប៉ះពាល់ដល់ភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ សម្រាប់ការបោះឆ្នោតសកល ឆ្នាំ២០១៨ ខាង មុខ។
-ណែនាំដល់ថ្នាក់ដឹកនាំ និងសកម្មជន គណបក្សសង្គ្រោះជាតិ គ្រប់លំដាប់ថ្នាក់ ឱ្យបន្ត ដំណើរឆ្ពោះទៅរកការបោះឆ្នោត ស្របទៅតាម គោលការណ៍ គោលដៅ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់យើង ដែលបាន កំណត់។
-បញ្ជាក់សាជាថ្មីម្តងទៀតថា គណបក្ស សង្គ្រោះជាតិ មិនបានគិតមិនបានត្រៀម និង មិនធ្វើសកម្មភាពណាដែលជាអំពើហិង្សា ដូច ដែលគេមួលបង្កាច់ លាបពណ៌យើងនោះឡើយ ទាំងពេលមុនបោះឆ្នោត ឬក្រោយពេលបោះ ឆ្នោតក៏ដោយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណមតិជាតិ អន្តរជាតិ ជ្រាបជាព័ត៌មាន”។
ការកោះប្រជុំថ្នាក់ដឹកនាំគណបក្សសង្គ្រោះ- ជាតិរាជធានី-ខេត្ត ទូទាំងប្រទេស របស់លោក កឹម សុខា បានធ្វើឡើងក្រោយពេលដែលគណបក្សប្រឆាំងនេះ បានសេចក្តីថ្លែងការណ៍របស់ គណបក្សសង្គ្រោះជាតិ សម្តែងការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះស្ថានការណ៍នយោបាយនាពេលថ្មីៗនេះ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការ នៃការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ ដោយសារព្រឹត្តិការណ៍នៃការគំរាមបញ្ឈប់ដំណើរការ សារព័ត៌មាន ការបញ្ឈប់ដំណើរការអង្គការ មិនមែនរដ្ឋាភិបាល ដូចជាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) រួមទាំងស្ថានីយវិទ្យុមួយ ចំនួន។ បក្សប្រឆាំងនេះ ក៏បានស្នើដល់រដ្ឋាភិបាលពិចារណាឡើងវិញ និងអនុញ្ញាតឱ្យ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ព្រម ទាំងបណ្តាស្ថានីយ៍វិទ្យុ ដែលត្រូវបានបញ្ឈប់ ដំណើរការ ដោយក្រសួងព័ត៌មានឱ្យដំណើរការ ឡើងវិញ និងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ ដើម្បីធានាឱ្យមានការ គោរពសិទ្ធិសេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលនឹងធ្វើឱ្យស្ថាន ការណ៍នយោបាយនៅកម្ពុជា វិលត្រឡប់មក ធម្មតាវិញ ដើម្បីធានាឱ្យការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ជាមួយគ្នានោះ ការបញ្ជាក់ជំហរសាជាថ្មីនោះ ក៏បានធ្វើឡើង ក្រោយពេលដែលទីប្រឹក្សារាជរដ្ឋាភិបាល អ្នកនាំពាក្យរដ្ឋាភិបាល និងអ្នកនាំ ពាក្យគណបក្សប្រជាជនកម្ពុជា សមត្ថកិច្ចនៃ រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការតាមដាន ស៊ើបអង្កេតរកប្រភពច្បាស់លាស់ ពាក់ព័ន្ធនឹង ការទម្លាយព័ត៌មាននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា លោកកឹម សុខា និងកូនស្រីទាំង២ មាន ជាប់ពាក់ព័ន្ធនឹងការទាក់ទងជាមួយក្រុមចារកម្ម បរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ឋា- ភិបាលដែលដឹកនាំរបស់គណបក្សប្រជាជនកម្ពជា។
ទោះបីយ៉ាងណា មុននេះ លោកមុត ចន្ថា នាយកខុទ្ទកាល័យលោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុម ការងារគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មាន អ្នកយុទ្ធសាស្ត្រគ្រប់គ្រាន់ ដែលបានរៀបចំ យុទ្ធសាស្ត្រ និងផែនការប្រាកដនិយម ដើម្បី ដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតខាងមុខ យ៉ាងប្រាកដ។ ដូច្នេះ គណបក្សសង្គ្រោះជាតិ មិនចាំបាច់អី ត្រូវការខ្ចីដៃបរទេស ឬអង្គការ បរទេស មកជួយរៀបចំយុទ្ធសាស្ត្រ ដើម្បី ផ្តួលគូបដិបក្ខរបស់ខ្លួន តាមរយៈការបោះឆ្នោត នោះទេ។ គណបក្សនេះ មានការគាំទ្រពីប្រជាពលរដ្ឋខ្មែរភាគច្រើន ដែលមានបំណងប្រាថ្នា ចង់ឱ្យមានការផ្លាស់ប្តូរ ហើយកម្មវិធីនយោ បាយរបស់គណបក្ស ឆ្លើយតបទៅនឹងបំណង ប្រាថ្នានេះ។ ប៉ុន្តែអ្វីដែលគណបក្សចង់បាន និង ឃើញនោះ គឺការសម្តែងនូវឆន្ទៈដោយសេរី របស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងការបោះឆ្នោត មួយ ដែលគ្មានបរិយាកាសគំរាមកំហែងបំភិតបំភ័យ និងគ្មានការលួចបន្លំសន្លឹកឆ្នោត ព្រម- ទាំងការប្រកួតគ្នានៅលើទីលានប្រជាធិបតេយ្យ ដែលមានចិត្ត ជាកូនប្រុស ដោយហ៊ានលេង ហ៊ានចាញ់ និងសុខចិត្តទទួលស្គាល់លទ្ធផល បោះឆ្នោតដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ហើយសូមកុំលាបពណ៌អង្គការមួយ ដែលធ្វើ វិភាគទានកសាងលទ្ធិប្រជាធិបតេយ្យនិងស្ថា- ប័នប្រជាធិបតេយ្យនៅកម្ពុជា អស់រយៈពេល ជិត២៥ឆ្នាំ (NDI) នោះថា មានផែនការជួយ បក្សប្រឆាំង ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដើម្បីដណ្តើមអំណាច។
លោកមុត ចន្ថា បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅពេលនោះថា “ចំពោះកិច្ចការការបរទេស យើងធ្វើជាធម្មតា គឺគណបក្សយើង តែងតែបង្កើតនូវទំនាក់ទំនងល្អជាមួយសារធារណៈ ក៏ដូចជាទំនាក់ទំនងជាមួយសហគមន៍ អន្តរជាតិ ទោះបីប្រទសធំប្រទេសតូច យើង អត់ទុកប្រទេសណាមួយសំខាន់ជាងអ្នកណាទេ គឺយោងតាមគោលការណ៍អង្គការសហប្រជាជាតិ គឺប្រទេសតូចឬធំ គឺមានតម្លៃដូចគ្នា មានសមភាពដូចគ្នា ហើយមានសំឡេងដូចគ្នា។ ដូច្នេះ ក្នុងការទំនាក់ទំនងរបស់យើង គឺយើងឱ្យទំនាក់ទំនងដោយស្មើភាព ទំនាក់ទំនងដោយការពារ ផលប្រយោជន៍ជាតិ ទំនាក់ទំនងដោយការពារ នូវឯករាជ្យភាពរបស់ជាតិ យើងអត់មានឱ្យអ្នក ណាមួយ មកកេងចំណេញពីផលប្រយោជន៍នៃ ការទំនាក់ទំនងនេះទេ។ ខ្ញុំសុំឱ្យប្រជាពលរដ្ឋ ពិចារណា សម្រាប់សន្លឹកឆ្នោតទៅមុខទៀត ២០១៨ គឺចង់បញ្ជាក់ជូនថា គណបក្សសង្គ្រោះជាតិ ជាគណបក្សរបស់ប្រជាពលរដ្ឋខ្មែរ គណ- បក្សកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ពីព្រោះគណបក្សសង្គ្រោះជាតិនេះ រួបរួមរវាង គណបក្ស២ ចូលគ្នាតាមបំណងប្រាថ្នារបស់ បងប្អូនប្រជាពលរដ្ឋ ហើយយើងបានរួបរួម ហើយៗការរួបរួមរបស់យើងនេះ រួបរួមដោយ គ្មានការបែកបាក់ទេ ទោះបីមានការប៉ុនប៉ង យ៉ាងណាក៏ដោយ គឺយើងនៅតែរួបរួមគ្នា ដើម្បីធ្វើយ៉ាងណាឱ្យបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ខ្មែរបានសម្រេច។ សម្រេចតាមរយៈអី? គឺតាម រយៈការបោះឆ្នោត។ យើងកំពុងតែធ្វើដំណើរ ទៅរកការបោះឆ្នោត យើងអត់ធ្វើដំណើរអ្វីក្រៅ ពីការទៅបោះឆ្នោតទេ ហើយគណបក្សសង្គ្រោះជាតិ ជាគណបក្សដែលរៀបចំដោយខ្មែរខ្លួន យើង អត់មានត្រូវការទៅពឹងបរទេសណា អត់ មានត្រូវការទៅការពឹងអ្នកណាមួយ ជួយឱ្យ គណបក្សសង្គ្រោះជាតិខ្លាំងនោះទេ វាមានថ្នាក់ដឹកនាំ យើងមានថ្នាក់ដឹកនាំល្អ យើងមាន គោលនយោបាយល្អ យើងមានកម្មវិធីនយោបាយ ល្អ យើងមានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ហើយគ្រាន់តែយើងបន្តដំណើរយើងធ្វើយ៉ាង ម៉េច ឱ្យការរួបរួមរបស់យើងតទៅមុខទៀត ដើម្បីសម្រេចនៅការបោះឆ្នោតឆ្នាំ២០១៨ ខាង មុខនេះ”។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ លោកកឹម សុខា គណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាការងារជាមួយលោក បែន ឃីង (Ben King) ជាឯកអគ្គរាជទូត ប្រទេសញូវហ្សេឡែនដ៍ (New Zealand) ប្រចាំ៣ប្រទេស (កម្ពុជា ថៃ និងឡាវ) និងសហការី នៅទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិ។
ក្នុងជំនួបនោះ លោកកឹម សុខា បានឱ្យ ដឹងថា លោកឯកអគ្គរាជទូតញូវហ្សេឡែនដ៍ បានពិភាក្សាជាមួយលោក អំពីស្ថានភាពនយោបាយទូទៅនៅកម្ពុជា ពាក់ព័ន្ធនឹងការបោះឆ្នោត ហើយលោកបានបញ្ជាក់ថា រដ្ឋាភិបាលញូវ ហ្សេឡែនដ៍ បន្តឃ្លាំមើលស្ថានការណ៍នយោបាយ និងការបោះឆ្នោតនៅកម្ពុជា យ៉ាងយក ចិត្តទុកដាក់បំផុត។ នៅពេលនោះដែរ លោក ឯកអគ្គរាជទូតញូវហ្សេឡែនដ៍ បានជម្រាបលា ដើម្បីគាត់ទៅកាន់តំណែងជាមន្ត្រីនៅក្រសួង ការបរទេសញូវហ្សេឡែនដ៍៕
កុលបុត្រ